"រដ្ឋាភិបាល​គួរ​ពិនិត្យ​ឡើង​វិញ​ពី​ការ​កាត់​ដី​បឹង​ព្រែកទប់​ជិត​ ១២​ហិកតារ​សម្រាប់​ការ​អភិវឌ្ឍ"

ដោយ ថន ថារ៉ូ
2018-10-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បឹង​ព្រែកទប់ ស្ថិត​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦
បឹង​ព្រែកទប់ ស្ថិត​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦
RFA

សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​ទៅ​របប​លោក ហ៊ុន សែន និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពិនិត្យ​និង​ពិចារណា​ឡើងវិញ ចំពោះ​ការ​កាត់​ដី​ព្រែកទប់ជិត​ ១២​ហិកតារ ចេញពី​ដី​អភិរក្ស​ដែល​អាច​បណ្ដាល​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​បាន​អះអាង​ថា ការបាត់បង់​ប្រពន្ធ​ទឹក​សំខាន់​នេះ នឹង​ធ្វើ​ឲ្យ​បញ្ហា​ខ្វះ​ទឹកសាប​ប្រើប្រាស់​កាន់​ធ្ងន់ធ្ងរ​ឡើង។

ពួកគេ​លើកឡើង​ថា បឹង​ព្រែក​ទប់​ជា​ប្រភព​ទឹក​មួយ​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​នៅ​ក្នុង​ខេត្ត​នេះ។

ម្ចាស់ផ្ទះ​សំណាក់​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​លោក សំ ដំឌិន ឲ្យ​អាស៊ីសេរី ដឹង​កាល​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា ការ​ផ្គត់ផ្គង់​ទឹកសាប​សព្វថ្ងៃ​នេះ​មិនបាន​គ្រប់គ្រាន់​ទេ​គឺ​ទឹក​ចេញ​មក​តិចៗ មាន​ពេលខ្លះ​ទឹក​នោះ​កខ្វក់​ថែម​ទៀត​ផង។ លោក​បន្ត​ថា ប្រភព​ទឹក​ស្អាត​ដែល​ចេញពី​តំបន់​ក្បាលឆាយ សម្រាប់​ផ្គត់ផ្គង់​នៅ​ក្រុងព្រះសីហនុ​រាល់ថ្ងៃ​នេះ មិន​គ្រប់គ្រាន់​ទៅ​នឹង​តម្រូវការ​នៅ​ក្នុង​ក្រុង​នោះ​ទេ៖ «បើ​អស់​បឹង​ព្រែក​ទប់​មិន​ដឹង​ទៅ​រក​ទឹក​នៅឯណា​ទេ និយាយ​តាម​ត្រង់​នៅ​ម្តុំ​អូរ​ឈើទាល​ម៉ោង​១២​យប់ បាន​មាន​ទឹក​ប្រើ ក្រៅពី​នឹង​គឺ​អត់​ហើយ​ពេល​ថ្ងៃ​អី​ជួនកាល​មាន​ជួនកាល​អត់»

ពលរដ្ឋ​ម្នាក់ទៀត​លោក ស៊ុន សុផាត បារម្ភ​ថា នៅ​រដូវប្រាំង​ពលរដ្ឋ​នឹង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​បន្ថែម​ទៀត​ដោយសារតែ​បាត់បង់​បឹង​ធម្មជាតិ។ លោក​ស្នើ​ទៅ​របប​លោក ហ៊ុន សែន អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ស្រាវជ្រាវ​ឡើងវិញ​ពី​ផល​ប៉ះពាល់​នៃ​ការ​កាត់​ដី​បឹង​ព្រែក​ទប់ ជិត​១២​ហិកតារ​ចេញពី​ដី​អភិរក្ស៖ «យើងខ្ញុំ​ជា​ពលរដ្ឋ​ព្រួយបារម្ភ​ណាស់​ចំពោះ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​គាត់​ពិនិត្យមើល​លិខិត​ដែល​កំណត់​កាត់​ដី ១២​ហិកតារ​នឹង​ដើម្បី​ស្រាវជ្រាវ​ឡើងវិញ»

របប​លោក ហ៊ុន សែន បាន​កាត់​ដី​ជិត ១២​ហិកតារ (១១,៥០​ហិកតារ​) ចេញពី​តំបន់​អភិរក្ស​ទឹកសាប​ព្រែកទប់​ដែល​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​រក្សាទុក​ផ្ទៃដី​ទំហំ ៤,៨០​ហិកតារ​ប៉ុណ្ណោះ​សម្រាប់​ជា​តំបន់​អភិរក្ស។

អាស៊ី​មិន​ទាន់​មាន​ប្រភព​ពី​មន្ត្រី​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លើយ​បំភ្លឺ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២០ ខែ​តុលា រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសបុក (Facebook) ប្រាប់​ទៅ​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​បារម្ភ​ពី​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ ដោយ​អះអាង​ថា ប្រភព​ទឹក​ស្អាត​ដែល​ត្រូវ​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​យកចេញ​ពី​អាង​ស្តុក​ទឹក​តំបន់​ក្បាលឆាយ​ដែល​ជា​ប្រភព​ទឹក​ធម្មជាតិ និង​មាន​វិសាលភាព​ផ្គត់ផ្គង់​គ្រប់​គ្រាន់​នឹង​មិន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ ដោយសារតែ​បឹង​ព្រែកទប់ បាន​គោក​រាក់​និង​បាត់បង់​គុណភាព។

ទោះបីជា​យ៉ាងណា អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ថា ប្រភព​ទឹក​ពី​តំបន់​ក្បាលឆាយ​មិន​អាច​ផ្ដល់​ទឹក គ្រប់គ្រាន់​ដល់​តម្រូវការ​ពលរដ្ឋ​បាន​នោះ​ទេ៖ «យើង​សង្ឃឹម​ថា ប្រភព​ទឹក​ពី​ក្បាល​ហ្នឹង​តើ​គ្រប់គ្រាន់​ឲ្យ​យើង​ប្រើ​អត់​ក្បាលឆាយ​រដូវប្រាំង​អត់​មាន​ទឹក​ទេ ហើយ​ដី​តំបន់​នោះ​កំពុង​រក​ការទន្ទ្រាន​យក​ទៀត ពួក​ខ្ញុំ​ឃើញ​អនុក្រឹត្យ​នោះ​យើងខ្ញុំ​ព្រួយបារម្ភ​មែនទែន»

អ្នកស្រី ជៀប សុធារី ឲ្យ​ដឹង​ទៀត​ថា ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ តំបន់​ខ្លះ​ជីក​អណ្ដូង​មិន​ចេញ ទឹក ឬ​ប្រើ​មិនកើត។ សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​របប​ក្រុងភ្នំពេញ​ពិនិត្យ​ឡើងវិញ និង​ចុះ​មក​ស្រាវជ្រាវ​ពី​សារៈសំខាន់​នៃ​បឹង​ព្រែក​ទប់​នេះ៖ «ខេត្ត​ព្រះសីហនុ​​នេះ​ជីក​អណ្ដូង​ចេញ​ដោយ​កន្លែង​ហើយ​សំបូរ​ជាតិ​អាសូនិក​ច្រើន​ដែល​យើង​មិន​អាច​យក​ប្រើ​ដើម្បី​ហូបចុក​បានទេ ព្រោះ​សារជាតិ​នេះ ធ្វើ​ឲ្យ​គ្រោះ​ក្នុង​តម្រង​នោម​ហើយ​ខូច​ក្រពះ​ទៀត ហើយ​កន្លែង​ខ្លះ​ទឹក​ជីក​មក​ខាប់ កន្លែង​ខ្លះ​ទៀត​ជីក​ចេញ​តែ​ខែវស្សា​ទេ ខែប្រាំង​អត់​មាន​ទៀត»

អភិបាលខេត្ត លោក យន្ត មីន បដិសេធ​ធ្វើ​អតា្ថធិប្បាយ​ជុំវិញ​ក្តី​បារម្ភ​របស់​ពលរដ្ឋ នៅ​ពេល​អាស៊ីសេរី​សាកសួរ​។

ប៉ុន្តែ ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា បាន​សរសេរ​ថា ទឹក​បឹង​ព្រែកទប់ លែង​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ក្រុងព្រះសីហនុ​ប្រើប្រាស់​ទៀតហើយ ព្រោះ​របប​លោក ហ៊ុន សែន បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​​ឯកជន​ដោយ​កាត់​ផ្ទៃដី​មួយ​ចំណែក សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ និង​មួយ​ភាគ​ធំ​ទៀត​សម្រាប់ កែ​លម្អ​ឲ្យ​ទៅជា​សួន​រមណីយដ្ឋាន​ទេសចរណ៍។

អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន និយាយ​ថា របប​ក្រុងភ្នំពេញ នៅតែ​បើក​ចំហរ​ភាពជា​ដៃគូ​រវាង​ពលរដ្ឋ និង​សង្គម​ស៊ីវិល ដូច្នេះ​លោក​ថា បើ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​កាត់​ដី​បឹង​ព្រែកទប់​នេះ ពួកគេ​អាច​ដាក់​ញត្តិ​ទៅ​សាលា​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ឡើងវិញ​លើ​អនុក្រឹត្យ​នៃ​ការ​កាត់​ដី​បឹង​ព្រែកទប់​នេះ៖ «យោបល់​ខ្ញុំ​គួរ​ធ្វើ​ញត្តិ​មួយ​ទៅ​សាលាខេត្ត​ទៅ​ក្រសួង​ដែនដី ដើម្បី​សុំ​ឲ្យ​មានការ​ពិចារណា​ឡើងវិញ ខ្ញុំ​គាំទ្រ​នូវ​ការ​បញ្ចេញ​​យោបល់​សង្គម​ស៊ីវិល​ទៅ​នឹង​ការ​យកចិត្ត​ទុក​ចំពោះ​បញ្ហា​ទឹក​ហ្នឹង​ណា»

មុននឹង​របប​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​កាត់​ដី​ជិត ១២​ហិកតារ​ចេញ​ពី​តំបន់​អភិរក្ស​ទឹកសាប​ព្រែកទប់​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​របប​នេះ និង​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ព្រមទាំង​ឈ្មួញ​រកស៊ី​ដី​មួយ​ចំនួន​បាន​នាំគ្នា​រំលោភ​យក​ដី​បឹងព្រែក​នេះ ហើយក៏​គ្មាន​ស្ថាប័ន​ណា​ចេញមុខ​បង្ក្រាប​ករណី​នេះ​ទេ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់ថា ការ​កាត់​ផ្ទៃដី​ព្រែក​ទប់​ដ៏​ធំធេង​ចេញពី​តំបន់​អភិរក្ស​នេះ​អាច​ជាប់​ពាក់ព័ន្ធ​និង​តម្លៃ​ដី​នៅ​ក្នុង​តំបន់​នេះ ព្រោះ​បឹង​ព្រែកទប់ ស្ថិតនៅ​កណ្ដាល​ក្រុងព្រះសីហនុ​ហើយ​ហាងឆេង​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ប្រមាណ ២.០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈ​ដី​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​ឡើង​ថ្លៃ​កប់​ពពក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល