សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ពោធិ៍សាត់​ត្រូវ​ចាប់​ខ្លួន​ដោយ​រង​ការ​ចោទ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ

ដោយ​ វ៉ែន សុមេធ
2019-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​វាលវែង​ម្នាក់ ​គឺ​លោក ណែម ណាត។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​វាលវែង​ម្នាក់ ​គឺ​លោក ណែម ណាត។
photo provided

មន្ត្រី​ប៉ូលិស​ខេត្ត​ពោធិ៍សាត់​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​វាលវែង​ម្នាក់​គឺ​លោក ណែម ណាត កាលពី​រសៀល​ថ្ងៃ​ទី​១៣ មិថុនា ដោយ​ចោទប្រកាន់​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​។ ប៉ុន្តែ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ថា ការ​ចាប់ខ្លួន​នេះ ជា​ករណី​នយោបាយ។

ប្រពន្ធ​ជន​ជាប់ឃុំ អ្នកស្រី ស្រី សៅរ័ត្ន ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ថា ប៉ូលិស​បាន​បញ្ជូន​ស្វាមី​របស់​អ្នកស្រី​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា។ អ្នកស្រី​បន្ត​ថា ប៉ូលិស​ស្រុក​វាលវែង​បាន​ចាប់ខ្លួន​ស្វាមី​របស់​អ្នកស្រី គឺ​លោក ណែម ណាត ខណៈ​កំពុង​ចូលរួម​ហូប​នំ​បាញ់ឆែវ​ជាមួយ​មិត្តភ័ក្ដិ​នៅ​ភូមិ​ប្រម៉ោយ ឃុំ​ប្រម៉ោយ កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី១៣ មិថុនា ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​ស្វាមី​អ្នកស្រី ទៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់​ភ្លាមៗ​តែម្ដង។ អ្នកស្រី​ចាត់ទុកថា ការ​ចាប់​ស្វាមី​អ្នកស្រី​នេះ ជា​រឿង​នយោបាយ ព្រោះ​កន្លងមក​ស្វាមី​របស់​ខ្លួន​ពុំបាន​អី​ធ្វើ​ខុសច្បាប់​នោះ​ឡើយ តាំងពី​គេ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​មក៖ «គាត់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​គាត់​មិនមែន​ជា​អ្នក​ចេញ​មុខ​អី​ធំដុំ​ទេ គាត់​គ្រាន់តែ​មានឈ្មោះ​មាន​សំឡេង​នឹង​គេ​មែន ប៉ុន្តែ​គាត់​មិនបាន​ដើរ​បំផុស​បំផុល​ពលរដ្ឋ​ឬអ្វី​មួយ​ខុសឆ្គង​គឺ​អត់​មាន​ទេ។ ខ្ញុំ​ចង់​ឱ្យ​តុលាការ​ដោះលែង​ប្ដី​ខ្ញុំ​មកវិញ ព្រោះ​គាត់​ជា​ទី​ពឹង​របស់​គ្រួសារ​ខ្ញុំ ដោយ​មិន​អាច​អត់​គាត់​បានទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ហេង ដូនីន និង លោក ឆាយ ហុង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៤ មិថុនា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​អធិការ​នគរបាល​ស្រុក​វាលវែង ក៏​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក កែម គីមស្រ៊ន់ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ឃុំ​ប្រម៉ោយ ស្រុក​វាលវែង​លោក ណែម ណាត នេះ​ដោយ​ចោទប្រកាន់​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់។ ទោះជា​យ៉ាងណា​លោក​ថា ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​កន្លងមក​លោក​បាន​ចុះ​ស្រាវជ្រាវ​ករណី​ការចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​បាន​ចាប់ខ្លួន​នៅ​ស្រុក​វាលវែង គឺ​រក​មិន​ឃើញ​ករណី​ទន្ទ្រាន​ដី​ព្រៃ​នោះ​ទេ ដូច្នេះ​លោក​សន្និដ្ឋាន​ថា ករណី​នេះ ក៏​មិន​ខុស​ពី​សំណុំរឿង​មុនៗ​ដែរ គឺ​ក្រោម​បទ​ចោទប្រកាន់​តែមួយ៖ «ដោយសារ​អី ពួកគាត់​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួកគាត់​សុទ្ធតែ​ជា​មនុស្ស​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​។​សព្វថ្ងៃ​ពួកគាត់​ជួប​ការ​លំបាក​ច្រើន​ណាស់ បន្ទាប់ពី​ការ​ចាប់​សាច់ញាតិ​និង​ក្រុម​គ្រួសារ​របស់​គាត់​គ្មាន​អ្នក​ជួយ​ទំនុកបម្រុង​គ្រួសារ​ទេ ហើយ​គ្រួសារ​មួយៗ​សុទ្ធតែ​ជំពាក់​លុយ​ធនាគារ​ទៀត​ផង អីចឹង​សូម​មេត្តា​បញ្ឈប់​ទៅ ហើយ​ពួកគាត់​គ្មាន​អ្នកណា​បាន​សុខ នៅ​ស្រុក​ដែល​គាត់​កំពុង​រស់នៅ​ទេ»

លោក​បន្ត​ថា ការ​ចាប់ខ្លួន​នេះ អាច​ដោយសារ​កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ព្រមាន​ម្ដង​រួច​មក​ហើយ ដោយ​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​វាលវែង ដែល​បាន​ដើរ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​តាម​ព្រំដែន​នោះ។ លោក​ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ គឺជា​ការ​បំភិតបំភ័យ​ដល់​សកម្មជន​បក្ស​ប្រឆាំង ផ្សេងទៀត ធ្វើ​ឱ្យ​ខ្លាច​ដើម្បី​មហិច្ឆតា​នយោបាយ​របស់​គណបក្ស​កាន់អំណាច ប៉ុន្តែ​លោក​យល់ថា​ការ​ធ្វើ​បែបនេះ​នឹង​មិន​ផ្ដល់​ផល​ចំណេញ​ដល់​របប​ដឹកនាំ​សព្វថ្ងៃ​នោះ​ទេ ផ្ទុយទៅវិញ​វា​កាន់តែ​ដាក់​បន្ទុក​ដល់​រដ្ឋាភិបាល​បន្ថែម​ទៀត។

កាលពី​ថ្ងៃ​ទី​២៨ ឧសភា កន្លង​ទៅ សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង​ចំនួន ២​នាក់ គឺ លោក ចាន់ សុផល និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង លោក ទួន សំអាត។ គិត​ត្រឹម​ថ្ងៃ​ទី​១៤ មិថុនា នៅ​ខេត្ត​ពោធិ៍សាត់ មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៣​នាក់ ហើយ ​ដែល​សមត្ថកិច្ច​ចាប់​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ខេត្ត​ពោធិ៍សាត់ ខណៈ​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​វាលវែង​ចំនួន​៧​នាក់​ទៀត កំពុង​រត់​គេចខ្លួន​រក​ទី​សុវត្ថិភាព​ដើម្បី​គេច​ចេញ​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល