អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា វៀតណាម​បន្ត​សង់​សំណង់​រឹង ២ទៀត តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា

ដោយ ទីន ហ្សាការីយ៉ា
2020.09.23
ព្រំដែន​កម្ពុជាវៀតណាម កងទ័ព​វៀតណាម​កំពុង​សង់​សំណង់​ថ្មី​ជិត​តង់​កៅស៊ូ ដែល​បោះ​នៅ​តំបន់​ព្រំដែនមិន​ទាន់​កំណត់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។
រូប៖ ហ្វេសប៊ុក

អាជ្ញាធរ​ខេត្ត​កណ្ដាល​អះអាង​ថា វៀតណាម​បាន​រុះរើ​តង់​កៅស៊ូ​ចេញ ដោយ​ដាក់​ជំនួស​មកវិញ​សំណង់​រឹង​មាំ​មាន​សរុប ១០កន្លែង​ហើយ នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ឋិត​ក្នុងស្រុក​កោះ​ធំ និង​ស្រុកលើ​ក​ដែក​ខេត្ត​កណ្ដាល។ អ្នកឃ្លាំមើល​ព្រំដែន​រិះគន់​គណៈកម្មការ​ព្រំដែន​កម្ពុជា​ថា មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​តែងតែ​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន។

អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា​ថា តំបន់​ដែល​វៀតណាម​បោះតង់​ចំនួន ២៧ទីតាំង ដែល​ក្នុង​នោះ​មាន​តង់ ១០កន្លែង ឥឡូវ​វៀតណាម​បាន​កសាង​ជា​សំណង់​រឹង​មាំ​ធ្វើ​ពី​ឥដ្ឋ​ចាក់គ្រឹះ​ក្រវាត់​សសរ​ថ្ម​ដំបូលស័ង្កសី​មាន​កម្ពស់ ៣ម៉ែត្រ និង​ទំហំ ៥ម៉ែត្រ​ឆ្ងាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា ១២០ម៉ែត្រ ឋិត​ក្នុងស្រុក​លើក​ដែក និង​ស្រុក​កោះ​ធំ។

លោក​ ​គង់​ ​សោភ័ណ​ ​មានប្រសាសន៍​បញ្ជាក់​ថា សំណង់​រឹង​ទាំង ១០កន្លែង​នោះ គឺ​វៀតណាម​សង់​នៅ​ទីតាំង​ចាស់​ដដែល​ ​ដើម្បី​ការពារ​ទឹកភ្លៀង។ រីឯ​យោធា​កម្ពុជា​មិន​អាច​ចូល​ទៅ​តំបន់​នោះ ដោយ​ថ្មើរជើង​បាន​នោះ​ទេ​  ​ព្រោះ​មាន​ទឹកជំនន់​នៅ​រដូវ​ភ្លៀង​នេះ។ លោក​បញ្ជាក់​ទៀត​ថា យោធា និង​សមត្ថកិច្ច​កម្ពុជា​ ​បាន​ហាម​វៀតណាម​ម្ដង​ហើយ​ម្ដង​ទៀត ឱ្យ​បញ្ឈប់​ការ​សង់​សំណង់​រឹង​មាំ​ទាំងនោះ​ ​តែ​ភាគី​វៀតណាម​ ​បាន​អង្វរ​ឱ្យ​កម្ពុជា​ ​អនុញ្ញាត​ឱ្យ​ពួកគេ​សង់ ដើម្បី​ការពារ​ជំងឺ​កូវីដ១៩៖ «យើង​នៅតែ​បញ្ជាក់​ថា​ ​សុំ​មិន​ទទួលស្គាល់​ទេ​ ​ហើយ​ទី២ សុំ​ឱ្យ​រុះរើ​ឱ្យ​បាន​ឆាប់​ ​ទី៣​ ​សុំ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ​ ​លើ​ការ​ដើរ​ល្បាត​ចំណុច​ ​ដែល​ដើរ​ល្បាត​រួមគ្នា​ ​ហើយ​នឹង​ជំរុញ​ឱ្យ​ការ​សង់​ទាំង​អស់​នេះ​ ​មិន​ឱ្យ​មក​ក្បែរ​បន្ទាត់​ផ្លូវ​ ​ដែល​យើង​ដើរ​ល្បាត​ ​រួមគ្នា​នោះ​ទេ​។​ ​កងកម្លាំង​យើង​ ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​អ្វី​ដែល​ចេញចូល​ ​ឬ​ទប់​ស្កាត់​បទល្មើស​ផ្សេងៗ​ ​យើង​រឹត​តែ​យកចិត្តទុកដាក់​ថែម​ទៀត»

ពាក់ព័ន្ធ​សកម្មភាព​របស់​វៀតណាម​នេះ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង និយាយ​យ៉ាង​ខ្លី​ថា គណៈកម្មការ​ព្រំដែន​មិន​ទាន់​បាន​ចុះ​ពិនិត្យ​តំបន់ ដែល​វៀតណាម​សង់​សំណង់​រឹង​មាំ​នៅឡើយ​ទេ ហើយ​លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា​ ​គណៈកម្មការព្រំដែន​នឹង​ចុះទៅ​ពិនិត្យ​នៅ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​នោះ​ដែរ?«អត់​ទាន់​មានបាន​ចុះ​មើល​ទេ​ ​យើង​ជាប់​បុណ្យ​ភ្ជុំ​ ​ហើយ​ឥលូវ​គេ​បោះ​ធ្វើ​ម៉េច​? ​ចាំ​យើង​ចុះទៅ​មើល​រៀបចំ​ស្រួលបួល»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​តែ​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក កុយ គួង ធ្លាប់​ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ក្រសួង​ការ​បរទេស​កំពុង​ពិនិត្យ​របាយការណ៍​អំពី​វៀតណាម​សង់​តង់​រឹងមាំ​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​នេះ​ហើយ។

អ្នកឃ្លាំមើល​ព្រំដែន​កោតសរសើរ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ដែល​ហ៊ាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​ការ​ឈ្លានពាន​របស់​វៀតណាម​ខុស​ពី​អាជ្ញាធរ​ខេត្ត​ផ្សេងៗ។ ពួក​គេ​រិះគន់​គណៈកម្មការ​ព្រំដែន និង​ក្រសួង​ការ​បរទេស​ថា ធ្វើ​ការងារ​ខ្ជីខ្ជា​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុ​ជាប្រចាំ​ប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត រិះគន់​គណៈកម្មការព្រំដែន​ ​ដែល​ដឹកនាំ​ដោយ​ ​លោក វ៉ា គឹមហុង ថា មិន​ដែល​ចុះទៅ​ពិនិត្យមើល​ទាហាន​វៀតណាម​ ​បោះតង់​រំលោភ​ដី​ខ្មែរ​នោះ​ទេ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​វៀតណាម​មើលងាយ​កម្ពុជា។ លោក​រុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​លុប​សន្ធិសញ្ញា​ទាំងឡាយ​ណា​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​ ​និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាពិសេស​ត្រូវ​កសាង​ឯកសារ​នានា ប្ដឹង​ប្រទេស​វៀតណាម​ ​ដែល​ឈ្លានពាន​ទឹកដី​កម្ពុជា​ ​ទៅ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ៖ «គណៈកម្មការ​ព្រំដែន​លោក វ៉ា គឹមហុង ក្តី និង​ក្រសួង​ការ​បរទេស​ក្ដី គឺ​បញ្ជាក់​ថា ការ​ឆ្លើយដាក់​គ្នា​បន្ទោស​ដាក់​គ្នា ហើយ​អត់មាន​ចំណាក់​ការ​ណា​មួយ​ ​ច្បាស់លាស់​ ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា​ទេ។ វា​បញ្ជាក់​ឱ្យ​ឃើញ​ថា អ្វី​ដែល​របប​លោក​ ​ហ៊ុន​ ​សែន​ ធ្វើ​បច្ចុប្បន្ន​ ​ធ្វើ​ត្រឹមតែ​បាន​ជួយ​ធ្វើ​សម្បទាន​ថ្មី​ថែម​ទៀត​ ​ទៅ​ប្រទេស​វៀតណាម​ ​ក្នុង​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា»

ចំណែក​តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជាម​ន្រ្តី​បក្ស​ទទួលបន្ទុក​កិច្ចការ​ងារ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​សរសេរ​កំណត់​ទូត​មួយ​ទៀត ស្ដីពី​បញ្ហា​នេះ​ ​ទៅ​ភាគ​វៀតណាម។ លើស​ពី​នេះ​ទៀត លោក​ទាមទារ​ឱ្យ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គប្បី​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​ប្ដឹង​វៀតណាម​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​ទីក្រុង​ប៉ារីស និង​សហគមន៍​អា​ស៊ាន​ផង​ដែរ៖ «រឿង​បន្ទាន់​នោះ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ត្រូវតែ​បញ្ជូន​ទ័ព​ទៅ​ទប់ទល់​ការឈ្លានពាន​ពីសំណាក់​ប្រទេស​យួន​ ​ដូចដែល​កម្ពុជា​ធ្លាប់​បញ្ជូន​ទ័ព​ទៅ​ទប់ទល់​នៅ​ថៃ និង​ឡាវ​កន្លងមក​បាន​អាច​ ​បញ្ឈប់​អំ​ពោះ​ឈ្លានពាន​របស់​យួន​បាន។ បើ​មិន​អ៊ីចឹង​ទេ យួន​នៅតែ​សាងសង់​សំណង់​រឹង​ ​ដែល​រំលោភ​មក​លើ​បូរណភាពទឹកដី​កម្ពុជា»

អាជ្ញាធរ​កម្ពុជា​អះអាង​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧កន្លែង​នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង​ខេត្ត​កំពត ត្បូង​ឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ មក​ទល់​ពេលនេះ​មាន​តង់​យ៉ាង​ហោច​ណាស់ ១២កន្លែង​ហើយ ដែល​យោធា​វៀតណាម​ប្រែក្លាយ​ជា​ជម្រក​រឹងមាំ​ឋិត​ស្រុកលើ​ក​ដែក និង​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​តំបន់​ថ្ម​ ៣ដុំ ក្នុង​ខេត្ត​តាកែវ និង​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។