ក្រសួងការ​បរទេស​ខ្មែរ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2018-10-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នយករដ្ឋមន្ត្រី​ជប៉ុន ខាង​ស្ដាំ ចាប់ដៃ​​​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មុន​ជំនួប​​នៅ​ការិយាល័យ​លោក អាបេ នៅ​ទីក្រុង​តូក្យូ ​ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​២០១៨ ពេល​លោក ហ៊ុន សែន ​ចូលរួម​ប្រជុំ​កំពូល​​មេគង្គ-ជប៉ុន​ លើកទី​១០។
លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នយករដ្ឋមន្ត្រី​ជប៉ុន ខាង​ស្ដាំ ចាប់ដៃ​​​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មុន​ជំនួប​​នៅ​ការិយាល័យ​លោក អាបេ នៅ​ទីក្រុង​តូក្យូ ​ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​២០១៨ ពេល​លោក ហ៊ុន សែន ​ចូលរួម​ប្រជុំ​កំពូល​​មេគង្គ-ជប៉ុន​ លើកទី​១០។
Photo: AFP

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេល​សម​ស្រប​ណា​មួយ នា​ពេល​ខាងមុខ​ តប​តាម​ការ​អញ្ជើញ​របស់​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី១០ តុលា ក៏​បញ្ហាញ​ពី​លទ្ធផល​វិជ្ជមាន​របស់​លោក​ ហ៊ុន សែន ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី​១០ ដោយ​បញ្ជាក់​ថា កម្ពុជា និង ជប៉ុន សម្ដែង​ការ​ពេញ​ចិត្ត​នូវ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ បាន​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ ទៅ​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣។

ទោះ​បីជា​យ៉ាង​ណា​ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ ក្រសួង​ការបរទេស​កម្ពុ​ជា មិន​បាន​រៀបរាប់​ពី​ខាង​ភាគី​ជប៉ុន ដែល​ស្នើសុំ​ឲ្យ​កម្ពុជា​បន្ត​លើក​កម្ពស់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ កាល​ពី​ថ្ងៃ​ទី៩ តុលា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) ថ្លែង​ថា ជប៉ុន ចង់​ឃើញ​កម្ពុជា​ធ្វើការ​អភិវឌ្ឍ​ប្រទេស​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​រួបរួម​គ្នា​រវាង​ប្រជាជន​ខ្មែរ​ទាំង​អស់​ ហើយ​បន្ត​លើក​កម្ពស់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រៅ​ពី​នេះ លោក អា បេ ថា ជប៉ុន​ចង់​ជួយ​កម្ពុជា​ឲ្យ​មាន​តម្លាភាព និង​ភាព​ត្រឹម​ត្រូវ​នៃ​ស្ថាប័ន​យុត្តិធម៌​ ដោយ​អញ្ជើញ​យុវជន​កម្ពុជា​ឲ្យ​ទៅ​សិក្សា​អំពី​វិស័យ​ច្បាប់ និង​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​ជប៉ុន។

ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​នេះ ធ្វើ​ឡើង​ ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​លោក​សេរី ជាពិសេស សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុង​ទាម​ទារ​ឲ្យ​របប​លោក​ ហ៊ុន សែន​ ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​​កម្ពុជា​ ឲ្យ​ដើរ​លើ​គន្លង​ត្រឹមត្រូវ​វិញ គឺ​ក្រោយ​ពី​លោក ហ៊ុន សែន ចាប់​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា​ ដាក់​គុក រម្លាយ​គណបក្ស​ប្រឆាំង និង​ហាម​មន្រ្តី​បក្ស​ប្រឆាំង​ជាង ១០០នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល