ឯកអគ្គរដ្ឋទូតអាមេរិក ចង់ឃើញរបប​លោក ហ៊ុន សែន ផ្សះផ្សា​ជាមួយ​គណបក្ស​ប្រឆាំង និង​ដោះ​លែង​​លោក កឹម សុខា

មួង ណារ៉េត
2018-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក វីល្លៀម ហៃដ៍ (William Heidt)ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក វីល្លៀម ហៃដ៍ (William Heidt)ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧។
AP Photo

ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ លោក វីល្លៀម ហៃដ៍ (William Heidt) ចង់ឃើញ​របបលោក ហ៊ុន សែន ផ្សះផ្សាជាមួយ​គណបក្សប្រឆាំង ដើម្បីប្រយោជន៍ និង កេរ្តិ៍ឈ្មោះកម្ពុជា។ លោកចាត់ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក កឹម សុខា ថា​ជា​រឿង​អយុត្តិ​ធម៌​បំផុត។

លោក វីល្លៀម ហៃដ៍ (William Heidt) ថ្លែង​ប្រាប់​អាស៊ីសេរី ក្នុង​កិច្ច​សម្ភាសន៍កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ថាទាំង​រដ្ឋាភិបាល​ និង ស្ថាប័ន​រដ្ឋសភាអាមេរិក សុទ្ធតែបាន​បញ្ជាក់ជំហរ​ច្បាស់​លាស់​របស់​ខ្លួន​ រួច​ហើយ ថាចំណាត់ការ​របស់របបលោក ហ៊ុន សែន មកលើសំឡេង​ប្រឆាំង គឺធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ដំណំ ដល់​មុខមាត់របស់​កម្ពុជា លើ​ឆាក​ជាតិ និង អន្តរជាតិ។

ជាងនេះទៅទៀត ចំពោះ​ខ្លួន​លោក​ផ្ទាល់ លោកនៅតែ​ចាត់ទុកថា ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា គឺជារឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ <<ខ្ញុំ​ស្គាល់​ឯកឧត្តម កឹម សុខា ម្ភៃឆ្នាំហើយ! ខ្ញុំ​មិនអះអាងថា ខ្ញុំ​ស្គាល់​លោក កឹម សុខា ច្បាស់​ខ្លាំងនោះទេ។ ប៉ុន្តែ ខ្ញុំ​ស្គាល់គាត់ តាំង​ពីទសវត្សន៍ ៩០ កាលខ្ញុំ​ធ្វើជាមន្រ្តី​ផ្នែកសេដ្ឋកិច្ច​ នៅកម្ពុជា។ កាលណោះ​ខ្ញុំ​មិន​ប្រឡូក​នឹង​រឿងនយោបាយ​ច្រើនទេ។ តែ​ស្គាល់​គាត់​តាំងពីពេលនោះមក។ ខ្លួន​ខ្ញុំ​ផ្ទាល់ ពិតជានៅតែយល់ថា លោក កឹម សុខា ទទួល​រងនូវ​អំពើ​អយុត្តិធម៌បំផុត។ ខ្ញុំ​ហ៊ាន​និយាយដូច្នេះ។ ខ្ញុំ​នឹង​នៅតែនិយាយដូច្នេះ។ ហើយ​ខ្ញុំ​សង្ឃឹមយ៉ាង​មុតមាំ ថា​រដ្ឋាភិបាល នឹង​អាច​រកច្រកដំណោះស្រាយ​មួយ ដើម្បីធ្វើ​យ៉ាង​ណា​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ពិតប្រាកដ មាន​វត្តមាន​ឡើង​​វិញនៅកម្ពុជា។ ខ្ញុំបាន​លើកចំណុចនេះ ទៅជម្រាប​រដ្ឋមន្រ្តីមួយចំនួន ដែល​ខ្ញុំ​បាន​ជួបរួចហើយដែរ។ ខ្ញុំ​ជម្រាបមន្រ្តីទាំងនោះថា ​បញ្ហាធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំងនេះ ធ្វើឲ្យប៉ះពាល់មុខមាត់​កម្ពុជាខ្លាំង​លើសអ្វីៗទាំងអស់។ ដូច្នេះ ខ្ញុំ​ចង់​ឃើញ ដំណោះស្រាយមួយ​ ដើម្បី​ឲ្យ​មានកា​រផ្សះផ្សាគ្នា​ជាមួយគណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​បក្ស​ប្រឆាំង​អាច​បើកដំណើរការ​ ដោយ​ពេញ​លេញ​។ បើ​ធ្វើ​បាន នោះនឹង​បាន​ប្រយោជន៍យ៉ាង​ច្រើនសម្រាប់កម្ពុជា និង កេរ្តិ៍ឈ្មោះ​របស់​ប្រទេសនេះ”។

សារ​របស់​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កម្ពុជានេះ ធ្វើឡើង​ស្របពេលដែលសហគមន៍អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប កំពុង​ចាត់នីតិវិធី​ដកការ​អនុគ្រោះពន្ធ​ពី​កម្ពុជា ប្រសិនបើ​របបលោក ហ៊ុន សែន មិនព្រមផ្តល់នីតិសម្បទាឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដំណើរការ​ឡើង​វិញ។

ការ​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញនេះ ក៏ជាសំណូមពរ​ និង ការ​ចង់បាន​របស់​ពលរដ្ឋខ្មែរ​ជាង​បីលាននាក់ ដែលបាន​​បោះឆ្នោត​គាំទ្រគណបក្សសង្គ្រោះជាតិដែរ។

ប៉ុន្តែ មន្រ្តីរបបលោក ហ៊ុន សែន អះអាងប្រាប់​អាស៊ីសេរី នៅថ្ងៃទី ២៧ ខែ វិច្ឆិកានេះ ថា​គ្មាន​ទេ​ការ​ផ្សះផ្សា​ជាមួយ​បក្សប្រឆាំង ដែល​ត្រូវ​បាន​រម្លាយ​រួច​ហើយនោះ។ មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន នៅតែអះអាងថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង រម្លាយ​គណបក្ស​សង្គ្រោះជាតិ គឺធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ និង នីតិវិធីតុលាការ។ លោក ផៃ ស៊ីផាន បន្ថែមថា ការ​ផ្សះផ្សាជាមួយ​លោក កឹម សុខា និង គណៈបក្ស​សង្គ្រោះជាតិ គឺ​ស្មើនឹង​ការ​អនុញ្ញាត​ឲ្យ​វប្បធម៌ និទណ្ឌភាព ឬ វប្បធម៌នៃការប្រព្រឹត្តខុស​រួច​ខ្លួន នៅតែ​កើ​តមាន​នៅកម្ពុជា​ តទៅទៀតដូច្នេះដែរ <<ខ្ញុំ​សូម​បញ្ជាក់ថា ការ​បាត់​បង់​វត្ត​មាន​របស់​គណបក្ស​សង្គ្រោះជាតិ ដោយសាលដីកាតុលាការ​កំពូល គឺមិនមែន​ជា​វិបត្តិ​នយោបាយ​ទេ។ គឺ​មិនមែន​ជា​ទំនាស់​នយោបាយ​​ទេ ប៉ុន្តែ វាជាទំនាស់​ជាមួយនឹង​ច្បាប់​កម្ពុជា ដែលគេហៅថាជាការ​ក្បត់ជាតិ>>។

លោក កឹម សុខា ត្រូវ​បាន​លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ទាំងរម្លង​អាធ្រាត្យ និង ទាំង​កម្រោល​ កាលពីដើមខែ កញ្ញា ឆ្នាំ ២០១៧ ដោយ​ចោទពីបទក្បត់ជាតិ។ បន្ទាប់មក នៅខែ វិច្ឆិកា ឆ្នាំដដែលនោះ តុលាការ​កំពូល​ បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះបីលោក ផៃ ស៊ីផាន និង មន្រ្តី​របបលោក ហ៊ុន សែន ដទៃទៀត​ អះអាងថា​ ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការ​កំពូល ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និង ថា​តុលាការ​នេះ​មាន​ឯករាជ្យភាពពេញលេញ ក្នុង​ការ​សម្រេចសេចក្តី​យ៉ាង​ណាក្តី ក៏មជ្ឈដ្ឋានទូទៅ យល់ថាការ​សម្រេច​របស់​តុលាការកម្ពុជា គឺធ្វើ​ឡើង​ដោយ​សារ​ហេតុផលនយោបាយ។ មិន​តែប៉ុណ្ណោះ តុលាការ​កំពូល ក៏រងការរិះគន់ ថា​គ្មាន​ឯករាជ្យដែរ ដោយសារតែស្ថិតក្រោម​ឥទ្ធិពល​របស់បក្ស​កាន់អំណាច។

ក្នុងចំណោមចៅក្រម​ទាំងប្រាំបួនរូប ដែលកាត់​សេចក្តី​ ក្នុងរឿង​ក្តី​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ចៅក្រោមយ៉ាងហោចណាស់បីរូប ជាមនុស្ស​របស់​​គណបក្សកាន់អំណាច។ ក្នុង​នោះ​រួមមាន ប្រធានតុលាការកំពូល គឺលោក​ ឌិត មុន្ទី ជា​សមាជិក​អចិន្ត្រៃយ៍​របស់​គណៈមជ្ឈិមបក្ស​ របស់​គណបក្ស​ប្រជាជនកម្ពុជា។ អនុប្រធាន​តុលាការ​​កំពូល គឺ​លោក ឃឹម ប៉ុន ជា​​សមាជិក​​មជ្ឈិម​បក្ស​ របស់​​បក្ស​​កាន់​អំណាច និង​អនុប្រធាន​តុលាការ​កំពូល​មួយរូបទៀត គឺលោក ជីវ កេង ជា​សមាជិក​គណៈមជ្ឈិម​បក្ស​ផង ជា​ប្រធានក្រុមការងារ​ពង្រឹង​មូលដ្ឋាន របស់​គណបក្ស​ប្រជាជនកម្ពុជា នៅខេត្តតាកែវផង។ ចំណែកឯតំណាង​អយ្យការ ដែលជាអ្នកចោទប្រកាន់វិញ គឺអគ្គ​ព្រះរាជអាជ្ញា អ្នកស្រី ជា លាង ដែលជាក្មួយ​របស់​លោក សុខ អាន និង​ជា​​សមាជិក​គណៈមជ្ឈិម​បក្ស​​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា​​ផង​ដែរ។

អ្នកឯកទេសច្បាប់លោក ហ៊ាង​ រិទ្ធី ធ្លាប់​អះអាងប្រាប់​អាស៊ីសេរី​ថា ​ការ​កាត់​សេចក្តីរម្លាយគណបក្ស​នយោបាយមួយ ដែល​ជាគូប្រជែង​ជាមួយគណបក្សនយោបាយ​មួយទៀត ហើយ​អ្នកសម្រេចសេចក្តី មានទំនាស់ផលប្រយោជន៍ ក្នុង​ការរម្លាយបក្ស​ដទៃនោះ បែបនេះ គឺមិនអាច​ឲ្យ​តុលាការ​សម្រេច​ក្តី ដោយ​ត្រឹមត្រូវ និង យុត្តិធម៌​បាន​នោះឡើយ៖ «ចំណុចនេះហើយ ដែល​យើង​ឃើញថា ការ​សម្រេច​សេចក្តី​​ឲ្យ​មាន​ឯករាជ្យ និយាយ​ឲ្យ​ខ្លី​ចៀស​ឲ្យ​ផុត​ពី​អគតិទាំងបួន សម្រេច​សេចក្តី​ឲ្យ​មាន​យុត្តិធម៌ គឺ​ពិបាក​ណាស់ ពិបាក​រក​យុត្តិធម៌​ឲ្យ​ជនជាប់​ចោទ ហៅ​ថា​ជន​រងគ្រោះនេះ​»។

តុលាការ​កម្ពុជា រងការរិះគន់ថា​ ជាឧបករណ៍​នយោបាយ សម្រាប់​គណបក្ស​កាន់អំណាច​ ប្រើដើម្បី​បង្រ្កាប​សំឡេង​ប្រឆាំង។ ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏រងការ​រិះគន់ ថាជាយន្តការនយោបាយ ​បំបិទសំឡេង​ប្រឆាំង ដើម្បីគណបក្សកាន់អំណាច អាច​បន្ត​ក្រាញអំណាច​យូរ​តទៅទៀត​ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគ​យល់ថា បើរបបលោក ហ៊ុន សែន មិនព្រម​រកដំណោះស្រាយនយោបាយ ដើម្បី​ឲ្យ​មានការ​ផ្សះផ្សាជាតិ​នោះទេ ប្រទេសកម្ពុជាចៀសមិនផុត ពី​រងទណ្ឌកម្ម​ពី​អន្តរជាតិ និង ខ្វះ​ការ​ទទួលស្គាល់ជាទូទៅក្នុង​ចំណោម​មហាជន​ខ្មែរ​ខ្លួន​ឯង​ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល