ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​គ្រោង​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​ដំបូង​រយៈពេល ៣​ថ្ងៃ

ដោយ ម៉ៅ សុធានី
2019.03.05
មូន ជេអ៊ីន ៦២២ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-In)។
Photo courtesy of Moon Jae-In's page

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-In) នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើកដំបូង រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី១៤ ដល់ ១៦ ខែ​មិនា ខាងមុខ តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​៤ ខែ​មិនា ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក មូន ជេអ៊ីន នឹង​ចូល​គាល់​ព្រះមហាក្សត្រ។ លោក​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ស្ដីពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​នានា ព្រមទាំង​ផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីពី​បញ្ហា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ។

ក្រោយ​កិច្ចពិភាក្សា​នេះ មេដឹកនាំ​ប្រទេស​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន ព្រមទាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម បង្ហាញ​ពី​លទ្ធផល​ជំនួប​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក មូន ជេអ៊ីន (Moon Jae-In) ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង និង​ប្រធាន​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ លោក ថៃហ្កឺ ម៉ិនសុកជូ (Tiger Min-sok Chu) គ្រោង​ជជែក​ពិភាក្សា​ស្ដីពី​ការ​ជំរុញ ឱ្យ​មានការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។

ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មិនា ឆ្នាំ​២០១៧ មក ការ​វិនិយោគ​របស់​កូរ៉េខាងត្បូង​នៅ​កម្ពុជា មាន​ចំនួន​ទឹកប្រាក់ ៤​ពាន់​លាន ៥​សែន​ដុល្លារ​អាមេរិក ក្នុង​នោះ​ទឹកប្រាក់ ៣ រយ​លាន​ដុល្លារ​អាមេរិក ផ្ដោត​លើ​វិស័យ​កសិកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។