លោក សម រង្ស៊ី រក្សាជំហរវិលចូលស្រុកទោះបីជារបបភ្នំពេញបង្កើនការចាប់សកម្មជនបក្សប្រឆាំង
2019.10.13
មេដឹកនាំគណបក្សប្រឆាំង រក្សាជំហរវិលចូលប្រទេសកម្ពុជា តាមការកំណត់នៅថ្ងៃទី៩ វិច្ឆិកាដដែល បើទោះជារបបក្រុងភ្នំពេញ កំពុងបង្កើនយុទ្ធនាការចាប់ខ្លួនសកម្មជនបក្សប្រឆាំងក៏ដោយ។ បក្សកាន់អំណាចស្វាគមន៍លោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាឱ្យបានលឿន ខណៈអ្នកវិភាគយល់ថា ការវិលចូលតាមកាលកំណត់ នឹងធ្វើឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធរបបក្រុងភ្នំពេញ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា លោក និងថ្នាក់ដឹកនាំគណបក្សប្រឆាំង គ្មានការរួញរា ចំពោះការវិលចូលស្រុកវិញនោះទេ បើទោះមានការគំរាមកំហែង និងចាប់ខ្លួនសកម្មជនបក្សប្រឆាំងរាល់ថ្ងៃក៏ដោយ។ លោក សម រង្ស៊ី បង្ហោះសារតាម ហ្វេសប៊ុក (faecebook) នៅថ្ងៃទី១២ តុលា ថា ការធ្វើទុក្ខបុកម្នេញ សកម្មជនបក្សប្រឆាំងរាល់ថ្ងៃនេះ ដោយសាររបបក្រុងភ្នំពេញ ភ័យខ្លាចវត្តមានរបស់លោក វិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
លោក សម រង្ស៊ី អះអាងទៀតថា សកម្មជន ដែលចេញមុខសារភាព ឬវាយប្រហារគឺដោយសារពួកគេត្រូវរបបក្រុងភ្នំពេញ បង្ខិតបង្ខំ។ លោកប្រៀបធៀបរបបលោក ហ៊ុន សែន ថា បង្ខំមនុស្សស្លូតត្រង់ឲ្យសារភាពទាំងគ្មានកំហុស តាមការចង់បានរបស់ខ្លួន ដូចរបប ប៉ុល ពត។ ជាមួយគ្នានេះ លោក សម រង្ស៊ី បានអំពាវនាវជាថ្មីម្តងទៀតឲ្យកងទ័ព ត្រៀមខ្លួនចូលរួមជាមួយពលរដ្ឋ នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីកម្ចាត់របបក្រុងភ្នំពេញ ដែលលោកហៅថា ជារបបខុសច្បាប់ និងផ្ដាច់ការ។ «»
ស្របពេល លោក សម រង្ស៊ី បញ្ជាក់ជំហរវិលចូលស្រុក និងបន្តអំពាវនាវដល់កងទ័ព ឲ្យគាំទ្រពលរដ្ឋនេះ របបក្រុងភ្នំពេញឯណោះវិញ កំពុងបង្កើនយុទ្ធនាការឃោសនាគំរាមកំហែងពលរដ្ឋ កុំឲ្យជឿការអំពាវនាវរបស់លោក សម រង្ស៊ី។ មន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃរបបក្រុងភ្នំពេញ បានចុះទៅមូលដ្ឋានបក្សរៀងៗ ខ្លួន ដើម្បីពង្រឹងការគាំទ្រ និងប្រាប់ពលរដ្ឋកុំឲ្យជឿតាមការឃោសនាលោក សម រង្ស៊ី។ ចំណែកសមត្ថកិច្ចវិញ ក៏បង្កើនការចាប់ខ្លួនសកម្មជនបក្សប្រឆាំង តាមមូលដ្ឋាន និងអះអាងពីការតាមចាប់សកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសដែរ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៣ តុលា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ប៉ុន្តែ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់បានប្រកាសច្រើនដងហើយថា លោកបន់ឲ្យតែដល់ថ្ងៃលោក រង្ស៊ី វិលចូលស្រុកវិញ ឲ្យឆាប់ទេ ដើម្បីបានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ។ «»
ក្រៅពីនេះលោក ហ៊ុន សែន បានព្រមានចាប់ខ្លួនពលរដ្ឋ ដែលហ៊ានបង្ហោះសារ គាំទ្រការវិលត្រឡប់ លោក សម រង្ស៊ី ទៀតផង។ លោកបានបញ្ជាឲ្យប៉ូលិសចាប់ឃុំខ្លួន ពលរដ្ឋណា ដែលសង្ស័យថា គាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ ដោយមិនចាំបាច់មានដីកាចាប់ខ្លួន ពីតុលាការឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា លោក សម រង្ស៊ី ចាំបាច់ត្រូវតែវិលចូលស្រុកវិញ តាមការសន្យា ដើម្បីបុព្វហេតុជាតិ បើមិនដូច្នេះទេ លោកថា នេះជាការសម្លាប់ទឹកចិត្តអ្នកប្រជាធិបតេយ្យ។ លោកបន្តថា ថ្វីបើការវិលចូលស្រុករបស់លោក សម រង្ស៊ី បង្កឲ្យមានភាពតានតឹង ចម្រូងចម្រាស និងហានិភ័យ ក៏គម្រោងនេះអាចនឹងធ្វើឱ្យរបបក្រុងភ្នំពេញ រងសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។ «»
គិតត្រឹមថ្ងៃទី១៣ ខែតុលា ការសន្យាវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅសល់តែ២៧ ទៀតប៉ុណ្ណោះ ដែលទំនងជាធ្វើឱ្យអ្នកគាំទ្របក្សប្រឆាំងកាន់តែអន្ទះសាចង់ទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក៕