លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​កំពុង​ធ្វើ​សង្គ្រាម​ស្អប់​ជាតិ​សាសន៍​ឯង

ដោយ មួង ណារ៉េត
2019.05.31
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ថ្លែង​ថា អ្នក​ដែល​កំពុង​ធ្វើសង្គ្រាម​ស្អប់​ជាតិ​សាសន៍​ឯង គឺ​លោក ហ៊ុន សែន ដោយសារ​លោក​កំពុង​ចាត់​ទុក​ខ្មែរ ​​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ជាស​ត្រូវ​ដែល​ត្រូវ​កម្ទេច។ ប្រតិកម្ម​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​លោក ហ៊ុន សែន ប្រកាស​ធ្វើសង្គ្រាម​ជាមួយ​លោក និង​ក្រុម​បក្ស​ប្រឆាំង ជា​សាធារណៈ​ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ទោះជា​លោក​ធ្លាប់​បាន​ប្រកាស​ច្រើនដង​ថា ​មិន​ខ្ចី​ជ្រលក់​មាត់ ឬ​មិន​ខ្ចី​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​​​រូប​នេះ​ក៏​ដោយ។

លោក សម រង្ស៊ី ចាត់​ទុក្ខ​សារ​ប្រកាសសង្គ្រាម​របស់​លោក ហ៊ុន សែន បែបនេះ​ថា ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​បាត់​ម្ចាស់ការ​តែប៉ុណ្ណោះ ព្រោះ​លោក ហ៊ុន សែន ដឹងខ្លួន​ថា​ កម្លាំង​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នឹង​ឈរ​នៅ​ខាង​អ្នក​និយម​ប្រជាធិបតេយ្យ ជាជាង​ឈរ​នៅ​ខាង​ជន​ផ្ដាច់ការ៖ «ភាសា​ដែល​គាត់​និយាយ​កាន់តែ​ខ្លាំង បង្ហាញ​ថា គាត់​កាន់តែ​ភ័យ​ស្លន់ស្លោ ពីព្រោះ​គាត់​ដឹង​ថា គេ​យល់ឃើញ​ទាំងអស់​គ្នា អំពី​ទង្វើ​អាក្រក់​របស់​គាត់ អំពី​សកម្មភាព ដែល​សម្លាប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»

នៅ​ក្នុង​វេទិកា​នៃ​សន្និសីទ​អន្តរជាតិ ស្ដីពី​អនាគត​អាស៊ី ដែល​មាន​មេដឹកនាំ​ប្រទេស​ជាច្រើន នៅ​តំបន់​អាស៊ី​ចូលរួម លោក ហ៊ុន សែន ឆ្លៀតឱកាស​នោះ វាយប្រហារ និង​ប្រមាថ​កាត​ទៀន​​លោក សម រង្ស៊ី ថា​ ជា​សត្វ​ធាតុ ដោយសារតែ​លោក សម រង្ស៊ី ប្រកាស​ថា ​នឹង​​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ក្នុង​ឆ្នាំ២០១៩ នេះ៖ «អ៊ីចឹង​ខ្ញុំ​សុំ​ប្រកាស​ដោយ​ចំហ​ពី​ទីនេះ ឱ្យ​ពិភពលោក​បាន​ដឹង​ថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ ដែល​វា​នឹង​កើតឡើង តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ គេ​ហៅថា ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​ក្រៅ​ប្រទេស ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ ហ៊ុន សែន។ ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា ខ្ញុំ​កំពុង​រង់ចាំ​ធ្វើសង្គ្រាម»

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ មិន​ភ្ញាក់ផ្អើល​ទៅ​នឹង​សម្តី​របស់​លោក ហ៊ុន សែន នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ចរិត​របស់​មេដឹកនាំ​របប​ឯក​បក្ស​នេះ ជា​មនុស្ស​បាត​ផ្សារ និង​តែងតែ​ប្រើ​ភាសា​បាត​ផ្សារ​បែបនេះ ជា​ទម្លាប់​តាំងពី​យូរលង់​ណាស់​មក​ហើយ។ លោក សម រង្ស៊ី បន្ថែម​ថា មហិច្ឆតា​បង្កាត់​ភ្លើង​សង្គ្រាម គឺ​កើត​ចេញ​ពី​លោក ហ៊ុន សែន ឯណោះ​ទៅវិញ​ទេ ព្រោះ​របប​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​ជា​ការ​ធ្វើ​សង្គ្រាម​ជាមួយ​រាស្ត្រ​ឯង​នោះ៖ «ខ្ញុំ​បញ្ជាក់​ម្តង​ទៀត​ថា អត់​មាន​សង្គ្រាម​អ្វី​ទេ​។ សង្គ្រាម គឺ​សង្គ្រាម​ដែល​លោក ហ៊ុន សែន ធ្វើឡើង​ប្រឆាំង​ប្រជារាស្ត្រ​ខ្មែរ​។ ហើយ​ខ្ញុំ​ក្នុងនាម​គណបក្ស​សង្គ្រោះជាតិ ខ្ញុំ​នៅតែ​ប្រកាស​ថា យើង​អត់​មាន​ចាត់​ទុក​ខ្មែរ​ណា​ជាស​ត្រូវ​ទេ។ តែ​យើង​ត្រូវតែ​ខិត​ខំ​ទាំងអស់​គ្នា ដើម្បី​ដក​បុគ្គល​ម្នាក់ បុគ្គល​បាត​ផ្សារ បុគ្គល ហ៊ុន សែន បុគ្គល​ក្បត់ជាតិ ពីព្រោះ​បើ​បុគ្គល​ហ្នឹង នៅតែ​ដឹកនាំ​ប្រទេស​បែប​ហ្នឹង​ទៀត ជាតិ​យើង​ក៏​នឹង​រលាយ ហិនហោច​សាបសូន្យ ប្រជារាស្ត្រ​ខ្មែរ​នៅតែ​វេទនា​ដដែល»

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក ហ៊ុន សែន ដៀល​លោក សម រង្ស៊ី ថា ​ជាសត្វ​ធាតុ​។ លោក ហ៊ុន សែន ធ្លាប់​ហៅ​លោក សម រង្ស៊ី ថា ​ជា​សត្វ​តិរច្ឆាន បើ​មិន​ហ៊ាន​វិលត្រឡប់​ចូល​ស្រុក​ខ្មែរ​នៅ​ឆ្នាំ២០១៩ នេះ​ដូច​តាម​ការសន្យា។ ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ពង្រឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង និង​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត ចំពោះ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន ដែល​ស្ម័គ្រ​ទៅ​គាំទ្រ និង​ទទួល​លោក សម រង្ស៊ី ក្នុង​ដំណើរ​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​នោះ។

ការ​ជួប​ជុំ​គ្នា ហូប​នំ​បញ្ចុក ដើម្បី​ផ្ញើ​សារ​គាំទ្រ​លោក សម រង្ស៊ី ត្រូវ​បាន​របប​នេះ ចាត់ទុកថា​ជា​អំពើ​ឧទ្ទាម ដែល​ត្រូវតែ​បង្ក្រាប និង​កម្ចាត់​ឱ្យ​អស់​ជាដើម​។ អាជ្ញាធរ​តាម​មូលដ្ឋាន​របស់​របប​លោក ហ៊ុន សែន តាម​យាយី​អ្នក​ទាំងនោះ នៅ​គ្រប់​ទីកន្លែង​។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​ប្រកាស​កម្ទេច​រចនាសម្ព័ន្ធ ដែល​នៅ​សេសសល់​របស់​គណបក្ស​សង្គ្រោះជាតិ ដូច​ទ្រឹស្ដី​ខ្មែរក្រហម ដែល​ថា ​ជីក​ស្មៅ ត្រូវ​ជីក​ទាំង​ឫស។

របប​នេះ បាន​ហៅ​ឈ្មោះ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា ជា​ជន​ក្បត់ជាតិ ដែល​បក្ស​ប្រឆាំង​អះអាង​ថា ការ​ចោទប្រកាន់​នេះ គឺជា​លេស​របប​នេះ​យក​មក​ប្រើ​ដើម្បី​រម្លាយ​គណបក្ស​នេះ និង​ដើម្បី​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​នេះ ឥត​ស្រាកស្រាន្ត​នោះ​។ ប៉ុន្តែ លោក សម រង្ស៊ី ថា ​អ្នក​ដែល​ក្បត់ជាតិ ក្បត់​ប្រជារាស្ត្រ​ខ្លួនឯង គឺ​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ​ទៅវិញ​ទេ៖ «ខ្ញុំ​សូម​ឱ្យ​បងប្អូន​ជនរួមជាតិ​វិភាគ​និយមន័យ​ពាក្យ ក្បត់ជាតិ​។ តើ​ទង្វើ​ណាខ្លះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​? តើន​រណា​កាត់​ទឹកដី​ប្រទេស​កម្ពុជា​ឱ្យ​ទៅ​បរទេស​? ហ្នឹង​គេ​ហៅថា​ក្បត់ជាតិ​។ តើ​លោក កឹម សុខា និង សម រង្ស៊ី មាន​ដែល​កាត់​ទឹកដី​ខ្មែរ ដូចជា​កោះត្រល់ ទៅ​ប្រទេសជិតខាង​? អ្នក​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​ប្រទេសជាតិ​ខាង គឺ​លោក ហ៊ុន សែន​។ ក្បត់ជាតិ គឺ​ធ្វើ​ឱ្យ​ប្រទេស​យើង​បាត់បង់​អធិបតេយ្យ​ជាតិ និង​ឯករាជ្យ​ជាតិ ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​រណប​បរទេស»

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ដដែល​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​និយម​ប្រជាធិបតេយ្យ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ផង ក្រោក​ឡើង​ដើម្បី​តស៊ូ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។ លោក​ចាត់​ទុក​ការ​តស៊ូ ដើម្បី​ដក​លោក ហ៊ុន សែន ចេញពី​ដំណែង តាមរយៈ​ការ​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ​ផង​នោះ មិនមែន​ជា​ការ​ធ្វើ​សង្គ្រាម​ទេ។ ប៉ុន្តែ ជា​ការ​រក​សុខ​សន្តិភាព យុត្តិធម៌​សង្គម និង​ភាព​សុខដុមរមនា នៅ​ក្នុង​សង្គម​ខ្មែរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។