អាមេរិក​ពិន័យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​ប្រើ​ទឹកដី​កម្ពុជា​នាំ​ទំនិញ​​ទៅ​កាន់​អាមេរិក​មិន​បង់ពន្ធ

ដោយ ថន ថារ៉ូ
2019-06-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​ស្ដីទី​នៃ​ស្ថាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក អេរិន ឆ្វាតជេស (Arend Zwartjes) ក្នុងកម្មវិធីមួយ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៧ ធ្នូ ២០១៧។
អនុប្រធាន​ស្ដីទី​នៃ​ស្ថាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក អេរិន ឆ្វាតជេស (Arend Zwartjes) ក្នុងកម្មវិធីមួយ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៧ ធ្នូ ២០១៧។
Photo courtesy of US Embassy in Cambodia

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ លោក អេរិន ឆ្វាតជេស (Arend Zwartjes) ប្រាប់​អាស៊ីសេរី​មុន​ការផ្សាយ​បន្តិច​នេះ​ថា ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក​បាន​ផាក​ពិន័យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ដែល​បាន​ប្រើប្រាស់​ផែ​ខ្មែរ ដើម្បី​គេចវេះ​ការ​បង់ពន្ធ​ទំនិញ​នាំចូល​សហរដ្ឋ​អាមេរិក។ លោក​ថា ក្រុមហ៊ុន​ចិន​ទាំងនោះ​មាន​ទីស្នាក់ការ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុងព្រះសីហនុ​។ ទោះ​បី​យ៉ាងណា​ក៏ដោយ លោក​មិនបាន​បញ្ជាក់​លំអិត​ទេ​ទាក់ទង​នឹង​រឿង​នេះ ដោយ​លោក​បង្វែរ​សំណួរ​របស់​អាស៊ីសេរី​ទៅកាន់​ក្រសួង​សន្តិ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក។

កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ លោក អេរិន ឆ្វាតជេស ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី​ថា ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បាន​ផ្តល់​ឈ្មោះ​ក្រុមហ៊ុន​ចិន​មិន​តិច​ជាង​៥​ឡើយ ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា ទៅ​ឱ្យ​ភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​របស់​ខ្លួន ដើម្បី​ស៊ើបអង្កេត​និង​ត្រួតពិនិត្យ​ទៅតាម​ច្បាប់​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​រួមមាន​ការ​ផាក​ពិន័យ​ផ្នែក​រដ្ឋបាល និង​ការ​ដាក់​ពិន័យ​ផ្នែក​ព្រហ្មទណ្ឌ​ជាដើម​។ លោក​បន្ត​ថា ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ចិន​ទាំងនោះ បាន​គេចវេះ​ក្នុង​ការ​បង់ពន្ធ​ដល់​អាជ្ញាធរ​អាមេរិក​មាន​ចំនួន​រាប់​សែន រហូតដល់​រាប់​លាន​ដុល្លា​អាមេរិក ហើយ​ទំនិញ​ដែល​ក្រុម​ចិន​ទាំងនោះ​នាំចូល​មាន​ដូចជា ឈើ​ក្ដារ​ធ្វើ​កម្រាល​ឥដ្ឋ ទំពក់​ដែក​ព្យួរ​ខោអាវ អាស៊ីតអាម៉ីណូ (Amino Acid) ម្សៅ​អាហារ​ធ្វើ​ពី​ពោត ស្រូវ ឬ​ដំឡូង និង​បំពង់​ដែកថែប​ជាដើម។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បដិសេធ​ថា មិន​បាន​ដឹង​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​អាមេរិក​ទាក់ទង​និង​ការ​លើកឡើង​ដែល​ថា មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ក្នុង​ការ​នាំ​ទំនិញ​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ទៅកាន់​សហរដ្ឋអាមេរិក ដោយ​រំលោភច្បាប់​ពន្ធដារ​សហរដ្ឋ​អាមេរិក។ លោក​បាន​ហៅ​អំពើ​ទាំងនោះ​ថា ជា​បទឧក្រិដ្ឋ​ហើយ​កម្ពុជា​មិនបាន​ចូលរួម​ពាក់ព័ន្ធ​នោះ​ទេ​។ លោក​បន្ត​ថា ការ​បញ្ចេញ​ទំនិញ​មិនបាន​ផលិត​នៅ​កម្ពុជា​ហើយ​បិទ​ស្លាក​កម្ពុជា ដើម្បី​នាំចូល​ទៅ​ប្រទេស​ដទៃ​ទៀត គឺជា​អំពើ​ឧក្រិដ្ឋ។ លោក​ថា កម្ពុជា​ចង់បាន​នូវ​កិច្ច​សហប្រតិបត្តិ​ការដែល​បង្កើន​ទំនាក់ទំនង​ល្អ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងអស់ ដោយ​រាប់ទាំង​អាមេរិក​និង​ប្រទេស​ចិន​ផង​ដែរ។

ទីភ្នាក់ងារ​សារព័ត៌មាន​រយទ័រ (Reuters) ផ្សាយ​ឱ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន គឺជា​ការ​វិនិយោគ​រួមគ្នា​រវាង​ប្រទេស​ចិន​និង​កម្ពុជា ក្នុង​កម្មវិធី​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​របស់​ចិន ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ផលិត​វាយនភណ្ឌ សំលៀកបំពាក់ និង​របស់​ប្រើប្រាស់​ធ្វើ​ពី​ស្បែក​ជាដើម។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​ការ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក ដែល​បាន​ពង្រីក​បន្ថែម​កាលពី​ឆ្នាំ​២០១៦ សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ទំនិញ​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​រួច​ពន្ធ នូវ​ទំនិញ​មួយ​ចំនួន​ដូចជា កាតាប កាបូប វ៉ាលី និង​របស់របរ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ពី​ស្បែក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល