គ្រួសារនាយឧត្ដមសេនីយ៍ខ្មែរកំពូលម្នាក់ ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកបន្លំប្រាក់ ១០០លានដុល្លារ​នៅប្រទេសអូស្ត្រាលី

ដោយ៖ ហ្សាក់ ដេវី (Jack Davies)
2020.09.30
PolSaroeun-Australia-Feature.jpg ក្រាហ្វិកពីកម្ពុជា និង​អូស្រ្តាលី
រូបថតអាស៊ីសេរី

គម្រោង​វិនិយោគ​មិនស្មោះត្រង់​ពីរ ភ្ជាប់​ពាណិជ្ជករ​អូស្ត្រាលី​ម្នាក់​ទៅ​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

យោងតាមដីកា​របស់​តុលាការ​សហព័ន្ធ​ឆ្នាំ២០១៩ កូនស្រី​របស់​នាយឧត្ដមសេនីយ៍​ដែលកាន់​តំណែងយូរ ហើយ​មានកេរ្តិ៍ឈ្មោះ​អាក្រក់​មួយរូប បាន​ធ្វើជាមេខ្លោង​ឲ្យគម្រោងវិនិយោគ​ដីធ្លី​បែបបោកប្រាស់​មួយ ដែល​មាន​តម្លៃប្រហែល ១០០លាន​ដុល្លារ នៅ​ប្រទេស​អូស្ត្រាលី។

នាយឧត្ដមសេនីយ៍ ប៉ុល សារឿន គឺជា​មេបញ្ជាការ​កងទ័ពជើងគោក​ជាន់ខ្ពស់​យូរឆ្នាំម្នាក់ និង​ដ៏ទុកចិត្ត​បំផុត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​កាន់​តំណែង​កំពូល​នៃ​កងទ័ពជើងគោកនេះ ចាប់ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៨ ហើយ​ឥឡូវនេះ លោក​មានតំណែង​ជា​ទេសរដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពជើងគោក ថ្លែងសុន្ទរកថានៅសាលាការពារព្រំដែន នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពជើងគោក ថ្លែងសុន្ទរកថានៅសាលាការពារព្រំដែន នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
រូបថត៖ ទំព័រហ្វេសប៊ុកលោក ប៉ុល សារឿន

អាស៊ីសេរី​រកឃើញថា គ្រួសារ​របស់​លោក ប៉ុល សារឿន មាន​ទ្រព្យសម្បត្តិ​យកទៅ​លាក់ទុកនៅ​ទ្វីប​ចំនួនបី។ ការរកឃើញនេះ គឺជា​ផ្នែកមួយ​នៃ​ដំណើរការ​ស៊ើបអង្កេត​ដែល​អាស៊ីសេរី កំពុង​ពិនិត្យ​មើល​ជុំវិញ​រឿងរ៉ាវ​លុយកាក់ និង​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​នៅ​កម្ពុជា ដែល​ពួកគេ​យក​ទៅ​លាក់ទុក​នៅ​ក្រៅ​ប្រទេស។

នៅ​ប្រទេស​អូស្ត្រាលី គ្រួសារ​លោក ប៉ុល សារឿន បានជាប់​ពាក់ព័ន្ធ​នឹង​គម្រោងវិនិយោគ​ដីធ្លី​ដ៏សម្បើម​មួយ។ គម្រោងនេះ គឺជា​វិធី​ធ្វើវិនិយោគទុន​លើ​អចលនទ្រព្យ​ខាងដីធ្លី​ដ៏ចម្រូងចម្រាស​មួយ​តាមរយៈ​ការទិញ​ដីទំហំ​ធំៗ ដែល​គ្មាន​ការអភិវឌ្ឍ ហើយ​ពុះច្រៀក​ឱ្យ​ទៅ​ជា​ដីឡូត៍​ប្លង់​តូចៗ ទុក​លក់​ឱ្យ​អ្នកវិនិយោគ ដែល​សង្ឃឹម​ថា​ថ្ងៃណាមួយ​រដ្ឋ​នឹង​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​ជា​លំនៅឋាន​នៅ​ទីនោះ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​ឡើង​ថ្លៃ​កប់ពពក។ រដ្ឋាភិបាល​អូស្ត្រាលី​ព្រមាន​ថា មាន​អ្នកវិនិយោគ​ជាច្រើននាក់​ហើយ​ដែលខាត​បង់លុយកាក់​ទៅលើ​គម្រោង​ដែល​ចាត់ចែង​មិនបាន​ល្អ ឬ​ដែល​មាន​ការកេងបន្លំ។

កូនស្រី​ពីរនាក់​របស់​លោក ប៉ុល សារឿន គឺ​អ្នកស្រី ប៉ុល ពិសី និង អ្នកស្រី ប៉ុល សុធាវី បានជាប់​ពាក់ព័ន្ធ​ក្នុង​រឿងរ៉ាវ​អាស្រូវ​នៃគម្រោងការ​បោកប្រាស់​នេះ។ នៅ​ខែកក្កដា ឆ្នាំ២០១១ អ្នកទាំងពីរ​បានឈរ​ឈ្មោះ​កាន់កាប់​ភាគហ៊ុន​ចំនួន ៥លានហ៊ុន នៅក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ អេវីអេសិន ៣០៣០ ភីធីវ៉ាយ អិលធីឌី (Aviation 3030 Pty Ltd.)។ វាជា​ក្រុមហ៊ុន​អូស្ត្រាលី​មួយ ដែល​បង្កើត​ឡើង​ដើម្បី​វិនិយោគ​លើ​វិស័យ​ដីធ្លី។ កាលពី​ឆ្នាំមុន ចៅក្រម​សហព័ន្ធ​បានចេញ​សេចក្ដី​សម្រេច​ឱ្យ​បញ្ឈប់​គម្រោង​វិនិយោគ​នេះ ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​ធ្វើឡើង​ដោយ​គណៈកម្មការ​មូលបត្រ និង​​វិនិយោគ​អូស្ត្រាលី (Australian Securities and Investment Commission)។អ្នកស្រី ប៉ុល សុធាវី និងប្តី លោក ខៀវ សុខា និង​អ្នកស្រី ប៉ុល ពិសី និងប្តី លោក សូ ខនបញ្ញារិទ្ធិ

ស្ត្រីមេខ្លោងក្នុងគម្រោងការបោកប្រាស់

ស្ថាបនិក​ក្រុមហ៊ុន អេវីអេសិន ៣០៣០ លោក ឡៅ ហាក់លី (Hakly Lao) គឺជា​ខ្មែរ​អូស្ត្រាលី​ម្នាក់ ដែលគេស្គាល់ថា ជាអ្នកមាន​ទំនាក់ទំនង​លំដាប់​កំពូល​ជាមួយ​មន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុង​នោះ យ៉ាង​ហោចណាស់ ក៏រួមមាន​ទាំងកូន​របស់​លោក ហ៊ុន សែន ម្នាក់​ផង​ដែរ។

លោក ឡៅ ហាក់លី បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​នៅ​ឆ្នាំ២០១១ ក្រោយពី​បាន​ប្រទះ​ឃើញ​ដីទំហំ​ជាង ៩៧ហិកតារ នៅ​តំបន់ ផញ់ឃុក (Point Cook) ជាយ​ក្រុងមែលប៊ន (Melbourne) ហើយ​បានទិញ​ដីនោះ​ក្នុង​តម្លៃ ៧,៨លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង ៥,៦លានដុល្លារអាមេរិក) កាលពី​ខែឧសភា ក្នុង​ឆ្នាំដដែល​នោះ។

លោក ឡៅ ហាក់លី (Hakly Lao) ស្ថាបនិកក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។
លោក ឡៅ ហាក់លី (Hakly Lao) ស្ថាបនិកក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។
រូបថត៖ បណ្តាញសង្គម LinkedIn

ពីរខែ​ក្រោយ​មក បងប្អូនស្រី​ត្រកូល​ប៉ុល បាន​ទិញ​ភាគហ៊ុន​ចំនួន ៥លានហ៊ុន ដែល​តំណាង​ឱ្យ​ដីទំហំជាង ២ហិកតារ​ក្នុង​តម្លៃ​សរុប ៥០ដុល្លារ​អូស្ត្រាលី (ស្មើនឹង ៣៦ដុល្លារអាមេរិក)។ បើគេបែងចែក​ភាគហ៊ុន​ដដែល​នេះ ទុក​សម្រាប់​លក់រាយ​ឲ្យ​អ្នកវិនិយោគ​ដទៃ​វិញ ភាគហ៊ុន​នេះ​អាចនឹង​មានតម្លៃ​រហូត​ដល់​ទៅ ១លានដុល្លារ​អូស្ត្រាលី (ស្មើនឹង ៧១៥.០០០ ដុល្លារអាមេរិក) ពោល​គឺថ្លៃជាង​តម្លៃ​ដែល​បងប្អូនស្រី​ត្រកូលប៉ុល បានទិញ​រហូត​ដល់​ទៅ ១.៩៩៩.៩០០ ភាគរយ​ឯណោះ។

ផ្អែកតាម​លទ្ធផល​នៃ​ការស៊ើប​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន អេវីអេសិន ៣០៣០ កាលពី​ខែមីនា ឆ្នាំ២០១៩ ចៅក្រម ចន អូកាលឡាហ្កាន់ (John O'Callaghan) បាន​ពិពណ៌នា​ថា អ្នកស្រី ប៉ុល ពិសី និង​អ្នកស្រី ប៉ុល សុធាវី គឺជា «អ្នកឈរឈ្មោះ» ឱ្យ​ស្ថាបនិក​ក្រុមហ៊ុន គឺលោក ឡៅ ហាក់លី។ កូនស្រី​របស់​នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ទំនង​ដូចជាបាន​អនុញ្ញាត​ឱ្យ​លោក ឡៅ ហាក់លី ប្រើឈ្មោះ​របស់​ពួកគេ ដើម្បី​បិទបាំង​ផលប្រយោជន៍​របស់​លោក​ក្នុងនាម​ជាម្ចាស់ភាគហ៊ុន មិនឲ្យ​អ្នកវិនិយោគ​ដទៃទៀត​នៅ​ពេល​អនាគត​បានដឹង។

គេនៅ​មិនទាន់ដឹង​ច្បាស់ទេថា តើបងប្អូនស្រី​ទាំងពីរនាក់​នេះ ទទួល​បាន​ផលប្រយោជន៍​អ្វីខ្លះ ពីការរៀបចំ​ចាត់ចែង​បែបនេះ។ ប៉ុន្តែ​រឿងរ៉ាវ​នេះ គឺគ្រាន់​តែ​ជាចំណុច​ចាប់ផ្តើម​មួយ​នៃ​ល្បិច​ថ្ពឹនភ្នែក​ដែល​លោក ឡៅ ហាក់លី ប្រើប្រាស់​ដើម្បី​បោកបញ្ឆោត​អ្នកវិនិយោគ​របស់​លោក​តែប៉ុណ្ណោះ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តុលាការសហព័ន្ធអូស្ត្រាលី បានចេញសេចក្តីសម្រេចឲ្យបិទក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។ ចៅក្រមនៃតុលាការនេះ បានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អេវីអេសិន ៣០៣០ មិនសក្ដិសមនឹងអង្គុយក្នុងតំណែងជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះឡើយ»។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តុលាការសហព័ន្ធអូស្ត្រាលី បានចេញសេចក្តីសម្រេចឲ្យបិទក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។ ចៅក្រមនៃតុលាការនេះ បានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អេវីអេសិន ៣០៣០ មិនសក្ដិសមនឹងអង្គុយក្នុងតំណែងជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះឡើយ»។
រូបថត៖ អាស៊ីសេរី

ទសវត្សរ៍នៃការបោកប្រាស់

៣ថ្ងៃមុន​ពេល​ដែល​លោក ឡៅ ហាក់លី យក​ឈ្មោះ​អ្នកស្រី ប៉ុល ពិសី និង​អ្នកស្រី ប៉ុល សុធាវី មកឈរ​ជាម្ចាស់​ភាគហ៊ុន​ឲ្យ​ក្រុមហ៊ុន​របស់​លោក លោក​បានរៀបចំ​វិធី​កេងចំណេញ​ឲ្យខ្លួនឯង ដែល​លោក​បានបន្ត​ធ្វើរបៀបនេះ​អស់ជិត ១០ឆ្នាំ​ក្រោយ​មក គឺ​រហូត​ដល់ពេល​ដែល​តុលាការ​បាន​បញ្ជា​ឲ្យ​បិទប្រតិបត្តិការ​របស់​ក្រុមហ៊ុន អេវីអេសិន នេះ​តែ​ម្តង។

នៅថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១១ ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ អូដាយរ៉ិច ប្រូភើធី គ្រុប ភីធីវ៉ាយ អិលធីឌី (AuDirect Property Group Pty Ltd) ជា​ក្រុមហ៊ុន​អូស្ត្រាលីមួយ ដែល​លោក ឡៅ ហាក់លី ជាម្ចាស់ និង​ជា​អ្នកគ្រប់គ្រង បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន អេវីអេសិន ៣០៣០ ដែល​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​គម្រោង​វិនិយោគ​ដីធ្លី​របស់​ក្រុមហ៊ុន អេវីអេសិន ៣០៣០ ត្រូវ​បង់ថ្លៃ​សេវា​គ្រប់គ្រង​ក្នុង​តម្លៃ​ដល់​ទៅ​រាប់សិបលាន​ដុល្លារ ទៅ​ដល់​ក្រុមហ៊ុន អូដាយរ៉ិច ប្រូភើធី គ្រុប។

ក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្រោយស្ថាបនិករបស់ក្រុមហ៊ុននេះ គឺលោក ឡៅ ហាក់លី បានប្រទះឃើញដីទំហំជាង ៩៧ហិកតារ នៅតំបន់ ផញ់ឃុក (Point Cook) ជាយក្រុងមែលប៊ន (Melbourne) ដែលក្រុមហ៊ុននេះបានទិញក្នុងតម្លៃ ៧,៨លានដុល្លារអូស្ត្រាលី (ស្មើនឹង ៥,៦លានដុល្លារអាមេរិក)។
ក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្រោយស្ថាបនិករបស់ក្រុមហ៊ុននេះ គឺលោក ឡៅ ហាក់លី បានប្រទះឃើញដីទំហំជាង ៩៧ហិកតារ នៅតំបន់ ផញ់ឃុក (Point Cook) ជាយក្រុងមែលប៊ន (Melbourne) ដែលក្រុមហ៊ុននេះបានទិញក្នុងតម្លៃ ៧,៨លានដុល្លារអូស្ត្រាលី (ស្មើនឹង ៥,៦លានដុល្លារអាមេរិក)។
រូបថត៖ អាស៊ីសេរី

ក្នុង​ការចុះបញ្ជី​ស្រដៀងគ្នា​នេះ​ឲ្យ​ក្រុមហ៊ុន អូ ដាយរ៉ិច គ្រុប ខូ អិលធីឌី (AU Direct Group Co Ltd) នៅក្នុង​ប្រទេស​កម្ពុជា​វិញ លោក ឡៅ ហាក់លី បាន​ដាក់​អាសយដ្ឋាន​ផ្ទះ និង​អាសយដ្ឋាន​ការិយាល័យ​ធំ​របស់​ក្រុមហ៊ុន​លោក សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន​នេះ​ធ្វើឡើង​ដោយ​អ្នកស្រី ប៉ុល សុធាវី និង​ប្ដីឈ្មោះ ខៀវ សុខា។ ក្រុមហ៊ុន អូ ដាយរ៉ិច មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ក្រសួង​ពាណិជ្ជកម្ម​ទៀតទេ ហើយ​ទិន្នន័យ​ចងក្រង​ដោយ​ការស៊ើបអង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីតនេស (Global Witness) នៃ​ចក្រភព​អង់គ្លេស ក៏មិនបាន​បង្ហាញ​ឲ្យដឹង​ពីគោលបំណង​ពិតប្រាកដ​របស់​ក្រុមហ៊ុនមួយ​នេះ​ដែរ។

មិនមាន​ព័ត៌មាន​ច្បាស់​ទេ​ថា តើ​ក្រុមគ្រួសារ​ត្រកូលប៉ុល និង​លោក ឡៅ ហាក់លី ចាប់ផ្ដើម​ស្គាល់គ្នា​ពីពេលណា​មកទេ។ សមាជិក​នៃ​គ្រួសារ​ទាំងពីរ​មិនបាន​ឆ្លើយតប​នឹង​ការស្នើសុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ទេ។ នៅ​ក្នុងសេចក្តី​ពន្យល់​អំពី​ការសម្រេច​បញ្ជាឲ្យ​បិទក្រុមហ៊ុន អេវីអេសិន ៣០៣០ ហើយ​ដាក់​ក្រុមហ៊ុន​នេះ​ឱ្យស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ចៅក្រម អូ កាលឡាហ្កាន បាន​លាតត្រដាង​ពីទង្វើ​ឆបោកមួយ​ចំនួន ដែល​ប្រព្រឹត្តិ​ដោយ​លោក ឡៅ ហាក់លី និង​សមាជិក​គណៈកម្មការនាយក​នៃ​ក្រុមហ៊ុន​របស់​គាត់។

ចៅក្រម អូ កាលឡាហ្កាន សរសេរ​ថា «សមាជិក​ក្រុមប្រឹក្សា​នាយក​ទាំងនោះ បាន​ចេញ​ប័ណ្ណភាគហ៊ុន​ក្នុងតម្លៃទាប​ជាច្រើន​ឱ្យទៅ​ពួកគេ​ខ្លួនឯង និង​សហការី​របស់​ពួកគេ។ ពួកគេ​បាន​ប្រឌិត​ការឆ្លើយឆ្លង និង​វិក្កយបត្រ​ក្លែងក្លាយ។ ពួកគេ​បាន​ផ្តល់​ការណែនាំ​មិនពិត​ដល់​អ្នកប្រមូលប្រាក់​នៅ​ខាងក្រៅ​ក្រុមហ៊ុន។ ពួកគេ​បាន​បោកបញ្ឆោត និង​បំភាន់​អ្នកវិនិយោគ​ដទៃ។ ពួកគេ​បាន​ចុះកិច្ចសន្យា​ខ្ចីប្រាក់​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយ​បាន​ចាយវាយ​ប្រាក់កាស​ទាំងនោះ ដោយ​គ្មានការ​អនុញ្ញាត និង​ច្រើន​ហួស​ប្រមាណ»។

របាយការណ៍ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ពីគេហទំព័រឃ្លាំមើលអចលនទ្រព្យ (Property Observer) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ស្តីពីសេចក្តីសម្រេចរបស់តុលាការសហព័ន្ធ បញ្ជាឲ្យបិទក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។
របាយការណ៍ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ពីគេហទំព័រឃ្លាំមើលអចលនទ្រព្យ (Property Observer) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ស្តីពីសេចក្តីសម្រេចរបស់តុលាការសហព័ន្ធ បញ្ជាឲ្យបិទក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។
រូបថត៖ អាស៊ីសេរី

ចំណង​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ថ្នាក់​កំពូលៗ

បងប្អូនស្រី​របស់​ត្រកូល​ប៉ុល មិនមែន​ជាសមាជិក​នៃ​ឥស្សរជន​នយោបាយ​របស់​ប្រទេសកម្ពុជា​ដំបូង​ទេ ដែល​បាន​ជំពាក់ជំពិន​ក្នុង​ការធ្វើ​អាជីវកម្ម​ខុសច្បាប់​របស់​លោក ឡៅ ហាក់លី។

នៅ​ឆ្នាំ២០១៨ គឺ​មួយឆ្នាំ​មុនពេល​ដែល​ក្រុមហ៊ុន អេវីអេសិន ៣០៣០ ត្រូវ​តុលាការ​បញ្ជា​ឲ្យ​បិទ គម្រោង​វិនិយោគ​ដីធ្លី​នៅទីក្រុង​មែលប៊ន ស្រដៀង​គ្នាមួយ ដែល​គ្រប់គ្រង​ដោយ​លោក ឡៅ ហាក់លី ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ ដោយសារតែ​មិនបាន​ចុះបញ្ជិកា​ត្រឹមត្រូវ​ជាមួយ​អាជ្ញាធរ។ គម្រោង​វិនិយោគ​មួយនេះ ដែល​គេស្គាល់​ឈ្មោះ​ថា វីខេខេ អ៊ិនវេសមិនស៍ យូនីត ត្រាស់ (VKK Investments Unit Trust) បាន​ប្រមូល​កៀរគរ​បាន​ប្រាក់ ២២លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង ១៥,៧លាន​ដុល្លារ​អាមេរិក) ពី​អ្នកវិនិយោគ​នានា។

យោងតាម​កំណត់ត្រា​របស់​តុលាការ ដែល​បណ្តាញ​ព័ត៌មាន អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) បាន​រាយការណ៍​ជាលើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០១៨ លោក គង់ វិបុល អគ្គនាយក​ពន្ធដារ​នៃ​ប្រទេស​កម្ពុជា ក៏ឋិត​នៅក្នុង​ចំណោម​អ្នកវិនិយោគ​ទាំងនោះ​ដែរ។ ក្នុង​ឆ្នាំ២០១២ លោក គង់ វិបុល បានដាក់​ពាក្យប្ដឹង​អ្នកវិនិយោគ​គ្នាឯង​នៅក្នុង​ក្រុមហ៊ុនVKK នេះ ព្រមទាំង​អ្នកអនុវត្ត​គម្រោង​វិនិយោគ​មួយនេះ គឺ ក្រុមហ៊ុន ជីម មេនេចមិន គ្រុប (Gem Management Group) ដែល​មាន​លោក ឡៅ ហាក់លី ជាម្ចាស់ និង​ជា​អ្នកគ្រប់គ្រង។

ក្នុង​អំឡុងពេល​ដែល​មាន​ការចោទប្រកាន់​គ្នា​ថា មេពន្ធដារ (លោក គង់ វិបុល) បាន «គំរាមកំហែង និង​បំភិតបំភ័យ» ទៅលើ​ចុងចម្លើយ មេធាវី​របស់​លោក គង់ វិបុល បាន​ស្វះស្វែង​សុំឲ្យ​មាន​សេចក្ដី​សម្រេច​មុនអង្គសេចក្តី​ពី​តុលាការ ទាមទារ​ទឹកប្រាក់​សរុប​ចំនួន ៤,១លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង ២,៩លាន​ដុល្លារ​អាមេរិក) ចំពោះ​ការខូចខាត​របស់លោក គង់ វិបុល។ ប៉ុន្តែ ពាក្យបណ្តឹង​របស់​ពួកគេ​ត្រូវ​តុលាការ​បដិសេធ​នៅ​ឆ្នាំ២០១៤ ហើយ​ចាប់តាំង​ពីពេល​នោះ​មក ករណីនេះ​មិនត្រូវ​បាន​តុលាការ​លើក​យក​មក​ជំនុំជម្រះ​ជាថ្មី​ទៀត​នោះទេ។

អគ្គនាយកពន្ធដារ លោក គង់ វិបុល ធ្លាប់ជាអ្នកវិនិយោគម្នាក់ក្នុងគម្រោងវិនិយោគដីធ្លីមួយផ្សេងទៀត ដែលលោក ឡៅ ហាក់លី ជាអ្នកគ្រប់គ្រង។ លោក គង់ វិបុល បានដាក់ពាក្យប្ដឹងប្រឆាំងអ្នកវិនិយោគគ្នាឯង។ ក្រោយមក ការចោទប្រកាន់នានាបានដឹងឮជាសាធារណៈថា លោក គង់ វិបុល បានគំរាមកំហែងចុងចម្លើយ ដោយលោកបានទាមទារទឹកប្រាក់សំណងចំពោះការខូចខាត សរុបចំនួនជាង ៤លានដុល្លារអូស្ត្រាលី។
អគ្គនាយកពន្ធដារ លោក គង់ វិបុល ធ្លាប់ជាអ្នកវិនិយោគម្នាក់ក្នុងគម្រោងវិនិយោគដីធ្លីមួយផ្សេងទៀត ដែលលោក ឡៅ ហាក់លី ជាអ្នកគ្រប់គ្រង។ លោក គង់ វិបុល បានដាក់ពាក្យប្ដឹងប្រឆាំងអ្នកវិនិយោគគ្នាឯង។ ក្រោយមក ការចោទប្រកាន់នានាបានដឹងឮជាសាធារណៈថា លោក គង់ វិបុល បានគំរាមកំហែងចុងចម្លើយ ដោយលោកបានទាមទារទឹកប្រាក់សំណងចំពោះការខូចខាត សរុបចំនួនជាង ៤លានដុល្លារអូស្ត្រាលី។
រូបថត៖ អាស៊ីសេរី

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​ផ្សារភ្ជាប់​ជាមួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី។

នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សភា​តំណាងរាស្ត្រ​អូស្ត្រាលី លោក​តំណាងរាស្ត្រ ជូលៀន ហៀល (Julian Hill) ថ្លែងថា កិច្ចប្រឹងប្រែង​ទាំងនោះ​របស់​គណបក្សប្រជាជន​កម្ពុជា ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូចជា ការលាង​លុយកខ្វក់ ការបំភិតបំភ័យ និង​ការរត់ពន្ធ​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន បារី និងស្រា ជាដើម។

វិធីសាស្ត្រ​ដែល​គណបក្សប្រជាជន​កម្ពុជា​ប្រើប្រាស់ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋខ្មែរ​នៅអូស្ត្រាលី​នេះ ក៏មាន​ទម្រង់​មិនសូវជា​អាក្រក់​ដែរទេ ដូចជា​ពួកគេ​បាន​រៀបចំ​ឱ្យមាន​សហគមន៍​ជួបជុំគ្នា និង​បង្កើត​ជា​ព្រឹត្តិការណ៍​នានា​ជាដើម។ អតីត​សមាជិក​គណបក្សប្រជាជន​កម្ពុជា និង​ជា​អ្នកទម្លាយ​ព័ត៌មានម្នាក់ គឺ​អ្នកស្រី គី កល្យាណ ធ្លាប់​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ នៅ​ទីក្រុង​មែលប៊ន។

អ្នកស្រី គី កល្យាណ និយាយ​ថា នៅក្នុង​ឆ្នាំ២០១៤ លោក ហ៊ុន ម៉ានិត ជា​មេចារកម្ម​យោធា​កម្ពុជា និង​ជាកូនប្រុស​របស់​លោក ហ៊ុន សែន បាន​អញ្ជើញ​អ្នកស្រី ឱ្យ​ទៅចូលរួម​កិច្ចប្រជុំ​នៅឯ​ភោជនីយដ្ឋាន​មួយ នៅ​ជាយ​ក្រុង​មែលប៊ន នៃតំបន់ ប៊ឺវូដ (Burwood)។ អ្នកស្រី គី កល្យាណ រម្លឹកថា ពេលនោះ​មាន​មនុស្ស​ប្រហែល ៧នាក់ នៅ​អង្គុយ​ព័ទ្ធជុំវិញតុ ដែល​ក្នុងនោះ​មាន​ទាំង​លោក ឡៅ ហាក់លី ផង។

អ្នកស្រី គី កល្យាណ មាន​ប្រសាសន៍​ថា «លោក ឡៅ ហាក់លី តែងតែ​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​ធំៗ​ទាំងអស់ ហើយ​ក៏ជា​លើក​ដំបូង​ដែរ​ដែល​យើង​ប្រជុំ​ជាមួយ​លោក ហ៊ុន ម៉ានិត។ ពួកគេ​ហាក់ដូចជា​ជិតស្និទ្ធ​នឹងគ្នា​ណាស់។ គាត់​មានទំនាក់ទំនង​ជាមួយ​ថ្នាក់លើ​ច្រើន​ជាង​សមាជិក​ធម្មតា»។ការិយាល័យក្រុមហ៊ុនវិនិយោគ VKK Investments Unit Trust ដែលជាក្រុមហ៊ុនវិនិយោគដីធ្លីមួយផ្សេងទៀតមានមូលដ្ឋាននៅក្រុងមែលប៊ន (Melbourne) គ្រប់គ្រងដោយលោក ឡៅ ហាក់លី ត្រូវតុលាការបញ្ជាឲ្យរំលាយចោលក្នុងឆ្នាំ២០១៨ ដោយសារតែខកខានមិនបានចុះបញ្ជីជាមួយអាជ្ញាធរ។

ទំហំវិនិយោគលំដាប់អន្តរជាតិ

សេចក្ដីរាយការណ៍​របស់ អាស៊ីសេរី បង្ហាញថា ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​គ្រួសារ​នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បាន​ពង្រីក​ពី​ប្រទេស​កម្ពុជា​ទៅដល់​អូស្ត្រាលី និង​សហរដ្ឋអាមេរិក។ ការពូនគរ​ទ្រព្យសម្បត្តិ​ឆ្លងទ្វីប​បែបនេះ គឺជា​ដំណើររឿងរ៉ាវ​ដ៏វែងឆ្ងាយ​ចេញពីទី​ដែល​មេដឹកនាំ​កងទ័ព​កំពូល​រូបនេះ បាន​ចាប់ផ្ដើម​អាជីព​របស់​លោក ជា​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់។

លោក ប៉ុល សារឿន បាន​ចូលរួម​ជាមួយ​ក្រុម​បដិវត្តន៍កុម្មុយនិស្ត​នៅ​ឆ្នាំ១៩៦៨ ពេល​ដែល​គាត់​មាន​អាយុ ២០ឆ្នាំ ហើយ​បាន​ចំណាយ​ពេល​មួយទសវត្សរ៍​បន្ទាប់​មក​ទៀត ធ្វើការ​ដើម្បី​លុបបំបាត់​ភាពជា​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ឯកជន ដែល​ជារឿយៗ គឺ​ធ្វើតាម​វិធីឃោរឃៅ និង​​អមនុស្សធម៌។

យោងតាមរបាយការណ៍​ឆ្នាំ២០១៨ របស់​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស យូមែន រ៉ៃយស៍ វ៉ច្ឆ (Human Rights Watch) នៅចន្លោះ​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៨ លោក ប៉ុល សារឿន គ្រប់គ្រង​គុក​ខ្មែរក្រហម​មួយ ហៅថា មន្ទីរ ស-៧៩ (S-79) ជា «ទីឃុំឃាំង​សមាជិកយោធា​នៃ​ភូមិភាគបូព៌ា ដែល​គេចោទថា​ក្បត់​បដិវត្តន៍។ សមាជិក​យោធា​ទាំងនោះ ត្រូវបាន​គេ​ឃុំខ្លួន​ដោយ​គ្មាន​ការចោទប្រកាន់ ឬការជំនុំ​ជម្រះ។ ជាញឹកញយ អ្នកទាំងនោះ ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​ក្នុងពេល​សួរចម្លើយ ហើយ​បន្ទាប់​មក ត្រូវបាន​គេ​សម្លាប់ ឬ​ឃុំខ្លួន​ដើម្បី​អប់រំកែប្រែ​ឡើងវិញ តាមតែ​អំពើ​ចិត្ត។ ការអប់រំកែប្រែ​ឡើងវិញ គឺ​ធ្វើនៅ​កន្លែង​ដែលគ្រប់គ្រង​ដោយ​លោក ប៉ុល សារឿន»។ ក្រោម​មនោគមន៍វិជ្ជា​ខ្មែរក្រហម​ដែល​លោក ប៉ុល សារឿន ធ្លាប់បម្រើ​យ៉ាងស្មោះស្ម័គ្រ​ជាយូរ​មកហើយ​នោះ ការមាន​ទ្រព្យសម្បត្តិ​ជាកម្មសិទ្ធិ​ឯកជន គឺ​ជា​អំពើ​ខុសច្បាប់។ អ្វីៗ​គ្រប់បែបយ៉ាង​ត្រូវតែ​ជា​របស់​សមូហភាព គ្មាន​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទេ។

រូបថតកាលប្បវត្តិគ្មានចុះកាលបរិច្ឆេទបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន (រូបទី៣ពីឆ្វេង) បង្ហាញឲ្យឃើញលោកបានថតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបទី៤ពីឆ្វេង)។
រូបថតកាលប្បវត្តិគ្មានចុះកាលបរិច្ឆេទបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន (រូបទី៣ពីឆ្វេង) បង្ហាញឲ្យឃើញលោកបានថតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបទី៤ពីឆ្វេង)។
រូបថត៖ ទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន

ប៉ុន្តែ សម្រាប់​លោក ប៉ុល សារឿន និង​គ្រួសារ ក្រោយពេល​ជួប​គំនរទ្រព្យ និង​លាភសំណាង​មក គាត់​បាន​បោះបង់ចោល​មនោគមន៍វិជ្ជា​ខ្មែរក្រហម ហើយ​ស្រវ៉ាចាប់​យក​ទ្រព្យសម្បត្តិ​ជាកម្មសិទ្ធិ​ឯកជន​វិញ។

ប្រពន្ធ​របស់​លោក ប៉ុល សារឿន គឺអ្នកស្រី ណុព្វ ស៊ីដារ៉ា ជាម្ចាស់ និង​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​ជាច្រើន​រាប់មិនអស់​នៅទូទាំង​ប្រទេស​កម្ពុជា។ អាជីវកម្ម​ទាំងនោះ រួមមាន អាជីវកម្មរ៉ែ និង​ថ្មភ្នំ​ជាច្រើន ដែល​ភាគច្រើន អង្គការ​សង្គមស៊ីវិល​បានចោទ​ថា ធ្វើ​ប្រតិបត្តិការ​ដោយខុស​ច្បាប់ ក្រោម​ការការពារ​ពី​អង្គភាព​យោធា បញ្ជា​ដោយ​លោក ប៉ុល សារឿន។

លោក ប៉ុល សារឿន និងប្រពន្ធ អ្នកស្រី ណុព្វ ស៊ីដារ៉ា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងរូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន។
លោក ប៉ុល សារឿន និងប្រពន្ធ អ្នកស្រី ណុព្វ ស៊ីដារ៉ា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងរូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន។
រូបថត៖ ទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន

កូនៗស្រី​របស់​គាត់ ក៏​កាន់កាប់​ភាគហ៊ុន និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជាច្រើន​នៅកម្ពុជា។ អ្នកស្រី ប៉ុល សុធាវី ជា​ម្ចាស់​រួមគ្នា និង​ជា​នាយក​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ឈ្មោះ ខាំវុធ ឃីងឌឹម (Khamvuth Kingdom) រហូត​ដល់ពេល​ក្រុមហ៊ុននេះ ត្រូវ​បាន​លុប​ឈ្មោះ​ចោល កាល​ពីឆ្នាំមុន។ គោលបំណង​របស់​ក្រុមហ៊ុន​នេះ ក៏​មាន​ភាព​មិនច្បាស់លាស់​ដែរ ហើយ​ម្ចាស់ដើម​រួមគ្នា​ជាជនជាតិខ្មែរ​ម្នាក់​ទៀត ក៏​យើង​មិនអាច​ទាក់ទង​ដើម្បី​សុំអត្ថាធិប្បាយ​បាន​ដែរ។

រីឯ​អ្នកស្រី ប៉ុល សុធាវី និង​ប្ដី គឺលោក ខៀវ សុខា ក៏​មាន​បើកហាង​លក់ទំនិញរាយ​នៅ​រដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក​ដែរ ដែល​នៅ​ទីនោះ គាត់​មាន​ផ្ទះមួយ ដែល​មាន​តម្លៃ​ប្រមាណ ២០ម៉ឺន​ដុល្លារ​អាមេរិក។

សហគ្រាសដែលរកប្រាក់ចំណេញ

នៅក្នុង​សេចក្ដី​សម្រេច​មួយ​របស់​តុលាការ​កាល​ពី​ខែមីនា ឆ្នាំ២០១៩ លើ​គម្រោង​វិនិយោគ​ដីធ្លី​នៅអូស្ត្រាលី ចៅក្រម អូ កាលឡាហ្កាន ទទួល​ស្គាល់​ថា គណៈកម្មការ​មូលបត្រ និង​វិនិយោគ​អូស្ត្រាលី បាន​ស្នើ​ឱ្យ​លោក​ចាត់វិធានការ​ពិសេស​មួយ ដោយ​សុំឱ្យ​លោក​រំលាយ​ក្រុមហ៊ុន អេវីអេសិន ដែល​អ្នកវិនិយោគ​កំពុង«ទទួល​បាន​ប្រាក់​ចំណេញ​គួរឱ្យ​កត់​សម្គាល់»។ ក្រុមហ៊ុន​ស្រមោល​របស់​ចិន​មួយ ផ្នែក​អភិវឌ្ឍ​អចលនទ្រព្យ ឈ្មោះ ដាហួ (Dahua) បាន​ស្នើសុំ​ទិញដី​របស់​ក្រុមហ៊ុន អេវីអេសិន ក្នុង​តម្លៃ​ប្រហែល ១៣៥លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង៩៦,៤លាន​ដុល្លារ​អាមេរិក) គឺ​ដល់​ទៅ​ជិត ២០ដង លើស​តម្លៃ​ដែល​ក្រុមហ៊ុន អាវីអេសសិន ៣០៣០ បាន​ចំណាយ​កាលពី​ពេល​ទិញ​ដីដំបូង។

ព័ត៌មានអំពីក្រុមហ៊ុននៅអូស្ត្រាលី របស់ក្រុមហ៊ុនកម្រៃជើងសាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ បង្ហាញថា អ្នកស្រី ប៉ុល សុធាវី នៅតែជាម្ចាស់ភាគហ៊ុនម្នាក់នៅក្នុងក្រុមហ៊ុន អេវីអេស៊ិន ៣០៣០ (Aviation) ដដែល ដែលអ្នកស្រីអាចរកបានប្រាក់ចំណេញពីការលក់ដីក្រោមគម្រោងវិនិយោគដីធ្លីរបស់ក្រុមហ៊ុនមួយនេះ។
ព័ត៌មានអំពីក្រុមហ៊ុននៅអូស្ត្រាលី របស់ក្រុមហ៊ុនកម្រៃជើងសាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ បង្ហាញថា អ្នកស្រី ប៉ុល សុធាវី នៅតែជាម្ចាស់ភាគហ៊ុនម្នាក់នៅក្នុងក្រុមហ៊ុន អេវីអេស៊ិន ៣០៣០ (Aviation) ដដែល ដែលអ្នកស្រីអាចរកបានប្រាក់ចំណេញពីការលក់ដីក្រោមគម្រោងវិនិយោគដីធ្លីរបស់ក្រុមហ៊ុនមួយនេះ។
រូបថត៖ អាស៊ីសេរី

បើទោះជា​ក្រុមហ៊ុន អេវីអេសិន ផ្តល់​ភាគលាភ​ដល់​អ្នកវិនិយោគ​ក្តី ក៏​លោក​ចៅក្រម អូ កាលឡាហ្កាន រកឃើញ​ថា ការរំលាយ​ក្រុមហ៊ុន​នេះ​តាម​សំណើ​របស់​គណៈកម្មការ​មូលបត្រ និង​វិនិយោគ​អូស្ត្រាលី ពិតជា​មាន​អត្ថប្រយោជន៍​សាធារណៈ «ច្រើន​លើសលុប»។ លទ្ធផល​ស៊ើបអង្កេត​របស់​ចៅក្រម​ក៏​បង្ហាញ​ថា «សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អេវីអេសិន ៣០៣០ មិន​សក្ដិសម​នឹង​អង្គុយ​ក្នុង​តំណែងជា​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នេះ​ឡើយ»។

ទោះបី​ចៅក្រម​រកឃើញ​ថា បងប្អូនស្រី​ត្រកូល​ប៉ុល បាន​ដើរតួជា​អ្នកឈរ​ឈ្មោះ​ឱ្យ​លោក ឡៅ ហាក់លី ក៏ដោយ ក៏​អ្នកទាំងពីរ​នៅ​តែ​រក្សា​ភាគហ៊ុន​ចំនួន ៥លាន​ហ៊ុន​របស់​ពួកគេ​នៅក្នុង​ក្រុមហ៊ុន អេវីអេសិន ៣០៣០ ដដែល។ ប្រសិនបើ​ការលក់ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ចិន ឈ្មោះ ដាហួ (Dahua) កើតមាន​ឡើង នោះ​អ្នកស្រី ប៉ុល ពិសី និង​អ្នកស្រី ប៉ុល សុធាវី អាច​ទទួល​បាន​ទឹកប្រាក់​ដែល​ទូទាត់រួច​ចន្លោះ​ពី​ពីរ​ទៅ​បីលាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង ១,៤លាន​ដុល្លារ ទៅ ២,១លាន​ដុល្លារ​អាមេរិក) ពី​ការទិញលក់​ដី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។