លោក ស ខេង ថា ការ​ប្រើ​ពាក្យ​របប​ក្រុង​ភ្នំពេញ ឬ​របប​ហ៊ុន សែន បង្ហាញ​ពី​ការ​មិន​គោរព​ឆន្ទៈ​ពលរដ្ឋ

ដោយ ហេង រស្មី
2019.01.17
ស ខេង ២០១៦ ៦២២ នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ចាត់​ទុក​ការ​ហៅ​របប​ដឹកនាំ​បច្ចុប្បន្ន​ថា ជា​របប​ក្រុងភ្នំពេញ​នោះ គឺជា​ការ​មិន​គោរព​ឆន្ទៈ​ពលរដ្ឋ។ ក៏ប៉ុន្តែ​មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​សិក្សា​ខាង​វិទ្យាសាស្ត្រ​នយោបាយ​យល់ថា ការ​ប្រើ​ពាក្យ​របប​ក្រុងភ្នំពេញ​នេះ គឺជា​សិទ្ធិ​សេរីភាព​របស់​អ្នក​និយាយ​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​លំដាប់​ទីពីរ​នៃ​របប​ក្រុងភ្នំពេញ លោក ស ខេង ថ្លែង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញ​ពី​ការបោះឆ្នោត ដូច្នេះ​ការ​ហៅ​រដ្ឋាភិបាល​នេះ ថា​ជា​របប​ក្រុងភ្នំពេញ ឬ​របប ហ៊ុន សែន នោះ គឺជា​ការ​លាប​ពណ៌។ លោក​បន្ត​ថា ការ​ហៅ​របៀប​នេះ ហាក់​ដូចជា​ចង់​មាន​ន័យថា រដ្ឋាភិបាល​បច្ចុប្បន្ន​ខុសច្បាប់ ឬ​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់៖ «ប្រសិនបើ​ប្រជាជន​មិន​ឱ្យ​តម្លៃ ប្រហែលជា​គាត់​មិន​ទៅ​បោះឆ្នោត​ទេ អ៊ីចឹង​ការ​ប្រើ​ពាក្យ​នេះ វា​ធ្ងន់​ដែរ ពាក្យ​ថា របប​នេះ។ យើង​ថា យើង​ជា​អ្នក​ប្រជាធិបតេយ្យ ជា​អ្នក​សេរីនិយម ក៏ប៉ុន្តែ​ដល់ពេល​យើង​ប្រើ​ពាក្យ​នេះ​មក មានន័យថា​យើង​ហាក់​ដូចជា​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ អ៊ីចឹង​វា​ផ្ទុយ​ពី​ការដែល​យើង​កំណត់​នោះ»

និន្នាការ​នៃ​ការ​ប្រើ​ពាក្យ “​របប​ក្រុងភ្នំពេញ​” ឬ “​របប ហ៊ុន សែន​” នេះ បាន​កើត​មាននៅ​ក្រោយពេល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​យក​អាសនៈ​សភា និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​នេះ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ យក​ទៅ​ចែក​បក្សពួក​ខ្លួន ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ១១៨​រូប ទាំង​បំពាន​រដ្ឋធម្មនុញ្ញ ការ​រឹតត្បិត​កាន់តែ​ខ្លាំង​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​។ បន្ថែម​ពីលើ​នេះ ក្រុម​មេដឹកនាំ​បក្ស​កាន់អំណាច​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​មួយ​កាលពី​ចុងខែ​កក្កដា ឆ្នាំ ២០១៨ កន្លងទៅ ដោយ​បាន​ក្រសោប​យក​អាសនៈ​សភា​ទាំងស្រុង​មកកាន់​កាប់​ផ្ដាច់មុខ​តែ​ម្នាក់ឯង ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ទៅ​របប​ដឹកនាំ​បែប​ឯក​បក្ស​ថ្មី​មួយទៀត​នៅ​លើ​ពិភពលោក។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត យល់ថា ការ​ប្រើ​ពាក្យ​របប​ក្រុងភ្នំពេញ ឬ​របប ហ៊ុន សែន មិន​មាន​អ្វី​ខុស​ទាស់​នោះ​ទេ ព្រោះ​មិន​មាន​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ណាមួយ​ក្នុង​ការ​កម្រិត​កា​រប្រើ​ពាក្យពេចន៍​របស់​ពលរដ្ឋ​ដែល​ចង់​និយាយ​សម្តៅ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ។ លោក​ថ្លែង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន មិនបាន​កើត​ចេញ​ពី​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ ដូច្នេះ​លោក​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ស្តារ​ស្ថានការណ៍​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ជំនួស​ឱ្យ​ការ​ប្រឹង​អួតខ្លួន​ឯង​ថា​ជា​អ្នក​ប្រជាធិបតេយ្យ​នោះ៖ «អ្វីៗ​ទាំងអស់​វា​កើតឡើង​ចេញពី​ការបោះឆ្នោត​មួយ​ដែល​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ឬក៏​សេរី​ត្រឹមត្រូវ និង​ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ មានន័យថា​របប​ដឹកនាំ​ស​សព្វថ្ងៃ​នេះ មិនទាន់​ឆ្លើយតប ឬក៏​មិន​អាច​ធ្វើការ​វាយតម្លៃ​ឱ្យ​ត្រូវ​ទៅ​នឹង​ស្តង់ដារ​លទ្ធិប្រជាធិបតេយ្យ​ដូចជា​បទដ្ឋាន​ពិភពលោក​បានទេ»

ចំណែក​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក យ៉ុង ហេង យល់ថា ការ​ប្រើ​ពាក្យ​របប​នេះ មិន​អាក្រក់​នោះ​ទេ ដោយសារ​របប​ប្រែ​មក​ថា ជា​របៀប​រៀបរយ។ លោក​ថា​អ្នក​ដែល​ប្រើ​ពាក្យ "​របប​ក្រុងភ្នំពេញ​" នៅ​ឱ្យ​តម្លៃ​ដល់​ការដឹកនាំ​របស់​ក្រុម​កាន់អំណាច​នៅឡើយ ដរាបណា​ពួកគេ​មិនទាន់​ប្រើ​ពាក្យ​ថា “​របប​ផ្ដាច់ការ​” នោះ។ លោក​យល់ថា ប្រតិកម្ម​រឿង​ការ​ប្រើ​ពាក្យ “​របប​ក្រុងភ្នំពេញ​” ឬ “​របប ហ៊ុន សែន​” នេះ ទំនងជា​ដោយសារ​ក្រុម​អ្នកនយោបាយ​បក្ស​កាន់អំណាច​បច្ចុប្បន្ន មានការ​រអៀសខ្លួន​ដោយសារតែ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «អ្នកនយោបាយ​ចាស់ទុំ ឬក៏​បុគ្គល​ដែល​មាន​ភាព​ចាស់ទុំ មាន​ភាពជា​អ្នកដឹកនាំ អត់​គួរ​មានការ​ចង្អៀតចង្អល់​រឿង​ប្រើប្រាស់​ពាក្យ​ហ្នឹង​នោះ​ទេ​។ ប៉ុន្តែ​លោក ស ខេង ក៏បាន​បញ្ជាក់​ដែរ​ថា លោក​ពុំ​មាន​ការ​បង្ខិតបង្ខំ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​ហ្នឹង​ដែរ។ សរុប​មកវិញ ពាក្យ​ថា​របប​ក្រុងភ្នំពេញ​ក្ដី របប​លោក ហ៊ុន សែន ក្ដី យើង​មើល​ឃើញ​ថា ពាក្យ​ថា​របប​ហ្នឹង គឺ​ជា​ពាក្យ​វិជ្ជមាន​ទេ ប៉ុន្តែ​បើ​ថា​របប​ផ្ដាច់ការ អា ហ្នឹង​គឺ​ចូល​ពាក្យ​អវិជ្ជមាន​តែម្ដង»

ថ្វីដ្បិត​តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ប្រើ​ពាក្យ​របប​ក្រុងភ្នំពេញ​មែន លោក​ក៏​មិនបាន​ទាមទារ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ពាក្យពេចន៍​នេះ​ឡើយ ដោយ​លោក​បញ្ជាក់​ថា ការ​លើកឡើង​នេះ គ្រាន់តែ​ការយល់ឃើញ និង​ជា​សិទ្ធិ​សេរីភាព​របស់​លោក​ប៉ុណ្ណោះ​។ ដោយឡែក​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន វិញ បែរជា​បាន​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​នេះ ដោយ​លោក​ចាត់ទុកថា នេះ​ជា​ការ​ប្រមាថ​របប​ដឹកនាំ​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។