កូនប្រុស​លោក ទៀ បាញ់ ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​សៀមរាប

ដោយ សុ ជីវី
2018-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូនប្រុស​ទី​ពីរ​របស់​លោក ទៀ បាញ់ លោក ទៀ សីហា ដែល​ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​សៀមរាប។
កូនប្រុស​ទី​ពីរ​របស់​លោក ទៀ បាញ់ លោក ទៀ សីហា ដែល​ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​សៀមរាប។
Photo courtesy of Fresh News

របប​ក្រុងភ្នំពេញ​តែងតាំង​កូនប្រុស​ម្នាក់​របស់​លោក ទៀ បាញ់ ជា​អភិបាល​ខេត្ត​សៀមរាប ជំនួស​លោក ឃឹម ប៊ុនសុង ដែល​ត្រូវ​ទៅកាន់​ការងារ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ។ ថ្មីៗ​នេះ របប​ក្រុងភ្នំពេញ​ទើបតែ​បាន​តែងតាំង​កូនប្រុស លោក ជាម យៀប លោក ជាម ច័ន្ទសោភ័ណ្ឌ ឱ្យ​ឡើងជា​អភិបាលខេត្ត​ត្បូងឃ្មុំ​ផង​ដែរ។ អ្នកឃ្លាំមើល​សង្គម​យល់ថា នេះ​ជា​ការ​រៀបចំ​តួនាទី​បន្តវេន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៃ​បក្ស​កាន់អំណាច។

កូនប្រុស​ទី​ពីរ​របស់​លោក ទៀ បាញ់ លោក ទៀ សីហា បាន​ឡើង​ដំណែង​យ៉ាង​ឆាប់រហ័ស​ទៅជា​អភិបាល​ខេត្ត​សៀមរាប ទី​ដែល​ឪពុក​របស់​លោក​កាន់ការ​ជា​អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ទេសចរណ៍​មួយ​នេះ។

លោក ទៀ សីហា អាយុ ៣៨ ឆ្នាំ បញ្ចប់​ការសិក្សា​ពី​ប្រទេស​បារាំង បាន​ចាប់ផ្តើម​សកម្មភាព​នយោបាយ​នៅ​ខេត្ត​សៀមរាប ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​២០១៣ ដោយ​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ក្នុង​ខេត្ត​នេះ និង​ក្រោយមក​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​នៅ​ខែ​សីហា​ឆ្នាំ​២០១៧ កន្លងទៅ​។ ក្រៅ​ពី​នេះ លោក​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយក) ប្រចាំ​ខេត្ត​សៀមរាប​ផង​ដែរ។ ចំណែក​នៅ​ក្នុង​ក្រសួងការពារជាតិ​ដែល​ឪពុក​របស់​លោក​ជា​រដ្ឋមន្ត្រី​នោះ​វិញ លោក​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ ២ និង​តែង​អម​ដំណើរ​លោក ទៀ បាញ់ ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់។

ដោយឡែក លោក ឃឹម ប៊ុនសុង វិញ បន្ទាប់ពី​អស់​តួនាទី​ជា​អភិបាលខេត្ត​សៀមរាប លោក​ត្រូវ​បាន​តែងតាំង​ជានា​យ​ឧត្ដមសេនីយ៍​ផ្កាយ ៤ និង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ។

ប្រធាន​អង្គការ​សម្ពន្ធគណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ កត់​សម្គាល់​ថា កូនចៅ និង​សាច់ញាតិ​របស់​មន្ត្រី​គ្រាក់ៗ​នៃ​របប​ក្រុងភ្នំពេញ ទទួល​បាន​ដំណែង​យ៉ាង​លឿន​រហ័ស​ក្នុង​ស្ថាប័ន​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ។ លោក​យល់ថា នេះ​ជា​ការ​រៀបចំ​ស្នង​ដំណែង​ពី​ឪពុក ដើម្បី​បន្តវេន​ដឹកនាំ​ស្ថាប័ន ឬ​កន្លែង​ដែល​ឪពុក​របស់​ពួកគេ​មាន​ឥទ្ធិពល ដែល​ជា​របៀប​ដឹកនាំ​តាម​បែប​ទាយាទ​ស្នង​ត្រកូល៖ «អ្នកនយោបាយ​ជំនាន់​មុន​ហាក់​ដូចជា​បាន​ត្រៀមខ្លួន​ក្នុង​ការ​ដាក់​សាច់ញាតិ​ជិត​ស្និទ្ធ​របស់​គេ ដូចជា​កូនចៅ​ហ្នឹង ទៅ​ក្នុង​តំណែង ខណៈ​ពួកគេ​មាន​វ័យ​ចាស់​ទៅៗ អ៊ីចឹង​រូបភាព​នេះ​គេ​ហៅថា ជា​ការ​ស្នង​តំណែង ការ​ស្នង​ទាយាទ។ អ៊ីចឹង​ឱកាស​វា​ហាក់បីដូចជា លេចធ្លោ​សម្រាប់​អ្នក​ដែល​មាន​សែស្រឡាយ​មានអំណាច​នា​ពេល​បច្ចុប្បន្ន។ ហើយ​ឱកាស​នេះ​វា​ពុំ​សូវ​កើតមាន​សម្រាប់​អ្នក​ដែល​គ្មាន​សែស្រឡាយ ហើយ​ពួកគេ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​នោះ​ទេ»

កូនចៅ​របស់​មន្ត្រី​គ្រាក់ៗ​នៃ​របប​លោក ហ៊ុន សែន បាន​ឡើង​ដំណែង​យ៉ាង​ឆាប់រហ័ស ក្រោយពេល​របប​នេះ​ក្រសោប​យក​បាន​អំណាច​ផ្ដាច់មុខ​តែ​ម្នាក់​ឯង​ពី​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច កាលពី​ចុងខែ​កក្កដា កន្លងទៅ។ ស្ថាប័ន​ខ្លះ​មាន​ឪពុក​ជា​រដ្ឋមន្ត្រី ចំណែក​កូន​ជា​រដ្ឋលេខាធិការ​ក្នុង​ស្ថាប័ន​តែមួយ ឬ​ស្ថាប័ន​ផ្សេងគ្នា​។ ស្ថាប័ន​ខ្លះ​ទៀត​មាន​ឪពុក​ជា​ប្រធាន​ស្ថាប័ន កូន​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​នោះ ឬ​ពេលខ្លះ​ជា​នាយក​ខុទ្ទកាល័យ​ឪពុក​របស់​ខ្លួន។ និន្នាការ​មួយទៀត គឺ​ឪពុក​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឬ​តុលាការ ចំណែក​កូន គឺជា​អភិបាលខេត្ត ឬ​អភិបាលរង​ខេត្ត។

ករណី​ទាំងនេះ មាន​ជាអាទិ៍ កូនប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក កូនប្រុស​ទី​ពីរ ហ៊ុន ម៉ានិត ពាក់​ផ្កាយ ៣ ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួងការពារជាតិ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​ជា​នាយករង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ផ្ទាល់។ ចំណែក​កូនប្រុស​ពៅ​របស់​លោក គឺ​លោក ហ៊ុន ម៉ានី គឺជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ជា​ប្រធាន​គណៈកម្មការ​ទី ៧ នៃ​សភា​ឯក​បក្ស និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ខណៈ​កូន​ប្រសា​របស់​លោក​ម្នាក់​ទៀត គឺ​លោក សុខ ពុទ្ធិវុធ គឺជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ខណៈ​កូន​របស់​លោក​ឈ្មោះ ស៊ុយ ឌីម៉ង់ ជា​រដ្ឋលេខាធិការ​នៅ​ក្នុង​ក្រសួង​ដដែល​នេះ។ លោក ចម ប្រសិទ្ធិ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ខណៈ​កូន​របស់​លោក​ឈ្មោះ ចម បូរិទ្ធ ជា​រដ្ឋលេខាធិការ ក្នុង​ក្រសួង​ជាមួយគ្នា ហើយ​លោក​ក៏​មាន​កូនស្រី​ម្នាក់​ឈ្មោះ ចម និម្មល ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ។ លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ខណៈ​កូនប្រុស​របស់​លោក​​ពីរ​នាក់ ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ជា​ជំនួយការ​នៃ​អង្គភាព​មួយ​នេះ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។ លោក ជា ចាន់តូ ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​កូន​ស្រី​ម្នាក់​ឈ្មោះ ជា សិរី គឺជា​អគ្គនាយក​បច្ចេកទេស​នៃ​ស្ថាប័ន​នេះ។

អនុប្រធាន​ទី ១ រដ្ឋសភា លោក ងួន ញ៉ិល មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ងួន រាសី គឺជា​នាយក​ខុទ្ទកាល័យ​របស់​លោក​ផ្ទាល់ ខណៈ​លោក ជាម យៀប មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ជាម ច័ន្ទសោភ័ណ្ឌ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ។ អភិបាលខេត្ត​រតនគិរី លោក ថង សាវុន គឺជា​កូន​របស់​លោក ប៊ូ ថង សមាជិក​ព្រឹទ្ធសភា និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច។ អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង គឺជា​កូនស្រី​របស់​លោក យុទ្ធ ភូថង អតីត​អភិបាល​ខេត្ត​កោះកុង និង​ជា​ចៅស្រី​របស់​លោក សាយ ភូថង អតីតមន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់អំណាច។ អភិបាលរង​ខេត្ត​កណ្តាល លោក គីម រិទ្ធី គឺជា​កូន​របស់​លោក គន់ គីម អតីត​មេទ័ព និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន។

នេះ​គ្រាន់តែ​ឧទាហរណ៍​ត្រួសៗ​ប៉ុណ្ណោះ។ ភាគច្រើន​នៃ​មន្ត្រី​គ្រាក់ៗ​របស់​លោក ហ៊ុន សែន សុទ្ធតែ​មាន​កូន ឬ​សាច់​សារ​លោហិត ធ្វើការ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឬ​ជា​អភិបាលរង​ខេត្ត​ជាដើម ដែល​មិន​អាច​រៀបរាប់​ឈ្មោះ​អស់ ហើយ​ពួកគេ​ក៏បាន​ព្យាយាម​បិទបាំង​សវ​តារ​របស់​ខ្លួន​ដែរ ដើម្បី​បញ្ចៀស​ការរិះគន់​ពី​សាធារណជន។

ទោះជា​យ៉ាងណា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​អះអាង​ថា ការតែងតាំង​កូនៗ​របស់​លោក និង​កូន​របស់​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​នោះ គឺ​ដោយសារ​ពួកគេ​មាន​សមត្ថភាព និង​មាន​សញ្ញាប័ត្រ​ខ្ពស់៖ «និយាយ​ពី​រឿង​តែងតាំង​! កូន​ខ្ញុំ​សុទ្ធតែ​ថ្នាក់បណ្ឌិត អនុបណ្ឌិត តើយក​វា​មក​បោះចោល ឬអ្វី​? តើ​ឱ្យ​ការងារ​គេ​ធ្វើ​បានទេ? កូន​របស់​មន្ត្រី​រាជការ​នានា គេ​ក៏បាន​ទទួល​ការ​បណ្ដុះបណ្ដាល អ៊ីចឹង​យក​ទៅ​ណា?»

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ពេល​ដែល​ស្ថាប័ន​ជាតិ​ក្លាយ​ជា​ស្ថាប័ន​គ្រួសារនិយម​បែបនេះ ស្ថាប័ន​នោះ​នឹង​មិន​អាច​ធ្វើ​ការងារ​ជា​ប្រយោជន៍​ជាតិ​មាន​ប្រសិទ្ធភាព​ឡើយ​។ ម្យ៉ាងវិញទៀត លោ​កថា​ការ​ធ្វើ​របៀប​នេះ​ធ្វើ​ឱ្យ​យុវជន និង​អ្នកមាន​សមត្ថភាព​ដទៃ​ទៀត បាត់បង់​ឱកាស​ក្លាយ​ជា​អ្នកដឹកនាំ និង​ចូលរួម​ជួយ​កសាង​ជាតិ ហើយ​នេះ​ជាដើម​ហេតុ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័ន​នោះ៖ «វា​រឿង​ចាប់​តាំង​ពី​នាយករដ្ឋមន្ត្រី​ក៏​មាន​ការតែងតាំង​កូន​របស់​ខ្លួន​ក្នុង​មុខតំណែង​ធំៗ ដូច្នេះ​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត​ហ្នឹង​ក៏​គាត់​ត្រូវ​លើក​កូន​គាត់​ឡើង​តាមរយៈ​ហ្នឹង​ដែរ​។ ដូច្នេះ​កំណ​ទម្រង់​ណា​ក៏​ទៅ​មិន​រួច​ដែរ (​ព្រោះ​) ជន​ទី​មួយ ត្រូវតែ​ធ្វើ​គំរូ​គេ ហើយ​បើ​ជន​ទី​មួយ​អត់​ធ្វើ​គំរូ​ហើយ អ្នក​ក្រោមៗ​ក៏​នឹង​ត្រូវ​ស្នើ​តែងតាំង​បន្តបន្ទាប់​គ្នា​អ៊ីចឹង​ដូចគ្នា​ដែរ»

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​ការតែងតាំង​មន្ត្រី ត្រូវ​ធ្វើ​ឡើង​ដោយ​ឆ្លងកាត់​ការប្រឡងប្រជែង​សមត្ថភាព ឱ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​នៅមុន​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ថា លោក​ចង់​ឱ្យ​មាន​ការតែងតាំង​មន្ត្រី​តាមរយៈ​ការប្រឡងប្រជែង​ដោយ​ស្មើភាព ដោយ​មិន​ត្រូវ​តែងតាំង​តាមរបៀប​គ្រួសារ ឬ​បក្ខពួក​និយម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល