សង្គ្រាមពាក្យសម្តីរវាងស្ថានទូតអាមេរិក និងចិន ជុំវិញជម្លោះពាណិជ្ជកម្មរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក នៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ បានចេញសេចក្ដីពន្យល់សង្ខេបមួយជុំវិញមូលហេតុដែលនាំឱ្យកើតមានជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបច្ចុប្បន្ននេះ ក្រោយចិនចោទអាមេរិកថា ជាអ្នកបង្ក។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ សរសេរយ៉ាងខ្លីលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការ កាលពីថ្ងៃទី១៩ មិថុនា ថា មានការពិភាក្សាគ្នាច្រើនស្ដីពីទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ដូច្នេះ ស្ថានទូតពន្យល់ថា សហរដ្ឋអាមេរិក ចង់ឃើញមាននូវទំនាក់ទំនងពាណិជ្ជកម្មមួយជាមួយចិនប្រកបដោយភាពយុត្តិធម៌ ឬស្មើភាពទាំងសង្ខាង ហើយថា វត្ថុបំណងនៃការចរចាពាណិជ្ជកម្មជាមួយចិននាពេលនេះ គឺដើម្បីធានាថា ប្រទេសចិន អនុវត្តស្របតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ឬហៅថា WTO ដែលចិនបានចូលជាសមាជិកកាលពីឆ្នាំ២០០១ កន្លងទៅ។ សេចក្តីពន្យល់នេះ ទំនងជាការឆ្លើយតបទៅនឹងអត្ថបទរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
កាលពីថ្ងៃទី១៥ មិថុនា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនទៀន (Wang Wentian) បានសរសេរអត្ថបទមួយជាភាសាចិន និងបកប្រែជាភាសាខ្មែរ បង្ហោះនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្រោមចំណងជើងថា «ព្រិលក្រាស់សង្កត់ពីលើស្រល់ តែស្រល់នៅតែឈរត្រង់យ៉ាងរឹងមាំ»។ ក្នុងអត្ថបទនោះ ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនទៀន បានសរសេររិះគន់សហរដ្ឋអាមេរិកធ្ងន់ៗ ដោយចោទប្រកាន់ថា សហរដ្ឋអាមេរិក គឺជាដើមចមនៃជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកនេះ និងថាសហរដ្ឋអាមេរិកជា «បុគ្គលបង្កភាពស្មុគស្មាញ» ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិ។ ឯកអគ្គរដ្ឋទូតរូបនេះ បញ្ចេញសារជំនួសឱ្យជំហរកម្ពុជា ថា ប្រទេសចិននឹងចាប់ដៃជាមួយកម្ពុជា រួមជាមួយប្រទេសដទៃ ដើម្បីរួមគ្នាថែរក្សាប្រព័ន្ធពហុភាគីនិយម និងរបៀបរៀបរយនៃពាណិជ្ជកម្មអន្តរជាតិ។
គិតមកទល់ម៉ោងផ្សាយនេះ របបក្រុងភ្នំពេញ នូវមិនទាន់បញ្ចេញប្រតិកម្មផ្លូវការណាមួយជុំវិញសង្គ្រាមពាក្យសម្តីចុងក្រោយ រវាងស្ថានទូតទាំងពីរនេះ ដោយប្រើប្រាស់បណ្ដាញសង្គម នៅឡើយទេ។ ក៏ប៉ុន្តែ អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីថ្ងៃទី១៨ មិថុនា ថា កម្ពុជាមិនចង់ឃើញប្រទេសមហាអំណាចទាំងពីរយកប្រទេសខ្លួនធ្វើជាកន្លែងប្រជែងនៃឥទ្ធិពលរវាងប្រទេសទាំងពីរនេះទេ និងចង់ឃើញមានការសម្របសម្រួលរវាងភាគីទាំងពីរដោះស្រាយបញ្ហានេះ៖ «ចំពោះកម្ពុជា យើងជាប្រទេសមួយយើងគោរព។ យើងសុំឱ្យភាគីទាំងពីរហ្នឹងទៅរកច្រកណាមួយដើម្បីសម្របសម្រួលក្នុងបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្មនេះឯង។ ការប្រឈមក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិក និងចិន គ្មានពីណាមួយឈ្នះទេ។ ភាគីទាំងពីរនេះគឺចាញ់ ហើយយើងជឿថា សហរដ្ឋអាមេរិក និងចិន គឺមានសមត្ថភាពក្នុងការដោះស្រាយ»។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បានបង្ហាញជំហរគាំទ្រចិនដែលចោទថា សហរដ្ឋអាមេរិកគឺជាអ្នកបង្ករឿងឱ្យមានជម្លោះពាណិជ្ជកម្មនេះឡើង។ លោកសំណូមពរឱ្យប្រទេសមហាអំណាចទាំងពីរ កុំប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋាននៃការប្រកួតប្រជែងឥទ្ធិពលរបស់ខ្លួន។
ផ្ទុយពីការចោទប្រកាន់របស់ចិន និងលោក ផៃ ស៊ីផាន នេះ ស្ថានទូតសហរដ្ឋអាមេរិកពន្យល់ថា ខ្លួនចង់ឃើញចិនបញ្ឈប់ការអនុវត្តពាណិជ្ជកម្ម និងការវិនិយោគដែលមានលក្ខណៈប្រឆាំងនឹងការប្រកួតប្រជែង និងមិនស្មើភាព ហើយចង់ឃើញចិនគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកចំហទីផ្សារ។ សហរដ្ឋអាមេរិកពន្យល់ថា មូលហេតុដែលនាំឱ្យមានជម្លោះពាណិជ្ជកម្មនេះឡើង គឺដោយសារតែចិន បានអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មមិនស្មើភាព ប្រឆាំងនឹងការប្រកួតប្រជែង ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។ សហរដ្ឋអាមេរិក ផ្ដល់អំណះអំណាងថា ទង្វើរបស់ចិនទាំងនោះរួមមានដូចជា៖ ការលួចកម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានពាណិជ្ជកម្មរបស់អាមេរិកពីសំណាក់ភាគីចិន។ មិនតែប៉ុណ្ណោះ ដំណើរការច្បាប់ និងបទប្បញ្ញត្តិរបស់ចិន មានការរើសអើងប្រឆាំងនឹងក្រុមហ៊ុនបរទេស ដោយបានតម្រូវឱ្យមានការផ្ទេរបច្ចេកវិទ្យា ឬបង្ខំឱ្យផ្ដល់អាជ្ញាប័ណ្ណមិនស្របតាមលក្ខខណ្ឌទីផ្សារ ដែលផ្ដល់ប្រយោជន៍ដល់ឧស្សាហកម្មចិន។ ស្ថានទូតសហរដ្ឋអាមេរិក ក៏លើកឡើងដែរថា រដ្ឋាភិបាលចិនជាអ្នកនៅពីក្រោយការវាយប្រហារប្រព័ន្ធព័ត៌មានវិទ្យា ធ្វើចារកម្ម ដើម្បីទទួលបាននូវបច្ចេកវិទ្យាចុងក្រោយរបស់អាមេរិក យកទៅគាំទ្រដល់ក្រុមហ៊ុនចិននិងថាភាគីចិនមានការរឹតត្បិតវិនិយោគបរទេស។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីថ្ងៃទី ១៨ មិថុនាថា កម្ពុជាគួរតែបង្ហាញពីភាពអព្យាក្រឹតរបស់ខ្លួនលើបញ្ហានេះ ជាជាងទៅចោទប្រកានភាគីណាមួយនោះ៖ «នៅក្នុងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននេះ កម្ពុជា គឺជារដ្ឋនៅតែទទួលការរងគ្រោះនៃឥទ្ធិពលជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ មិនអាចគេចផុតទេ ពីព្រោះកម្ពុជាយើងអត់ទាន់មានសមត្ថភាពរឹងមាំ ដែលធ្វើឱ្យសេដ្ឋកិច្ចខ្លួនអាចឯករាជ្យ លែងពឹងពាក់មហាអំណាចទាំងនឹងបាន។ យើងនៅតែទទួលរងឥទ្ធិពល»។
លោក ឯម សុវណ្ណារ៉ា យល់ថា ក្នុងបញ្ហានេះ កម្ពុជាគួរតែរក្សាជំហររវាងប្រទេសទាំងពីរឱ្យមានតុល្យភាព ហើយកម្ពុជាគួរតែងាកទៅរកប៉ូលនយោបាយផ្សេង ដែលអាចដោះស្រាយបញ្ហាឥទ្ធិពលនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននេះ។
សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានផ្ទុះឡើងកាលពីឆ្នាំ២០១៨ កន្លងទៅ ក្រោយសហរដ្ឋអាមេរិកបានដំឡើងពន្ធរហូតដល់ ២៥ %លើទំនិញរបស់ចិននាំចូលសហរដ្ឋអាមេរិក ដែលមានតម្លៃដល់ទៅជាង ២៥០ ពាន់លានដុល្លារអាមេរិក។ ទំនិញទាំងនោះរួមមាន គ្រឿងអេឡិចត្រូនិក ចំណែកយន្តហោះ ឧបករណ៍បរិក្ខារពេទ្យ ដែក និងអាលុយមីញ៉ូមជាដើម។ ជាការឆ្លើយតបវិញ ចិនបានដំឡើងពន្ធពី ៥ % ទៅ ២៥ % លើមុខទំនិញរបស់អាមេរិកនាំចូលប្រទេសចិនវិញ ដែលមានតម្លៃសរុបជាង ១១០ ពាន់លានដុល្លារអាមេរិក ផ្តោតលើផលិតផលកសិកម្ម សារធាតុគីមី ធ្យូងថ្ម និងគ្រឿងបរិក្ខារពេទ្យជាដើម។ ប្រធានាធិបតីចិន និងអាមេរិក គ្រោងជួបចរចាគ្នាឡើងវិញជុំវិញជម្លោះពាណិជ្ជកម្មនេះ នៅឯកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿន ហៅកាត់ថា G 20 ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសជប៉ុន នៅចុងខែមិថុនានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។