អង្គការ​សមាជិក​សភា​អាស៊ាន​ (APHR) និង​សហភាព​អន្តរ​សភា (IPU) ទាមទារ​ឱ្យ​របប​ភ្នំពេញ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2019-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។
លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។
Screenshot

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា (APHR) ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការកំណត់​មុខសញ្ញា និង​ការវាយប្រហារ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។ អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏បាន​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​បន្ទាន់ ចំពោះ​ករណី​ស្លាប់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ។ របប​ក្រុងភ្នំពេញ​ថា នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​របស់​មនុស្ស​មួយ​ក្រុម​ដែល​ស្ថិត​ក្រៅ​ក្របខ័ណ្ឌ​អាស៊ាន​ប៉ុណ្ណោះ ហើយ​វា​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ឡើយ​លើ​របប​នេះ​ឡើយ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែង​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នៅតែ​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​កំណត់​គោលដៅ​វាយប្រហារ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ យុទ្ធសាស្ត្រ​ទាំងនោះ មាន​ជាអាទិ៍ ការ​ចាប់​ឃុំខ្លួន​តាម​ទំនើងចិត្ត និង​ការចោទប្រកាន់​បែប​ប្រឌិត​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ជាដើម។

សមាជិកសភា​ម៉ាឡេស៊ី​រូប​នេះ អះអាង​ថា ការ​វាយប្រហារ​ឥត​ស្រាកស្រាន្ត​លើ​គណបក្ស​ប្រឆាំង បង្ហាញ​ថា របប​លោក ហ៊ុន សែន គ្មាន​ចំណាប់អារម្មណ៍​ទៅលើ​រឿង​កិច្ច​សន្ទនា​ស្ងប់​ល្អ​នោះ​ឡើយ ក៏ប៉ុន្តែ​ របប​នេះ​ខ្វាយខ្វល់​តែ​ទៅលើ​រឿង​ពង្រឹង​ការ គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ។ លោក​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងឡាយ​លើ​គណបក្សប្រឆាំង ដែល​កំពុង​រីក​រាលដាល​ពេញ​ប្រទេស​កម្ពុជា។

លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) លើកឡើង​បែបនេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាជិក​សភា​​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស (APHR) នៅ​ថ្ងៃ​ទី​១០ ឧសភា​។ សេចក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​មួយ​រយៈពេល​ចុង​ក្រោយ​​​នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាត់ការ​ដោយ​ឥត​បង្អង់​ដៃ​ទៅលើ​ថ្នាក់ដឹកនាំ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ថ្នាក់ក្រោម​ជាតិ បើ​ទោះ​បី​ជា​របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល តាំងពី​ចុង​ឆ្នាំ​២០១៧ រួច​មក​ហើយ​ក្ដី។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស កត់សម្គាល់​ថា ចាប់​តាំង​ពី​ពេល​ដែល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​អំពី​គម្រោង​វិល​ចូល​ស្រុក​វិញ​នោះ របប​ក្រុងភ្នំពេញ​បាន​បង្កើន​ការ​វាយ​បង្ក្រាប​ខាង​នយោបាយ​កាន់តែ​ខ្លាំង។ ចំណាត់​ការ​ទាំងនោះ មាន​ដូចជា ការ​យាយី ការ​ចាប់ខ្លួន​ដោយ​មិន​ស្របច្បាប់ ការវាយប្រហារ​លើ​រូបរាងកាយ ហើយ​ថែមទាំង​មាន​ករណី​ធ្វើ​ទារុណកម្ម និង​ឃាតកម្ម​ទៀត​ផង ដែល​រឿងរ៉ាវ​ទាំងនេះ​បាន​កើត​ឡើង ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ជា​សាធារណៈ​អំពី​បំណង “​វាយកម្ទេច​” គណបក្ស​ប្រឆាំង។

ហេតុការណ៍​ទាំងនោះ​រួមមាន ករណី​លោក ទិត រ៉ន កូន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម ដែល​ត្រូវ​បាន​សង្ស័យ​ថា ស្លាប់​ដោយសារ​អំពើ​ទារុណកម្ម ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម។ អាជ្ញាធរ​បាន​អះអាង​ថា បុរស​ម្នាក់​នេះ​បាន​ដួល​ស្លាប់​ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ ដោយសារ​ការ​ញៀន​ស្រា ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​បញ្ជាក់​ថា សាកសព​របស់​លោក ទិត រ៉ន មាន​សា្នម​ជាំ​ពេញ​ខ្លួន និង​ស្នាម​វាយ​បាក់​កញ្ចឹងក ដែល​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​មុន​ពេល​ស្លាប់​។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មិន​លម្អៀង ជាបន្ទាន់ ជុំវិញ​មរណភាព​របស់​លោក ទិត រ៉ន នេះ ព្រោះ​ករណី​នេះ​កើតឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​អំពើ​វាយ​ប្រហារ​​បែប​នយោបាយ និង​ការ​តាម​យាយី​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

ក្រៅពី​ករណី​លោក ទិត រ៉ន ថ្នាក់ដឹកនាំ​ចលនា​ស្ត្រី​របស់​បក្ស​ប្រឆាំង​ពីរ​នាក់​នៅ​រាជធានី​ភ្នំពេញ ក៏បាន​រង​នូវ​ការ​គំរាមកំហែង និង​ការ​លប​វាយប្រហារ​ពី​ក្រុម​ជន​មិន​ស្គាល់​មុខ​ផង​ដែរ។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស កត់សម្គាល់​ទៀត​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ក៏បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​តាម​យាយី​ក្រុម​អ្នកប្រឆាំង​ផង​ដែរ​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកាចាប់ខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ៨រូប ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ខណៈ​ពួកគេ​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​របប​ក្រុងភ្នំពេញ។ ចំណែក​តុលាការ​ខេត្ត​បាត់ដំបង​វិញ បាន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​​ចំនួន​ ២៦នាក់ ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់ ដោយ​សង្ស័យ​ថា ពួកគេ​បាន​បំពាន​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ស្រប​ពេល​ដែល​អ្នកគាំទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​លោក គង់ ម៉ាស កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក្រោយ​ពេល​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) រឿង​អឺរ៉ុប​សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា។

លោក ឆាល សាន់ទីយ៉ាហ្គោ ថ្លែង​ថា សំណុំរឿង​ព្រហ្មទណ្ឌ​ក្លែងក្លាយ​ទាំងអស់​នេះ បូករួម​ទាំង​សំដី​ច្រឡោងខាម​របស់​លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​កងទ័ព​ផង​នោះ គឺ​បង្កប់​នូវ​ចេតនា​បង្ក​ការភ័យខ្លាច​កាន់តែ​ខ្លាំង។ អ្នកច្បាប់​អន្តរជាតិ​រូប​នេះ ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​អ្នក​រិះគន់​ខ្លួន ហើយ​ជំនួស​មកវិញ ដោយ​ការ​នាំ​ខ្លួន​ជន​ទាំងឡាយ​ណា​ដែល​វាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង ឱ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន អះអាង​ថា សេចក្ដី​ថ្លែងការណ៍​នេះ មិន​មាន​ឥទ្ធិពល​អ្វី​លើ​កម្ពុជា​ឡើយ ព្រោះ​មិន​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។ លោក​ជំរុញ​ឱ្យ​សមាជិកសភា​អាស៊ាន​គិតគូរ​ពី​បញ្ហា​ស្រុកទេស​របស់​ខ្លួន​វិញ ប្រសើរ​ជាង​ចំណាយ​ពេល​ជ្រៀត​ជ្រែក​ចូល​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា៖ «គាត់​គួរតែ​ស្វែងរក​ថាមពល​ក្នុង​កិច្ច​ដោះស្រាយ​ប្រទេស​គាត់​ទៅ សម​ជាង ពីព្រោះ​ប្រទេស​គាត់​កំពុង​ជួប​ការវាយប្រហារ​អំពី​ការរំលោភ​សិទ្ធិ​ច្រើន​ណាស់ ដែល​គួរ​គាត់​ចំណាយ​ពេល។ មិន​គួរ​គាត់​យក​ពេល មក​ធ្វើជា​ឧបករណ៍​នយោបាយ​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ»

ទោះជា​យ៉ាងណា ការ​លើកឡើង​របស់​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​នេះ ហាក់​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ឡើយ ព្រោះ​មិនមែន​មានតែ​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​មួយ​ទេ ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​បែប​នេះ។ កន្លងមក ទាំង​អង្គការ​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ​ជាច្រើន បូករួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ដឹក​មុខ​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ហើយក៏​រួមមាន​អង្គការសហប្រជាជាតិ​ផង​ដែរ សុទ្ធសឹងតែ​បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ក៏ប៉ុន្តែ ចាប់​តាំង​ពី​បង្កើត​របប​ឯក​បក្ស​បាន​ដោយ​ជោគជ័យ​រួចមក របប​លោក ហ៊ុន សែន មិនបាន​ប្រឹងប្រែង​ស្ដារ​ស្ថានការណ៍​ទាំង​នេះ​ឡើយ ផ្ទុយទៅវិញ​មានតែ​បង្កើន​ការវាយប្រហារ​ដោយ​ឥត​ឈប់ឈរ​លើ​ក្រុម​អ្នកប្រឆាំង និង​សំឡេង​ឯករាជ្យ​ថែមទៀត។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញ​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​នេះ ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ពិតប្រាកដ​នៅ​កម្ពុជា ហើយក៏​ស្រប​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ផង​ដែរ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំងឡាយ​ជុំវិញ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ស្ដារ​មុខមាត់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​៖ «បើ​ប្រទេស​កម្ពុជា​យើង​នៅតែ​ទាត់ចោល និង​បដិសេធ​ដោយ​មិន​មាន​សម្អាត​ហេតុផល​គ្រប់គ្រាន់​ទៅលើ​របាយការណ៍​ដែល​គេ​បាន​ចេញ​ទាំងអស់​ហ្នឹង អាហ្នឹង​គឺ​ធ្វើ​ឱ្យ​កម្ពុជា​យើង​អត់​បាន​រីក​លូតលាស់​ទៅមុខ​ខាង​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​​ហ្នឹង​ទេ»

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ធ្វើ​ឱ្យ​មួយថ្ងៃ​ក្រោយ​ដែល អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង លោក កឹម សុខា និង​ទម្លាក់​ចោល​ការចោទប្រកាន់​ប្រឆាំង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់។ អ្នកស្រី រ៉ូណា ស្មីត ក៏​បារម្ភ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​បែបនេះ​។ អ្នកស្រី​អះអាង​ថា អ្នកស្រី​បាន​ដឹង​ហើយ អំពី​ចំណាត់​ការ​របស់​អាជ្ញាធរ​ទៅលើ​សមាជិក និង​មន្ត្រី​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាប់សិប​នាក់​នៅ​ថ្នាក់ក្រោម​ជាតិ រួមទាំង​ករណី​កោះហៅ​មន្ត្រី​បក្ស​នេះ​ជាង ២០​នាក់ នៅ​ខេត្ត​បាត់ដំបង​ផង​ដែរ។ អ្នកស្រី​សង្កត់ធ្ងន់​ថា ចំណាត់​ការ​បែបនេះ មិន​អាច​នាំ​ទៅ​រក​ការ​ពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន បាន​អះអាង​នោះ​ឡើយ។

ទន្ទឹម​គ្នា​នេះ​ដែរ សហភាព​អន្តរ​សភា (IPU) នៅ​តែ​ព្រួយ​បារម្ភ ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​នៅ​តែ​បន្ត​កើត​មាន​លើ​សមាជិកសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​ប្រធាន​ស្ដីទី​របស់​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី ដែល​នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស។

ស្ថាប័ន​សហភាព​អន្តរ​សភា (IPU) នេះ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​នោះ និង​ស្នើ​ឲ្យ​អនុញ្ញាត​ឲ្យ​មន្ត្រី​សហភាព​អន្តរ​សភា អាច​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ។

សារ​របស់​សហភាព​អន្តរ​សភា​នេះ ធ្វើ​ឡើង​តាម​បណ្ដាញ​សង្គម Twitter របស់​ស្ថាប័ន​នេះ កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា គឺ​​នៅ​ចំ​ថ្ងៃ​បញ្ចប់ នៃ​បេសកកម្ម​ត្រួត​ពិនិត្យ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​អ្នកស្រី រ៉ូណា ស្ម៊ីត ដែល​រក​ឃើញ​ស្ថានភាព​​សិទ្ធិមនុស្ស នៅ​តែ​អាក្រក់​នៅ​កម្ពុជា។ ចៅក្រម​ស៊ើបសួរ នៃ​របប​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​លោក កឹម សុខា ជួប​ជាមួយ​មនុស្ស​ផង​ទាំង​ពួង លើកលែង​តែ​សមាជិក​គ្រួសារ និង​មេធាវី​គាត់​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល