កាសែត ខេមបូឌា ដេលី ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​វាយ​ប្រហារ​លើ​សេរីភាព​សារព័ត៌មាន

ដោយ យ៉ង ចាន់តារា
2017-08-28
Share
ឌឹ ខេមបូឌា ដេលី ២០១៧ ៨៥៥ សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Oung Sereyvuth

ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថ្លែង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​ប៉ុនប៉ង​បិទ​ស្ថាប័ន​របស់​ខ្លួន។ ការ​លើក​ឡើង​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែល​ជា​កាសែត​ឯករាជ្យ​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា។

ខណៈ​ឱសានវាទ​នៃ​ការ​បង់​ពន្ធ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត​ជួយ​អន្តរាគមន៍ ដើម្បី​តទល់​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល ខេមបូឌា ដេលី ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ចេតនា​នយោបាយ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ដាក់​ចំណង​ជើង​ថា “ការពារ​សេរីភាព​សារព័ត៌មាន ដោយ​បញ្ឈប់​ការ​វាយ​ប្រហារ​លើ ខេមបូឌា ដេលី” អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ដែល​ជា​បណ្ណាធិការ​រង​នៃ​កាសែត​បរទេស​មួយ​នេះ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​វាយ​ប្រហារ​មក​លើ​សេរីភាព​សារព័ត៌មាន​តាម​រយៈ​ការ​ចង់​បិទ​ស្ថាប័ន​របស់​អ្នកស្រី ដោយ​ក្លែង​អធិករណ៍​ទៅ​ជា​រឿង​មិន​បង់​ពន្ធ​វិញ៖ «ពេល​នេះ ខេមបូឌា ដេលី កំពុង​ស្ថិត​ក្រោម​ការ​គាប​សង្កត់។ លុយ​ដ៏​ច្រើន​ដែល​រដ្ឋាភិបាល​កំពុង​បង្ខំ​យើង​ឲ្យ​សង​នោះ គឺ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​សេរីភាព​សារព័ត៌មាន ដោយ​បន្លំ​ទៅ​ជា​ទំនាស់​រឿង​ពន្ធ​ទៅ​វិញ។ រដ្ឋាភិបាល​កម្ពុជា មាន​ផែនការ​រឹប​អូស​យក​ទ្រព្យ​សម្បតិ្ត​របស់​យើង។ នេះ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សន្ធិសញ្ញា​ស្ដីពី​ការ​វិនិយោគ​ទ្វេភាគី ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​ដើម្បី​ការពារ​វិនិយោគិន​បរទេស និង​កាតព្វកិច្ច​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​ខ្លួន។ រដ្ឋាភិបាល​នៃ​ប្រទេស​នានា​លើ​ពិភពលោក ចាំបាច់​ត្រូវ​មាន​ប្រតិកម្ម​នៅ​ពេល​នេះ ដើម្បី​ជួយ​ពួក​យើង​តតាំង​នឹង​បំណង​ដ៏​អយុត្តិធម៌​ក្នុង​ការ​បិទ​កាសែត​របស់​ពួក​យើង»

អ្នកស្រី​សង្កត់​ធ្ងន់​ថា អ្វី​ដែល​បង្ហាញ​កាន់​តែ​ច្បាស់​នោះ គឺ​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​ការ​ជាប់​ពន្ធ​របស់ ខេមបូឌា ដេលី។ អ្នកស្រី​ថ្លែង​ថា មន្ត្រី​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជាច្រើន​នាក់​នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នៅ​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​នេះ​ទៅ​ឲ្យ​សារព័ត៌មាន ហ្វ្រេស​ញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល មុន​ពេល​ទាក់ទង​មក ខេមបូឌា ដេលី។

អ្នកស្រី​អះអាង​ថា នេះ​គឺ​ជា​ការ​អនុវត្ត​រំលោភ​ទៅ​លើ​ច្បាប់​ស្ដីពី​សារពើពន្ធ ត្រង់​មាត្រា​៩៤ ដែល​ចែង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​របស់​ខ្លួន ត្រូវ​រក្សា​ការ​សម្ងាត់​ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​ជាប់​ពន្ធ។ ព័ត៌មាន​នេះ​អាច​ផ្តល់​ឲ្យ​តែ​បុគ្គល​ដែល​មាត្រា​នៃ​ច្បាប់​នេះ​អនុញ្ញាត​តែ​ប៉ុណ្ណោះ គឺ​មាន​មន្ត្រី​ពន្ធដារ​ដែល​កំពុង​បំពេញ​ភារកិច្ច អាជ្ញាធរ​ព្រហ្មទណ្ឌ និង​តុលាការ ជាដើម៖ «រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​ដំណើរការ​ត្រួត​ពិនិត្យ​រឿង​ពន្ធ​នេះ ដោយ​មិន​អើពើ​ពី​ស្តង់ដារ​វិជ្ជាជីវៈ ការ​រក្សា​ការ​សម្ងាត់ ឬ​ការ​អនុវត្ត​តាម​នីតិវិធី​អ្វី​បន្តិច​សោះ។ ការ​បន្ត​បែក​ធ្លាយ​ព័ត៌មាន​អំពី​ករណី​របស់​ពួក​យើង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​នោះ ជា​សញ្ញា​បង្ហាញ​ថា នេះ​ជា​ការ​ប៉ុនប៉ង​រុញ​ពួក​យើង​ចេញ​ពី​ការងារ ជាជាង​ការ​ព្យាយាម​រក​ឲ្យ​ឃើញ​ការពិត​ថា ពន្ធ​នោះ​ពិត​ជា​ត្រូវ​បាន​ជំពាក់​មែន»

ឌឹ ខេមបូឌា ដេលី ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ស៊ើប​អង្កេត និង​ដាក់​ទោស​ទណ្ឌ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ល្មើស​ច្បាប់​នេះ។

ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ថា​បាន​ជំពាក់​ថ្លៃ​ពន្ធ​រយៈពេល ១០​ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ ដែល​គិត​ជា​ទឹកប្រាក់​ប្រហែល ៦​លាន ៣​សែន​ដុល្លារ​អាមេរិក។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱសានវាទ​ឲ្យ​កាសែត​នេះ​សង​ថ្លៃ​ពន្ធ​ទាំងនោះ ត្រឹម​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ បើ​ផុត​ឱសានវាទ​ហើយ ខេមបូឌា ដេលី នៅ​តែ​មិន​ព្រម​បង់​ទេ​នោះ ស្ថាប័ន​នេះ​នឹង​ប្រឈម​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង។

ចំណែកឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ហៅ​កាសែត ខេមបូឌា ដេលី ថា​ជា​មេ​ចោរ​ដែល​មិន​បង់​ពន្ធ​ជូន​រដ្ឋ និង​បាន​គំរាម​បិទ​ស្ថាប័ន​នេះ​តែ​ម្តង បើ​មិន​ព្រម​បង់​ពន្ធ៖ «១០​ឆ្នាំ​គេ​គិត​តែ​រឿង​ច្បាប់​ពន្ធ​ទេ តែ​នេះ​តាំង​ពី​កើត​ចេញ​ជា​រូបរាង​មក មិន​ដែល​បង់​ពន្ធ​ឱ្យ​រដ្ឋ​ទេ។ សូម​ទោស! ឥឡូវ​កំពុង​តែ​បង្វែរ​ទៅ​ជា​ផ្លូវ​នយោបាយ​ហើយ ខ្លួន​ឯង​ជា​មេចោរ ហើយ​មក​បង្រៀន​គេ។ បើ​ចង់​នៅ​តទៅ​ទៀត ត្រូវ​បង់​ពន្ធ​ឱ្យ​រដ្ឋ បើ​មិន​បង់​ពន្ធ​ឱ្យ​រដ្ឋ​ទេ វេច​បង្វេច​ចាក​ចេញ​ទៅ»

ស្ថានភាព​សិទ្ធិ​មនុស្ស និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បាន​ដើរ​មក​ដល់​ដំណាក់កាល​មួយ​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តជាតិ​បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា ដោយ​ដាក់​ឱសានវាទ​មិន​ឲ្យ​ហួស​ពី​មួយ​សប្ដាហ៍ គំរាម​បិទ​សារព័ត៌មាន ខេមបូឌា ដេលី និង​បញ្ឈប់​សកម្មភាព​របស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដោយ​ខាង​ក្រសួង​ព័ត៌មាន អះអាង​ថា ស្ថានីយ​វិទ្យុ​ទាំងនោះ​រំលោភ​លើ​ការ​ណែនាំ​របស់​ក្រសួង។

ពួក​គេ​រិះគន់​ថា នេះ​ជា​ការ​ព្យាយាម​បំបិទ​សំឡេង​អ្នក​ឯករាជ្យ និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពួក​គេ​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​យុទ្ធនាការ​ធ្វើ​បាប សម្លុត​បំភ័យ និង​គំរាម​កំហែង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រតិកម្ម និង​រិះគន់​ផ្ទួនៗ​គ្នា​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​តប​ថា គឺ​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។