ប្រធានបក្សប្រឆាំងថ្លែងអះអាងជាថ្មីថា នឹងវិលចូលស្រុកដើរចូលគុក ប្រសិនបើមានការដោះលែងមន្ត្រីបក្សប្រឆាំង និងអ្នកសិទ្ធិមនុស្សប្រមាណ ៣០នាក់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថាការលើកឡើងរបស់លោក សម រង្ស៊ី គ្រាន់តែជានយោបាយប្រជាភិថុតិដើម្បីបោកបញ្ឆោតពលរដ្ឋប៉ុណ្ណោះ។
ការអះអាងពីការវិលចូលស្រុកជាថ្មីរបស់លោក សម រង្ស៊ី មិនទទួលបានការស្វាគមន៍ពីមន្ត្រីរដ្ឋាភិបាលទេ។ ជាងនេះទៅទៀត គេថែមទាំងចំអកថា លោក សម រង្ស៊ី មិនសឿងដូចអនុប្រធានរបស់ខ្លួន គឺលោក កឹម សុខា ដែលមិនព្រមចាកចេញទៅណា ទោះមានការព្រមានគ្រប់រូបភាព។
ថ្លែងឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី២០ តុលា ប្រធានអង្គភាពប្រតិកម្មនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយថា លោក សម រង្ស៊ី នៅក្មេងខ្ចីណាស់មិនយល់ដឹងពីផ្លូវច្បាប់ យករឿងនយោបាយមកឡូកឡំផ្លូវច្បាប់។ ថ្លែងឌឺដងទៅប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅស្រុក លោក ផៃ ស៊ីផាន ថាភាពក្លាហានរបស់លោក សម រង្ស៊ី ប្រៀបមិនស្មើនឹងលោក កឹម សុខា ឡើយ ដែលមិនព្រមចាកចេញពីស្រុក ទោះប្រឈមនឹងការចាប់ខ្លួនក្តី៖ «គួរឲ្យអាម៉ាស់នូវសកម្មភាព និងសេចក្តីក្លាហានរបស់គាត់ (លោក សម រង្ស៊ី) និងភាពជាអ្នកដឹកនាំរបស់គាត់ បើប្រៀបធៀបទៅនឹងឯកឧត្តម កឹម សុខា»។
តាមរយៈការឆ្លើយឆ្លងតាមប្រព័ន្ធស្កែប (Skype) ជាមួយសកម្មជនរបស់ខ្លួនកាលពីយប់ថ្ងៃទី១៩ ខែតុលា លោក សម រង្ស៊ី និយាយថា លោកនឹងវិលចូលស្រុកក្នុងពេលខាងមុខដ៏ខ្លី ប៉ុន្តែលោកទាមទារឲ្យដោះលែងមន្ត្រី និងសកម្មជនបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងក្រុមអ្នកជួយពលរដ្ឋផ្សេងទៀត ដែលអ្នកទាំងនោះមានប្រមាណ ៣០នាក់។ ប៉ុន្តែលោកចោទសួរថា បើក្រុមអ្នកទាំងនោះមិនត្រូវបានដោះលែង បែរជាមានការចាប់ខ្លួនលោកថែមទៀត តើបានអ្នកណាជួយអ្នកណា?៖ «ខ្ញុំ សម រង្ស៊ី នឹងវិលត្រឡប់មកប្រទេសកម្ពុជា ភ្លាមៗហ្នឹង គ្រាន់តែមានពេលរៀបចំខ្លួនទិញសំបុត្រយន្តហោះធ្វើដំណើរទៅកម្ពុជា វិញ តែសុំតែមួយ យកខ្ញុំទៅធ្វើអីធ្វើទៅ ចង់ចាប់ដាក់គុកក៏បាន ចង់សម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែងអ្នកស្នេហាជាតិ ដោះលែងអ្នកទោសនយោបាយ»។
នេះមិនមែនជាលើកទីមួយទេដែលលោក សម រង្ស៊ី ប្រកាសចូលស្រុកមិនខ្លាចការចាប់ខ្លួនពីក្រុមសមត្ថកិច្ច។ កាលពីឆ្នាំ២០១៥ នៅពេលលោកទៅជួបអ្នកគាំទ្រនៅប្រទេសកូរ៉េ ភ្លាមៗតុលាការក្រុងភ្នំពេញ បានចេញដីកាបញ្ជាឲ្យចាប់ខ្លួនលោក ទាក់ទងបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ក្នុងរឿងក្តីក្ដាំជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ពេលនោះ លោក សម រង្ស៊ី ប្រាប់អ្នកគាំទ្រថា នឹងវិលទៅប្រទេសកម្ពុជា វិញ ទោះមានការចាប់ខ្លួន។ តែទីបំផុត លោកក៏ប្រែចិត្តមិនហ៊ានវិលចូលស្រុក ក្រោមហេតុផលថា មន្ត្រីគណបក្សរបស់លោកស្នើមិនឲ្យលោកវិលមកវិញ។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា អ្វីដែលលោក សម រង្ស៊ី លើកឡើង គឺជាវោហារសាស្ត្រនយោបាយ ហើយនេះគ្រាន់តែជាការចង់ឆ្លើយតបទៅលោក កឹម សុខា ដែលចង់បានលោក សម រង្ស៊ី ចូលស្រុក និងជាសារមួយទៀតដើម្បីបង្ហាញជំហររបស់ខ្លួនទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោក សូ ចន្ថា បន្ថែមថា ប្រធានគណបក្សប្រឆាំងគួរវិលចូលស្រុក ទោះគ្មានការដោះដូរដើម្បីឲ្យបង្ហាញភាពក្លាហានដល់ពលរដ្ឋខ្មែរ ដែលធ្វើឲ្យគណបក្សប្រឆាំងឈ្នះឆ្នោតនាពេលខាងមុខ៖ «ខ្ញុំគិតថា ជម្រើសរបស់លោក សម រង្ស៊ី គឺវិលចូលស្រុកវិញ ជាជាងគ្រាន់តែបង្ហាញវោហារសាស្ត្រនយោបាយ»។
ការអះអាងវិលចូលស្រុករបស់លោក សម រង្ស៊ី ម្តងជាពីរដងបែបនេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធសំណើសុំព្រះរាជទានលើកលែងទោសជំនួសព្រះមហាក្សត្រ ខណៈគណបក្សសង្គ្រោះជាតិ ទូលថ្វាយទៅព្រះមហាក្សត្រសុំឲ្យព្រះអង្គលើកលែងទោសដល់សកម្មជនសិទ្ធិមនុស្ស ដីធ្លី បរិស្ថាន នយោបាយ និងជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រោយពេលដែលអនុប្រធានរបស់លោក គឺលោក កឹម សុខា ផ្តល់បទសម្ភាសន៍ទៅសារព័ត៌មានអន្តរជាតិ ឆេនណល ញូវ អេស៊ា (Channel News Asia) ថា លោកចង់ឃើញលោក សម រង្ស៊ី វិលចូលស្រុករួមគ្នាដោះស្រាយបញ្ហា៕