"ការ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិ​ការងារ​ខេត្ត​ព្រះសីហនុ​ជា​រឿង​អយុត្តិធម៌"

ដោយ ថន ថារ៉ូ
2019-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហភាព​ការងារ​កម្ពុជា

សាច់ញាតិ និង​មេធាវី​របស់​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ នៅ​ខេត្ត​ព្រះសីហនុ ហៅ​ការ​សម្រេច​បន្ត​ឃុំខ្លួន មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​ការងារ ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​ទាំងពីរ និង​ក្រុម​គ្រួសារ។ ប្រតិកម្ម​នេះ ដោយសារតែ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ កាលពី​រសៀល​ថ្ងៃ​ទី​២២ មីនា បាន​សម្រេច​រក្សា​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​អនុញ្ញាត​ឱ្យ​បន្ត​ឃុំខ្លួន អ្នក​ទាំងពីរ​នៅ​ពន្ធនាគារ ខេត្ត​ព្រះសីហនុ​បន្ត​ទៀត។

សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ ដែល​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ការ​ឃុំខ្លួន គឺ អតីត​ចៅ​សង្កាត់​រង​ទី​២ អាណត្តិ​ទី​៣ គណបក្ស​សង្គ្រោះជាតិ លោក ឆាយ រ័ត្ន និង​សកម្មជន​សិទ្ធិ​ការងារ​នៃ​សហភាព​ការងារ​កម្ពុជា លោក ទេព សុផា។

ភរិយា លោក ឆាយ រ័ត្ន អ្នកស្រី សំ សារ៉ាត់ ប្រាប់​ថា ការសម្រេច​ក្ដី​បន្ត​ឃុំខ្លួន​ស្វាមី ជា​រឿង​អយុត្តិធម៌ ហើយ សូម្បី​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​រក​ឃើញ​ថា អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ប្រព្រឹត្តិ​កំហុស និង​បាន​ដក​តំណែង​រួចហើយ ព្រោះ លោក ស្រ៊ុន ស្រ៊ន់ ជា​អ្នកបញ្ជា​ឱ្យ​ចាប់ខ្លួន ស្វាមី​អ្នកស្រី និង​សកម្មជន​ការងារ លោក ទេព សុផា។

អ្នកស្រី សំ សារ៉ាត់ បន្ត​ថា បច្ចុប្បន្ន​សុខភាព​ស្វាមី​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មាន​សភាព​ស្គមស្គាំង ជាង​មុន និង​ពិបាក​រស់នៅ​ណាស់​។ ឯ​ស្ថានភាព​ក្រុម​គ្រួសារ នៅ​ខាងក្រៅ ពន្ធនាគារ​វិញ ក៏​ប្រឈម​នឹង​ស្ថាន​ភាព​លំបាក​ដែរ ដោយសារ បាត់បង់​ស្វាមី ជា​បង្គោល​គ្រួសារ «ឆ្ងល់​ខ្លាំង តែ​ពុំ​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ម្ដេច​? ព្រោះ​បើ​តាម​គិត​ទៅ អ្នក​ដែល​បាន​ចាប់ខ្លួន​គាត់ (ឆាយ រ័ត្ន) ហ្នឹង ក៏​គេ​ហ្នឹងឯង បាន​រក​ឃើញ​ថា មាន​បញ្ហា ហើយ​បាន​ដក​តំណែង បាន​អ្វី​ហើយ​។ គិត​ថា អាច​នឹង​មាន​ដំណោះស្រាយ ដែល​ល្អៗ ជាង​ហ្នឹង​។ តែ​បែរជា​អត់​វិញ តែ​ផ្ទុយ​ស្រឡះ​វិញ​។ ធ្វើ​អ៊ីចឹង មាន​អារម្មណ៍​ថា អត់​ដឹង​ថា យ៉ាង​ម្ដេច​? គេ​នៅតែ​បន្ត​ការ​ឃុំខ្លួន មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​។ មាន​អារម្មណ៍​ថា ពិបាក​ច្រើន»

លោក ឆាយ រ័ត្ន និង​សកម្មជន​សិទ្ធិ​ការងារ លោក ទេព សុផា ត្រូវ​បាន​អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​កងកម្លាំង​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២១ មករា នៅ​តំបន់​ក្បាលឆាយ ចំណុច​ក្រុម​១៨ ភូមិ​០១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយ​ចោទ​ប្រកាន់​ថា អ្នក​ទាំងពីរ​ញុះញង់​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ប្រើ​ហិង្សា​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ខណៈ​កាលណោះ ពលរដ្ឋ​ជាច្រើន បាន​តវ៉ា ទាមទារ​កុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​កាត់​ដី​របស់​ពួកគេ ដាក់​ចូល​ក្នុង​តំបន់​អភិរក្ស​ក្បាលឆាយ។

ក្រោយ​ការ​ឃាត់​ខ្លួន​ភ្លាមៗ កាលពី​រសៀល​ថ្ងៃ​ទី​២១ មករា លោក ឆាយ រ័ត្ន ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អាស៊ីសេរី អះអាង​ថា ក្នុង​ពេល​កើតហេតុ​នៃ​ការ​ទាមទារ​របស់​ពល​រដ្ឋ លោក​គ្រាន់តែ​ដើរ​ទៅ​មើល​នៅ​ទីនោះ ស្រាប់តែ​អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ឃើញ​រូបលោក ហើយ​បាន​ស្រែក​សម្លុត​ថា ក្រុម​ប្រឆាំង ហើយ​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន និង​បាន​ប្រើ​ហិង្សា​លើ​រូបលោក​ផង។

ចំណែក លោក ទេព សុផា គឺជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​រង​ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន ពី​អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ដែរ គឺ នៅ​ពេល​លោក​ត្រូវបាន​ពលរដ្ឋ​មាន​ជម្លោះ ពឹង​ពាក់​ឱ្យ​ចុះទៅ​សម្របសម្រួល និង​ឃ្លាំមើល​ការ​តវ៉ា។

មេធាវី​ការពារ​ក្ដី ឱ្យ លោក ទេព សុផា គឺ លោក​មេធាវី ជឹម ឃាង ហៅ​ការសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដែល​បន្ត​ឃុំខ្លួន លោក ទេព សុផា ជា​រឿង​អយុត្តិធម៌​សម្រាប់​កូនក្ដី ព្រោះ​កូនក្ដី​របស់​លោក គឺជា​ជនរងគ្រោះ មិនមែន​ជា​ជនសង្ស័យ​ទេ៖ «ខ្ញុំ​នឹង​ធ្វើ​ការងារ​ហ្នឹង ជាមួយ​កូនក្ដី ខ្ញុំ​មួយ​សា​ទៀត​។ ថា​តើ គួរ​ស្នើសុំ​ទៅ​តុលាការ​កំពូល ឬក៏​យ៉ាង​ម្ដេច​មួយ​? ខ្ញុំ​នឹង​ជជែក​ជាមួយ​កូនក្ដី​ខ្ញុំ»

ក្រោយ​ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ​នេះ បាន​ជាង​មួយ​ខែ អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ និង​អភិបាលរង​ម្នាក់ទៀត លោក ផៃ ប៊ុនវណ្ណៈ ត្រូវ​បាន​មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​ដក​តំណែង និង​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កោះហៅ​ទៅ​បំភ្លឺ។

ដើមហេតុ​នៃ​ការ​ដក​តំណែង​នេះ លោក ហ៊ុន សែន អះអាង​កាលពី​ថ្ងៃ​ទី​០១ មីនា ថា ការ​បញ្ចប់​មុខតំណែង លោក ស្រ៊ុន ស្រ៊ន់ និង លោក ផៃ ប៊ុនវណ្ណៈ ជា​ផ្លូវការ ដោយសារ មាន​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ហិង្សា​ក្នុង​ការ​បណ្ដេញ​បង្ខំ ករណី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ តែ​មិន​បញ្ជាក់​ថា នៅ​ទីតាំង​ណា​ទេ។

ក្រៅពី​ការ​ដក​ហូត​តំណែង លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ បន្ត​ចាត់ការ​ប្រឆាំង​អភិបាលរង​ខេត្ត​ទាំងពីរ​នេះ​តាម​ផ្លូវ​ច្បាប់​ថែមទៀត ដោយ​អះអាង​ថា ត្រូវតែ​យក​គ្រាប់​គ្រួស និង​ខ្សាច់ ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន។ លោក ហ៊ុន សែន ថា គ្មាន​ពេល​និយាយ​ច្រើន ជាមួយ​មន្ត្រី​ខិលខូច​ទៀត​ទេ ព្រោះ​កន្លង​មក លោក បាន​អប់រំ​ពួកគេ​ច្រើនដង​ហើយ។

បើ​ទោះ​ជា​មានការ​ដក​តំណែង​អភិបាលរង​ខេត្ត​ទាំងពីរ ហើយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាង​ថា បាន​កោះហៅ សួរនាំ​ភ្លាមៗ តាំង​ពី​ដើម​ខែ​មីនា ប៉ុន្តែ​មកដល់ពេលនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនទាន់​បង្ហាញ​របាយ​ការណ៍​ស៊ើបអង្កេត​នោះ​នៅឡើយ​ទេ។

ពាក់ព័ន្ធ​ករណី សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង លោក ឆាយ រ័ត្ន និង​សកម្មជន​សិទ្ធិ​ការងារ លោក ទេព សុផា អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថាវរិទ្ធ បានទេ នៅ​ថ្ងៃ​ទី​២៣ មីនា ដោយសារ គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​ប្រចាំ​តំបន់​ខេត្ត​ព្រះសីហនុ នៃ​សហភាព​ការងារ​កម្ពុជា លោក អាន រ៉ាម៉ា ទាមទារ​ឱ្យ​តុលាការ​ថ្នាក់លើ ដោះលែង លោក ឆាយ រ័ត្ន និង​លោក ទេព សុផា បណ្ដោះអាសន្ន ហើយ​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ ព្រោះ​អ្នក​ទាំងពីរ គឺជា​ជនរងគ្រោះ ពី​ការចោទប្រកាន់ មិន​ត្រឹមត្រូវ​របស់​អាជ្ញាធរ និង​ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ៖ «ជាក់ស្ដែង គាត់​(​ទាំងពីរ​នាក់​) ទៅ​ចុះ​សម្របសម្រួល​។ ប្រជាពលរដ្ឋ គាត់​សំណូមពរ រឿង​គេ​កាយ​ប្រឡាយ កាយ​ព្រំ​ដី ប៉ះពាល់​ប្រជាពលរដ្ឋ បែរ​ទៅជា​ចាប់​គាត់ ហើយ​ទៅ​ចោទ​គាត់​រឿង​ឯណា ឯណោះ វា​មិន​ត្រូវ​សាច់រឿង​។ ដូច​ខ្ញុំ​និយាយ​ដដែលៗ អ៊ីចឹង យើង​សំណូមពរ​ឱ្យ​ខាង​តុលាការ គាត់​បើក​ការស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់ បើក​ការស៊ើបអង្កេត​ឡើងវិញ និង​ផ្ដល់​យុត្តិធម៌ ជូន​ពួកគាត់​ផង»

លោក អាន រ៉ាម៉ា ឱ្យ​ដឹង​ទៀតថា ភរិយា​របស់​សកម្មជន​សិទ្ធិ​ការងារ លោក ទេព សុ​ផា គឺ​អ្នកស្រី សោម នារីរ័ត្ន ដែល​មាន​វ័យ​ចំណាស់ ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដែរ ដោយសារ​កាលពី​ប៉ុន្មាន​ថ្ងៃមុន អ្នកស្រី​បាន​រអិលដួល​ផ្ងារ បោក​ក្បាល​ទៅ​ក្រោយ នៅ​ពេល​កំពុង​ហាល​ត្រី ទុក​យក​ទៅ​ឱ្យ​ប្ដី​ពិសា ក្នុង​ពន្ធនាគារ។ បច្ចុប្បន្ន ភរិយា​របស់ លោក ទេព សុផា កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ដោយសារ​គ្មាន​ប្រាក់​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល