មេដឹកនាំ​សហភាព​សហជីព​កម្ពុជា​ថា ការ​ពន្លឿន​រឿង​ក្តីមេ​សហជីព មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចៀស​ការ​ដក​ការ​អនុគ្រោះពន្ធ​ពី​សហភាព​អឺរ៉ុប​ទេ

ដោយ មួង ណារ៉េត
2018-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

ប្រធានសហជីពមួយចំនួនឲ្យអាស៊ីសេរីដឹងថា ពួក​គេ​នឹង​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី៧ ធ្នូ​ខាង​មុខ នៅ​សាលាដំបូង​ក្រុង​ភ្នំពេញ។ ពួក​គេ​យល់​ថា ការបើក​សវនាការ​​នេះ​ជា​សញ្ញា​ល្អ​មួយ​ ប៉ុន្តែ​ទាមទារ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ស្ដារ​លទ្ធិប្រជាធិប​តេយ្យ​បន្ថែម​ទៀត ​ដើម្បី​គេច​ផុត​ពី​ការ​ដក់អនុគ្រោះ EBA របស់​សហភាព​អឺរ៉ុប។

សវនាការមួយ​ ដែលប្រញាប់ប្រញាល់​ធ្វើ​ភ្លាមៗ ក្រោយ​លោក ហ៊ុន សែន ថ្លែង​សារ​បញ្ជា​ឲ្យ​ចាត់​ការ​រឿង​ក្តី​មេ​ដឹក​នាំ​សហជីព ឲ្យ​បាន​​មុន​ដំណាច់​ឆ្នាំ ២០១៨ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៧ ធ្នូ​ ដោយ​ដឹកនាំ​សវនាការ​ជំនុំជម្រះ ដោយ​ចៅក្រម​ជំនុំជម្រះ​លោក អ៊ឹម វណ្ណៈ ព្រះរាជអាជ្ញា​រង​លោក លី សុផាណា និង​ក្រឡា​បញ្ជី លោក រុន សុជាតិ។ សវនាការ​នេះ នឹង​ជម្រះ​លើ​សំណុំ​រឿង ករណី​ហិង្សា​មួយ​នៃ​បាតុកម្ម​ការ​ទាមទារ​ដំឡើង​ប្រាក់​កម្មករ នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ ​វ៉េង ស្រេង កាល​ពី​ជិត​ ៥ឆ្នាំមុន​  ពោល​គឺ​រឿង​ក្តី ដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ ២០១៣ និង​ដើម​ឆ្នាំ ២០១៤ កន្លង​ទៅ។

រឿងក្តី​ដែល​ផ្អិប​ទុក​យូរ​ឆ្នាំ​មក​ហើយ​នេះ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សហជីព​កម្មរ ដូចជា​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​​កម្ពុជា លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ និង​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ដែល​កំពុង​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា លោក​នឹង​ចូលរួម​ក្នុង​សវនាការ​នោះ លោក​ថែម​ទាំង​អះអាង​ទៀត​ថា បើ​ទោះ​ជា​ថ្ងៃ​នោះ​លោក​រវល់​បំពេញ​បេសកម្ម​នៅ​ក្រៅ​ប្រទេស​ ក៏​លោក​នឹង​ប្រគល់​សិទ្ធិ​ទៅ​មេធាវី​ការពារក្តី​របស់​លោក ចូលរួម​ក្នុង​សវនាការ​នោះ​ដែរ។ ប្រធាន​សហជីព​ដែល​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន ដោយសារ​ការ​តវ៉ា​ការពារ​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​រូប​នេះ ថា បើ​តុលាការ​ដោះ​ស្រាយ​បណ្តឹង ឬ​ទំលាក់​ចោល​បណ្តឹង​ទាំង​នោះ គឺ​រឹតតែ​ជា​រឿង​ល្អ ដែល​ធ្វើ​ឲ្យ​លោក អាច​បំពេញ​ការងារ​កាន់​តែ​ស្រឡះ​ក្នុង​ចិត្ត​ខ្លះ។

ទោះជាយ៉ាងនេះ​ក្តី លោក អាត់​ ធន់ យល់​ថា សេរីភាព​របស់​តំណាង​សហជីព​កម្ពុជា នៅ​តែ​រង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ដដែល ដោយសារ​តែ​ច្បាប់​សហជីព។ លោក​​ស្នើ​សុំ​ឲ្យ​កែប្រែ​ច្បាប់​នោះ ដើម្បី​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ ដល់​កម្មករ និង​តំណាង​សហជីព មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​បំពេញ​ការងារ ដើម្បី​ជា​ប្រយោជន៍​​ដល់​កម្ពុជា​ទាំង​អស់។

រីឯ​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ឲ្យ​ដឹង​អាស៊ី​សេរី​ដឹង កាល​ពី​ថ្ងៃ​ទី២ ធ្នូ​ថា លោក​មិន​ទាន់​ទទួលបានដីការពីតុលាការនៅឡើយទេ។ លោក រ៉ុង ឈុន ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​លោក​កំពុង​ជាប់​សំណុំរឿង​ចំនួន​បី​នៅ​តុលាការ។ លោក​ថា ការណ៍​ដែល​​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ទើប​អន្តរាគមន៍​ឲ្យ​មាន​ការ​សើរើ​សំណុំ​រឿង​មេ​សហជីព​នៅ​ពេល​នេះ គឺ​ជា​ការ​លួង​ចិត្ត​អន្តរជាតិ ដើម្បី​កុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​នេះ​តែ​ប៉ុណ្ណោះ។

ការចេញដីការជំនុំជម្រះក្តី នៃក្រុមសហជីព​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន លើក​ឡើង​ជា​ថ្មី​ជា​លើក​ទី២​ ដោយ​ប្រាប់​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការងារ​ឲ្យ​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​ឆាប់​បញ្ចប់​សំណុំរឿង​មេ​សហជីព។ ការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន នៅ​បែប​នេះ ខណៈ​សហភាព​អឺរ៉ុប​ព្រមាន​លុប​ចោល​គម្រោង​អនុគ្រោះ​ពន្ធ លើ​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ ឬ​ហៅ​កាត់​ថា EBA ដោយសាររ​បប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

ទោះជាមានអន្តរាគមន៍ ពី​លោក ហ៊ុន សែន ក្រោយ​រង​សម្ពាធ​អន្តរជាតិ​បែប​នេះ​ក្តី ក៏​លោក រ៉ុង ឈុន យល់​ថា ការ​ធ្វើ​ត្រឹមតែ​លើកលែង​បណ្តឹង​របស់​ក្រុង​សហជីព​​ពី​តុលាការ គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អ្វី​ដែល​សំខាន់​បំផុត គឺ​ទាល់​តែ​របប​ក្រុង​ភ្នំពេញ ដោះ​លែង​លោក កឹម សុខា លើកលែង​ទោស​លោក សម រង្ស៊ី ផ្តល់​​សិទ្ធិ​នយោបាយ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ១១៨ នាក់ ដែល​ត្រូវ​ហាម​ឃាត់​សិទ្ធិ​នយោបាយ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​​វិញ ផ្តល់​តួនាទី​ដល់​ក្រុម​ប្រឹក្សា​គណបក្ស​នេះ​ជាង ៥.០០៧នាក់​ឡើង​វិញ រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ត្រូវ​អនុញ្ញាត​ឲ្យ​​សារព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​អាច​ដំណើរ​ការ​ឡើង​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល