លោក សម រង្ស៊ី នៅតែ​ប្ដេជ្ញា​វិល​ទៅ​ខ្មែរ​វិញ​ក្នុង​ឆ្នាំ​នេះ ទោះ​លោក ហ៊ុន សែន គំរាម​បង្ក្រាប

ដោយ មួង ណារ៉េត
2019-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។
Photo: RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ប្ដេជ្ញា​ចិត្ត វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ក្នុង​ឆ្នាំ​នេះ​ឱ្យ​ខាងតែ​បាន ទោះ​លោក ហ៊ុន សែន គំរាម​បង្ក្រាប និង​ចាប់ខ្លួន​ក្ដី។ អ្នកវិភាគ ថា ការ​បន្ត​អូស​បន្លាយ​ពេល​វិល​ត្រឡប់​វិញ នឹង​ធ្វើ​ឱ្យ​លោក សម រង្ស៊ី ប្រឈម​មុខ​គ្រោះថ្នាក់ ដល់​អាយុជីវិត​ផង។

លោក សម រង្ស៊ី ថ្លែង​អំពី​ការ​តាំង​ចិត្ត​នេះ នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ពី​ប្រទេស​បារាំង ថា​ការ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ គឺ​លោក​មិន​ធ្វើដំណើរ​តែ​ម្នាក់​ឯង​នោះ​ទេ។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​កម្មករ ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េ​ផង នឹង​ធ្វើ​ដំណើរ​ទៅជា​មួយ​លោក​ដែរ៖ «ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ម្តង​ទៀត​ថា ខ្ញុំ​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​នេះ មិនមែន​ឱ្យ​លោក ហ៊ុន សែន ចាប់​ខ្ញុំ​ងាយៗ​ទេ​។ ខ្ញុំ​នឹង​ជំរុញ​ប្រជាពលរដ្ឋ​រាប់​សែន រាប់​លាន​នាក់ ទៅ​ចាប់​លោក ហ៊ុន សែន វិញ​។ យើង​ត្រូវ​បញ្ចប់​របប​ផ្ដាច់ការ របប​ឃោរឃៅ ដែល​លោក ហ៊ុន សែន ដឹកនាំ​ជាង ៣០​ឆ្នាំ​មក​ហើយ​។ ឆ្នាំ​២០១៩ ជា​ឱកាស​មាស ឱកាស​ប្រវត្តិសាស្ត្រ ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី ផ្លាស់ប្ដូរ​តាម​បែប​បទ​ប្រជាធិបតេយ្យ ដែល​ប្រជារាស្ត្រ​ចង់បាន ដែល​ប្រជារាស្ត្រ​រង់ចាំ​ជា​យូរ​ណាស់​មក​ហើយ»

ទោះបីជា​លោក សម រង្ស៊ី ប្ដេជ្ញា​ថា​នឹង​វិល​ទៅ​ស្រុក​ខ្មែរ នៅ​ឆ្នាំ ២០១៩ នេះ​ឱ្យ​ខាង​តែ​បាន​យ៉ាង​ណាក្តី លោក​នៅតែ​មិនទាន់​អាច ប្រាប់​ពី​ពេលវេលា​កំណត់​ជាក់លាក់ ថា​ថ្ងៃ​ណា​នឹង​ទៅ​ឱ្យ​ពិតប្រាកដ​បានទេ ដោយ​លោក​អះអាង​ថា ការ​មិន​អាច​ប្រាប់​ពេលវេលា​កំណត់​មុន​បាន​នេះ គឺ​ដោយសារ​មាន​កត្តា​ជាច្រើន ដូចជា​កត្តា​យុទ្ធសាស្ត្រ​នយោបាយ កត្តា​សន្តិសុខ និង​សុវត្ថិភាព​របស់​លោក និង អ្នក​អម​ដំណើរ​លោក​ផង។ ប៉ុន្តែ លោក​បង្ហើប​ថា ពលរដ្ឋ​ខ្មែរ​គង់តែ​នឹង​ដឹង​ព័ត៌មាន​នេះ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ជាក់​ជាមិនខាន ជាពិសេស គឺ​នៅ​ពេល​ដែល​ទណ្ឌកម្ម​អន្តរជាតិ កាន់តែ​ទុំ​ជោរ៖ «ដូច្នេះ​យើង​ត្រូវ​រង់ចាំ ឱ្យ​មាន​ទណ្ឌកម្ម​អន្តរជាតិ កាន់តែ​ខ្លាំង ឱ្យ​អន្តរជាតិ​សំពង ហ៊ុន សែន ឱ្យ​អន្តរជាតិ​ខោក​ក្បាល ហ៊ុន សែន ឱ្យ ហ៊ុន សែន ទ្រម ឱ្យ​ទន់​មែនទែន។ ពេលនោះ បាន​យើង​ចូល​ទៅ ចាប់ ហ៊ុន សែន ទៅ​កាត់ទោស»

ជុំវិញ​សម្ពាធ​អន្តរជាតិ​នេះ របប​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​ការ​ព្យួរ ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ពី​សហភាព​អឺរ៉ុប។ ប៉ុន្តែ សហភាព​អឺរ៉ុប ទុក​ពេល​ឱ្យ​របប​នេះ ១៨ ខែ។ បើ​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ មិន​ប្រសើរ​ឡើង ទៅតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប គឺ​ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​សម្រេច​ជា​ចុងក្រោយ។

កុំថាឡើយ​រង់ចាំ​ដល់​ឆ្នាំ ២០២០ សូម្បីតែ​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ ២០១៩​នេះ ក៏​អ្នកវិភាគ​នយោបាយ និង សង្គម​យល់ថា​លោក សម រង្ស៊ី ហាក់​ដូច​ជា​យឺត​ពេល បន្តិច​ទៅ​ហើយ ក្នុង​ការ​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​នេះ​។ លោក គឹម សុខ ថា​ការ​យឺត​ពេលនេះ គឺ​ដោយសារ លោក​យល់ថា លោក សម រង្ស៊ី គួរ​វិល​ទៅ​ស្រុក​ខ្មែរ កាលពី​ខែ​មករា ឬ ដើមខែ កុម្ភៈ​នេះ​យ៉ាង​យូរ ព្រោះ​ទៅ​ឱ្យ​បាន​មុន​ពេល​លោក ហ៊ុន សែន រៀបចំ​យុទ្ធសាស្ត្រ​ថ្មី នៅមុន​សហភាព​អឺរ៉ុប កំណត់​នាឡិកា​ចាប់ផ្ដើម​នីតិវិធី ចាត់វិធានការ​លើ​របប​នេះ៖ «ការ​ចូល​ទៅ​ស្រុក របស់​លោក សម រង្ស៊ី នៅ​ពេល​វេលា​ហ្នឹង អាច​គេ​ផុត​បាន​ច្រើន​បំផុត ពី​ការប្រមាថ​ដល់​ជីវិត​របស់​គាត់។ បើ​គាត់​មាន​យុទ្ធសាស្ត្រ ផែនការ​ច្បាស់លាស់ បន្ត​សកម្មភាព​ងើបឡើង​នៅ​ពេល​គេ​ចាប់​គាត់ កម្លាំង​នៃ​ការ​ងើបឡើង​របស់​ពលរដ្ឋ នឹង​នាំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នយោបាយ​ថ្មី ជា​នយោបាយ​ដាក់​សម្ពាធ​ខ្លាំង​ពី​ពលរដ្ឋ ហើយ​សហគមន៍​អន្តរជាតិ ក៏​កំពុង​តាមដាន»

ឥឡូវ​នេះ ក្រោយ​សហភាព​អឺរ៉ុប ប្រកាស​ចាប់ផ្ដើម​នីតិវិធី​នេះ កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ស្រាប់តែ​លោក ហ៊ុន សែន បញ្ចេញ​សារ​តាមរយៈ​សារ​បែក​ធ្លាយ​ថ្មីៗ​នេះ ថា នឹង​កម្ទេច​លោក សម រង្ស៊ី និង សកម្មជន​បក្ស​ប្រឆាំង និង​រចនាសម្ព័ន្ធ​ដែល​នៅ​សេសសល់​របស់​បក្ស​នេះ ឱ្យ​ខ្ទេច​តែម្ដង ដោយសារ​សហភាព​អឺរ៉ុប មិន​បង្អង់​ដៃ ក្នុង​ការ​ដាក់​សម្ពាធ ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «នៅ​ពេល​វេលា​ដែល​គេ​បាន​ចាប់ផ្ដើម​នីតិវិធី​ព្យួរ យើង​ត្រូវ​ប្រើ​ឱកាស​នេះ កម្ចាត់​ចោល​កម្លាំង​ប្រឆាំង​ទាំងអស់ ដែល​ជា​បណ្ដាញ​របស់​អតីត​សង្គ្រោះ​ជាតិ ព្រោះ​យើង​មិន​អាច​ឱ្យ​ពួក​អា​ក្រុម​នេះ​រស់​ទេ​។ បើ​ជ្រុល​អ៊ីចឹង​ទៅ​ហើយ យើង​លេង​ឱ្យ​អស់ដៃ។ គោលដៅ​របស់​យើង គឺ​មិន​អាច​លើកលែង​ឱ្យ​អ្នកណា​ក៏ដោយ ដែល​ប៉ុនប៉ង​ជា​ឈ្នាន់ ដើម្បី សម រង្ស៊ី ចូល​ស្រុក»

ក្នុង​កាលៈទេសៈ ដែល​លោក ហ៊ុន សែន ដឹងខ្លួន​ច្បាស់​ថា សហគមន៍​អន្តរជាតិ នឹង​មិន​រាថយ ក្នុង​ការ​ដាក់ទណ្ឌកម្ម​របប​នេះ ហើយ​លោក ហ៊ុន សែន កំពុង​ត្រៀម​នយោបាយ​ថ្មី ដើម្បី​ទប់ទល់​ទណ្ឌកម្ម​អន្តរជាតិ​បែបនេះ លោក គឹម សុខ យល់ថា ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី កាន់តែ​គ្រោះ និង ប្រថុយប្រថាន​ខ្លាំង​បំផុត៖ «មិនមែន​ប្រឈម​ត្រឹមតែ​ជាប់គុក​ទេ ការ​យល់ឃើញ​របស់ខ្ញុំ គឺ​ការ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​គាត់ គឺ​ខ្ពស់​បំផុត»

ទៅ​រង​ការ​គំរាម​កម្ទេច​ពី​លោក ហ៊ុន សែន និង ត្រូវ​ប្រថុយប្រថាន​ខ្លាំង​ក៏ដោយ ក៏​អ្នក​ស្មោះស្ម័គ្រ និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន នៅតែ​បង្ហាញ​ជំហរ មិន​ខ្លាច​ការ​គំរាម​នេះ​ទេ​។ សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​មូលដ្ឋាន​មួយ​រូប​ឈ្មោះ ថានន់ នៅ​ភ្នំពេញ ដែល​ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង ឱ្យ​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ ព្រោះ​សកម្មជន​មូលដ្ឋាន កំពុង​រង​ភាព​រងា ខ្វះ​ភាព​កក់ក្ដៅ ដោយសារតែ លោក សម រង្ស៊ី ត្រូវ​និទ្ទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចោល​ពួកគាត់​។ ចំណែក​ឯ​ប្រធាន​គណបក្ស​នេះ​វិញ គឺ​លោក កឹម សុខា ដែល​នៅ​ក្នុង​ប្រទេស​មែន តែ​ជាប់ឃុំ​ក្នុង​ផ្ទះ មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ ដឹកនាំ​បក្ស​នេះ​បាន។ លោក ថានន់ បញ្ជាក់​បន្ថែម​ថា លោក​ហ៊ាន​ស្លាប់ ក្នុង​បុព្វហេតុ​តស៊ូ ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ឱ្យ​តែ​លោក សម រង្ស៊ី វិល​មក​ទៅ​ស្រុក​ខ្មែរ​វិញ ឆាប់ៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

តាសាន

ពី LA

មិនចាំបាច់ភរខ្មែរទៀតទេបើលោកសមរង្សីមិនត្រឡប់ស្រុកវិញ ព្រោះទំរំដល់EBAវាប៉ះពាល់សេដ្ឋកិច្ចខ្មែរមានរយៈពេលពីរឆ្នាំទៀត។ កាលពីឆ្នាំ79-93ស្រុកខ្មែរគ្មានសេដ្ឋកិច្ចទីផ្សារសេរីទេ ហើយមិនឃើញរបបកុំមុយនីស្តងាប់ទៅណាដែរ។ ហើយរយៈពេលជាង25ឆ្នាំហើយគ្មានអន្តរជាតិណាមកខ្វល់នឹងខ្មែរទេ ទោះជាដប់ម្ភៃឆ្នាំទៀតក៏គេមិនខ្វល់ដែរ។ ថ្ងៃមុនអួតថាទៅរំលំហ៊ុនសែន តែឥឡូវថាអោយប្រជាជនទៅរំលំហ៊ុនសែនវិញ។ សមរង្សីអើយឈប់ភរទៀតទៅបានទេ?

Feb 17, 2019 08:45 AM

Teddy

ពី Lowell, MA

លោកប្រធាន, អ្នកណាក៏ ចេះផ្តេជ្ញាដែរ តែនៅតែអត់ហ៊ានអាដែល លោកប្រធាន

Feb 16, 2019 09:26 AM

តាសាន

ពី LA

សមរង្សីចាំប្រមូលលុយអោយបានច្រើនសិនដើម្បីបានចាយស្រួលក្នុងគុក។ គាត់គ្មានលទ្ធភាពនិងសម្ថភាពអីទៅរំលំហ៊ុនសែនទេ បើបានលុយច្រើនស្រួលរស់ក្នុងគុកជាងអត់លុយ

Feb 16, 2019 08:24 AM

គេហទំព័រ​ទាំងមូល