យុវជន​ពលករ​ខ្មែរ​នៅ​កូរ៉េ​មិន​ខ្វល់​នឹង​សារ​គំរាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2019-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ជួបជុំ​នៅ​មុខ​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ី នៃ​ទីក្រុង​ក្វាងជូ (Qwangju) នៅ​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ជួបជុំ​នៅ​មុខ​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ី នៃ​ទីក្រុង​ក្វាងជូ (Qwangju) នៅ​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

យុវជន​ជា​ពលករ​ខ្មែរ​នៅ​កូរ៉េ ដែល​គ្រោង​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​នៅ​ថ្ងៃ​នេះ មិន​ខ្វល់​នឹង​សារ​គំរាម​ធ្វើទុក្ខបុកម្នេញ របស់​របប​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​ការ​តាំង​ចិត្ត ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ធ្វើ​ឱ្យ​ពួកគាត់​មិន​រាថយ​ឡើយ។

យុវជន លាង ហា និង ប្អូនប្រុស ដែល​ជា​ពលករ​ចំណាកស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ បាន​ថ្លែង​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី ថ្ងៃទី១៩ ខែ មេសា​ម្សិលមិញ ដោយ​បង្ហាញ​ជំហរ​មិន​ចុះ​ញ៉ម ទៅ​នឹង​សារ​គំរាមកំហែង​របស់​មន្ត្រី​បក្ស​កាន់អំណាច និង​របប​លោក ហ៊ុន សែន ដែល​ព្យាយាម​បំភិតបំភ័យ កុំ​ឱ្យ​ពួកគាត់​ទៅ​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​នេះ។

ជំហរ​មិន​ចុះ​ញ៉ម​នេះ​ដោយសារតែ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច បាន​គំរាមកំហែង ថា នឹង​មិន​បន្ត​វីសា ឬ​ទិដ្ឋាការ ឱ្យ​ពលករ​ទាំងឡាយ​ណា ដែល​ហ៊ាន​ទៅ​ចូលរួម បាតុកម្ម​ភ្លើង​ទៀន ប្រឆាំង​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ​នោះ។

ឆ្លើយ​តប​ទៅ​នឹង​សារ​គំរាម​នេះ យុវជន លាង ហា មិន​ភ្ញាក់ផ្អើល​ទេ ព្រោះ​លោក​ថា ក្រោម​ការដឹកនាំ​បែប​ផ្ដាច់ការ នៃ​របប​លោក ហ៊ុន សែន មន្ត្រី​របប​នេះ អាច​និយាយ​បំពាន​តាម​អំពើ​ចិត្ត។ ប៉ុន្តែ លោក​ថា ទាំង​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច និង​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ គឺ​គ្រាន់តែ​ចាំ​ទម្ទេញ ថា​តាម​មេ ដោយ​មិន​ចេះ​ធ្វើ​អ្វី​ក្រៅ​ពី​នេះ​នោះ​ឡើយ៖ «បើ​និយាយ​ទៅ​ដូច​អ្នកនាំពាក្យ ដូច​តា សុខ ឥសាន ផៃ ស៊ីផាន អី បើ​និយាយ​ទៅ របៀប​ថា​សេក​របស់ ហ៊ុន សែន គាត់​ចេះតែ​និយាយ​ទៅ​។ បើ​គាត់​មិន​ច្រៀង បើ​មិន​និយាយ​តាម​ហ្នឹង​ទេ គឺ​ពិបាក​រក​ចំណី​ហូប​ណាស់។ បើ​និយាយ​ទៅ គាត់​អត់​មាន​ធ្វើ​អ្វី​បាន​។ គាត់​មានតែ​ប៉ុណ្ណឹង​! គាត់​មានតែ​ការ​គំរាមកំហែង ការ​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​។ គាត់​ចេះតែ​ប៉ុណ្ណឹង»

តប​ទៅ​នឹង​សារ​ព្រមាន មួយទៀត​របស់​លោក សុខ ឥសាន ដែល​ថា​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ នឹង​មិន​ជួយ​អ្នក​ទាំង​នោះ​ឡើយ បើ​មាន​បញ្ហា​អ្វីមួយ​នោះ លោក លាង ហា រឹតតែ​មិន​ភ្ញាក់​ផ្អើល​ទៅទៀត ដែល​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដែល​គួរតែ​បំពេញ​តួនាទី ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ មិន​ប្រកាន់​និន្នាការ​នយោបាយ តែ​បែរជា​ធ្វើ​ផ្ទុយ​ពី​នេះ​ទៅវិញ​នោះ៖ «តាមតែ​ខ្ញុំ​គិត ស្ថានទូត​នៅ​កូរ៉េ​នេះ មិនមែន​ជា​ស្ថានទូត​បម្រើ​ប្រជាពលរដ្ឋ​យើង​ទូទៅ​ទេ គឺ​ស្ថានទូត​បម្រើ​បក្ស​។ ទោះបី​គាត់​គំរាមកំហែង ថា​មិន​ព្រម​ផ្ដល់​វីសា​ដល់​ពួក​ខ្ញុំ​ក៏ដោយ ប៉ុន្តែ ខ្ញុំ​ដូច​អត់​មាន​អ្វី​ត្រូវ​បារម្ភ​រឿង​នេះ​អ្វី​បន្តិច​នោះ​ទេ»

មុន​បាតុកម្ម​ភ្លើង​ទៀន​នេះ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ក៏បាន​ថ្លែង​សារ​គំរាមកំហែង​ដែរ​។ លោក ផៃ ស៊ីផាន ដំបូង​ឡើយ ប្រកាស​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ អាច​ចាប់​មេខ្លោង​រៀបចំ​ពិធី​ទទួល​លោក សម រង្ស៊ី ដែល​លោក ផៃ ស៊ីផាន ហៅថា​ជា​ទណ្ឌិត​។ មួយស្របក់​ក្រោយមក សារ​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របប​ក្រុងភ្នំពេញ លុបចោល ហើយ​ជំនួស​មកវិញ នូវ​សារ​ថ្មី​មួយ​ទៀត។

សារ​ចុងក្រោយ​របស់​លោក ផៃ ស៊ីផាន នៅតែ​មានន័យ​គំរាមកំហែង​ដដែល តែ​មានការ​បញ្ជោរ​បញ្ចើចបញ្ចើ​ចៅហ្វាយនាយ​របស់​ខ្លួន​ផង។ លោក​ឆ្លៀត​បញ្ជោរ​មេ​របស់​លោក​គឺ​លោក ហ៊ុន សែន ដោយ​លោក​អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​បែប​“​ទន់ភ្លន់ មានគុណ​ធម៌ និង​សីលធម៌​ខ្ពស់​”​។ លោក ផៃ ស៊ីផាន បន្ថែម​ទៀត ថា​“​មិន​មាន​តម្លៃ​នៃ​ការចាំបាច់​ណាមួយ ក្នុង​កិច្ច​ចាត់វិធានការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ ព្រោះ​ដើម្បី​មុខមាត់ និង​កិត្តិយស​ជាតិ​។ រឿង​មុខមាត់​និង កិត្តិយស​ជាតិ​នេះ លោក​បន្ថែម​ថា ការ​ចាត់វិធានការ​អ្នក​តវ៉ា​នៅ​ក្រៅ​ប្រទេស វា​នាំ​ឱ្យ​មាន​អរិភាព ឬ រូបភាព​ប្រទូសរ៉ាយ​រវាង​ខ្មែរ និង​ខ្មែរ នៅ​លើ​ទឹកដី​បរទេស ដែល​លោក​អះអាង​បន្ថែម​ថា លោក ហ៊ុន សែន មិន​ចង់​ឃើញ​ដូច្នេះ​នោះ​ទេ។

ទោះបីជា​លោក ផៃ ស៊ីផាន អះអាង​ថា លោក ហ៊ុន សែន មិន​ចង់​ឃើញ​ដូច្នេះ​ក្តី ក៏​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ រង​ភាព​អាម៉ាស់​យ៉ាង​ច្រើន ដោយសារតែ​ចំណាត់​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​របប​លោក ហ៊ុន សែន បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ឃុំ រម្លាយ​គណបក្សប្រឆាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ជាដើម។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​យក​មុខ​ប្រទេស​កម្ពុជា​ទៅ​លក់ ដោយសារតែ​លោក​បាន​ថ្លែង​សារ​គំរាម តាម​វាយ​បាតុករ​ខ្មែរ​អូស្ត្រាលី​ដល់​ផ្ទះ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី កាលពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៨។

ទោះជា​មាន​សារ​គំរាម​ជា​ហូរហែ ពី​របប​លោក ហ៊ុន សែន ក៏​ក្រុម​បាតុករ​ភ្លើង​ទៀន នៅតែ​បន្ត​នាំគ្នា ធ្វើដំណើរ​តាម​មធ្យោបាយ​រៀងខ្លួន មកកាន់​ទីក្រុង ក្វាងជូ (Gwangju) ប្រទេស​កូរ៉េខាងត្បូង។

លោក លាង ហា និង ប្អូនប្រុស ធ្វើដំណើរ​តាម​រថយន្តក្រុង​ជិត ៦​ម៉ោង ពី​ខេត្ត ខ្យងគីដូ (Gyeonggi-do) ក្បែរ​ទីក្រុង​សេអ៊ូល ទៅកាន់​ទីក្រុង​ក្វាងជូ (Gwangju) ដែល​មាន​ចម្ងាយ​ពី​គ្នា​ជិត ២៦០​គីឡូម៉ែត្រ (២៥៨ គីឡូម៉ែត្រ)។ លោក​ទាំងពីរ​នាក់​បង​ប្អូន ទៅ​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន ដែល​រៀបចំ​នៅ​ទីក្រុង​ក្រុង​ក្វាងជូនេះ។

បាតុកម្ម​ភ្លើង​ទៀន​នេះ គឺ​ធ្វើ​នៅ​ថ្ងៃ សៅរ៍ ទី​២០ ខែ មេសា នេះ នៅ​ពេល​ល្ងាច​នៅ​ខាងមុខ​សាលាក្រុង​ក្វាងជូ។ គេ​រំពឹង​ថា នឹង​មាន​ពលករ​រាប់ពាន់​នាក់​ចូលរួម​។ គោលបំណង នៃ​ការ​ជួប​ជុំគ្នា​ជា​ប្រវត្តិសាស្ត្រ ជា​លើក​ទីពីរ​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា និង​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា។

អ្នក​គ្រោង​ចូលរួម ក្នុង​បាតុកម្ម​ភ្លើង​ទៀន​នេះ ភាគច្រើន​លើសលប់ គឺ​យុវជន ដែល​ជា​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ និង​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ និង​អ្នក​និយម​ប្រជាធិបតេយ្យ ពី​ប្រទេស​ធំៗ​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក អូស្រា្តលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន និង​ជប៉ុន ជាដើម។

មហា​បាតុកម្ម​ភ្លើង​ទៀន រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ គឺជា​ការ​យក​លំនាំ​តាម​ប្រជាជន​កូរ៉េ​រាប់​សែន​នាក់ ដែល​បាន​ធ្វើ​មហា​បាតុកម្ម​ភ្លើង​ទៀន កាលពី​ចុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ក្នុង​បុព្វហេតុ ទាមទារ​ទម្លាក់​អតីត​ប្រធានាធិបតី​កូរ៉េ គឺ​លោកស្រី ផាក គុនហេ ពី​អំណាច​ដោយសារ​អំពើពុករលួយ និង​រំលោភ​អំណាច។

យុវជន​ដែល​ជា​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ច្រើន​កុះករ បាន​នាំគ្នា​ធ្វើបាតុកម្ម​ភ្លើង​ទៀន​ដូចគ្នា​នេះ​ម្តង​ដែរ កាលពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​ប្រឆាំង​នឹង​ការបោះឆ្នោត ដែល​ផាត់​ចោល​គណបក្សប្រឆាំង​នោះ។

សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស បាន​អះអាង​រួចហើយ​ថា បាតុកម្ម​ភ្លើង​ទៀន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្រុង​ក្វាងជូ នៃ​ប្រទេស​កូរ៉េខាងត្បូង​នេះ មិន​មាន​អ្វី​ប្រែប្រួល​ទេ។ តំណាង​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន នៅតែ​បង្ហាញ​ឆន្ទៈ​មោះមុត​របស់​លោក ក្នុង​ការ​រៀបចំ​បាតុកម្ម​នេះ ដោយ​មិន​ចុះ​ញ៉ម នឹង​ការ​ប្រើ​ពាក្យ​គំរាម ពី​មន្ត្រី​របប​ក្រុងភ្នំពេញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល