លោក សម រង្ស៊ី ថា​គណៈប្រតិភូ​​អឺរ៉ុប​នឹង​កាត់ផ្ដាច់​សហ​ប្រតិបត្តិការ​ជាមួយ​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2018-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី អះអាង​ថា សភា​សហភាព​អឺរ៉ុប នឹង​បញ្ជូន​មន្ត្រី​ទៅ​ពិនិត្យ​ស្ថានការណ៍​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​ផ្ដាច់​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​របប​លោក ហ៊ុន សែន ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន មិន​ប្រសើរ​ជាង​នេះ។លោក សម រង្ស៊ី បាន​ប្រាប់​អាស៊ីសេរី ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​ក្នុង​គណៈកម្មាធិការ​ដឹកនាំ និង សមាជិកសភា​នៃ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) កាលពី​ថ្ងៃទី៥ ខែ​មិថុនា មន្ត្រី​ទាំងនោះ បាន​ប្រាប់​ជា​តម្រុយ​ដល់​លោក​ថា សភា​សហភាព​អឺរ៉ុប នឹង​ឈាន​ទៅ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​ខាង​តែ​បាន ដោយសារតែ​ពួកគេ​មើល​ឃើញ នូវ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។ បញ្ហា​ដែល​ធ្ងន់​បំផុត​នោះ គឺ​ការរំលោភ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផង ដោយ​ផ្អែកលើ​ការ​គោរព​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ៖ «គេ​ថា​គេ​មិន​អាច​បន្ត ឲ្យ​មាន​សហប្រតិបត្តិការ​បែបនេះ តទៅ​ទៀត​បានទេ បើ​ប្រទេស​កម្ពុជា​មិន​វិលត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ មិន​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​ដែល​បាន​កំណត់​ពី​ដើមទី។ ហ្នឹង​ខ្ញុំ​គ្រាន់តែ​ទទួល​ព័ត៌មាន បែប​ហ្នឹង ព្រោះ​ខ្ញុំ​មានឱកាស​បាន​ទៅ​ជួប​គេ ហើយក៏​គេ​បាន​ប្រាប់​ខ្ញុំ​បែប​ហ្នឹង។ ខ្ញុំ​យក​អ្វី​ដែល​ខ្ញុំ​បាន​ឮ យក​មក​ជម្រាប​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ»

លោក សម រង្ស៊ី អះអាង​បន្ថែម​ទៀត​ថា សហភាព​អឺរ៉ុប កំពុង​ពិចារណា​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន ដើម្បី​ចុះ​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា ដោយ​ផ្ទាល់ មុន​នឹង​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម ជាក់លាក់​ណាមួយ នា​ពេល​ខាងមុខ​នោះ។ គណៈប្រតិភូ​នេះ គ្រោង​នឹង​ជួប​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល អង្គការ​ការពារ​សិទ្ធិមនុស្ស សហជីព​កម្មករ មន្ត្រី​គណបក្សប្រឆាំង​ផង​ដែរ៖ «ដូច្នេះ​គេ​ចង់​មក​ស្ដាប់ ព្រោះ​គេ​ដឹង​ខ្លះ​ហើយ គេ​ចង់​ទទួល​ការ​បញ្ជាក់ ថា​ស្ថានការណ៍​ហ្នឹង​វា​ដុនដាប ដូច​អ្វី​ដែល​គេ​បាន​ដឹងឮ​មកដល់ពេលនេះ។ បើ​គេ​នៅតែ​ឃើញ​ថា វា​ដុនដាប​ដូច្នេះ​មែន កែ​មិន​ឡើង ពេល​នោះ​គេ​ចាត់វិធានការ​ហើយ​។ ដូច្នេះ​យើង​ចាំ​មើល​ថា​តើ​គណៈប្រតិភូ​គេ​ទៅដល់​ពេលណា ហើយ​គេ​នឹង​ធ្វើ​សេចក្ដីរាយការណ៍ ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​សហភាព​អឺរ៉ុប ហើយ​ពេលនោះ គេ​នឹង​ចាត់វិធានការ»

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ខាង​សហភាព​អឺរ៉ុប នៅឡើយ​ទេ​នៅ​ពេល​នេះ។

ចំណែក​ឯ​មន្ត្រី​របប​លោក ហ៊ុន សែន ឯណោះ​វិញ ចាត់​ទុក​យុទ្ធនាការ កៀរគរ​រក​ការ​គាំទ្រ​ពី​ឆាក​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន បែបនេះ ថា ជា​នយោបាយ​ប្រឆាំង។ មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៦ ខែ មិថុនា​នេះ ថា​លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​តស៊ូ​មតិ​របស់​មន្ត្រី​បក្ស​ប្រឆាំង នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

បើទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ និង​ផាត់​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ ដែល​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខនេះ​ទៅ​ហើយ យ៉ាងណាក្តី ក៏​លោក ផៃ ស៊ីផាន នៅតែ​យល់ថា គណបក្សប្រឆាំង​មួយ​នេះ កំពុងតែ​ឃោសនា​ដែរ ដោយ​លោក​ហៅ​ដំណាក់កាល នេះ ថា ជា​រដូវ​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ។ លោក ផៃ ស៊ីផាន អះអាង​ថា របប​លោក ហ៊ុន សែន មិន​បារម្ភ​ពី​សម្ពាធ ឬ​ការ​កាត់ផ្ដាច់ កិច្ច​សហប្រតិបត្តិការ​ណាមួយ ពី​អន្តរជាតិ​នោះ​ទេ៖ «ដឹង​ហើយ​ថា​គណបក្ស​នយោបាយ ជាពិសេស​ដែល​ត្រូវ​បាន​រម្លាយ​ហ្នឹង កំពុង​តែ​មាន​មិត្តភ័ក្ដិ​នៅ​ខាងក្រៅ ដើម្បី​រៀបចំ​ធ្វើ​យុទ្ធនាការ ឲ្យ​មាន​ព័ត៌មាន​ប្រឆាំង​នឹង​កម្ពុជា។ កម្ពុជា​មាន​ដៃគូ​ពាណិជ្ជកម្ម ដោយ​កម្ពុជា​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏ដូចជា​អង្គការ​សេដ្ឋកិច្ច​ពិភពលោក ក៏ដូចជា​ឆាក​អន្តរជាតិ។ ដូច្នេះ​កម្ពុជា​មិន​មាន​ការ​ខ្វល់ខ្វាយ​ខ្លាំង​ទេ»

តាំងពី​ក្រោយ​ពេល របប​ក្រុងភ្នំពេញ​សម្រេច​បំផ្លាញ​ឫសគល់ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​បន្ដ​បន្ទាប់ ដើម្បី​បន្ត​ក្រាញ​អំណាច សហគមន៍​អន្តរជាតិ រួមមាន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​ក្ដី​បារម្ភ និង​បាន​ដាក់​សំណើ​ជា​បន្ដ​បន្ទាប់ ជំរុញ​ឲ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ អ្នក​និយម​ប្រជាធិបតេយ្យ និង​ងាក​មក​រក​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ការ​ទទួលស្គាល់​ឡើងវិញ។

ប៉ុន្ដែ​របប​មួយ​នេះ មិនបាន​ទទួលយក​សំណើ​របស់​អន្តរជាតិ​ទេ និង​បាន​ផ្គើន​បន្ត​ធ្វើទុក្ខបុកម្នេញ​អ្នក​និយម​ប្រជាធិបតេយ្យ​បន្ថែម​ទៀត រហូតដល់​សហរដ្ឋអាមេរិក​បានសម្រេច ដាក់ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់ លើ​សមាជិក​ជាន់ខ្ពស់​របស់​របប​ក្រុងភ្នំពេញ។ បច្ចុប្បន្ន​ក្រៅពី​សហរដ្ឋអាមេរិក និង​សហគមន៍​អ៊ឺរ៉ុប ដែល​មាន ២៨​ប្រទេស ក៏​មាន​ប្រទេស​ប្រជាធិបតេយ្យ​មួយទៀត គឺ ប្រទេស​អូស្ត្រាលី កំពុងតែ​ពិចារណា ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​ជាន់ខ្ពស់ ក្នុង​របប​ក្រុងភ្នំពេញ​នេះដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​អតីត​ទីប្រឹក្សា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិនទាន់​អាច​ធ្វើ​ការវិភាគ​បាន ថា​តើ​សហភាព​អឺរ៉ុប នឹង​លុបចោល​កិច្ចព្រមព្រៀង ឬ​បន្ត​ទៀត​ទេ ដោយសារ ក្រុម​ប្រទេស​ទាំងនោះ កំពុង​បើក​កិច្ចប្រជុំ​នៅឡើយ។ តែ​យ៉ាងណា លោក​បណ្ឌិត​យល់ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប​លុបចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​មែន នឹង​នាំ​ឲ្យ​របប​ក្រុងភ្នំពេញ ជួប​វិបត្តិ​ធ្ងន់ធ្ងរ៖ «ផ្ដាច់​ហ្នឹង ផ្ដាច់​ដល់​ណា? អ្វី​ដែល​សំខាន់ គឺ​រឿង អ៊ីប៊ីអេ (Everything But Arms) តើ​គេ​ផ្ដាច់​អាហ្នឹង​អត់​ទេ? តើ​គេ​លែង​ឲ្យ​យើង​នាំ​ទំនិញ​ទៅ​ប្រទេស​គេ ដោយ​ឥត​យកពន្ធ ដូច​អ្វី​ដែល​បាន​ផ្តល់​ដូច​សព្វថ្ងៃ​នេះ ឬ​យ៉ាងម៉េច​? អា​ហ្នឹង​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ បើ​មាន​ដូច្នេះ​មែន គឺ​អាច​មាន​វិបត្តិ​ធំ​ហើយ​ក្នុង​ប្រទេស​យើង»

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ខាងមុខ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ប្រតិកម្ម​ពី​អន្តរជាតិ​ក៏​កាន់តែ​កើន​ឡើង​យ៉ាង​សន្ធាប់។ សហគមន៍​អន្តរជាតិ បាន​ព្រមាន​របប​លោក ហ៊ុន សែន រួចជាស្រេច​ទៅ​ហើយ ថា​ការបោះឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ​នោះ នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ នោះ​ឡើយ បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។ ពួកគាត់​ព្រមាន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត នេះ​រួចជាស្រេច​ទៅ​ហើយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ពលរដ្ឋខ្មែរ

ពី ភ្នំពេញ

ឯង គេសរសេរបែបនេះ គេមិនមែនសរសេរ អែង បែបនេះទេ អញ្ចឹងបានថាហ្នឹងណា! ហ៊ុន សែនល្អសម្រាប់តែមនុស្សប្រភេទដូចលោកទេ! ចំពោះពិភពលោកគេចាត់ទុកថាហ៊ុនសែនល្ងង់បំផុត។

Sep 03, 2018 02:29 AM

Dan

ពី LA

ឈប់កុហកខ្មែរទៀតទៅនាយមេផាយអើយ។ គ្មានអឺរ៉ុបណាវាខ្វល់ពីខ្មែរទេ មានតែសំដីភូតកុហករបស់នាយមេផាយអែងហ្នឹង។ ភរថាហ៊ុនសែនអត់ហ៊ានរំលាយសង្គ្រោះជាតិ ឥឡូវនេះរលាយខ្ទេច។ នាយមេផាយអែងនេះភរបានតែពួកភ្លើទេ គ្មានអ្នកក្នុងស្រុកណាគេជឿនាយមេផាយអែងទៀតទេ

Jun 07, 2018 07:48 AM

គេហទំព័រ​ទាំងមូល