លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន និង ប៉ុល ពត ថាចេញពីសម្បុកតែមួយ
2017.09.05
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ វាយប្រហារដោយពាក្យសម្ដីទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាំងៗថា លោក ហ៊ុន សែន និង ប៉ុល ពត ចេញពីសម្បុកតែមួយ គឺជាជនកុម្មុយនិស្តផ្ដាច់ការ ម្តងបម្រើចិន ម្តងបម្រើវៀតណាម ដើម្បីការពារអំណាចរបស់ខ្លួន។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច ច្រានចោលការចោទប្រកាន់នេះ ហើយវាយបកវិញថា លោក សម រង្ស៊ី និងលោក កឹម សុខា សុទ្ធតែជនក្បត់ជាតិ ព្រោះពឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ថ្លែងដោយប្រយ័ត្នមិនលើកឡើងពីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលសព្វថ្ងៃកំពុងមានឈ្មោះជាទណ្ឌិត បានប្រើសម្ដីវាយប្រហារលោក ហ៊ុន សែន ថារបបនយោបាយសព្វថ្ងៃគឺដូចទៅនឹងរបបខ្មែរក្រហម ដូចត្រង់ថាកម្ចាត់មនុស្សណាដែលគេចោទប្រកាន់ ឬសង្ស័យថាប្រឆាំងខ្លួន និងហាមឃាត់មិនឲ្យនិយាយស្តីពីបញ្ហាសង្គម និងរារាំងមិនឲ្យមានព័ត៌មានអ្វីយកមកផ្សព្វផ្សាយ។
លោក សម រង្ស៊ី ថ្លែងបែបនេះតាមរយៈហ្វេសប៊ុក (facebook) របស់ខ្លួនពីក្រៅប្រទេសនៅថ្ងៃទី៥ ខែកញ្ញា។ លោក សម រង្ស៊ី ចោទប្រកាន់លោក ហ៊ុន សែន វិញថាជាជនក្បត់ជាតិ៖ «មានតែអ្នកដឹកនាំប្រទេសសព្វថ្ងៃទេដែលធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជភាព ក្លាយជារណបបរទេស ព្រមទាំងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាអាណានិគមនិយមរបស់ប្រទេសជិតខាង»។
លោក សម រង្ស៊ី ចោទប្រកាន់លោក ហ៊ុន សែន ថាដើម្បីពង្រឹងអំណាច និងអំពើពុករលួយរបស់ខ្លួន សុខចិត្តបម្រើចិន និងវៀតណាម។ លោកថា ការពឹងបរទេសជិតខាងដើម្បីអំណាចរបស់ខ្លួន គឺធ្វើឲ្យខ្មែរបង់ខាតទឹកដី សេដ្ឋកិច្ច និងបាត់បង់ឯករាជភាពរបស់ខ្លួន៖ «ខ្ញុំបានបង្ហាញហើយថា ហ៊ុន សែន និង ប៉ុល ពត ចេញមកពីសម្បុកតែមួយ គឺជនកុម្មុយនិស្តផ្ដាច់ការម្តងបម្រើចិន ម្តងបម្រើវៀតណាម ដើម្បីពង្រឹងអំណាចផ្ដាច់ការ និងអំពើពុករលួយរបស់ខ្លួន»។
ក្រោយពីសមត្ថកិច្ចចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា យ៉ាងតក់ក្រហល់ ពីបទក្បត់ជាតិ លោក ហ៊ុន សែន ព្រមានរំលាយបក្សប្រឆាំង បើសមាជិកបក្សនេះចេញមុខគាំទ្រលោក កឹម សុខា។ ជាងនេះទៅទៀត លោកព្រមានប្រទេសដទៃកុំឲ្យឈឺឆ្អាលរឿងការចាប់ខ្លួនលោក កឹម សុខា។
ស្របពេលដែលលោក សម រង្ស៊ី ចោទប្រកាន់ថា លោក ហ៊ុន សែន បម្រើចិន ដើម្បីពង្រឹងអំណាចរបស់ខ្លួននៅពេលនេះ រដ្ឋាភិបាលចិន ប្រកាសគាំទ្រដល់រាជរដ្ឋាភិបាលលោក ហ៊ុន សែន ដែលចាប់ខ្លួនលោក កឹម សុខា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លោក សម រង្ស៊ី ជាមនុស្សដែលត្រូវទាត់ចេញពីសង្គមទៅហើយ ដូច្នេះលោកថ្លែងអ្វីក៏មិនសំខាន់ដែរ។ លោកថា លោក កឹម សុខា និងលោក សម រង្ស៊ី ទៅពឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺខុសពីលោក ហ៊ុន សែន មិនពឹងបរទេសណាដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះទេ៖ «សម្តេច ហ៊ុន សែន ខុសពី សម រង្ស៊ី ខុសពី កឹម សុខា ព្រោះគាត់អត់មានពាក់ព័ន្ធជាមួយអ្នកណាទៅដឹងពីណា ទៅទទួលបញ្ជាពីណាទេ»។
ទោះបីជាលោក សុខ ឥសាន ថាលោក សម រង្ស៊ី ត្រូវផាត់ចេញពីសង្វៀននយោបាយក្តី ប៉ុន្តែទាំងលោក សម រង្ស៊ី និងលោក ហ៊ុន សែន តែងប្រើសារវាយប្រហារគ្នាទៅវិញទៅមក គ្រាន់តែពេលខ្លះលោក ហ៊ុន សែន និយាយបញ្ចេញឈ្មោះលោក សម រង្ស៊ី។ លោក សម រង្ស៊ី ថារដ្ឋាភិបាលកម្ពុជា កំពុងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ៕