លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អង្គការ​​សហប្រជាជាតិ​ និង​​អន្តរជាតិ​​ទប់​ស្កាត់​​ផែនការ​​ឧក្រិដ្ឋ​​របស់​​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2019-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ចលនា​​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨។
លោក សម រង្ស៊ី ប្រធាន​ចលនា​​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨។
RFA

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ទប់ស្កាត់​ផែនការ​ឧក្រិដ្ឋកម្ម​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​កាត់ផ្ដាច់​សរសៃឈាម​គណបក្ស សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស។ អ្នកវិភាគ និង​សង្គម​ស៊ីវិល​យល់ថា ការប្រកាស​របស់​លោក ហ៊ុន សែន បែប​នេះ គឺជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ ហើយ​លោក ហ៊ុន សែន នឹង​មិន​រួចខ្លួន​ពី​ច្បាប់​ឡើយ បើ​ហ៊ាន​ប្រព្រឹត្ត​ដូច​សម្ដី​មែន​នោះ។ រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចោទ​ថា លោក សម រង្ស៊ី ទៅវិញ​ទេ​ដែល​ជា​មេ​ឧទ្ទាម ចង់​បះបោរ ប្រឆាំង​រដ្ឋាភិបាល ដូច្នេះ​ក្រុម​អ្នក​សិទ្ធិមនុស្ស មិន​ត្រូវ​ការពារ​លោក សម រង្ស៊ី ឡើយ។

លោក សម រង្ស៊ី បាន​សរសេរ​សារ​អំពាវនាវ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ទាំងមូល ត្រូវតែ​ចាត់វិធានការ ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ នៅ​ក្រោម​អំណាច​នៃ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។ ការ​អំពាវនាវ​នេះ បន្ទាប់ពី លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អ្នក​ក្រោម​ឱវាទ​"​កាត់ផ្ដាច់​សរសៃ​ឈាម​គណបក្ស​សង្គ្រោះ​ជាតិ​" នៅ​មូលដ្ឋាន ដែល លោក សម រង្ស៊ី ចាត់ទុកថា ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដូច​របប ប៉ុល ពត ដែល​អាច​មាន​អ្នករងគ្រោះ​រាប់​លាន​នាក់ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មាន​អ្នកគាំទ្រ​ប្រមាណ​ជា​ពាក់​កណ្តាល​ប្រទេស។

លោក សម រង្ស៊ី បន្ត​ថា សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ៊ុន សែន នោះ មានន័យ​ស្មើនឹង​បញ្ជា​ឱ្យ សម្លាប់ ខណៈ​ដែល​កន្លងមក​លោក ហ៊ុន សែន ធ្លាប់​បង្ហាញ​គំនិត​ជាច្រើនលើក​ពាក់ព័ន្ធ​នឹង​ការ ឃាត់ឃាំង និង​សម្លាប់​មនុស្ស ដើម្បី​លុបបំបាត់​អ្នក​រិះគន់​។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​រូប នេះ បន្ត​ថា តួនាទី​ជា​មូលដ្ឋាន​របស់​រដ្ឋាភិបាល គឺ​ធានា​សុវត្ថិភាព​ប្រជាពលរដ្ឋ មិនមែន​បង្ក​គ្រោះ ថ្នាក់​ដល់​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ សារ​សំឡេង​របស់​លោក ហ៊ុន សែន ដែល​ផ្ញើ​ជូន​អ្នកនាំពាក្យ​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋាភិបាល​របស់​លោក ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ។

នៅ​ក្នុង​សារ​សំឡេង​នោះ លោក ហ៊ុន សែន និយាយ​ថា លោក​យក​ឱកាស​ដែល​សហភាព​អឺរ៉ុប គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទៅ​រំលាយ​ចោល​គណបក្សប្រឆាំង​ឱ្យ​ខ្ទេចខ្ទី តាំង​ពីលើ​ដល់​ក្រោម​តែម្ដង​។ លោក​ថា លោក​នឹង​មិន​ដោះលែង​លោក កឹម សុខា និង​មិន​អត់​អោន​ឱ្យ​លោក សម រង្ស៊ី ដែល​លោក​ហៅ​អាៗ ពេញៗ​មាត់​នោះ​ទេ។ បន្ថែម​ពី​ទៀត លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​មន្ត្រី​របស់​លោក​ឱ្យ​សម្លឹង​មើល​ក្រុម​មនុស្ស​ផ្សេង ដែល​ចង់​បង្កើត​បក្ស​ថ្មី​ដែរ ខណៈ​លោក​បង្គាប់បញ្ជា​ឱ្យ កម្ទេច​បណ្ដាញ​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ដែល​ជួប​ប្រជុំគ្នា ក្រៅពី​កម្ចាត់​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រឆាំង៖ «គឺ​រឹត​ពួក​អា​បក្ស​ប្រឆាំង​នៅ​សេសសល់​ឱ្យ​វា​រលំរលាយ​កាន់តែ​ឆាប់ ព្រោះ​គ្មាន​អ្នកណា​មក​ប្រដៅ​យើង​បានទេ ព្រោះ​អ្នកឯង​ធ្វើ​ចំពោះ​ខ្ញុំ​ដូច្នេះ ហើយ​យើង​មិន​អាច​ក្រុម​នេះ​រស់​ទេ គឺ​យើង​ត្រូវ​រឹត​ពួក​អា​នៅ​ផ្ទៃក្នុង​ទាំងអស់ ខ្ញុំ​នឹង​ណែ​​​នាំ​ឱ្យ​អភិបាលខែត្រ អ្នកនាំពាក្យ យើង​មិន​អាច​លើកលែង​ឱ្យ​បាន​ទេ តែ​បើ​លើកលែង​បម្រាម​នយោបាយ តែ​ចំពោះ​អ្នកណា​ដែល​ចង់ទៅ​បង្កើត​បក្ស​នយោបាយ​តែប៉ុណ្ណោះ»

សង្គម​ស៊ីវិល និង​អ្នកវិភាគ ចាត់ទុកថា ការប្រើប្រាស់​វិធានការ​របស់​លោក ហ៊ុន សែន នេះ គឺជា​រឿង ខុសច្បាប់​ធ្ងន់ធ្ងរ និង​កាន់តែ​បង្ហាញ​ថា កម្ពុជា គឺជា​ប្រទេស​ផ្ដាច់ការ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​មាន​ក្តី​បារម្ភ​យ៉ាងខ្លាំង​អំពី​ការ​ផ្ទុះ​អំពើ​ហិង្សា នៅ​ពេល​លោក ហ៊ុន សែន លែង​យក​ច្បាប់​ក្នុង​ការ​ដឹកនាំ​ប្រទេស​បែប​នេះ និង​ចាត់​ទុក​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​ក្រុម​ខ្លួន គឺជា​សត្រូវ។លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​គាំទ្រ និង​ធ្វើ​សកម្មភាព​នយោបាយ​ទៅតាម និន្នាការ​នយោបាយ​រៀងៗ​ខ្លួន ដែល​ធានា​ដោយ​ច្បាប់​កំពូល​របស់​ជាតិ៖ «ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខី​លើ​កតិកាសញ្ញា និង​អនុសញ្ញា​ស្ដីពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​អី​ជាដើម​ដែល​យក​មក​អនុវត្ត​នៅ​កម្ពុជា​។ ក្នុង​នោះ​ដែរ យើង​ឃើញ​ថា គោលការណ៍​ច្បាប់​អន្តរជាតិ បើ​គេ​រក​ឃើញ​ថា មេដឹកនាំ​នៃ​ប្រទេស​ណាមួយ​ដែល​ប្រើ​វិធានការ​មួយ​ដែល​ហៅថា បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ដល់​កម្រិត​នេះ​គេ​អាច​ប្រើ​វិធានការ​ក្នុង​ការ​ចាត់វិធានការ​ទៅតាម​យន្តការ​អន្តរជាតិ​នេះឯង។ បើ​សិន​ដំណាក់​កាលនោះ បាន​ឈាន​ទៅ​ដល់​ការរើសអើង​លើ​ក្រុម​មនុស្ស​ដោយហេតុ​ផល​នយោបាយ ឬក៏​និន្នាការ​ប្រឆាំង ផ្សេងៗ យក​មក​ចាត់​វិធានការ​បែបនេះ វា​ជា​ការ​បង្ហាញ​មួយ​ថា ជា​បទល្មើស​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដូច្នេះ​ហើយ​អំពើ​ទាំងអស់​នេះ ពិភពលោក គេ​បាន​ថ្កោលទោស​ហើយ​គេ​មិន​ចង់​ឱ្យ កើតមាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ណាមួយ​ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ​នោះ​ទេ»

រីឯ​អ្នកវិភាគ​នយោបាយ​ចាស់​វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ថា ការប្រកាស រប​ស់​លោក ហ៊ុន សែន​នេះ គឺជា​ការ​បន្ត​វិធានការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​សង្គ្រោះជាតិ​កាន់តែ តឹងតែង​បន្ថែម​ទៀត បន្ទាប់ពី​វិធានការ​មុនៗ​មិន​មាន​ប្រសិទ្ធភាព និង​បរាជ័យ​ដូចជា មិន​អាច​បិទមាត់ និង​សកម្មភាព​របស់លោក សម រង្ស៊ី និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង ទោះបីជា​ខំ​គំរាម​ផង ឱ្យ​ដំណែង​ផង និង​រង្វាន់​ផង​ក្ដី។ លើស​ពី​នេះ លោក ហ៊ុន សែន អាច​កាន់តែ ក្តៅ​ក្រហាយ​ថែមទៀត ចំពោះ​បរាជ័យ​ចុងក្រោយ ដែល​មិន​អាច​អូសទាញ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨​រូប​ឱ្យ​សុំ​សិទ្ធិ​ធ្វើ នយោបាយ ឡើងវិញ​បាន​ច្រើន ហើយ​វា​ក៏​ជា​ចរិត​របស់​លោក ហ៊ុន សែន ផ្ទាល់​ដែល​ចង់តែ​ឈ្នះ​គ្រប់​រឿង។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ប្រសិនបើ​ហ៊ាន​ប្រព្រឹត្ត​ដូច​សម្ដី​នោះ គឺ​នឹង​មិន​អាច​គេច​ផុត​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ៖ «ច្បាប់​អន្តរជាតិ​យើង​មាន​ហើយ បើសិនជា​ឈាន​ដល់​ការ​បង្ហូរ​ឈាម​គឺ​គាត់ (​លោក ហ៊ុន សែន​) អត់​រួចខ្លួន​ទេ ក្នុង​ក្របខ័ណ្ឌ​តុលាការ ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC) ហើយ​នឹង​ក្នុង​ក្របខ័ណ្ឌ​កតិកាសញ្ញា និង​អនុសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស ហើយ​បើ​មានការ​រំលោភ​បែបនេះ ហើយ​និង​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​មាន​មាត្រា​មួយ​ចែងថា បើ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា គឺ​ប្រទេស​ជា​ហត្ថលេខី​និង​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នោះ ត្រូវ​លើក​បញ្ហា​នេះ ទៅ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ការរំលោភ​សិទ្ធិមនុស្ស​នេះ។ដូច្នេះ​មាន​យុត្តិការ​ច្បាប់​មាន ទាំង​ជាតិ និង​អន្តរជាតិ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅ​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ។

ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ឆ្លើយតប​យ៉ាង​ខ្លី​ថា លោក​មិន​ជឿថា ខាង អង្គការ​សិទ្ធិមនុស្ស មានគំនិត​ទុច្ចរិត គាំទ្រ​ក្រុម​ណាមួយ​ដែល​ចង់​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ងើបឡើង​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ៖ «ខ្ញុំ​មិន​ឆ្លើយឆ្លង​ជាមួយ សម រង្ស៊ី ដែល​ជា​មេ​ឧទ្ទាម​និង​ជា​មេ​បដិវត្ត​នោះ​ទេ ហើយ​ខ្ញុំ​មិន​យល់ថា សិទ្ធិមនុស្ស នឹង​ការពារ​អ្នកណា​ឬ​ក្រុម​ណា​ដែល​បំផុស​បំផុល​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការបោះឆ្នោត​នោះ​ទេ»

ទោះយ៉ាង​ណា សង្គម​ស៊ីវិល និង​អ្នកវិភាគ​ជឿ​ថា ផែនការ​កម្ទេច​អ្នក​ងើប​តវ៉ា ឬ​ក្រុម​បក្ស​ប្រឆាំង​វិញ អាច​នឹង​កាន់តែ​រុញច្រាន​ឱ្យ​របប​ឯក​បក្ស​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ ដែល​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស ដែល​ខុសច្បាប់​ជាតិ អន្តរជាតិ ហើយ​នឹង​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ថែមទៀត ដូចដែល​សហភាព​អឺរ៉ុប​កំពុង​តែ​បន្ត​នីតិវិធី​ដាក់ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​ស្រាប់។

សង្គម​ស៊ីវិល និង​អ្នកវិភាគ​យល់​ថា របប​ក្រុងភ្នំពេញ គួរតែ​បន្ទន់​ឥរិយាបថ​ដោះស្រាយ​បញ្ហា​នយោបាយ រវាង​ខ្មែរ និង​ខ្មែរ ដោយ​សន្តិវិធី និង​តម្កល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​ជាធំ គឺជា​ជម្រើស​ល្អ​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល