មន្ត្រី​ទូត​អាមេរិក​អំពាវនាវ​ឱ្យ​​កម្ពុជា​គោរព​សិទ្ធិមនុស្ស​ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ ដើម្បី​ប្រយោជន៍​​ដៃគូ​​ទៅ​​វិញ​​ទៅ​​មក

ដោយ ថន ថារ៉ូ
2019-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។
Photo courtesy of SPM

មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ផល​ប្រ​យោជន៍​ប្រជាជន​កម្ពុជា និង​ដើម្បី​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​អាមេរិក នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​យោធា។ អ្នកវិភាគ​សង្គម​អះអាង​ថា ការប្រកាស​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក កាល​ពី​ពេល​កន្លងទៅ ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារ លោក ហ៊ុន សែន កំពុង​ងាក​ខ្លួន​យ៉ាង​ខ្លាំង​ទៅ​រក​ការ​គាំទ្រ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​វិញ។

លោក អេរិន ឆ្វាតជេស (Arend Zwartjes) មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ស្នើ​ឱ្យ​កម្ពុជា​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ឡើងវិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​តាំងចិត្ត​របស់​ខ្លួន ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ភាពជា​ដៃគូ​រវាង​គ្នា​ទៅវិញទៅមក។ កាលពី ឆ្នាំ​២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្អាក​សហប្រតិបត្តិការ យោធា​រវាង​អាមេរិក​និង​កម្ពុជា ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លង​មក ហើយ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​បិទ​បញ្ចប់​គម្រោង​សកម្មភាព​មនុស្សធម៌​របស់​កងទ័ព​នាវា​ជើង​ទឹក​អាមេរិក ដែល​មាន​ឈ្មោះថា​ឃ្មុំ​សមុទ្រ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ «»

ឆ្នាំមុន រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ដក​ការ​គាំទ្រ​ចំពោះ​កម្មវិធី​ជំនួយ​ខ្លះ​សម្រាប់​ប្រទេស​កម្ពុជា​ដោយសារ​មានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​លើ​សង្គម​ស៊ីវិល ផ្នែក​សារព័ត៌មាន​និង​គណបក្សប្រឆាំង។ យើង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​​ក្នុង​ការ​អនុញ្ញាត​ឱ្យ​សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា អាច​បំពេញ​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ ដោយ​គ្មាន​ការរារាំង។ រដ្ឋាភិបាល​កម្ពុជា​បាន​បង្អាក់​កាល​ពី​ឆ្នាំ​២០១៧ នូវ​កិច្ច​សហប្រតិបត្តិការ​​យោធា ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជាច្រើន​ឆ្នាំ​មក​ហើយ។

អ្នកវិភាគ​ថា ការ​ដោះសា​របស់​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​ដោយសារតែ​កម្ពុ​ជា​លំអៀង​ទៅ​ចិន។ អ្នកវិភាគ​សង្គម លោក​បណ្ឌិត មាស នី លើកឡើង​ថា ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាពិសេស​ទាក់ទង​នឹង​ផល​ប្រយោជន៍​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ចិន​បាន​ត្រៀម​ប្រើប្រាស់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ រួម​ទាំង​សមាគម​អាស៊ាន​ផង ដើម្បី​ធានា​ថា កម្ពុជា​គឺជា​សំឡេង​គាំទ្រ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន។ លោក​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន លែង​ជា​ប្រទេស​ដែល​មាន​ភាព​អព្យាក្រឹត្យ​និង​ឯករាជ្យ ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​ទៀតហើយ៖ «ឃើញ​ថា នៅ​ពេល​មានការ​ផ្អាក​គម្រោង​ការ​​មួយ​ចំនួន ដែល​រួម​មាន​គម្រោង ទាក់ទង​មនុស្សធម៌​ផង​ហ្នឹង សមយុទ្ធ​យោធា​ផង គឺ​រដ្ឋាភិបាល ទីក្រុង​ភ្នំពេញ បាន​ងាក​ទៅ​យក​ចិន​វិញ។ មូលហេតុ​ដែល​បង្ហាញ​ទៅ​អាមេរិក​ទាក់ទង​រឿង រវល់​រឿង​អី​នោះ វា​មិនមែន​ជា​ហេតុផល​សមស្រប ត្រឹមត្រូវ​ទេ​បាទ​។ មិនមែន ត្រឹមតែ​អាមេរិក​ទេ​ដែល​យល់ថា​មិន​ត្រឹមត្រូវ សូម្បីតែ​ពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង ក៏​យល់​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា បាន​ងាក​ទៅ​រក​ចិន​ខ្លាំង​មែនទែន នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​។ កាលណា​គេ​និយាយ​ថា ពាក្យ​អព្យាក្រឹត្យ ទាល់តែ​យើង​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​ទាំងអស់ ឱ្យ​បាន​ស្មើ​គ្នា។

ឆ្លើយតប​នឹង​សំណើ​របស់​មន្ត្រី​ការទូត​អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ស្ដារ​ទំនាក់ទំនង​យោ​ធាន​នោះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល ពី​ពេល​ថ្មីៗ​នេះ​ថា លំ​ហាត់​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា និង​អាមេរិក ដែល​បាន​ប្រកាស ផ្អាក​ដោយ​របប​លោក ហ៊ុន សែន តាំងពី​ឆ្នាំ​២០១៧​មក នឹង​អាច​ចាប់ផ្ដើម​ឡើងវិញ​បាន​ក្នុង​ពេលវេលា​សម ស្រប​មួយ ក្រោយ​ភាគី​នៃ​ប្រទេស​ទាំងពីរ​ពិភាក្សា​គ្នា​រួចរាល់​សិន។ ទោះ​យ៉ាង​ណា​ក្តី លោក​មិនបាន​ប្រាប់​កាល​បរិច្ឆេទ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ។ លោក​បន្ត​ថា កា​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ភាគី​អាមេរិក​កន្លងមក ដោយសារ​ភាគី​កម្ពុជា​ជាប់រវល់​ក្នុង​ការ​ងាក​ជាច្រើន​ដូចជា​ការបោះឆ្នោត​និង​ការ​បង្ក្រាប​គ្រឿង ញៀន​ជាដើម៖ «មាន​ការ​បោះឆ្នោត មាន​យុទ្ធនាការ​គ្រឿងញៀន​អី​ទៅ យើង​ផ្អាក​មួយ​រយៈ​។ ទំនាក់ទំនង យើង​នៅ​តែ​មាន​អចិន្ត្រៃយ៍​ដដែល​ទេ មិន​មាន​អី​ទេ អាស្រ័យ​ដោយពេល​វេលា ហើយ ភាគី​ទាំងពីរ​ពិភាក្សា​ទៅ​យើង​អាច​ធ្វើ​បាន​។ ក្រុមការងារ​គេ​នឹង​ពិភាក្សា​ទៅ ក្រុមការងារ​រវាង​អាមេរិក​និង​ក្រុមការងារ​យើង​។ និយាយ​រួម​ទៅ គឺ​អត់​មានអី​ទេ យើង​នៅ​មាន​ទំនាក់ទំនង​ល្អ​ធម្មតា គ្រាន់តែ​ថា រឿង​សមយុទ្ធ​ហ្នឹង កន្លង​មក យើង​មាន​ការ​មមាញឹក​អ៊ីចឹង យើង​ផ្អាក​មួយ​រយៈ ហើយ​ខ្ញុំ​ជឿ​ថា ថ្ងៃក្រោយ​នឹង​មាន​ការ​សហការ​ឡើង​វិញ ហើយ​អត់​អី​ទេ តាម​ពេល​វេលា សមស្រប​ណាមួយ។

ទោះបីជា​យ៉ាងណា មិន​យូរ​ប៉ុន្មាន​ក្រោយ​ប្រាប់​អាមេរិក​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​លុប​គម្រោង​យោធា​ជាមួយ​កម្ពុជា​ដោយសារ​ជាប់រវល់​រឿង​បោះឆ្នោត និង​បង្ក្រាប​គ្រឿង​ញៀន​នោះ លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន ធ្វើ​លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ ឈ្មោះថា នាគ​មាស ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព របស់​លោក​ដោយមាន​បាញ់​គ្រាប់​ពិត​ផង។ សមយុទ្ធ​នោះ ប្រព្រឹត្តិ​ទៅ​ក្នុង​ខែ​មិនា ឆ្នាំ​២០១៨ ពោល​គី​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ផ្អាក​លំហាត់ សមយុទ្ធ​យោធា​ជាមួយ​អាមេរិក និង​រយៈពេល​តែ​បួន​ខែ​ប៉ុណ្ណោះ មុន​ការ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ចូល​មក​ដល់​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ដោយមាន កងទ័ព​ចិន​ជាង​២​រយ​នាក់ និង​កងទ័ព​កម្ពុជា ជាង​បី​រយ​នាក់​ចូលរួម ក្នុង​សមយុទ្ធ​យោធា​មួយ​នេះ​។ បន្ថែម​លើ​សមយុទ្ធ​យោធា​នេះ ប្រទេស​ចិន​ក៏បាន ផ្ដល់​ជំនួយ​យោធា​ដ៏​ក្រាស​ក្រែល​ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ជួយ​ពង្រីក​វិស័យ​ការពារ​របស់​កម្ពុជា។ នៅ​ដើមខែ​មករា​ឆ្នាំ​២០១៩​នេះ មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​​របស់​លោក ហ៊ុន សែន​ទៅ កាន់​ប្រទេស​ចិន នាវា​ចំបាំង​ចិន​ចំនួន ៣​គ្រឿង បាន​ចូល​ចត​ក្នុង​ប្រទេស កម្ពុជា​ដើម្បី​បំពេញ​ទស្សនកិច្ច រយៈពេល​៤​ថ្ងៃ ក្នុង​ន័យ​រឹតចំណង​មិត្តភាព ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

កាល​ពី​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ក្រុង​វ៉ាស៊ីងតោន បាន​បញ្ជូន​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ស​ខ្លួន គឺ​បណ្ឌិត Joseph Felter មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​ជួប​ជាមួយ​លោកនាយ​ឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ថ្នាក់ដឹកនាំ​កងទ័ពជើងទឹក​កម្ពុជា​ផ្សេងទៀត ដើម្បី ពិភាក្សា​ពី​ចក្ខុវិស័យ​រួម ដែល​ចង់​ឱ្យ​តំបន់ ឥណ្ឌូ​ប៉ាស៊ីហ្វិក មាន​ភាព​បើក​ចំហរ​និង​មាន​ភាព​សេរី ព្រមទាំង​ពិភាក្សា​ពី​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ទេ្វ​ភាគី​រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា ក្នុង​ការ​រក្សា​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ខ្លួន។ លោក Felter អះអាង​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថា ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា និង​អាមេរិក នឹង​មិន​អាច​ប្រសើរ​ឡើង​បានទេ បើ​កម្ពុជា​មិន​មាន​ការផ្សះផ្សា​ជាតិ និង​ព្រម​ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា នោះ​ទេ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទៅកាន់​ប្រទេស​កម្ពុជា ក្រោយ​ការបោះឆ្នោត​សកល​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ បន្ទាប់ពី លោក ហ៊ុន សែន បាន​រម្លាយ​គណបក្សប្រឆាំង និង​ចាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ ហើយ​ចុង​ក្រោម​មក​បាន​ដាក់ លោក កឹម សុខា ឃុំខ្លួន​ក្នុង​ផ្ទះ។ រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​សំណើ​របស់​អាមេរិក។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ច្រានចោល​នូវ​បំណង​ល្អ​របស់​អាមេរិក​ក្នុង​ការ​ជួយ​ស្ដារ​​លទ្ធិ​​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​​កម្ពុជា ដោយ​លើក​ឡើង​ថា​ មន្ត្រី​អាមេរិក​រូប​នេះ បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទៅវិញ។ លោក ផៃ ស៊ីផាន ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ អព្យាក្រឹត្យ មិន​ចំណុះ​ឱ្យ​ប្រទេស​ណាមួយ និង​បាន​អំពាវនាវ កុំ​ឱ្យ​អាមេរិក​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុ​ជាត​ទៅ​ទៀត៖ «ចំពោះ​នាយ​ទាហាន​ជាន់ខ្ពស់​សហរដ្ឋអាមេរិក ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​មាន​ហេតុផល និង​ទិសដៅ​ចង់​ពង្រឹង ឯករាជ្យភាព​និង​ថាមពល របស់​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា យើង​សូម​ស្វាគមន៍ ក៏ប៉ុន្តែ​អ្វី​ដែល​គាត់​លើកឡើង​ពាក់ព័ន្ធ​ជាមួយ កឹម សុខា អាហ្នឹង ជា​រឿង​មួយ​ជ្រៀតជ្រែក​​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា ក៏​ជ្រៀតជ្រែក ក្នុង​កាតព្វកិច្ច​នៃ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​កង​យោធា ហើយ​យើង​មិន​ទទួល ជា​ដាច់ខាត​។ យើង​សូម​អំពាវនាវ​កុំ​ឱ្យ​សហរដ្ឋអាមេរិក​ជ្រៀតជ្រែក លុកលុយ​ក្នុង​ដែន​អធិបតេយ្យភាព របស់​កម្ពុជា វា​ចប់​សព​គ្រប់​ហើយ។ យើង​រក្សា​កម្ពុជា​ជា​មិត្ត​របស់​សហរដ្ឋអាមេរិក ជា​មិត្ត​របស់​បណ្ដា​ប្រទេស​នានា ដែល​ជា​ប្រទេស​ឯករាជ្យ​មួយ​និង​អធិបតេយ្យ​បាទ»

ដោយឡែក អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន ប្រាប់​អាស៊ីសេរី​ថា ដំណើរ​ទស្សនកិច្ច របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ គឺ​ដើម្បី​ដាស់​ស្មារតី មេដឹកនាំ​របប​ក្រុងភ្នំពេញ ឱ្យ​ត្រលប់ វិល​ទៅ​រក​ផ្លូវ​ត្រូវ នឹង​គិតគូរ​ឡើងវិញ នូវ​ផល​ប្រយោជន៍​រួម​នៃ​ប្រទេស​កម្ពុជា នឹង​ស្ដារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា៖ «ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​អាមេរិក ជា​ការ​រំលឹក​ផង ជា​ការ​ព្រមាន​ផង ហើយក៏​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេស​កម្ពុជា​ផង នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​អំពី​ប្រជាធិបតេយ្យ ដែល​ត្រូវ​ក្រុម​លោក ហ៊ុន សែន ប្រើ​កណ្ដាប់ដៃ​ដែក ស្ទើរតែ​សម្លាប់​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ហ្នឹង។

ចាប់​តាំង​ពី​ឆ្នាំ​២០១០ កម្ពុជា​និង​អាមេរិក​តែង​រៀបចំ​សមយុទ្ធ​យោធា​ជា​ទៀងទាត់ ដូចជា​​ សមយុទ្ធ​​ឆ្មាំ​​អង្គរ សមយុទ្ធ​​ព្រះ​ខ័ន្ត និង​​សមយុទ្ធ​លំហ​សមុទ្រ​ ដែល​​មាន​​ឈ្មោះ​ថា ការ៉ាត់​​ជាដើម (KARAT- CARAT-Afloat Readiness and Training) មក ដោយ​ក្នុង​មួយ​លើកៗ មានការ​ចូលរួម​ពី​កងទ័ព​រវាង​ប្រទេស​ទាំងពីរ​ជាច្រើន​រយ​នាក់​។ ក្រៅពី​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ជាមួយ​កម្ពុជា អាមេរិក​ក៏​មាន​គម្រោង​យោធា​ជាច្រើន​ផ្នែក​ផង​ដែរ​ជាមួយ​កម្ពុជា ដូចជា​គម្រោង​បណ្ដុះបណ្ដាល​កងទ័ព​កម្ពុជា ការ ចូល​ចត​របស់​នាវា​ចំបាំង​និង​នាវា​ពិឃាដ នាវា​មន្ទីរ​ពេទ្យ​អាមេរិក និង​ការ​ចុះ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ក្រីក្រ​តាម​ទី​ជនបទ​ដាច់​ស្រយាល ដោយ​កងទ័ព​អាមេរិក ដែល​គម្រោង​ទាំងអស់​នេះ មិន​ត្រូវ​បាន​ឃើញ​មាន​ទៀត​ទេ ក្រោយ​ការប្រកាស​ផ្អាក​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ក្នុង​ពេល​កន្លងទៅ​ថ្មីៗ​នេះ កាសែត​បរទេស​ក៏បាន​ផ្សាយ​ព្រោងព្រាត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​មាន​គម្រោង​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង ក្នុង​ពេល​អនាគត។ ទោះ យ៉ាង​នេះ​ក្តី ទាំង​លោក ហ៊ុន សែន ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា លោក ឈុំ សុជាត បាន បដិសេធ​​ចោល​នូវ​ព័ត៌មាន​នេះ ដោយ​ហៅថា​ការផ្សាយ​ព័ត៌មាន​ទាំងនោះ​ថា​ជា​ការ​បង្ខូច​កិត្តិយស ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក អេរិន ឆ្វាតជេស បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា សហរដ្ឋអាមេរិក នឹង​បន្ត​តាមដាន​ព័ត៌មាន​ផ្សេងៗ​ជុំវិញ​រឿង​ប្រទេស​ចិន​ចាប់អារម្មណ៍​នឹង​គម្រោង​បង្កើត​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា អាមេរិក​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ៊ុន សែន ដែល​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ហាម​មិន​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​។ លោក​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​ផ្ដល់​នូវ​តម្លាភាព​ច្រើនជាង​នេះ ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ និង​អភិវឌ្ឍន៍ ដែល​កំពុង​កើតមានឡើង​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​កម្ពុជា និង​ថា អធិបតេយ្យភាព​របស់​កម្ពុជា ត្រូវ​បាន​ការពារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

dictator Hun Sen is the systemic destruction of Cambodia's democracy...communist dictator who destroyed democracy in Cambodia....endorse Trump....evil dictator Hun Sen crossing REDLINE on road to outright dictatorship

Look at a faked portray between evil dictator Hun Sen and u.s president"Trump"shaking hands before southeast Asian forum in Manila"Philippine"a year ago.What's the hell he's gonna says to the president?"Trump"might be he just wants to take a picture with the u.s president to pro-when he comes back home that the u.s president are very happy with us or support our mafia govm't in the long run.But,he looked more silly than happy without say anything with the president.

Feb 14, 2019 11:26 AM

ចុំយក្ស

ពី ភ្នំពេញសុវណ្ណភូមិ

ក្នុងភ្នែកខ្ញុំ អាមេរិកមានចរិកមិនខុសគ្នា និងពួកហ្វាសសុីសទេ ទាំងសាហាវ ទាំងបាតដៃប្រលាក់ឈាមស្ទេីតែគ្រប់ជាតិសាសន៍ក្នុងពិភពលោក។

Feb 14, 2019 10:33 AM

គេហទំព័រ​ទាំងមូល