អាមេរិក​ប្ដេជ្ញា​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស

ដោយ យន់ សាមៀន
2014.02.27
ទាហាន វ៉េងស្រេង ៦១០ ៤-មករា-២០១៤៖ ទាហាន​យាម​ល្បាត​នៅ​ផ្លូវ​វ៉េងស្រេង បន្ទាប់​ពី​មាន​ការ​​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។
RFA

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ពិភពលោក សម្រាប់​ឆ្នាំ​២០១៣។ ក្នុង​របាយការណ៍​សម្រាប់​កម្ពុជា បាន​រិះគន់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ការ​ជ្រៀតជ្រែក​នយោបាយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ការ​គាប​សង្កត់​សិទ្ធិ​ផ្នែក​ប្រមូល​ផ្តុំ និង​ការ​រំលោភ​បំពាន​លើ​អ្នក​ជាប់​ឃុំឃាំង ជាដើម។

សហរដ្ឋ​អាមេរិក ប្រកាស​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​សិទ្ធិ​មនុស្ស​ថា សហរដ្ឋ​អាមេរិក នឹង​ប្ដេជ្ញា​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពិភពលោក ឲ្យ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ទូទៅ ហើយ​នឹង​តស៊ូ​មតិ​សម្រាប់​មនុស្ស​ទូទៅ​ដែល​បម្រើ​ការពារ​ផ្នែក​សិទ្ធិ​មនុស្ស។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែររី (John Kerry) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ កុម្ភៈ បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ពិភពលោក សម្រាប់​ឆ្នាំ​២០១៣។

ក្នុង​របាយការណ៍​នោះ​បង្ហាញ​ថា រដ្ឋាភិបាល​នៅ​លើ​ពិភពលោក​មួយ​ចំនួន នៅ​បន្ត​គាប​សង្កត់​សិទ្ធិ​មនុស្ស​ពលរដ្ឋ រួម​មាន ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ​សមាគម ការ​ប្រមូល​ផ្តុំ ការ​បង្កើត​ច្បាប់​សម្រាប់​គាប​សង្កត់​ពលរដ្ឋ ការ​កាត់​ទោស​ផ្នែក​នយោបាយ និង​ការ​ប្រើប្រាស់​បច្ចេកទេស​ថ្មី​សម្រាប់​រំលោភ​សិទ្ធិ​មនុស្ស។

ថ្លែង​ក្នុង​ពិធី​នោះ លោក ចន ឃែររី បន្ត​ថា ប្រទេស​ទាំង​ឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស នឹង​ប្រឈម​មុខ​បាត់​បង់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ និង​ត្រូវ​ដាក់​ឲ្យ​នៅ​ឯកា៖ «នេះ​ជា​ការ​ទទួល​ខុស​ត្រូវ។ អ្វីៗ​ទាំងអស់ គឺ​ដើម្បី​ការ​បញ្ចប់​នូវ​អំពើ​និទ្ទណ្ឌភាព។ នេះ​ជា​ការ​តស៊ូ​ដែល​មាន​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ ដើម្បី​ឲ្យ​មនុស្ស​អាច​គិត សរសេរ និយាយ និង​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង។ ការ​តស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស និង​កិត្តិយស កំពុង​កើត​ឡើង​ទូទាំង​ពិភពលោក»

របាយការណ៍​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បង្ហាញ​ថា សហគមន៍​ជាតិ និង​អន្តរជាតិ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ស្មើភាព​គ្នា។ ដំណើរ​ការ​បោះ​ឆ្នោត​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ថ្ងៃ​បោះ​ឆ្នោត និង​ក្រោយ​ពេល​បោះ​ឆ្នោត មាន​ភាព​ខ្វះ​តម្លាភាព និង​មិន​ឯករាជ្យ។ ចំណែក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ក៏​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ចំណុច​ខ្វះខាត​មួយ​ចំនួន ដែល​លើក​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល។ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត បណ្ដាល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​រួម​ដំណើរ​រដ្ឋសភា រហូត​ដល់​មាន​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត។

សេរីភាព​សារព័ត៌មាន​ក៏​ត្រូវ​បាន​ត្រួតត្រា​ដោយ​គណបក្ស​កាន់​អំណាច។ មន្ត្រី​រដ្ឋាភិបាល យោធា និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រួតត្រា​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា​ទូរទស្សន៍ វិទ្យុ និង​កាសែត។ ស្ថានីយ​ទូរទស្សន៍​ចំនួន​១០ និង​ស្ថានីយ​វិទ្យុ​ប្រមាណ​១០០ ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith

បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ។ របាយការណ៍​រក​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន កើត​ឡើង​ពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ចូល​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​ការ​ប្រមូល​ផ្តុំ ត្រូវ​បាន​រឹតត្បិត ចំណែក​អ្នក​ទោស​ក៏​ត្រូវ​បាន​រំលោភ​បំពាន​ផង​ដែរ។ របាយការណ៍​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ក៏​បាន​សម្លាប់ និង​ចាប់​ខ្លួន​មនុស្ស​យ៉ាង​អានាធិបតេយ្យ ហើយ​ពេល​ខ្លះ​អាជ្ញាធរ​បាន​ធ្វើ​ទារុណកម្ម​អ្នក​ទោស ដើម្បី​យក​ចម្លើយ​ទៀត​ផង។ មាន​ករណី​ជាច្រើន​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ និង​យោធា បាន​ប្រើប្រាស់​ការ​រំលោភ​បំពាន​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត​ទៅ​លើ​អ្នក​ជាប់​ឃុំឃាំង​នៅ​ពេល​សួរ​ចម្លើយ។ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ជាប់​ឃុំ​ចំនួន ៣០​នាក់ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ដោយ​ឆក់​ខ្សែ​ភ្លើង ធ្វើ​ឲ្យ​ថប់​ដង្ហើម និង​វាយ​ដោយ​ខ្សែ​ភ្លើង ដើម្បី​យក​ចម្លើយ ហើយ​តុលាការ​កម្ពុជា ក៏​បាន​ប្រើប្រាស់​ចម្លើយ​សារភាព​ជា​ភស្តុតាង​កាត់​ទោស​ជន​សង្ស័យ។

រដ្ឋាភិបាល​បន្ត​ឃុំឃាំង​អ្នក​ទោស​នយោបាយ។ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ដែល​ជា​អ្នក​ទោស​នយោបាយ ត្រូវ​បាន​ដោះ​លែង​ដោយ​សាលា​ឧទ្ធរណ៍ ប៉ុន្តែ​បន្ត​ឃុំឃាំង​មនុស្ស​ផ្សេង​ទៀត ដោយ​មូលហេតុ​នយោបាយ។

របាយការណ៍​ក៏​កត់​សម្គាល់​នូវ​ករណី​ពុក​រលួយ ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា។ អំពើ​ពុក​រលួយ​កំពុង​កើត​មាន​គ្រប់​ស្ថាប័ន​សំខាន់ៗ​ទាំងអស់​នៅ​ក្នុង​កម្ពុជា។ របាយការណ៍​បង្ហាញ​ថា ព្រះរាជ​អាជ្ញា ចៅក្រម ប៉ូលិស ទទួល​យក​សំណូក​ខុស​ច្បាប់​ពី​ពាណិជ្ជករ ហើយ​អំពើ​និទ្ទណ្ឌភាព​ជំរុញ​ឲ្យ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​កើន​ឡើង។

ការ​ចេញ​របាយការណ៍​រិះគន់​រដ្ឋាភិបាល​ដោយ​ចំ​មុខ និង​ដោយ​ត្រង់ៗ​របស់​រដ្ឋាភិបាល​អាមេរិកកាំង នា​ពេល​នេះ ស្រប​ពេល​មាន​ការ​រិះគន់​ពី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី និង​អតីត​ស្ថាបនិក​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស លោក ហ្គារ៉េត អេវ៉ាន អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ លែង​គិត​ពី​ពិធី​សារ​ការទូត ហើយ​ចាប់​ផ្ដើម​ស៊ើប​អង្កេត និង​ដាក់​ទណ្ឌកម្ម​ពី​ការ​រំលោភ​បំពាន​ទាំង​ឡាយ​របស់ លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក​ជា​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។