ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​ លោក អ៊ុក ចេត្តនី ថា ការ​ឃុំ​ខ្លួនលោក​ទាំង​អយុត្តិធម៌ ២ឆ្នាំ​ ជា​ការ​ឈឺ​ចាប់​ស្មើ​ស្លាប់​ទាំង​រស់

ដោយ ជីវីតា
2020-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ុក ចេត្តនី ចៅ​សង្កាត់​ជាប់​ឆ្នោត សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ
លោក អ៊ុក ចេត្តនី ចៅ​សង្កាត់​ជាប់​ឆ្នោត សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ
រូប៖ ហ្វេសប៊ុក

ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ថ្មីៗ​នេះ គឺ​​លោក អ៊ុក ចេត្តនី នៅ​តែ​ប្ដេជ្ញា​រក្សា​ឆន្ទៈ និង​ជំហរ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដដែល បើ​ទោះ​​លោក​អះអាង​ថា បាន​រង​ទុក្ខ​វេទនា​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ក្នុង​ពេល​ជាប់​ពន្ធនាគារ ២ឆ្នាំ​មក​ហើយ​ក្ដី។

ធ្លាប់​ជា​ចៅ​សង្កាត់​​ជាប់​ឆ្នោត វ័យ​ក្មេង​ និង​​​មាន​​ប្រជាប្រិយភាព​ នៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ លោក អ៊ុក ចេត្ត​នី បាន​រៀបរាប់​ប្រាប់​អាស៊ីសេរី ​​​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ ថា លោក មិន​រុញរា​ទេ ក្នុង​សកម្មភាព​រិះគន់​​ដើម្បី​ស្ថាបនា ការ​ចូលរួម​សកម្មភាព​សង្គម និង​សកម្មភាព​នយោបាយ ដើម្បី​បម្រើ​ពលរដ្ឋ។ លោក​បន្ត​ថា ទោះ​ជីវិត​ក្នុង​ពន្ធនាគារ​ រយៈ​ពេល ២ឆ្នាំ បាន​ផ្ដល់​បទពិសោធន៍ និង​មេរៀន​ជូរចត់ ដ៏​លំបាក​សព្វ​បែប​យ៉ាង​ក្ដី តែ​លោក មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ទេ៖ «រឿង​សង្គម និង​រឿង​នយោបាយ ខ្ញុំ​នៅ​តែ​មិន​បោះបង់​ចោល​ទេ ហើយ​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា ព្រោះ​ខ្ញុំ​ស្អប់​សង្គម​ហ្នឹង ស្អប់​របប​ហ្នឹង។ អ៊ីចឹង ខ្ញុំ​ត្រូវ​តែ​តស៊ូ​​ទៅ​មុខ​ទៀត ដើម្បី​ផ្លាស់ប្ដូរ​របប​ហ្នឹង។ មិន​ថា ក្នុង​ឆ្នាំ​នេះ ឬ​ដប់ ម្ភៃ​ឆ្នាំ​ទៅ​មុខ​ទៀត ចង់​និយាយ​ថា តាម​ជីវិត​ខ្ញុំ នៅ​មាន នៅ​អាច​ធ្វើ​ទៅ​កើត គឺ​ខ្ញុំ​ត្រូវ​តែ​តស៊ូ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ត​ទៅ​ទៀត»

ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន លោក អ៊ុក ចេត្តនី និង​ឪពុក​ក្មេក​របស់​លោក កាល​ពី​ថ្ងៃ​ទី១៨ មិថុនា ឆ្នាំ២០១៨ នៅ​តំបន់​ដី​មាន​ជម្លោះ​ក្បាល​ឆាយ។ ប៉ូលិស និង​តុលាការ​ខេត្ត​ព្រះសីហនុ បាន​ចោទ ឪពុក និង​ កូន ពីរ​នាក់​នេះ ពី​បទ​ឈូស​ឆាយ​ដី​រដ្ឋ​មក​ធ្វើ​កម្មសិទ្ធិ។ តុលាការ​ បាន​កាត់​ទោស​​ឲ្យ​លោក​ជាប់​ពន្ធនាគារ ៥ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ២ឆ្នាំ ​និង​ព្យួរ ៣ឆ្នាំ។ ចំណែក​ឪពុក​ក្មេក​របស់​លោក គឺ​តុលាការ តម្រូវ​ឲ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ១០ខែ​គត់។

ក្រោយ​ជាប់​ពន្ធនាគារ ២ឆ្នាំ លោក អ៊ុក ចេត្តនី ហៅ​ការ​ចោទ​ប្រកាន់​នេះ ថា ជា​ចេតនា​ធ្វើបាប​ផ្នែក​នយោបាយ។ លោក​ អះអាង​ថា តំបន់​ដី​ក្បាល​ឆាយ គឺ​គ្រួសារ ទិញ​ពី​ពលរដ្ឋ​ ដើម្បី​ប្ដូរ​មុខ​របរ​មក​ចិញ្ចឹម​គោ ព្រោះ​ពេល​នោះ​ តុលាការ​កំពូល បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ។ លោក បន្ត​ថា លោក​មិន​ដឹង​ថា ដី​នោះ​មាន​ជម្លោះ​ទេ ហើយ​ប៉ូលិស មិន​បាន​ចាប់​ខ្លួន​​ពលរដ្ឋ​ផ្សេង ដែល​លក់​ដី​ និង​កំពុង​កាន់កាប់​ដី​នៅ​តំបន់​នោះ​ទេ គឺ​ចាប់​ខ្លួន តែ​មនុស្ស​២នាក់​គត់ គឺ​ ឪពុក​ក្មេក និង​រូប​លោក។

លោក អះអាង​ ថា ចាប់ពី​ចុង​ឆ្នាំ២០១៧ គឺ​នៅ​ពេល​ដែល​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង​នោះ មាន​ការ​អូស​ទាញ​លោក​ ឲ្យ​ចុះចូល​នឹង​បក្ស​កាន់​អំណាច​យ៉ាង​​ខ្លាំង តែ​លោក​ មិន​ព្រម​។ លោក សុខ​ចិត្ត​ លក់​ទ្រព្យ​សម្បត្តិ និង​ប្រុង​ចាកចេញ​ពី​ទីក្រុង ទៅ​រស់​នៅ​តំបន់​​ជនបទ ដើម្បី​ប្រកប​មុខ​របរ​សាមញ្ញ​វិញ រង់​ចាំ​ មាន​ឱកាស​ល្អ ដើម្បី​បន្ត​ជីវភាព​នយោបាយ​ ជាមួយ​គណបក្ស​ប្រឆាំង​​។

ចៅ​សង្កាត់​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​រូប​នេះ​ ចាត់​ទុក​ថា ការ​អនុវត្ត​ច្បាប់​​ក្រោម​រូបភាព​គាប​សង្កត់​នយោបាយ​ថា ជា​អំពី​ទុច្ចរិត និង​បាន​បង្ក​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ ទាំង​អស់​ឈឺ​ចាប់​បំផុត។ លោក ចេត្តនី បន្ត​ថា នៅ​ពេល​ជាប់​ពន្ធនាគារ​ លោក​រន្ធត់ ពេល​ឮ​ដំណឹង​ម្ដាយ​ចាស់​ជរា ធ្លាក់​ខ្លួន​ឈឺ​ម្ដងៗ។ លោក ប្រាថ្នា​ឲ្យ​ អ្នក​ដែល​មាន​ចេតនា ធ្វើ​បាប​លោក មាន​កម្មពៀរ ស្គាល់​រសជាតិ​ព្រាត់​ប្រាស់​គ្រួសារ​ ព្រាត់​ម្ដាយ ព្រាត់​​ប្រពន្ធ​ ព្រាត់​កូន ដើម្បី​ឲ្យ​ដឹង​ពី​អារម្មណ៍​ថា រស់​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត៖ «ខ្ញុំ​ឈឺ​ចាប់​បំផុត គឺ​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​រូប​ភាព​បែប​នេះ គឺ​ខ្ញុំ​ខឹង។ ខ្ញុំ​ខឹង​ ដល់​ថ្នាក់​ដឹកនាំ​ខ្មែរ រាល់​ថ្ងៃ​នេះ ដែល​គាត់​មិន​គោរព​សិទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​ទាមទារ​អ្វី​មួយ។ យើង​បាត់​អា​សិទ្ធិ​ហ្នឹង​មួយ ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន។ អ៊ីចឹង ខ្ញុំ​រង​គ្រោះ​ដោយសារ​ អា​ការណ៍​អស់​ហ្នឹង។ ខ្ញុំ​មិន​អស់​ចិត្ត​ទេ ព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ ព្រោះ​ដី​ខ្ញុំ​យក​លុយ​ទៅ​ទិញ។ គ្រាន់​តែ​គេ​ហាម​យើង​ អត់​ឲ្យ​ធ្វើ​ផ្ទះ​តែ​ប៉ិន​ហ្នឹង។ ប្រជា​ពលរដ្ឋ ដូច​គ្នា ទៅ​ថែរក្សា​ដូច​គ្នា ដូច​ខ្ញុំ​ដែរ ហេតុអ្វី មិន​ទៅ​អនុវត្ត (ច្បាប់) ទាំង​អស់​គ្នា»

ចំពោះ​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ក៏​មាន​សភាព​ចង្អៀត​ណែន​ មិន​ខុស​ពី​ពន្ធនាគារ​ផ្សេង​ដែរ។ លោក អ៊ុក ចេត្ត​នី រៀបរាប់​ថា​ មាន​តែ​ពាក្យ​ថា ទ្រាំ​ប៉ុណ្ណោះ ព្រោះ​បន្ទប់​ទទឹង ៥ម៉ែត្រ បណ្ដោយ ១០ម៉ែត្រ ត្រូវ​ឃុំ​មនុស្ស ជួន ៨០នាក់ ជូន ៩០នាក់ តាម​ពេល​វេលា​ចេញ​របស់​អ្នក​ទោស។ លោក​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ក្នុង​បន្ទប់​មួយ​ លាយ​ឡំ​គ្នា ​ជាមួយ​អ្នក​ទោស​គ្រឿង​ញៀន ​ចោរ​លួច ចោរ​ប្លន់ និង​អ្នក​ទោស​ជនជាតិ​ចិន។

លោក​ បន្ត​ទៀត​ថា ​ភាព​ចង្អៀត​ណែន​ ក្នុង​ពន្ធនាគារ​នេះ​បាន​ធ្វើ​ឲ្យ​សុខភាព និង​កម្លាំង​កាយ កម្លាំង​ចិត្ត​របស់​លោក ​ទ្រុឌទ្រោម​ខ្លាំង។ លោក​បន្ថែម​ថា ក្នុង​បន្ទប់​ឃុំ​ឃាំង អ្នក​ជាប់​ឃុំ​គេង​មិន​សូវ​លក់ ព្រោះ​ហប់​ខ្លាំង ខ្វះ​អុកស៊ីហ្សែន។ លើស​ពី​នេះ លោក​រៀបរាប់​ថា ប្រពន្ធ កូន និង ម្ដាយ​របស់​លោក មាន​ការ​ឈឺ​ចាប់​ និង​នៅ​តែ​មិន​អស់​ចិត្ត​នោះ​ទេ ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ទាំង​គ្មាន​កំហុស។

ឆ្មាំ​ពន្ធនាគារ បាន​ដោះលែង​លោក ឲ្យ​មាន​សេរីភាព កាល​ពី​ថ្ងៃ​ទី១៩ មិថុនា ដោយសារ​​បាន​អនុវត្ត​ទោស​ពន្ធនាគារ​២​ឆ្នាំ​រួចរាល់។ ​តែ​យ៉ាង​ណា ចៅ​សង្កាត់​ជាប់​ឆ្នោត​រូប​នេះ​ មិន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​​​របស់​តុលាការ​របប​ក្រុង​ភ្នំពេញ​​ទេ។ បច្ចុប្បន្ន លោក អ៊ុក ចេត្ត​នី កំពុង​ពឹង​ពាក់​មេធាវី ប្ដឹង​ឡើង​តុលាការ​កំពូល​ ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូប​លោក៖ «ខ្ញុំ​បាន​ប្ដឹង​ទៅ​(តុលាការ) កំពូល​បន្ត​ទៀត​ដែរ។ ប៉ុន្តែ​​ឥឡូវ​អត់​ទាន់​មាន​ការ​កោះ​ ដើម្បី​ឡើង​ទៅ ជំនុំ​ជម្រះ​នៅ​តុលាការ​កំពូល។ ខ្ញុំ​ចង់​ឲ្យ​ទម្លាក់​ចោល​អា ៣ឆ្នាំ​ហ្នឹង ទី១។ ទី២ ចង់​ឲ្យ​ផ្ដល់​អ្វី ដែល​រងគ្រោះ​ ដោយសារ​ការ​ចោទ​ប្រកាន់​របស់​គេ​ហ្នឹង។ ខ្ញុំ​ចង់​និយាយ​អ៊ីចឹង ពី​ព្រោះ​ខ្ញុំ​អត់​​បាន​មាន​គំនិត​ចង់​ទន្ទ្រាន​រុករាន​អ្វី​ទេ គឺ​ខ្ញុំ​អត់​មាន​ទេ។ ខ្ញុំ​យក​លុយ​ ដោយ​កម្លាំង​ញើស​ឈាម​ទៅ​ទិញ​សុទ្ធៗ គឺ​អត់​បាន​ឲ្យ​បងប្អូន​ទៅ ទន្ទ្រាន​ដី គឺ​ខ្ញុំ នៅ​តែ​និយាយ​ថា ខ្ញុំ​អត់​មាន​គំនិត​អ៊ីចឹង​ទេ»

លោក អ៊ុក ចេត្តនី មាន​ម្ដាយ​ចាស់​ជរា អាយុ​ជាង ៨០ឆ្នាំ និង​មាន​កូន​ប្រុស​ស្រី តូចៗ ចំនួន ២នាក់ នៅ​ក្នុង​បន្ទុក។ ប្រពន្ធ​របស់ អ៊ុក ចេត្តនី គឺ លោកស្រី សំ ស្រីភ័ក្រ​ ប្រាប់​ថា ក្នុង​កំឡុង​ពេល​ប្ដី ជាប់​ពន្ធនាគារ គ្រួសារ​លោក​ស្រី​រង​ទុក្ខ​លំបាក​ខ្លាំង។ ប៉ុន្តែ លោក​ស្រី​មាន​មោទនភាព​ចំពោះ​ប្ដី ដែល​មិន​បាន​ប្រព្រឹត្តិ​កំហុស​ ហើយ​នៅ​តែ​បន្ត​គាំទ្រ​ពី​ក្រោយ​ជា​និច្ច៖ «ដោយសារ​ គោលការណ៍​របស់​គាត់ គាត់​ស្រលាញ់​ប្រទេស​ជាតិ។ និយាយ​ទៅ ខ្ញុំ​ជា​ប្រពន្ធ ខ្ញុំ​បាន​ត្រឹម​តែ​គាំទ្រ​​គាត់​ពី​ក្រោយ​ប៉ិន​ហ្នឹង។ គាត់​ស្រលាញ់​ប្រទេស​ជាតិ ខ្ញុំ​ទទួល​ស្គាល់​ ណា​មួយ ថែម​ទាំង​គេ​ស្រលាញ់​គាត់។ ខ្ញុំ​អត់​មាន​អ្វី​ទេ មាន​តែ​គាំទ្រ​គាត់ ជំរុញ​គាត់ លើក​ទឹក​ចិត្ត​គាត់​ពី​ក្រោយ​ហ្នឹង»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់​ថា ការ​ផ្ដន្ទាទោស ៥ឆ្នាំ លើ​ លោក អ៊ុក ចេត្តនី គឺ​ទោស​​ធ្ងន់ធ្ងរ ដែល​ករណី​នេះ អ្នក​ស្រី​យល់​ថា អាច​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ព្រោះ​លោក អ៊ុក ចេត្ត​នី គឺ​ជា​មនុស្ស​មាន​ប្រជាប្រិយ​នៅ​សង្កាត់​លេខ​១។ អ្នកស្រី​បន្ត​ថា ត្បិត​លោក ចេត្តនី ទទួល​បាន​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព តែ​សំណុំ​រឿង​នេះ នៅ​បន្ត​ព្យួរ​ទោស ៣ឆ្នាំ ដែល​ជា​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត រូប​លោក និង​ក្រុម​គ្រួសារ។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ ក៏​បារម្ភ​ថា លោក អ៊ុក ចេត្តនី អាច​នឹង​រង​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត ប្រសិន​បើ​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «នៅ​ពេល​ដែល​គាត់​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​មែន តែ​គាត់​ស្ថិត​ក្រោម​ការ​ព្យួរ​ទោស ៣ឆ្នាំ​ទៀត។ អ៊ីចឹង ចង់​មិន​ចង់​ វា​ប៉ះទង្គិច​អារម្មណ៍​ផ្លូវ​ចិត្ត​សាមី​ខ្លួន និង​ក្រុម​គ្រួសារ​ដែរ ថា​សិទ្ធិ​សេរីភាព​របស់​គាត់​មិន ទាន់​អាច​ទទួល​បាន​ពេញ​លេញ​ទេ ព្រោះ​អ្វី គាត់​ស្ថិត​នៅ​ក្រោម​ការ​ព្យួរ​ទោស​រយៈ​ពេល ៣ឆ្នាំ​ទៀត»

ទោះជា​បាន​​បាន​សេរីភាព​​មក​វិញ តែ​ លោក ចេត្ត​នី និយាយ​ថា សុខភាព​របស់លោក​ទ្រុឌទ្រោម​ដូច​មនុស្ស​វ័យ​ចំណាស់ លោក​​ចេះ​តែ​ដង្ហក់ ដក​ដង្ហើម​មិន​ដល់​គ្នា ហើយ​​កម្លាំង​កាន់​តែ​ខ្សោយ​ទៅៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល