ក្រសួងព្រះបរមរាជវាំង បំភ្លឺថាព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលឡាយព្រហស្តលេខាថ្ងៃទី១៨ ខែឧសភា គឺជាព្រះរាជសារពិត មិនមានការក្លែងក្លាយនោះឡើយ។
សេចក្តីប្រកាសព័ត៌មាន ពីព្រះបរមរាជវាំងចេញនៅថ្ងៃទី៨ ខែមិថុនា ធ្វើឡើងក្រោយពេល ដែលមជ្ឈដ្ឋានទូទៅ ដាក់ការសង្ស័យអំពីភាពមិនប្រក្រតី នៃព្រះរាជសារ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា ចេញទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដាខាងមុខ ក្នុងស្ថានភាពដែលពលដ្ឋម្ចាស់ឆ្នោតជាងបីលាននាក់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ បាត់បង់ឱកាស និងសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ និងគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ការសង្ស័យនេះ គឺដោយសារព្រះរាជសារនោះ ត្រូវបានផ្អិបទុកយូរថ្ងៃពេក រហូតដល់ជិត ២០ថ្ងៃឯណោះ ក្រោយថ្ងៃឡាយព្រះហស្ត ទើបត្រូវប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ផ្សាយចេញជាសាធារណៈ។
មុនសេចក្តីបំភ្លឺពីព្រះបរមរាជវាំង អតីតប្រធានគណបក្សសង្គ្រោះជាតិ និងប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ហៅព្រះរាជសារចុងក្រោយរបស់ព្រះមហាក្សត្រថា បើមិនក្លែងក្លាយទាំងស្រុងទេ ក៏ក្លែងក្លាយត្រង់កាលបរិច្ឆេទនេះដែរ។ លោក សម រង្ស៊ី ជឿថា កាលបរិច្ឆេទក្នុងព្រះរាជសារ ត្រូវគេច្នៃថយក្រោយរហូតដល់ជិត ២០ថ្ងៃនេះ ព្រោះដាក់ថ្ងៃក្លែងក្លាយ ១៨ ឧសភានេះ គឺដាក់ឲ្យបានមុនលិខិតរបស់លោក ដែលថ្វាយព្រះមហាក្សត្រ តាំងពីថ្ងៃទី២៣ ខែឧសភា។ កាលពីថ្ងៃទី២៣ ខែឧសភានោះ លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ ថ្វាយទៅព្រះមហាក្សត្រ ដើម្បីស្នើសុំព្រះអង្គកុំធ្វើតាមអ្វី ដែលរបបលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើសុំព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
លោក សម រង្ស៊ី បានសរសេរបន្ថែម ថ្វាយព្រះករុណព្រះមហាក្សត្រ នៅពេលនោះ ដោយទូលព្រះអង្គថា ការបោះឆ្នោតថ្ងៃទី២៩ កក្កដា ខាងមុខនេះ គឺប្រកបដោយភាពចម្រូងចម្រាស់ និងភាពគ្រោះថ្នាក់ ពីព្រោះវាជាការរៀបចំបន្តពីនយោបាយបផ្តាច់ការ បង្ក្រាបប្រជាពលរដ្ឋ ដែលសហគមន៍អន្តរជាតិ បានថ្កោលទោសជាទូទៅ ហើយវាក៏កំពុងតែធ្វើឲ្យសង្គមជាតិប្រេះស្រាំគួរឲ្យបារម្ភ។ ក្នុងកាលៈទេសៈបែបនេះ ព្រះមហាក្សត្រមានតួនាទីប្រមូលផ្តុំ និងបង្រួបបង្រួមកូនចៅព្រះអង្គឡើងវិញ ដោយឈរលើគុណតម្លៃ និងគោលការណ៍ប្រកបដោយគតិយុត្តិធម៌ ដែលកូនចៅព្រះអង្គទាំងអស់គោរពស្រឡាញ់ និងចង់បាន។
លោក សម រង្ស៊ី ថែមទាំងរម្លឹកព្រះមហាក្សត្រ អំពីព្រះករុណាព្រះវររាជបិតារបស់ព្រះអង្គ គឺព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលតែងតែមានព្រះរាជហឫទ័យ បង្រួបបង្រួមប្រជាជាតិខ្មែរទាំងមូលជុំវិញព្រះអង្គ។ ឧទាហរណ៍ ដូចជានៅឆ្នាំ ១៩៩៨ និង ២០០៣ ព្រះអង្គបានបដិសេធ មិនយាងទៅបើកសម្ពោធរដ្ឋសភាថ្មីណាមួយ ដែលមិនមានវត្តមានអ្នកតំណាងរាស្ត្រជាប់ឆ្នោត មកពីគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេស គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្ស សម រង្ស៊ី។
ប៉ុន្តែ នៅក្រោយការចេញព្រះរាជសារ ព្រះមហាក្សត្រ កាលពីថ្ងៃទី៥ ខែមិថុនា លោក សម រង្ស៊ី មិនជឿថា ព្រះរាជសារនោះ ធ្វើនៅមុនលិខិតរបស់លោកថ្វាយទៅព្រះមហាក្សត្រនោះឡើយ។ លោកសង្ស័យថា ការដាក់កាលបរិច្ឆេទថយក្រោយបែបនេះ គឺដើម្បីបិទបាំងភាពអាម៉ាស់ បើដាក់កាលបរិច្ឆេទពិតប្រាកដ ក្រោយថ្ងៃចេញលិខិតរបស់លោក។
ចំណែកឯអ្នកវិភាគ លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអតីតទីប្រឹក្សាផ្ទាល់របស់លោក កឹម សុខា អនុប្រធានទី ១ រដ្ឋសភា ដាក់ការសង្ស័យបន្ថែមមួយទៀតទៅលើភាពមិនប្រក្រតីនៃកាលបរិច្ឆេទនោះ ដោយលោកកត់សម្គាល់ត្រង់ការមិនថ្លែងព្រះរាជសារ ដោយផ្ទាល់ព្រះឱសព្រះអង្គ តាមរយៈវិទ្យុ ឬទូរទស្សន៍ ដូចអ្វីដែលព្រះមហាក្សត្រធ្លាប់ធ្វើកន្លងមក ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងបែបនេះ។
មិនតែប៉ុណ្ណោះ មជ្ឈដ្ឋានទូទៅ ដែលដាក់ការសង្ស័យទៅលើព្រះរាជសារលិខិត ដែលធ្វើឡើងក្នុងស្ថានការណ៍វិបត្តិនយោបាយ និងស្របពេលដែលរបបលោក ហ៊ុន សែន កំពុងកៀរគររកការគាំទ្រក្នុងការបោះឆ្នោត ដើម្បីរកភាពស្របច្បាប់ឲ្យរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត គ្មានវត្តមានបក្សប្រឆាំងនេះ សន្និដ្ឋានថាអង្គព្រះមហាក្សត្ររងសម្ពាធ ឬការគំរាមកំហែងពីរបបលោក ហ៊ុន សែន ដោយសារតែប្រវត្តិនៃការគម្រាមរម្លាយរបបរាជានិយម ដែលលោក ហ៊ុន សែន ធ្លាប់ព្រមាន កាលពីឆ្នាំ២០០៥ ពេលដែលអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលមិនចង់ចុះព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែម រឿងព្រំដែនជាមួយប្រទេសវៀតណាម៖ «ខ្ញុំនិយាយជាមួយសម្តេចក្រុមព្រះហើយ ខ្ញុំថាព្រះអង្គ និយាយប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះតាមទូរស័ព្ទ ខ្ញុំថាព្រះអង្គ បើលើកនេះវាពិបាកស៊ីញ៉េ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណៈរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្តង? ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ លើមាត្រាណាមួយ។ ដែលកាលណាដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវឡាយព្រះហស្តលេខា។ បើមិនឡាយព្រះហស្តលេខា គឺនឹងចូលជាធរមាន»។
ទោះជាយ៉ាងនេះក្តី នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនៅថ្ងៃនេះ ក្រសួងព្រះបរមរាជវាំង បដិសេធដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវអ្វីដែលក្រសួងនេះហៅថា ជាការចោទប្រកាន់បំផ្លើស ប្រាសចាកការពិត។
ទោះបីជាក្រសួងព្រះបរមរាជវាំង អះអាងថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ជាព្រះរាជសារពិត និងគ្មានការគំរាមកំហែងយ៉ាងណាក្តី ក៏ក្រសួងនេះ មិនបានបញ្ជាក់អំពីមូលហេតុ នៃការត្រូវផ្អិបទុកព្រះរាជសាររហូតដល់ជិត ២០ថ្ងៃ ទើបបញ្ចេញជាសាធារណៈបែបនេះឡើយ។
នៅលើគេហទ័ព័រផ្លូវការរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏មិនឃើញមានចុះផ្សាយព្រះរាជសារនោះដែរ។ អាស៊ីសេរី មិនអាចសុំការបំភ្លឺពីព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រជុំវិញរឿងនេះបានទេ ដោយសារទូរស័ព្ទនៅលើគេហទំព័រនោះ មិនអាចទាក់ទងបាន។
ប៉ុន្តែ អតីតនាយព្រះរាជខុទ្ធកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ ខែមិថុនាថា ខ្លឹមសារក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ មិនអនុញ្ញាតឲ្យយកមកធ្វើជាប្រធានបទ ក្នុងការបកស្រាយណាមួយនោះឡើយ៖ «ព្រះរាជសាររបស់ព្រះករុណ ព្រះមហាក្សត្រខ្មែរ មិនអាចមានអ្នកណាអាចបកស្រាយ ឬយកមកធ្វើជាប្រធានបទទៅលើព្រះរាជសារទេ ពីព្រោះនេះជាគោលការណ៍មួយ»។
ទោះបីជាព្រះរាជសាររបស់ព្រះមហាក្សត្រ អំពាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា ចេញទៅបោះឆ្នោតយ៉ាងណាក្តី ក៏នេះគ្រាន់តែជាទម្លាប់របស់ស្ថាប័នព្រះមហាក្សត្រ ដែលតែងតែអំពាវនាវបែបនេះ នៅរៀងរាល់ការបោះឆ្នោតនីមួយៗ។ បើតាមការអះអាងរបស់អ្នកច្បាប់លើកឡើងថា ចំពោះថាតើពលរដ្ឋទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត គឺជាសិទ្ធិ មិនមែនជាកាតព្វកិច្ចនោះឡើយ ពោលគឺបើទៅ ឬក៏មិនទៅបោះឆ្នោត ក៏គ្មានទោសពៃរ៍អ្វីនោះដែរ។ ពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងការសម្រេចជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំ ដែលខ្លួនពេញចិត្ត ស្របទៅតាមឆន្ទៈរបស់ខ្លួន៕
មុនការបញ្ជាក់មួយថ្ងៃ អ្នកវិភាគ សង្ស័យអំពីភាពមិនប្រក្រតី នៃព្រះរាជសារព្រះមហាក្សត្រ៖
នៅថ្ងៃទី៧ ខែមិថុនា បណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគនយោបាយ និងជាអតីតទីប្រឹក្សាផ្ទាល់របស់លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា ដាក់ការសង្ស័យទៅលើការវិវត្តខុសប្រក្រតី នៃព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងស្ថានភាពតានតឹងផ្នែកនយោបាយ ដែលគ្មានដំណោះស្រាយសមស្របបែបនេះ។ បណ្ឌិតកត់សម្គាល់ថា កន្លងមកក្នុងការបោះឆ្នោតជាតិ ដែលមានលក្ខណៈសំខាន់ខ្លាំងបែបនេះ ព្រះមហាក្សត្រ ច្រើនតែចេញព្រះរាជសារ ដោយផ្ទាល់ព្រះឱស្ឋ (គឺផ្ទាល់មាត់) តាមវិទ្យុ ឬទូរទស្សន៍ មិនមែនចេញព្រះរាជសារជាលាយលក្ខណ៍អក្សរបែបនេះទេ។ ទោះជាចេញព្រះរាជសារ ជាលាយលក្ខណ៍អក្សរយ៉ាងណាក្តី ក៏បណ្ឌិត ឡៅ ម៉ុងហៃ រឹតតែមានមន្ទិល ចំពោះការណ៍ដែលត្រូវផ្អឹបទុកយូរ រហូតដល់ជិត ២០ថ្ងៃទើបបញ្ចេញជាសាធារណៈបែបនេះ៖ «រួចរឿងអ្វីបានជាទុកយូរម៉្លេះ ? ហើយនៅក្នុងចន្លោះហ្នឹង សម រង្ស៊ី ក៏បានសរសេរញត្តិទៅព្រះករុណា ចុះថ្ងៃទី២៣ ខែឧសភា។ ដូច្នេះ ធ្វើឲ្យមានការដូចជាសង្ស័យណាស់ថា ម៉េចបានជាអ៊ីចឹង ?» ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ហៅព្រះរាជសារចុងក្រោយរបស់ព្រះមហាក្សត្រថា បើមិនក្លែងក្លាយទាំងស្រុងទេ ក៏ក្លែងក្លាយត្រង់កាលបរិច្ឆេទដែរ។ លោកជឿថា ព្រះរាជសារត្រូវបានគេច្នៃកាលបរិច្ឆេទថយក្រោយ រហូតដល់ជិត ២០ថ្ងៃនេះ ព្រោះដើម្បីបិទបាំងភាពអាម៉ាស់ បើដាក់កាលបរិច្ឆេទពិតប្រាកដ ដែលក្រោយថ្ងៃចេញលិខិតរបស់លោក។
លោក សម រង្ស៊ី អះអាងថា លោកនៅតែជឿជាក់ថា លិខិតណាមួយពីព្រះមហាក្សត្រពេលនេះ គឺធ្វើឡើងក្រោមការគំរាមកំហែង ហើយលិខិតបែបនេះអត់មានតម្លៃអ្វីទេ តាមផ្លូវច្បាប់។ មិនតែប៉ុណ្ណោះ លោកបានរម្លឹកអំពីភាពផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលប្រើអំណាចគំរាមរម្លាយរបបរាជានិយមចោល ដោយសារតែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ដែលមិនចង់ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម រឿងព្រំដែនជាមួយប្រទេសវៀតណាម កាលពីឆ្នាំ២០០៥៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយ ខ្ញុំថាព្រះអង្គ និយាយប្រាប់ឯកឧត្ដម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះតាមទូរស័ព្ទ ខ្ញុំថាព្រះអង្គ បើលើកនេះវាពិបាកស៊ីញេ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្ដង ? ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ លើមាត្រាណាមួយ។ ដែលកាលណាដាក់ទៅ ក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវឡាយព្រះហស្តលេខា។ បើមិនឡាយព្រះហស្តលេខា គឺនឹងចូលជាធរមាន » ។
ទោះជាយ៉ាងនេះក្តី លោក ហ៊ុន សែន ពេលនេះអះអាងថា គឺលោក សម រង្ស៊ី ឯណោះទៅវិញទេ ជាអ្នកប្រមាថអង្គព្រះមហាក្សត្រ ដែលហ៊ានអំពាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត ផ្ទុយនឹងព្រះរាជសារ៖ «នេះជាទោសពានវាំងតែម្ដង ព្រោះទង្វើបែបនេះ ច្បាស់ណាស់ថា ថ្ងៃណាមួយគេនឹងបំផ្លាញរបបរាជានិយម អាស្រ័យធម្មនុញ្ញ និងផ្ដួលរំលំរាជបល្ល័ង្កតែម្ដង។ ព្រះមហាក្សត្រអំពាវនាវតាមព្រះរាជសារឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា។ បើសិនជាគេអំពាវនាវឲ្យប្រជាជន កុំទៅបោះឆ្នោត នេះគឺច្បាស់ណាស់ថា គេប្រឆាំងនឹងព្រះមហាក្សត្រតែម្តង មិនមែនប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន ទេ » ។
តាមពិត គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ តាំងពីថ្ងៃទី១៤ ខែឧសភាមកម្ល៉េះ ដោយអំពាវនាវឲ្យពលរដ្ឋធ្វើពហិការ មិនទៅចូលរួមបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានរម្លាយ និងមិនអាចចូលរួមក្នុងការបោះឆ្នោតនោះបាន។
មហន្តរាយនៃការកេងចំណេញនយោបាយលើស្ថាប័នព្រះមហាក្សត្រ៖
បណ្ឌិត ឡៅ ម៉ុង ហៃ ផ្ដល់ការសង្កេតមួយថា ស្ថាប័នព្រះមហាក្សត្រ កំពុងត្រូវរងការកេងយកមកធ្វើជាមធ្យោបាយបម្រើឲ្យមហិច្ឆតានយោបាយ ដើម្បីតែអំណាច។ ការណ៍នេះ អាចបង្កគ្រោះថ្នាក់ នាំឲ្យបាត់បង់ជំនឿទុកចិត្ត និងប្រជាប្រិយលើអង្គព្រះមហាក្សត្រទាំងមូល។ លោកបណ្ឌិតមើលឃើញថា ព្រះមហាក្សត្រ ជាតួអង្គសំខាន់មួយ ដើម្បីឯកភាពជាតិ និងប្រជាធិបតេយ្យ។ ការណ៍ដែលមានព្រះរាជសារអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត ស្របពេលដែលស្ថានការណ៍នយោបាយ គ្មានដំណោះស្រាយ និងរងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិយ៉ាងដូច្នេះ លោកបណ្ឌិត បារម្ភថា ព្រះកិត្តិយសរបស់ព្រះមហាក្សត្រ នឹងត្រូវអាប់ឱន ព្រោះអាចមានប្រជាពលរដ្ឋច្រើន មិនទៅចូលរួមបោះឆ្នោតតាមការអំពាវនាវរបស់ព្រះអង្គ ដោយសារតែគណបក្សប្រឆាំងដ៏ធំជាងគេ និងមានអ្នកគាំទ្រជាង ៣លាននាក់ ត្រូវបានគេផាត់ចេញពីការបោះឆ្នោតរួចទៅហើយបែបនេះ៖ «អាហ្នឹងពិបាកណាស់ មេដឹកនាំ ! អ៊ីចឹងហើយ បានជាឲ្យទុកព្រះករុណានេះ ឲ្យផុតពីអំណាចនយោបាយនោះណា៎ ! ការណ៍ដែលទាញព្រះមហាក្សត្រឲ្យចូលអ៊ីចឹងទៅ គឺពិបាក។ បើសិនជាលោកចូលរួមចំណែកធ្វើប្រជាធិបតេយ្យរីកចម្រើនបាន គឺស៊ីសងនឹងលោក » ។
ចំពោះថា តើការបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោត ដែលផ្ទុយទៅនឹងខ្លឹមសាររបស់ការអំពាវនាវរបស់ព្រះមហាក្សត្រ ត្រូវចាត់ទុកថា ជាការប្រមាថព្រះមហាក្សត្រឬយ៉ាងណានោះ បណ្ឌិតឡៅ ម៉ុងហៃ បញ្ជាក់ថា មានតែអង្គព្រះមហាក្សត្រប៉ុណ្ណោះ ដែលជាអ្នកប្ដឹងពលរដ្ឋរបស់ព្រះអង្គ ប្រសិនបើព្រះអង្គយល់ថា សារអំពាវនាវបែបនេះ ជាការប្រមាថមែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។