មន្ត្រី​អាមេរិក៖ ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌​បាន​លុះត្រា​មាន​ការ​ប្រកួត​ដោយ​ស្មើ​ភាព

ដោយ យាង សុជាមេត្តា
2017.02.03
លោក វីល្លៀម ហៃដ្ដ ៨៥៥ ២០១៧ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
Photo: RFA

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ  (William Heidt) ថ្លែង​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​បាន លុះណាតែ​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព។ ការ​ថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​តុ​មូល​របស់​លោក វីល្លៀម ហៃដ្ដ ជាមួយ​អ្នក​សារព័ត៌មាន នា​ស្ថានទូត​សហរដ្ឋអាមេរិក ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។

បើទោះជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ ទទួល​ស្គាល់​ថា ការ​រៀបចំ ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​កម្ពុជា ពេល​នេះ មាន​លក្ខណៈ​បច្ចេកទេស​គួរ​ជា​ទី​សាទរ​ក្តី តែ​លោ​កថា វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដើម្បី​អាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ។

លោក វីល្លៀម ហៃដ្ដ ថ្លែង​ថា ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ លុះណាតែ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ឃោសនា​នយោបាយ​ដោយ​ចំហ អាច​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ឬ​អ្នក​គាំទ្រ​ដោយ​គ្មាន​ការ​គាបសង្កត់ និង​ភ័យខ្លាច និង​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ឃោសនា​ជាដើម។

លោក វីល្លៀម ហៃដ្ដ សង្កត់​ធ្ងន់​ថា ចំណុច​ទាំង​អស់​នេះ​ហើយ​ដែល​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​កំពុង​ឃ្លាំមើល ដើម្បី​វាយ​តម្លៃ​ថា តើ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ឬ​យ៉ាង​ណា​នោះ។

ការ​ថ្លែង​ដូច​នេះ​របស់​លោក វីល្លៀម ហៃដ្ដ ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​វិល​ទៅ​រក​ភាព​តានតឹង​ជា​ថ្មី ក្រោយ​ពី​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បោះឆ្នោត​លុប​ចោល​តួនាទី​តំណាង​មតិ​ភាគ​តិច និង​ភាគ​ច្រើន​នៅ​រដ្ឋសភា និង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​អាច​ឈាន​ដល់​ការ​រារាំង​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ អាច​ធ្វើជា​ប្រធាន​បក្ស​បាន។ លើស​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​រឹប​អូស​ទ្រព្យសម្បតិ្ត​លោក សម រង្ស៊ី ប្រសិនបើ​មេបក្ស​ប្រឆាំង​រូប​នេះ​ចាញ់​ក្តី​នៅ​តុលាការ​តាម​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន។

ជុំវិញ​ការ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ជា​ថ្មី​របស់​អ្នក​នយោបាយ​ខ្មែរ​នេះ លោក វីល្លៀម ហៃដ្ដ សម្តែង​ការ​ខក​ចិត្ត ដោយ​បញ្ជាក់​ថា ការ​ផ្សះផ្សា​រវាង​អ្នក​នយោបាយ​ខ្មែរ​មិន​មាន​ភាព​ជឿនលឿន​នៅ​ឡើយ ហើយ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា៖ «រឿង​មួយ​ខ្ញុំ​កត់សម្គាល់​ឃើញ​ដែល​មិន​មាន​ភាព​វិជ្ជមាន​សម្រាប់​កម្ពុជា គឺ​ការ​ខ្វះ​នូវ​ការ​ផ្សះផ្សា​នយោបាយ​ពិត​ប្រាកដ​នៅ​កម្ពុជា វា​មាន​ន័យ​យ៉ាង​ម៉េច​ការ​ផ្សះផ្សា​នយោបាយ​ហ្នឹង? វា​មាន​ន័យ​ថា រាល់​កម្លាំង​នយោបាយ​ទាំង​អស់​ត្រូវ​ទទួល​យក​នូវ​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ​របស់​អ្នក​ផ្សេង​ទៀត។ ដូច​អស់​លោក លោកស្រី ឃើញ​ស្រាប់​ហើយ​នៅ​សហរដ្ឋអាមេរិក ក្នុង​ពេល​បោះឆ្នោត ដំណើរ​ការ​នយោបាយ​មាន​ការ​លំបាក ប៉ុន្តែ​នៅ​ចុង​បញ្ចប់​គ្រប់​ភាគី​ទាំង​អស់​ទទួល​យក​នូវ​សិទ្ធិ​នៃ​ការ​ចូល​រួម​របស់​ភាគី​ផ្សេង​ទៀត ហើយ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​ផ្នែក​នយោបាយ លុះ​ណា​តែ​វា​មាន​ការ​ជជែក​គ្នា​ក្នុង​លក្ខណៈ​សាមញ្ញ​ដូច​មនុស្ស​ទូទៅ​តែង​ធ្វើ»

សហរដ្ឋអាមេរិក គឺ​ជា​ប្រទេស​មហា​អំណាច​មួយ​ដែល​តែង​ចេញ​មុខ​រិះគន់​ពី​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​រិះគន់​ដែល​តែង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខឹងសម្បារ ហើយ​តែង​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វាយ​បក​ទៅ​វិញ​យ៉ាង​ចាស់​ដៃ​ផង​ដែរ។

​ទោះជា​យ៉ាង​ណា​ក៏ដោយ លោក វីល្លៀម ហៃដ្ដ បញ្ជាក់​ថា សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ចូលរួម​ជំរុញ​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​ថា នៅ​សហរដ្ឋអាមេរិក មាន​អ្នក​នយោបាយ​មក​ពី​បក្ស​ប្រជាធិបតេយ្យ ឬ​បក្ស​សាធារណរដ្ឋ​ឡើង​កាន់​អំណាច​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។