រដ្ឋាភិបាល​ស៊ុយអែត​សម្រេច​​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ជា​ផ្លូវការ

ដោយ មាន ឫទ្ធិ
2017-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេចក្ដី​ថ្លែង​ការណ៍ស្ថានទូត​ស៊ុយអែត​ប្រចាំ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី២១​ ខែវិច្ឆិកា ឆ្នាំ២០១៧
សេចក្ដី​ថ្លែង​ការណ៍ស្ថានទូត​ស៊ុយអែត​ប្រចាំ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី២១​ ខែវិច្ឆិកា ឆ្នាំ២០១៧
Facebook/EmbassyOfSwedenInPhnomPenh

រដ្ឋាភិបាល​ស៊ុយអែត សម្រេច​ជា​ផ្លូវការ​ថា នឹង​មិន​ផ្ដួចផ្ដើម​ឲ្យ​មាន​នូវ​កិច្ច​ព្រមព្រៀង​ថ្មី​ណា​មួយ​ស្ដីពី​ការ​ផ្ដល់​ជំនួយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ឡើយ លើកលែងតែ​ក្នុង​វិស័យ​អប់រំ និង​សិក្សា​ស្រាវជ្រាវ​តែប៉ុណ្ណោះ។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា ស្ថានទូត​ស៊ុយអែត ប្រចាំ​ក្រុង​ភ្នំពេញ បញ្ជាក់​ថា អាស្រ័យ​ហេតុ​ដូច្នេះ រដ្ឋាភិបាល​ស៊ុយអែត នឹង​មិន​អាច​បន្ត​ផ្ដល់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​វិស័យ​កំណែ​ទម្រង់​វិមជ្ឈការ ដូចដែល​កំពុង​អនុវត្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

​ស្ថានទូត​ស៊ុយអែត សង្កត់​ធ្ងន់ៗ​ថា គោល​ជំហរ​នេះ​នឹង​នៅ​តែ​បន្ត​មាន​សុពលភាព​រហូត​ទាល់តែ​រដ្ឋាភិបាល​ស៊ុយអែត អាច​ពិចារណា​អំពី​ការណែនាំ​ថ្មី​មួយ​សម្រាប់​ភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស៊ុយអែត ហៅ​កាត់​ថា ស៊ីដា (Sida) ស្ដីពី​ការ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ស៊ុយអែត ក្នុង​ប្រទេស​កម្ពុជា។

​ប្រទេស​ស៊ុយអែត សំដែង​ក្តី​បារម្ភ​ពី​ការវិវត្តន៍​នយោបាយ​ចុង​ក្រោយ​នៅ​កម្ពុជា។ រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត អ្នកស្រី ម៉ាហ្គុដ វ៉លស្រ៊ម (Margot Wallstrom) កាល​ពី​សប្ដាហ៍​មុន​បាន​គូស​បញ្ជាក់​ថា វិធានការ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រម្លាយ​គណបក្ស​ប្រឆាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ដំណើរ​ធាក់​ថយក្រោយ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ការវិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ គូស​បញ្ជាក់​ថា ដោយ​ពិចារណា​លើ​ការវិវត្តន៍​ផ្នែក​នយោបាយ​ជា​លក្ខណៈ​អវិជ្ជមាន​ទាំង​នេះ រដ្ឋាភិបាល​ស៊ុយអែត បច្ចុប្បន្ន​កំពុង​ពិនិត្យមើល​ឡើងវិញ​ទៅ​លើ​ទម្រង់​នៃ​ទំនាក់ទំនង​របស់​ខ្លួន​នៅ​កម្ពុជា។ ស្ថានទូត​បាន​លើក​ឡើង​អំពី​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​សហប្រតិបត្តិការ​ការ​អភិវឌ្ឍ​ស្ដីពី​ការ​គាំទ្រ​ចំពោះ​វិស័យ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដូច​ដែល​ត្រូវ​បាន​ពង្រឹង​ក្នុង​ឆ្នាំ​២០១៧ នេះ តាមរយៈ​ការ​បង្កើន​ការ​គាំទ្រ​ដល់​ក្រុម​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

​ប្រទេស​ស៊ុយអែត ធ្លាប់​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេ​ភាគី​ដ៏​យូរអង្វែង​មួយ​ជាមួយ​កម្ពុជា ធ្វើ​ការ​ក្នុង​វិស័យ​ចម្បងៗ​ចំនួន​បី ក្នុង​នោះ​រួម​មាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សមភាព​យេនឌ័រ វិស័យ​វិមជ្ឈការ ការ​អប់រំ និង​ការងារ វិស័យ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ។ កិច្ច​សហប្រតិបត្តិការ​នេះ ត្រូវ​បាន​កំណត់​ដោយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​មួយ​ដែល​គ្រប​ដណ្ដប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។

នៅ​ចុង​បញ្ចប់​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ស្ថានទូត​ស៊ុយអែត គូស​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត និង​ផ្សារភ្ជាប់​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​នានា ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នៅមានទៀត

Nov 21, 2017 08:14 PM

គេហទំព័រ​ទាំងមូល