ចៅ​សង្កាត់​បក្ស​ប្រឆាំង​ថា​មាន​ការ​យល់​ច្រឡំ​ករណី​ដាក់​ហិប​មូលនិធិ​នៅ​សាលា​សង្កាត់

ដោយ ថា កិត្យា
2017-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ចៅ​សង្កាត់​ទួលសង្កែទី២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ការ​ព្រមាន​ចាត់​វិធានការ​ពី​សំណាក់​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នោះ ថា​មាន​ចរិត​នយោបាយ និង​មាន​បំណង​ធ្វើ​បាប​រូប​លោក។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​រង​ការ​ចោទ​ប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ប្រព្រឹត្ត​ខុស​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ ដោយ​យក​ហិប​មូលនិធិ​សប្បុរសជន​ដាក់​ក្នុង​សាលា​សង្កាត់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

បញ្ហា​ចម្រូងចម្រាស​រវាង​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើត​ឡើង​បន្ទាប់​ពី​លោក​ចៅ​សង្កាត់ បាន​យក​ហិប​មួយ​ដែល​មាន​សរសេរ​អក្សរ​បិទ​លើ​ហិប​នោះ​ថា មូលនិធិ​សប្បុរសជន (សម្រាប់​ចំណាយ​ផ្សេងៗ​ក្នុង​សង្កាត់) ដាក់​ក្នុង​សាលា​សង្កាត់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។

ចៅ​សង្កាត់​ទួលសង្កែទី២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ ជឿន រៀបរាប់​ថា ក្រោយ​ពេល​លោក​ទុក​ហិប​នោះ​សិន ដោយ​មិន​ទាន់​ទាំង​បាន​ប្រមូល​លុយ និង​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ផង ស្រាប់​តែ​ចៅ​សង្កាត់​រង​ទី​២ មក​ពី​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​របាយការណ៍​ជូន​អភិបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​ចាត់​វិធានការ​តែ​ម្តង«កេះ​នេះ​គ្រាន់​តែ​ដាក់​មក ក៏​មិន​ទាន់​មាន​លុយ​មាន​អី​ដែរ ដោយសារ​តែ​ថ្ងៃ​នេះ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ អាទិត្យ ហើយ​ក៏​យើង​មិន​ទាន់​បាន​គិត​គ្នា​ថា អ្នក​ណា​អ្នក​គ្រប់គ្រង ដាក់​ហ្នឹង​វា​ត្រូវ ឬ​ខុស? ខ្ញុំ​ក៏​មិន​ទាន់​បាន​ពិភាក្សា​គ្នា​ដែរ។ គ្រាន់​តែ​សរសេរ​ក្រដាស​បិទ​ចឹង​ទៅ ហើយ​ខ្ញុំ​ក៏​និយាយ​ថា មើល៍ តើ​សរសេរ​ចឹង​ឲ្យ​វា​ត្រូវ សរសេរ​យ៉ាង​ម៉េច​ឲ្យ​វា​សម»

ចៅ​សង្កាត់​រង​ទី​២ មក​ពី​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​ធ្វើ​របាយការណ៍​ជូន​អភិបាល​ខណ្ឌ​ឫស្សីកែវ ថា ចៅ​សង្កាត់​បក្ស​ប្រឆាំង និង​បក្សពួក បាន​ដាក់​ហិប​មូលនិធិ​សប្បុរសជន​នោះ​ដោយ​មិន​បាន​ពិភាក្សា និង​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រេច​ឡើយ។

ចៅ​សង្កាត់​រង​ទី​២ លោក អ៊ុក ខេមា មាន​ប្រសាសន៍​ខ្លី​ថា ករណី​នេះ​លោក​មិន​បាន​ដឹង​ថា តើ​ចៅ​សង្កាត់​នោះ​ខុស​ឆ្គង​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​តែ​រាយការណ៍​ជូន​អភិបាល​ខណ្ឌ​ឲ្យ​ជួយ​ដោះស្រាយ។

យោង​តាម​អង្គភាព​សារព័ត៌មាន ហ្វ្រេស​ញូវ (FreshNews) បាន​ចុះ​ផ្សាយ​ថា ក្រោយ​ជូន​របាយការណ៍ និង​សុំ​ចាត់​វិធានការ​បន្ទាន់​នោះ អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ធ្ងន់ៗ និង​ព្រមាន​ខ្លាំងៗ​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ភាព​មិន​ប្រក្រតី​របស់​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ហិប​មូលនិធិ​ដើម្បី​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នា​ពេល​នេះ។

លោក​អភិបាល​ខណ្ឌ​ចាត់​ទុក​ថា ការ​ធ្វើ​បែប​នេះ​របស់​ចៅ​សង្កាត់​ថ្មី​សង្កាត់​ទួលសង្កែ រំលោភ​លើ​ច្បាប់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់។

ទោះ​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន​ទេ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ក៏​បាន​រិះគន់​ខ្លាំងៗ​លើ​ចៅ​សង្កាត់​រូប​នោះ​តាម​អង្គភាព​សារព័ត៌មាន​ហ្វ្រេស​ញូវ​ដែរ​ថា បញ្ហា​នេះ គឺ​ជា​ទម្រង់​ពុក​រលួយ​យ៉ាង​ច្បាស់​ក្រឡែត ដែល​ចៅ​សង្កាត់​ថ្មី​មក​ពី​គណបក្ស​ប្រឆាំង​បាន​អនុវត្ត​រំលោភ​ច្បាប់ និង​ជំនឿ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ អាស៊ីសេរី ក៏​មិន​អាច​សាកសួរ​លោក សុខ ឥសាន បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន។

ជា​ការ​ឆ្លើយតប ចៅ​សង្កាត់​ទួលសង្កែទី២ លោក សំ ជឿន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់ និង​ការ​ព្រមាន​ចាត់​វិធានការ​នេះ គឺ​មាន​លក្ខណៈ​នយោបាយ និង​ចង់​ធ្វើ​បាប​រូប​លោក«រឿង​នេះ​គេ​ចង់​ធ្វើ​បាប​ខ្ញុំ​ទេ ព្រោះ​កិច្ចការ​នេះ​វា​មិន​មែន​ការពិត​ទេ ព្រោះ​វា​គ្មាន​អី​ត្រូវ​ធ្ងន់​ស្រាល​ឯណា ដោយ​គ្រាន់​តែ​ដាក់​កេះ​នៅ​ក្នុង​សាលា​សង្កាត់ ហើយ​មិន​ទាន់​ប្រមូល​លុយ​ផង ហើយ​ទៅ​ថា​ខ្ញុំ​ពុក​រលួយ​អ៊ីចឹង។ វា​អត់​ត្រូវ​ទេ មួលបង្កាច់​ខ្ញុំ​ទាំងស្រុង ដែល​ជា​រូបភាព​នយោបាយ​ពិតប្រាកដ​ហើយ។ បើ​យើង​មើល​ទៅ មិន​មែន​ជួយ​គ្នា មិន​មែន​សហការ​គ្នា​ទេ ធ្វើ​ការ​អ៊ីចឹង​នោះ»

នេះ​គឺ​ជា​ករណី​ថ្មី​មួយ​ទៀត​ដែល​ចៅ​សង្កាត់​បក្ស​ប្រឆាំង ត្រូវ​រង​ការ​ចោទ​ប្រកាន់ និង​រង​ការ​ព្រមាន​ចាត់​វិធានការ​ធ្ងន់ៗ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ខណៈ​ដែល​មេ​ឃុំ-ចៅ​សង្កាត់​បក្ស​កាន់​អំណាច​អាច​ធ្វើ​ការ​នៅ​សុខ​ជា។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ដាក់​ហិប​មូលនិធិ​សប្បុរសជន​នោះ គឺ​មិន​ខុស​ច្បាប់​នោះ​ទេ ឲ្យ​តែ​មាន​កម្មវត្ថុ​ច្បាស់លាស់ និង​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត។ លោក​បន្ត​ថា ឃុំ-សង្កាត់​មាន​សិទ្ធិ​ស្វែងរក​ថវិកា​អភិវឌ្ឍ​មូលដ្ឋាន ដែល​គេ​ហៅ​ថា ទុន​បដិភាគ ហើយ​សាលា​ខណ្ឌ​គ្មាន​សិទ្ធិ​ណា​មួយ​រារាំង​ទេ«បើ​ជា​ការ​លូក​ដៃ​របស់​ខណ្ឌ វា​អាច​មាន​រូបភាព​ពីរ គឺ​ទី​១ រឿង​នយោបាយ។ ទី​២ ខណ្ឌ​ខ្លួន​ឯង​វា​អាច​រំលោភ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​ដែរ ហើយ​វា​ផ្ទុយ​នឹង​បញ្ញត្តិ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ឃុំ-សង្កាត់​ហ្នឹង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បង្កើត​មូលនិធិ​របស់​ខ្លួន កៀរគរ​ធនធាន​ពី​មូលដ្ឋាន ហើយ​ដើម្បី​យក​ទៅ​រួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៅ​សង្កាត់​ហ្នឹង»

ទន្ទឹម​គ្នា​នេះ លោក សន ជ័យ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​សំខាន់ៗ​ដើម្បី​ធានា​តម្លាភាព ជៀសវាង​ការ​ចោទ​ប្រកាន់​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល