លទ្ធផល​បឋម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣ បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ឈ្នះ​ដាច់

ដោយ ទីន ហ្សាការីយ៉ា
2019-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ.ជ.ប
គ.ជ.ប
ពី Facebook គ.ជ.ប

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី៣ បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ឈ្នះ​ដាច់​ គណបក្ស​៦​ផ្សេង​ទៀត នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បើក​ផ្លូវ​ឲ្យ​បក្ស​នយោបាយ​ប្ដឹង​តវ៉ា​លទ្ធផល​បឋម ដល់​ថ្ងៃ​ទី២៨ ឧសភា។ អ្នក​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត និង​​​មន្ត្រី​បក្ស​ប្រឆាំង ​ថា បក្ស​នយោបាយ​តូចៗ ទាំង​នោះ គ្មាន​លទ្ធភាព​ប្ដឹង​តវ៉ា​ទេ ដោយសារ​ គ្មាន​​អង្គ​បោះឆ្នោត និង​គ្មាន​អ្នក​សង្កេតការណ៍។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ គ..ប បង្ហាញ​លទ្ធផល​បឋម​​តាម​ការិយាល័យ​បោះឆ្នោត​ អាណត្តិ​ទី៣ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដាច់​​ដែល​មាន​សំឡេង​ច្រើន​បំផុត ខណៈ​គណបក្ស​ផ្សេង​ទៀត​ចូលរួម​បោះឆ្នោត​ដែរ តែ​គ្មាន​អង្គ​បោះ​ឆ្នោត​នោះ។ ឯ​គណបក្ស​​ចូល​រួម​ប្រកួត​ផ្សេង​ទៀត ដូច​ជា គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ ខ្មែរ​រួបរួម​ជាតិ ទទួល​បាន​សំឡេង​​​តិច​តួច។ ឯ​គណបក្ស​ សញ្ជាតិ​កម្ពុជា គណ​បក្ស​ ខ្មែរ​សាធារណៈ​រដ្ឋ គណបក្ស​ យុវជន​កម្ពុជា និង​គណបក្ស​ ឆន្ទៈ​ខ្មែរ មិន​មាន​សំឡេង​គាំទ្រ​ឡើយ។ លទ្ធផល​បឋម គណបក្ស​កាន់​អំណាច​នឹង​ទទួល​អាសនៈ​ក្រុម​ប្រឹក្សា​ទាំង​អស់ ទាំង​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ និង​គ្រប់​ស្រុក​ក្រុង​ខណ្ឌ ទូទាំង​ប្រទេស។

អ្នក​នាំ​ពាក្យ​គ..ប លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ី​សេរី​ថា គ..ប បើក​ផ្លូវ​ឲ្យ​តវ៉ា​លទ្ធផល​បឋម ដល់​ថ្ងៃ​ទី២៨ ឧសភា នៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​រាជធានី​ខេត្ត។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី២៧ ឧសភា គ..ប មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​តវ៉ា​នៅ​ឡើយ​ទេ៖ «បាទ​! ចាប់​តាំង​ពី​ពេល​​​ប្រកាស​ហ្នឹង​មោ​។ ពេល​បោះ​ឆ្នោត​​ហើយ ​អាច​ធ្វើ​ការ​ប្ដឹង​តវ៉ា​ដល់​ថ្ងៃ​ទី​២៨។ ប្ដឹង​ទៅ​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះឆ្នោត។ មក​ដល់​ម៉ោង​នេះ អត់​ទាន់​ទទួល​បាន​របាយការណ៍​អ្នក​ណា​ប្ដឹង​ផ្ដល់​ទេ»

..ប បាន​រៀប​ចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ កាល​ពី​ថ្ងៃ​ទី២៦ ឧសភា ដោយ​ផាត់​ចោល​គណបក្ស​ប្រឆាំង មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​អសកល​នេះ ព្រោះ​សំអាង​លើ​​ហេតុផល​មិន​មាន​ឈ្មោះ គណបក្ស​​សង្គ្រោះ​ជាតិ ក្នុង​បញ្ជី​របស់​ក្រសួង​មហាផ្ទៃ ក្រោយ​ពេល​តុលាការ​កំពូល​​សម្រេច​រំលាយ​ កាល​ពី​ចុង​ឆ្នាំ​២០១៧។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ គឺ​ជា​ការ​បោះ​ឆ្នោត​អសកល គឺ​មិន​បើក​សិទ្ធិ​ឲ្យ​ពលរដ្ឋ​បាន​ទៅ​បោះ​ឆ្នោត​ដូច​ការ​បោះ​ឆ្នោត​ជាតិ​ឡើយ។ ការ​បោះ​ឆ្នោត​នេះ អ្នក​ទៅ​បោះ​ឆ្នោត គឺ​ថ្នាក់​ក្រោម​ជាតិ ពោល​គឺ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ជា​អ្នក​ទៅ​បោះ​ឆ្នោត ឬ​ហៅ​ថា អង្គ​បោះ​ឆ្នោត ដែល​មាន​ជាង ១ម៉ឺន ១ពាន់​នាក់ នៅ​ចំនួន ២០៣មណ្ឌល​បោះ​ឆ្នោត។

ប្រធាន​អង្គការ ខុមហ្រ្វែល លោក គល់ បញ្ញា ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ថា ជា​ការ​បោះ​ឆ្នោត​គ្មាន​ន័យ​អ្វី​សម្រាប់​ជាតិ​ឡើយ ពីព្រោះ​ថា ការ​បោះ​ឆ្នោត​នេះ គឺ​សុទ្ធសឹងតែ​សមាជិក​គណបក្ស​កាន់​អំណាច ហើយ​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន​ដដែល​នេះ គឺ​ចាត់តាំង​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ​វិញ ទៅ​ចំណេញ​ពេល​វេលា និង​មិន​ខ្ជះខ្ជាយ​ថវិកា​ជាតិ។ លោក​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ធ្វើ​ដូច​របៀប​នេះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ប្រជាធិបតេយ្យ​ឡើយ៖ «»

គណបក្ស​ប្រឆាំង​ថ្កោល​ទោស ចំពោះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង​ស្រុក ខណ្ឌ ថ្ងៃ​ទី២៦ ឧសភា ដោយ​សារ​របប​ក្រុង​ភ្នំពេញ ដណ្ដើម​យក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ជាង ៥ពាន់ (.០០៧) នាក់​ ជា​អង្គ​បោះ​ឆ្នោត​របស់​គណបក្ស សង្គ្រោះ​ជាតិ។ ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ហៅ​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​នេះ ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​លើក​ទី៣ ដែល​នាំ​មក​នូវ​ប្រព័ន្ធ​ឯក​បក្ស ពី​ចាប់​តាំង​ពី​ព្រឹទ្ធសភា​ដល់​មូលដ្ឋាន។

នាយក​ប្រតិបត្តិ​អង្គការ និចហ្វិច (Necfec) លោក សំ គន្ធាមី យល់​ថា គណបក្ស​នយោបាយ​៦ ដែល​​ទទួល​បាន​សំឡេង​តិចតួច​បំផុត គឺ​ស្ទើរ​មិន​ទទួល​បាន​សំឡេង​​គាំទ្រ​សោះ មិន​មាន​លទ្ធភាព​ប្ដឹង​តវ៉ា​លទ្ធផល​ឆ្នោត​ទេ ព្រោះ​បក្ស​ទាំង​នោះ គ្មាន​អង្គ​បោះឆ្នោត​គ្រប់គ្រាន់ និង​​បក្ស​ខ្លះ គ្មាន​​​អ្នក​សង្កេតការណ៍​នៅ​មណ្ឌល​បោះឆ្នោត៖ «ហើយ​ហ្នឹង​ហើយ​ដែល​ជា​បញ្ហា​របស់​គណបក្ស​ផ្សេងៗ ដែល​មិន​ប្ដឹង​ជំទាស់ ព្រោះ​អ្វី​វា​អត់​មាន​អ្វី​ជា​មូលដ្ឋាន»

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត ​ខេត្ត​កំពង់ចាម នៃ​គណបក្ស​ សង្គ្រោះ​ជាតិ លោក ឋាន សុរិទ្ធិ យល់​ថា គ្មាន​អ្វី​ចម្លែក​ទេ ដែល​បក្ស​កាន់​អំណាច​​ឈ្នះ​ដាច់​គណបក្ស​តូចៗ​ ផ្សេង​ទៀត។ លោក​ថា គណបក្ស​តូចៗ​ ទាំង​នោះ បើ​ទោះ​ជា​​ហ៊ាន​ប្ដឹង​តវ៉ា ក៏​គ្មាន​បាន​ប្រយោជន៍​ដែរ ព្រោះ​បក្ស​ទាំង​នោះ គ្មាន​សមាជិក​​គ្រប់​អាសនៈ​ក្រុម​ប្រឹក្សា​ស្រុក​ក្រុង​ខណ្ឌ​ទេ។

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​រូប​នេះ បន្ត​ថា ការ​ហាម​ឃាត់​សិទ្ធិ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ជា​ការ​ខាត​បង់​ប្រយោជន៍​ជាតិ និង​រដ្ឋាភិបាល ព្រោះ​កិច្ចការ​បម្រើ​សង្គម​នឹង​កាន់​តែ​ធ្លាក់​ដុន​ដាប់ នៅ​ពេល​គ្មាន​វត្តមាន​បក្ស​ប្រឆាំង ចូល​រួម​​ឃ្លាំ​មើល និង​កែ​លម្អ៖ «វា​អត់​មាន​អ្វី​ចម្លែក​ទេ តែ​កាល​ណា​អ្វីៗ ដែល​គេ​រៀប​ចំ​​តាម​ផែន​ការ វា​គង់​តែ​បាន​តាម​ផែន​ការ​ដែល​គេ​ធ្វើ​ហ្នឹង​ហើយ។ ប្រសិន​ជា​ចង់​ឲ្យ​ល្អ​ប្រសើរ​វា​ទាល់​តែ​មាន​​គណបក្ស​ប្រឆាំង​ចូលរួម។ អា​ហ្នឹង​វា​បាន​គួរ​មា​ន​ការ​វាយ​តម្លៃ​ផ្សេង តែ​ដល់​ដូច​រាល់​ថ្ងៃ​ វា​ដូច​ជា​មាន​តែ​មួយ​គណបក្ស​អ៊ីចឹង។ ទោះ​គណបក្ស​ផ្សេង​ចូល​រួម​បោះឆ្នោត តែ​អត់​មាន​អង្គ​បោះឆ្នោត​ផង​ហ្នឹង»

អ្នក​ឃ្លាំមើល​កិច្ច​ការ​បោះឆ្នោត លោក សំ គន្ធាមី បន្ថែម​ថា លទ្ធផល​ឈ្នះ​តែ​មួយ​បក្ស​ បែប​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ត្រូវ​ការ​មាន​ភាព​ចម្រុះ និង​តុល្យភាព​អំណាច ទើប​មាន​ការ​អភិវឌ្ឍន៍​ពិត។ លោក​បន្ត​ថា ការ​ចែក​កៅអី ឬ​តំណែង​ឲ្យ​គ្នា​ ដែល​មិន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត ដូច​ពេល​កន្លង​មក មិន​មែន​ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល