តំណាងរាស្ត្រ​អាមេរិក​ទាំង​២​បក្ស​ពួតដៃគ្នា​ដើម្បី​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន

ដោយ តាំង សារ៉ាដា
2018.05.16
អាឡាន់ ឡូវែនថល ៦២២ សមាជិក​រដ្ឋ​សភា​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន។
Photo: RFA

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មកពី​គណបក្ស​ធំៗ​ចំនួន​ពីរ​កំពុង​ពួតដៃ​គ្នា ធ្វើ​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ធ្វើដំណើរ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដែល​បាន​បំផ្លាញ​គោលការណ៍ ប្រជាធិបតេយ្យ របស់​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​មន្ត្រី​បក្ស​កាន់អំណាច​នៅ​កម្ពុជា​អះអាង​ថា បក្ស​កាន់អំណាច មិន​មាន​ការ​ភ្ញាក់ផ្អើល​ទៅ​លើ​វិធានការ​របស់​សភា​សហរដ្ឋអាមេរិក​នោះ​ឡើយ។

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) កាលពី​ថ្ងៃ​អង្គារ ទី​១៥ ឧសភា សហការ​នឹង​លោក ថិត យូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ច​បរទេស​ទទួលបន្ទុក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដើម្បី​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​បោះពួយ​ដាក់ទណ្ឌកម្ម ដល់​របប​លោក ហ៊ុន សែន។

លោក អាឡាន់ ឡូវែនថល មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ របស់​លោក កាលពី​ថ្ងៃ​អង្គារ​ទី​១៥ ឧសភា ថា លោក ថិត យូហូ នឹង​ធ្វើ​ការ​បកស្រាយ​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៨ លេខ H.R. ៥៧៥៤ ដែល​ធ្វើឡើង ដោយ​គណបក្ស​ទាំងពីរ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ក្រុម​មន្ត្រី​ជាន់ខ្ពស់ របស់​កម្ពុជា​ដែល បាន​នាំគ្នា​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក អាឡាន់ ឡូវែនថល អះអាង​ថា សេចក្តី​ព្រាងច្បាប់​មួយ​នេះ មាន​ការ​គាំទ្រ​ដោយ​ប្រធាន គណៈកម្មាធិការ​កិច្ចការ បរទេស​លោក អេដ រ៉យ (Ed Royce) លោក អេលីយាត អែងហ្គែល (Eliot Engel) លោក ប្រ៊ែត ហ្សឺមែន (Brad Sherman) និង​លោក ស្ទីវ ឆាបុត (Steve Chabot) ថែម​ទៀត​ផង។

សេចក្ដីព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ លេខ H.R. ៥៧៥៤ មាន​ឥទ្ធិពល​ក្នុង​ការ​បង្កក​រាល់​ទ្រព្យ​សម្បតិ្ត​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​ទាំងឡាយ ដែល​កំពុង​ដាក់​តម្កល់​នៅ​សហរដ្ឋអាមេរិក រឹតត្បិត​ដល់​ការផ្ទេរ​លុយ​ទាំងឡាយ​នៅ​ក្នុង​ស្ថាប័ន ហិរញ្ញវត្ថុ​អាមេរិក និង​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​របប​លោក ហ៊ុន សែន រួមមាន​មន្ត្រី យោធា កង​កម្លាំង សន្តិសុខ និង​មន្ត្រី​កំពូលៗ​ជា ច្រើន​ទៀត ដែល​ពួកគេ​ត្រូវ​បាន ប្រធានាធិបតី អាមេរិក​ដាក់បញ្ចូល ក្នុង​បញ្ជី​ខ្មៅ​ដោយសារតែ​ពួកគេ​បាន​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​ផ្ទាល់​និង​យ៉ាង​សកម្ម។

លោក អាឡាន់ ឡូវែនថល មានប្រសាសន៍​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ នឹង​អាច​ចូល​ជា​ធរមាន​ក្នុង​រយៈ ពេល​១៨០​ថ្ងៃ នៅ​ពេល​ដែល​ប្រធានាធិបតី​ចុះហត្ថលេខា​ហើយ។

លោក អាឡាន់ ឡូវែនថល អះអាង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា លោក និង​តំណាងរាស្ត្រ អាមេរិកាំង​ឯទៀតៗ​បាន​ព្រមាន​លោក ហ៊ុន សែន ម្ដង​ហើយ ម្ដង​ទៀត​ថា ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​លោក​បាន​ចុះហត្ថលេខា​យល់ព្រម​រៀបចំ​ការ​បោះឆ្នោត ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​មេដឹកនាំ​ដែល​ក្ដោបក្ដាប់​អំណាច​ជាង ៣០​ឆ្នាំ​រូប​នេះ មិន​គោរព​កិច្ចសន្យា​ទាំងនោះ ហើយ​ថែមទាំង​ធ្វើ​ពុត​ជា​រៀបចំ​ការបោះឆ្នោត​ដោយមាន​ភាព​សេរី និង​យុត្តិធម៌​ទៅវិញ។

លោក​បន្ត​ថា​របប​លោក ហ៊ុន សែន បាន​គំរាមកំហែង កម្ទេច​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ជាច្រើន បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាប់​សកម្មជន​គណបក្ស​ប្រឆាំង និង​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ និង​កម្ទេច​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ តំណាងរាស្ត្រ​អាមេរិកាំង ព្រមាន​ថា ដល់​ពេល​ហើយ​ដែល​លោក ហ៊ុន សែន ត្រូវ​សង​ថ្លៃ ចំពោះ​ទង្វើ​ដែល​លោក​បាន​បំផ្លាញ​ពន្លក លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បាន​រីក​ដុះដាល​ពេល​កន្លងមក។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​សមាជិកសភា​អាមេរិក​គឺ​មិន​ងាយ​ទទួល​បាន លទ្ធផល​ឡើយ។ លោក​បន្ត​ថា អ្វី​ដែល​ក្រុម​សមាជិក​សភា​របស់​អាមេរិក​កំពុងតែ​ធ្វើ​នេះ គ្រាន់តែ​ជា​ការ​បង្ហាញ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​គណបក្សប្រឆាំង​ដែល​ជា​អាយ៉ង​របស់​ខ្លួន​ប៉ុណ្ណោះ។ «»

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​មន្ត្រី​របប​ក្រុងភ្នំពេញ​និយាយ​ចំអក ឬ​ទាត់ចោល​ការព្រមាន​ចាត់​វិធាន​របស់​សហរដ្ឋអាមេរិក​មក​លើ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​លើក​ឡើង​ជា​ញឹក​ញាប់​ថា លោក​មិន​ព្រួយបារម្ភ​ពី​ការ​បង្កក​លុយ ឬ​ការ​មិន​ផ្ដល់​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នោះ​ទេ។ លោក ហ៊ុន សែន ថែមទាំង​និយាយ​បែប​ចំអក​ថា លោក​លើកទឹកចិត្ត​ឲ្យ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បង្កក​លុយ​របស់​ក្រុម​មន្ត្រី​លោក​ដែល​យក​ទៅ​ទុក​នៅ​ប្រទេស​ទាំងនោះ​ទៀត។

ទោះជា​យ៉ាងណាក៏ដោយ​ប្រធាន​ក្រុម​អ្នកវិភាគ​នយោបាយ​វ័យក្មេង​លោក ហង្ស វិទូ មិន​យល់​ដូច្នេះ​ទេ លោក​ថា បើ​សហរដ្ឋអាមេរិក​ចាត់​វិធានការ ដូច​ការព្រមាន​មែន​នោះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​ថែមទាំង​បាត់បង់​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ​ថែមទៀត​ផង។ ទោះ​បែបនេះ​ក្តី លោក ថា របប​ក្រុងភ្នំពេញ​ភ្ញាក់​រលឹក​មិនទាន់​ហួស​ពេល​នោះ​ទេ ក្នុង​ការ​បង្កើត​ឲ្យ​មានការ​ចរចា​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ។ «»

មក​ទល់​នឹង​ថ្ងៃ​ទី​១៦ ឧសភា​នេះ មាន​គណបក្ស​នយោបាយ ចំនួន ២០ ដែល​បាន​ចុះបញ្ជី​រួចរាល់​នៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ប៉ុន្តែ ក្នុង​នោះ​មានតែ​ចំនួន ៥​គណបក្ស​ប៉ុណ្ណោះ ដែល​គ..ប បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ខណៈ​គណបក្ស​ចំនួន ១៥ ទៀត គ..ប​កំពុងតែ​ពិនិត្យ​ឯកសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។