អ្នក​គាំទ្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​រិះគន់​លោក រៀល ខេមរិន្ទ្រ ថា ក្បត់​ឆន្ទៈ​រាស្ត្រ

ដោយ ទីន ហ្សាការីយ៉ា
2019.03.17
អ៊ុំ សំអាន រៀល ខេមរិន្ទ្រ ថាច់ សេដ្ឋា ៦២០ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (ឆ្វេង) លោក រៀល ខេមរិន្ទ្រ (កណ្ដាល) និង​នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA

អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​រិះគន់​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​របប​លោក ហ៊ុន សែន នោះ ជា​មនុស្ស​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្បត់​ឆន្ទៈ​ពលរដ្ឋ។

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ តំបន់​ខ្មែរក្រហម​ផ្ដាច់​ខ្លួន​នៅ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន មាន​ប្រសាសន៍ ថា មន្ត្រី​គណបក្ស​ប្រឆាំង​រូប​ណា​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​ក្រុងភ្នំពេញ គឺ​ចូលរួម​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាមួយ​របប​លោក ហ៊ុន សែន ព្រោះ​របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដូច្នេះ​ពួកគាត់​មិន​គាំទ្រ​មនុស្ស​ប្រភេទ​នេះ​ឡើយ៖ «បើសិនជា​គាត់​ធ្វើ​ដើម្បី​ប្រជាធិបតេយ្យ​គាត់​មិន​គួរ​ទៅ​ចូល​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​បើ​គាត់​ចង់​ចូលរួម​ក្នុង​ប្រជាធិបតេយ្យ​ក្លែងក្លាយ​មានតែ​សំបក ដោយ​រំលាយ​គណបក្សប្រឆាំង​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង ៣​លាន់​នាក់​ដដែល​មិន​គួរ​ទៅ​ចូលរួម​ទេ»

ចំណែក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​កំពង់ចាម​ឯណោះ​វិញ លោក ថាន សុរិទ្ធ អះអាង​ថា សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​កំពង់ចាម​ជាច្រើន​នាក់ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា លោក រៀល ខេមរិន្ទ្រ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ពួកគាត់​បាន​រិះគន់​ថា ជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទោះ​យ៉ាងណា​លោក​ថា សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​នេះ​នៅតែ​រឹងមាំ គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដដែល ដោយ​ឥត​ងាករេ៖ «អ្នកគាំទ្រ​គឺ​គេ​ពេបមាត់​តែម្ដង ហើយ​ក្នុង​ចិត្ត​គេ​ដឹង​ច្បាស់​ថា មនុស្ស​នឹង​ជា​មនុស្ស​យ៉ាង​មិច​ហើយ ម្យ៉ាងទៀត​ដោយសារតែ​វា​មាន​ពាក់ព័ន្ធ​សំឡេង​បែក​ធ្លាយ​គាត់​ទំនាក់ទំនង​ជាមួយ​នឹង​ស្រី​របស់​គាត់​កន្លងមក វា​គួរ​ផ្សំ​ចំណុច​ទាំងអស់​នេះ​ធ្វើ​ឱ្យ​ម្ចាស់​ឆ្នោត​ខ្លះ​គឺ​បន់​ឱ្យ​ចេញ​ឱ្យ​ផុត​ទៅទៀត​ព្រោះ​មនុស្ស​គ្មាន​តម្លៃ​សម្រាប់​ជាតិ​ទេ»

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ចាត់​ទុក​ទង្វើ​របស់​លោក រៀល ខេមរិន្ទ្រ សុំ​សិទ្ធ​ធ្វើ​នយោបាយ​នេះ​ថា គឺជា​ការ​ក្បត់​ឆន្ទៈ​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ដែល​បាន​បោះឆ្នោត​ឱ្យ​គណបក្សប្រឆាំង និង​ក្បត់​សមាជិក​គណបក្ស៖ «ហើយ​ធ្វើ​ឱ្យ​របប​នេះ​មាន​សិទ្ធិ​សេរីភាព​ដែល​គេ​ខុសច្បាប់​ហើយ​តែ​គេ​ទាញ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ឱ្យ​ទៅ​ចូលរួម​ខុសច្បាប់​ជាមួយ ដូច្នេះ​សម្រាប់​គាត់ គឺ​គិតតែ​រឿង​បុគ្គល​របស់​គាត់​មិន​គិត​ដទៃ មិន​គិតដល់​ប្រទេស​ជាតិ និង​ផលប្រយោជន៍​រួម​ដែល​ពលរដ្ឋ​ខំប្រឹង​គាំទ្រ​គណបក្សប្រឆាំង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក រៀល ខេមរិន្ទ្រ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ថ្ងៃ​ទី​១៦ មីនា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មាន​ប្រសាសន៍ ថា ការ​សុំ​សិទ្ធ​ធ្វើ​នយោបាយ ជា​សិទ្ធ​បុគ្គល ដែល​មិន​ឆ្លុះ​បញ្ចាំ​ពី​សមាជិក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ឡើយ។

លោក​អះអាង​ថា ការ​សុំ​សិទ្ធិ​នេះ​ដោយសារ​មន្ត្រី​គណបក្សប្រឆាំង​មួយ​ចំនួន ដែល​នៅ​ក្នុង​ប្រទេស ធុញថប់​នឹង​នយោបាយ​បច្ចុប្បន្ន៖ «ខ្ញុំ​យល់ថា ឱ្យ​តែ​បរិយាកាស​នយោបាយ​បែបនេះ​ធ្វើ​ឱ្យ​វា​ធុញថប់​ហើយ​មិន​ឃើញ​មាន​ដំណោះស្រាយ ហើយ​មេ​ដឹក​នៅ​ក្រៅ​ប្រទេស នៅ​តែ​មាន​ជំហរ​មិន​ច្បាស់លាស់​ក្នុង​ដោះស្រាយ ដោយ​ម្ដង​ថា​យ៉ាង​នេះ​ម្ដង​ថា​អ៊ី​ចុះទៅ គឺ ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​មាន​សភាព​តានតឹង អាច​នឹង​គេ​ចេះតែ​ស្នើ​បន្តៗ​ទៀត ព្រោះ​រឿង​នេះ​ជៀស​មិន​រួច​ទេ ជាពិសេស​អ្នក​នៅ​ក្នុង​ប្រទេស​ត្រូវ​កា​៤​ដើរហើរ​ត្រូវ​រស់នៅ​ក្នុង​ជីវភាព​ធម្មតា​ក៏​ត្រូវ​ការ​សិទ្ធិ​នេះ​ដែរ ព្រោះ​សិទ្ធ​នេះ​គេ​អាច​យក​លេស​គ្រប់​រឿង​ទាំងអស់»

អ្នកវិភាគ​វ័យក្មេង លោក បុង ដេត យល់​ថា អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុន្តែ​បុគ្គល​ទាំងនោះ​នឹង​មិន​បាន​ផល​ចំណេញ​ពី​ការ​សុំ​សិទ្ធិ​នេះ​ទេ ដោយសារ​នៅពេល​ដ៏​ខ្លី​ខាងមុខ ពួកគេ​នឹង​អស់​ប្រជាប្រិយភាព ព្រោះ​ពលរដ្ឋ​ឈប់​គាំទ្រ៖ «ពីព្រោះ​ថា​គាត់​បង្កើត​គណបក្ស​ដោយសារតែ​គណបក្ស​សង្គ្រោះជាតិ​ជា​ជនរងគ្រោះ ដែល​របប​លោក ហ៊ុន សែន​រំលាយ​ចោល ដូច្នេះ​អ្វី​ដែល​ធ្វើ​នៅ​ពេល​នេះ​ដូច​ចូល​ដៃ​ជាមួយ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​ប្រឆាំង​ដោយ​ខុសច្បាប់ គឺ​មិន​ចំណេញ​ទេ ពីព្រោះ​អំណាច​ទាំងអស់​នៅ​លើ​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ ហើយ​សមាជិក​ក្រុមប្រឹក្សា​ជាង ៥​ពាន់​នាក់​របស់​បក្ស​ប្រឆាំង ជា​ពិសេស​ពលរដ្ឋ​ដែល​ជា​អ្នកមើល​ជា​រឿង​ដដែល​ធ្វើ​ឱ្យ​ពួកគាត់​ធុញថប់»

រហូត​មក​ទល់​ពេលនេះ ទើប​តែ​មាន​មន្ត្រី​គណបក្សប្រឆាំង​ចំនួន ៤​នាក់​រួម​ទាំង​លោក រៀល ខេមរិន្ទ្រ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ឡើងវិញ ខណៈ​មន្ត្រី​គណបក្សប្រឆាំង​ជាច្រើន នៅតែ​ប្រកាន់​ជំហរ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។