ទូត​អាមេរិក​និង​ចិន​នៅ​ភ្នំពេញ​បន្ត​វាយប្រហារ​គ្នា​ពី​ការ​កេង​ចំណេញ​សេដ្ឋកិច្ច​លើ​កម្ពុជា

ដោយ មួង ណារ៉េត
2019.04.20
អាមេរិក ចិន វាយ​ប្រហារ សេដ្ឋកិច្ច​ខ្មែរ សំណេរ​វាយប្រហារគ្នា​រវាង​ស្ថានទូត​អាមេរិក និង​ចិន​ប្រចាំ​កម្ពុជា ករណី​កេង​ចំណេញ​សេដ្ឋកិច្ច​លើ​កម្ពុជា។
Screenshot

ស្ថានទូត​សហរដ្ឋអាមេរិក និង​ចិន ប្រចាំ​កម្ពុជា បន្ត​វាយប្រហារ​គ្នា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​កេង​ចំណេញ​សេដ្ឋកិច្ច​លើ​កម្ពុជា​។ អ្នកឃ្លាំមើល​សង្គម និង​សហជីព យល់​ស្រដៀង​គ្នា​ថា ចិន​បាន​កេង​ចំណេញ​ពី​កម្ពុជា​ច្រើន។

ស្ថានទូត​ចិន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ មេសា​នេះ បង្ហោះ​សារ ឱ្យ​កម្ពុជា​ប្រុងប្រយ័ត្ន ព្រោះ​សហរដ្ឋអាមេរិក កំពុង​បង្កើត​បញ្ហា​ម្ដង​ទៀត លើ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម។ ស្ថានទូត​ចិន​អះអាង​ថា ទំនាក់ទំនង​រក​ស៊ី​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ភាគី​ចិន ជា​រឿង​ធម្មតា នៅ​ក្នុង​ពិភព​នៃ​សកលភាវូបនីយកម្ម ព្រោះ​សកម្មភាព​ពាណិជ្ជកម្ម តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី។

កាល​ពី​ថ្ងៃ​ទី​១៩ មេសា ស្ថានទូត​សហរដ្ឋអាមេរិក បង្ហោះ​សារ ក្នុង​ន័យ​ថា ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា បាន​ផ្ដល់​ផល​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន ហើយ​ប្រហែល ៨៧​ភាគរយ នៃ​ទំនិញ​ដោះដូរ​គ្នា គឺជា​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន។ ទំនិញ​នាំចូល​ផ្នែក​វាយនភណ្ឌ​ទាំងនោះ មិន​បាន​ជួយ​បន្ថែម​ការងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ ឬ​គ្មាន​បាន​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​ទេ។

ស្ថានទូត​សហរដ្ឋអាមេរិក ហៅ​ការ​ធ្វើ​បែបនេះ​របស់​កម្ពុជា ថា​គ្រាន់តែ​ចង់​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​មាន​តុល្យភាព និង​ចម្រុះ​របស់​កម្ពុជា ហើយ​បែរ​ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន។

ស្ថានទូត​ចិន​បកស្រាយ​ថា ការ​នាំ​ចូល​នូវ​វត្ថុធាតុដើម​វាយនភណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភណ្ឌ យ៉ាង​ច្រើន​ពី​ប្រទេស​ចិន គឺ​សម្រាប់​បម្រើ​វិស័យ​កាត់ដេរ ខណៈ​កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្រេច ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង។ ការ​ធ្វើ​បែបនេះ ស្ថានទូត​ចិន អះអាង​ថា បាន​ជួយ​ដល់​កម្មករ​ខ្មែរ ក្នុង​វិស័យ​ឧស្សាហកម្ម​ច្រើន​គ្នា​ណាស់។ ក្រៅ​ពី​នេះ​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយគ្នា ចិន អះអាង​ថា បាន​ជួយ​កសាង​កម្ពុជា​ច្រើន​ទៀត​ផង ទាំង​ផ្នែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​វារីអគ្គិសនី។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ជំហរ​របស់​របប​ក្រុងភ្នំពេញ ក្នុង​រឿង​នេះ ពី​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃ​ទី​២០ មេសា ដោយសារ​ទូរស័ព្ទ​ទៅ​ច្រើនដង តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា ការ​នាំ​ចូល​វាយនភណ្ឌ និង​គ្រឿង​វាយនភណ្ឌ​កន្លង​មក កម្ពុជា​មិនបាន​ចំណេញ​អ្វី​ច្រើន​ពី​ចិន​ទេ ហើយ​អ្នកបញ្ជា​ទិញ​តែង​រអ៊ូ​ថា ការ​ជួយ​កម្ពុជា តែ​ផល​បាន​ទៅ​ចិន​ច្រើនជាង ដោយសារ​ប្រាក់ចំណេញ​ពី​ការនាំចេញ ផលិតផល កាត់ដេរ បាន​ធ្លាក់​លើ​ចិន​៦០​ភាគរយ ឯ​កម្ពុជា​ទទួល​បាន​ប្រហែល​៤០​ភាគរយ ឬ ស្មើនឹង​ជាង​២​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ៖ «ការ​នាំ​ចេញពី​កម្ពុជា ទៅ​អឺរ៉ុប ទៅ​អាមេរិក​ហ្នឹង​គឺថា វត្ថុធាតុ​ដើម សឹង​ថា ៧០ ៨០ ភាគរយ​ទៅ​ហើយ​នាំចូល​ពី​ស្រុក​ចិន។ ពេលខ្លះ យើង​ក៏​បាន​លឺ​ដែរ​ថា ពេល​ជួយ​ដល់​កម្ពុជា​ហ្នឹង ដូច​ជួយ​ដល់​សេដ្ឋកិច្ច​ចិន»

លោក អាត់ ធន់ បន្ត​ថា ដោយសារ​កម្ពុជា នាំចូល​វត្ថុធាតុដើម​ទាំងស្រុង ហើយ​កម្មករ​ខ្មែរ ចាំតែ កាត់ និង​ដេរ ទើប​ធ្វើ​ឱ្យ​ផល​ចំណេញ​ជាច្រើន​ធ្លាក់​លើ​ចិន ជា​អ្នក​ផលិត​វត្ថុធាតុដើម។ លោក​ថា ប្រសិនបើ​កម្ពុជា ចង់​ចំណេញ​ច្រើនជាង​នេះ គួរ​បង្វែរ​ស្វែង​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​ប្រទេស​ផ្សេង​ខ្លះ និង​គួរ​បង្កើត​រោងចក្រ​ផលិត​វត្ថុធាតុដើម​ខ្លះ ព្រោះ​កម្ពុជា​មាន​លទ្ធភាព។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ពិតជា​ងាក​ចេញពី​យុទ្ធសាស្ត្រ​ចម្រុះ ហើយ​ចាប់​យក​ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ ឬ​ស្ទើរ​ទាំងស្រុង ដោយសារ​កត្តា​នយោបាយ ព្រោះ​ប្រទេស​លោក​សេរី ដែល​រកស៊ី​ជាមួយ​កម្ពុជា បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​នយោបាយ​ជាង​សព្វថ្ងៃ៖ «កាលណា បើ​ចាប់ដៃ​ជាមួយ​បស្ចិមប្រទេស​ទៅ វា​ប៉ះពាល់​ដល់​ស្ថិរភាព​នូវ​អំណាច​របស់​ខ្លួន ជាពិសេស​គឺ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស»

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា រយៈពេល​១១​ខែ ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​វាយនភណ្ឌ​ទៅ​ប្រទេស​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក តែ​នាំ​វត្ថុធាតុដើម​ចូល​វិញ​ជាង ជិត ៣​ពាន់ (,៧០០)​លាន​ដុល្លារ​អាមេរិក។

ចំណែក​ការ​នាំ​ចេញ​សរុប ទៅ​សហរដ្ឋអាមេរិក ពេញ​មួយ​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ជាង ៣​ពាន់​លាន (,៣១ប៊ី​លាន) ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។