គ្រួសារ​អ្នកស្រី​ ទេព វន្នី សុំ​ឱ្យ​លោក​ ហ៊ុន សែន​ អន្តរាគមន៍​លើក​លែង​ទោស​

វ៉ែន សុមេធ
2018-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម្តាយ​ និង​បងស្រីរបស់​អ្នកស្រី ទេព វន្នី យក​​​ញត្តិ​ទៅដាក់​នៅ​​ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី
ម្តាយ​ និង​បងស្រីរបស់​អ្នកស្រី ទេព វន្នី យក​​​ញត្តិ​ទៅដាក់​នៅ​​ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី
រូបភាពដោយ លោកស្រី មាន សំណាាង

ម្តាយ​ និង​បងស្រីរបស់​អ្នកស្រី ទេព វន្នី ស្នើសុំ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ព្រះ​មហា​ក្សត្រ​ឱ្យ​លើក​លែង​ទោស​ និង​ដោះលែង​អ្នក​ស្រី ទេព វន្នី ​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​មក​ចិញ្ចឹម​បីបាច់​កូនៗ​របស់​គាត់​ ដែល​កំពុង​រស់​នៅ​កំព្រា​ខ្វះ​អ្ន​កថែ​ទាំ​។

ម្តាយ​របស់​អ្នក​ស្រី ទេព វន្នី គឺ​លោក​ស្រី ស៊ី ហៀប និង​បងស្រី​របស់​អ្នក​ស្រី ទេព វន្នី គឺ​លោក​ស្រី ហួត ច័ន្ទ​សុវណ្ណ ថ្លែង​នៅ​ក្នុង​ញត្តិ​នោះ​ថា ក្រោយពីអ្នក​ស្រី ទេព វន្នី ត្រូវ​​ជាប់ឃុំ​​ក្នុង​ពន្ធនាគារ​ជាង​មួយ​ឆ្នាំកន្លះ​មក​នេះ កូន​ៗទាំងពីរ​នាក់​​របស់​គាត់​ជួប​ទុក្ខលំបាកទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្តយ៉ាងធ្ងន់ធ្ងរ​ ដោយ​សារ​មិន​មាន​អ្នក​ថែ​ទាំ​បាន​ដិតដល់​ ព្រោះ​អ្នក​ស្រី​ ទេព វន្នី និង​ស្វាមី​ បាន​លែង​លះ​គ្នា​រួច​ហើយ មុន​ពេល​ជាប់​ពន្ធនាគារ​ ហើយ​កូនទាំ​ងពីរនាក់​នេះ គឺ​អ្នក​ស្រី ទេព វន្នី ជា​អ្នក​រ៉ាប់រង​ចិញ្ចឹម​។

ពួក​គាត់​ទាំងពីរ​រៀប​រាប់​បន្ត​ថា កូន​ស្រីអាយុ ១៣ ឆ្នាំ របស់​អ្នក​ស្រី​ ទេព វន្នី មាន​ជំងឺប្រព័ន្ធប្រសាទ​ប្រចាំ​កាយ​ ​តាំងពី​នៅ​ជា​ទារក​ និង​ត្រូវ​ប្រើ​ថ្នាំ​ជាប់​ជា​ប្រចាំ​ ហើយ​ចាប់​តាំងពី​ម្តាយ​ត្រូវ​ជាប់​ពន្ធនាគារ​មក​ នាង​បាន​ចូល​ពេទ្យ​ជាញឹក​ញាប់ ហើយ​ជំងឺ​ឈឺក្បាល​ខ្លាំង​របស់​នាង​បាន​រើ​មក​វិញ ធ្វើ​ឱ្យ​នាងគេ​ង​មិន​សូវ​បាន និង​ត្អូញ​ថា ឈឺក្បាល​ជា​រៀង​រាល់​ថ្ងៃ​។អ្នក​ទាំងពីរ​អះអាង​ទៀត​ថា កូន​ៗ​របស់​អ្នក​ស្រី ទេព វន្នី តែង​តែសួររក​ម្តាយ​ជា​ប្រចាំ ថាតើ​ពេល​ណា​ទើប​ម្តាយ​របស់​ពួក​គេ​ត្រឡប់​មក​វិញ​ ដែល​បញ្ហា​នេះ ធ្វើ​ឱ្យ​លោក​ស្រី​ដែល​ជា​ជីដូន និង​ម្តាយ​មីង មាន​ការ​សង្វេគ​អាណិត​ក្មេងៗ​ជា​ខ្លាំង ហើយ​ម្យ៉ាងវិញ​ទៀត អ្នក​ទាំងពីរ​ក៏ជួប​ការ​​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​​ការ​រស់​នៅ និង​រៀន​សូត្រ​របស់ក្មេងៗ​ទាំងពីរ​ផង​ដែរ​ ហេតុ​ដូច​នេះ ទើប​សំណូម​ពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ឱ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ។

សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ លោក ចាន់​ ពុទ្ធិស័ក​ ដែល​បាន​ជូន​ក្រុម​គ្រួសារ​អ្នក​ស្រី ទេព វន្នី ទៅ​ដាក់​ញត្តិ​ ​​ ថ្លែង​​​ថា ញត្តិ​នោះ​ត្រូវ​បាន​មន្ត្រី​ប្រចាំ​ការ​នៅ​ខុទ្ទកាល័យលោក​នាយក​រដ្ឋមន្ត្រី​​ នៅ​ក្រោម​ដើម​ពោធិ៍​ មុខ​វត្ត​បុទុម​វត្តី ទទួល​យក​ ក៏​ប៉ុន្តែ​មន្ត្រី​រូប​នោះ​មិន​មាន​ការ​សន្យា​អ្វី​នោះ​ទេ គ្រាន់​តែ​ទទួល​យក​ញត្តិ​ហើយ ក៏​ប្រាប់​ឱ្យ​ក្រុម​គ្រួសារ​អ្នក​ស្រី ទេព វន្នី ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លោក​រំពឹងថា ​លោក​ ហ៊ុន សែន នឹង​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី ទេព វន្នី ព្រោះ​រឿង​ក្តី​នេះបាន​ឆ្លង​ផុតដំណាក់​កាល​តុលាការ​កំពូល​រួច​រាល់​ហើយ​។

សំណុំ​រឿងនេះ​ត្រូវ​តុលាការ​កំពូល​ចេញ​សាលដីការរួច​ហើយ ហើយ​បញ្ហា​ដីធ្លី​តំបន់​បឹងកក់​ក៏​ត្រូវ​បាន​ដោះស្រាយ​ជិត​ចប់​ហើយដែរ នៅ​សល់​តែ​ចំនួន​ ២​ គ្រួសារ​ទៀត​ប៉ុណ្ណោះ​។ ​បញ្ហា​ដែល​សំខាន់​នោះ គឺ​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់​ដែលមាន​ក្លិន​អសោច​ជាង​ ១០ ឆ្នាំ​មក​ហើយ អញ្ចឹង​សង្ឃឹម​ថា នៅ​ពេល​នេះនឹង​មាន​​ការដោះលែងអ្នក​ស្រី ទេព វន្នី និង​ការ​អន្តរាគមន៍​បញ្ចប់ទំនាស់​ដីធ្លីតំបន់​បឹងកក់​ ដើម្បី​​បញ្ចប់​ភាព​អសោច​របស់​សហគមន៍​បឹងកក់​។

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាល​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការដដែល ចំពោះ​ការ​ផ្តន្ទាទោស​អ្នក​ស្រី ទេព វន្នី ឱ្យ​ជាប់​ពន្ធនាគារ​ ២ ឆ្នាំ​កន្លះ ពាក់ព័ន្ធ​​នឹងសំណុំ​រឿង​​ហិង្សា​​លើ​សន្តិសុខ​សាលាខណ្ឌដូន​ពេញ ក្បែរផ្ទះ​នាយករដ្ឋ​​មន្ត្រី កាល​ពី​ឆ្នាំ ២០១៣​ កន្លង​ទៅ​។

មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក​ សឺង សែនករុណា ថ្លែង​ថា សំណុំរឿង​អ្នក​ស្រី ទេព វន្នី ត្រូវ​បញ្ចប់​រួច​ហើយ តាម​អំណាច​សាលដីការ​របស់​តុលាការ​កំពូល ដូច្នេះ​ផ្អែក​តាម​នីតិវិធី​ នាយក​រដ្ឋ​មន្ត្រី​អាច​ធ្វើ​សំណើសុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បីប្រោស​​ព្រះរាជទាន​ការ​លើក​លែង​ទោស​ដល់​សកម្មជន​ដីធ្លី​រូប​នេះ​។ លោក​អះអាងថា ភស្តុតាង​ដាក់​បន្ទុកក្នុ​ងសំណុំរឿង​របស់​អ្នក​ស្រី ទេព វន្នី នេះ មិន​សមហេតុផល​ និង​មិន​ស៊ីសង្វាក់​គ្នា​ជាមួយ​ហេតុការណ៍​ពិត​នោះ​ទេ ដូច្នេះលោក​ទទូច​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ជួយ​អន្តរាគមន៍​រឿង​នេះ ដើម្បី​ឱ្យ​អ្នកស្រី​ ទេព វន្នី​ មាន​សេរីភាព​វិញ​។

គ្រួសារ​របស់​អ្នក​ស្រី ទេព វន្នី ជាពិសេស កូន​របស់​គាត់ មាន​ជំងឺ​ប្រចាំកាយ ហើយ​គាត់​ក៏​មាន​ម្តាយ​ចាស់​ជរា​ទៅទៀត ដូច្នេះ​យើង​ទទូច​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ពិចារណា​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ឱ្យ​ទ្រង់​ព្រះរាជទាន​ការលើក​លែង​ទោស ដើម្បី​ឱ្យ​អ្នកស្រី​មាន​សេរីភាព​ជួបជុំ​គ្រួសារ​ឡើងវិញ ដើម្បី​ជាភាព​កក់​ក្តៅ​ដល់​ក្រុមគ្រួសារ​របស់​គាត់​។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នក​ស្រី​ ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ខ្លួន​ កាល​ពី​ខែសីហា ឆ្នាំ ២០១៦ ​ខណៈ​អ្នក​ស្រី និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​មួយ​ចំនួន​ទៀត កំពុង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​​ខ្មៅ ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រីអាដហុក​ទាំង ៤ រូប និង​លោក​ នី ចរិយា ព្រម​ទាំង​ជំរុញ​ឱ្យ​របប​ក្រុងភ្នំ​ពេញ​​​វែក​មុខរក​ឃាតករ​ពិត​ ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​។ គិត​ត្រឹម​ខែ​មីនា ឆ្នាំ ២០១៨ នេះ ​អ្នក​ស្រី​បាន​ជាប់​​ពន្ធនាគារ​​អស់​រយៈពេលប្រមាណ ១ ឆ្នាំ ៧ ខែហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល