សាលាដំបូងខេត្តស្វាយរៀង ចេញ​ដីកា​បង្គាប់​ឲ្យ​លេខា​ប្រតិបត្តិ​បក្ស​ប្រឆាំង ស្រុក​កំពង់​រោទិ៍​ម្នាក់ ចូល​ខ្លួន​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ

ដោយ សន ចាន់រដ្ឋា
2018.11.13
តុលាការ​ខេត្ត​ស្វាយរៀង ៦២០ តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥
Photo Provided

សាលា​ដំបូង​ខេត្ត​ស្វាយរៀង ចេញ​ដីកា​បង្គាប់​ឲ្យ​សមាជិក​គណបក្ស សង្គ្រោះ​ជាតិ ស្រុក​កំពង់​រោទិ៍​ម្នាក់ ចូល​ខ្លួន​នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ តាម​បណ្ដឹង​របស់​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ មក​ពី​គណបក្ស​កាន់​អំណាច​ម្នាក់។ សមាជិក​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ស្វាយ​រៀង ហៅ​ដីកា​បង្គាប់​នេះ​ថា ជា​ការ​សងសឹក ដោយសារ​លោក​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ សង្គម​ស៊ីវិល​ថា ដើម្បី​បញ្ចប់​សំណុំ​រឿង​នេះ ត្រូវ​ជំរុញ​ឲ្យ​ភាគី​ដើម​បណ្ដឹង​ដក​បណ្ដឹង​វិញ។

លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ លោក វ៉ាន់ សឿន ឲ្យ​ដឹងថា លោកបានទទួលដីកាបង្គាប់ឲ្យចូលខ្លួនរួចហើយ ប៉ុន្ដែមិនទាន់សម្រេចចិត្តបែបណាទេ ដោយ​សារ ដីកាទើបតែបញ្ជូនមកដល់​ថ្ងៃទី១២ វិច្ឆិកា ហើយបង្គាប់ឲ្យចូលខ្លួននៅថ្ងៃទី១៣ វិច្ឆិកា។ លោក វ៉ាន់ សឿន ថា មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកមេធាវីជួយការពារក្ដីបានទេ។

ដីកាបង្គាប់ឲ្យចូលខ្លូន ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី២៥ តុលា ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យ លោក វ៉ាន់ សឿន ចូលខ្លួន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា ម៉ោង ២រសៀល ដើម្បី​សាក​សួរពីដំណើររឿង បទជេរប្រមាថជាសាធារណៈ ដែលប្រព្រឹត្តិនៅភូមិស្វាយអាណាត ឃុំញរ ស្រុក​កំពង់រោទិ៍ កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៧ តាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។

ជនរងការចោទប្រកាន់ លោក វ៉ាន់ សឿន រំលឹក​ថា ដើមហេតុនាំឲ្យមានដីកានេះ ដោយសារ​កាលពី​ខែកញ្ញា ​ឆ្នាំ២០១៧ លោក​បាននិយាយលេង ជាមួយសមាជិកគណបក្ស​ សង្គ្រោះ​ជាតិ ស្រុក​កំពង់​រោទិ៍ មុខការិយាល័យ​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​​បោះ​ឆ្នោតឃុំញរ។ បន្ទាប់មកសមាជិកក្រុមប្រឹក្សាឃុំ ​គណបក្ស ប្រជាជន​កម្ពុជា លោក កង ឈិន យល់​ថា ការ​និយាយ​លេង​នោះ ជា​ការ​ឌឺដង ឬ​ជេរ​ប្រមាថ​ដល់​រូប​គាត់ ទើប​មាន​ការ​ខឹង​សម្បារ ក៏​កើត​ជា​វិវាទ​នឹង​គ្នា។ ប៉ុន្ដែ​ក្រោយ​មក មាន​ការ​សម្របសម្រួល​គ្នា​បិទ​បញ្ចប់​វិវាទ។

ជាងកន្លះឆ្នាំក្រោយមក គឺ​នៅ​ថ្ងៃ​ទី១៧ ឧសភា ឆ្នាំ២០១៨ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក គង់ ច័ន្ទខេមរិន្ទ បាន​ចេញ​ដីកា​កោះ​ឲ្យ​លោក វ៉ាន់ សឿន ចូលខ្លួន ពីបទ​បរិហារ​បង្ខូច​កេរ្តិ៍ លើ​ករណី​នោះ។ កាលណោះ លោក វ៉ាន់ សឿន មិន​បាន​ចូល​ខ្លួន​តាម​ដីកា​កោះ​ទេ ដោយ​សារ លោក​យល់​ថា ករណី​នេះ ភាគី​ទាំង​ពីរ​បាន​សម្របសម្រួល​គ្នា​បិទ​បញ្ចប់​រួច​ហើយ តាំង​ពី​ឆ្នាំ​២០១៧។

សមាជិក​គណៈបក្ស សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ យល់​ថា ចៅក្រម​ស៊ើបសួរ​មិន​គួរ​ចេញ​ដីកា​បង្គាប់​ខ្លួន​នេះ​ទេ ព្រោះ​ភាគី​ជម្លោះ​ទាំង​ពីរ បាន​សម្របសម្រួល​គ្នា​រួច​ហើយ តាំង​ពី​ឆ្នាំ២០១៧។ ការ​សម្រប​សម្រួល​គ្នា​កាល​ណោះ មាន​លិខិត​​ស្នាម និង​តំណាង​គ្រប់​ភាគី គឺ​តំណាង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ តំណាង​គណបក្ស ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្វាយរៀង បាន​ទទួល​ស្គាល់​ថា ភាគី​ទាំង​ពីរ​យល់​ព្រម​បិទ​បញ្ចប់​ទំនាស់​នោះ​ជា​ស្ថាពរ​រួច​ហើយ៖ «»

អាស៊ីសេរី​មិន​ទាន់​អាច​រក​ប្រភព​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី ដើម​បណ្ដឹង គឺ​លោក កង ឈិន បាន​ទេ នៅ​ថ្ងៃ​ទី១២ វិច្ឆិកា។ បើទោះជាបែបណា ចៅក្រមស៊ើបសួរ លោក ឈុន ដាវី បានព្រមានក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ថា ក្នុង​ករណី​លោក វ៉ាន់ សឿន មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​បង្គាប់​ចូល​ខ្លួន​ទេ ចៅក្រម​ស៊ើបសួរ​នឹង​ចេញ​ដីកា​បង្គាប់ឲ្យនាំខ្លួន។

អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ពន្យល់​ថា បទល្មើសបរិហារកេរ្តិ៍ ជាបទមជ្ឈឹម គ្មានទោសព្រហ្មទណ្ឌទេ ហើយបើគិតពី​អាជ្ញាយុកាល​ពី​ឆ្នាំ​២០១៧ មកដល់ពេលនេះ ក៏​មិន​ទាន់​ផុត​អាជ្ញាយុកាល​ដែរ។ សង្គមស៊ីវិលរូបនេះ បន្ដថា ក្នុងករណី​ចុង​ចោទ មិនចូលខ្លួនតាមដីកាបង្គាប់ អាចនឹងបង្កើតជាបទល្មើសថ្មីមួយទៀត ប៉ុន្ដែជា​ដំណោះ​ស្រាយ​ល្អ សម្រាប់ភាគីទាំងសងខាង អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​គួរ​ជំរុញ​ឲ្យ​ដើម​ចោទ​ដក​បណ្ដឹង​​វិញ ហើយ​តុលាការ ក៏​អាច​ពិចារណា​បិទ​បញ្ចប់​សំណុំ​រឿង​ដែរ៖ «»

លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្ស​សង្គ្រោះ​ជាតិ ស្រុក​កំពង់រោទិ៍ លោក វ៉ាន់ សឿន មិន​ទាន់​បញ្ជាក់​ថា លោក​នឹង​ចូល​ខ្លួន​តាម​ដីកា​បង្គាប់ ឬ​អត់​ទេ ដោយសារ​លោក​មិន​ទុក​ចិត្ត​ពី​ភាព​ឯករាជ្យ​របស់​ស្ថាប័នតុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។