ពលករ​ខ្មែរ​នៅ​ថៃ​មួយ​ចំនួន​​​ត្រៀម​ចូល​រួម​កែលំអ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ទាប់​ពី​​តាម​ដាន​សន្និបាត​របស់​បក្ស​ប្រឆាំង​នៅ​អាមេរិក

ដោយ សេក បណ្ឌិត
2018-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​​នៅ​ថៃ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ នៅ​វត្ត​សូធននិមិត្ត ខេត្ត​សាមុតប្រាកាន ជាប់​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨។
ពលករ​​នៅ​ថៃ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ នៅ​វត្ត​សូធននិមិត្ត ខេត្ត​សាមុតប្រាកាន ជាប់​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨។
រូប៖ ពលរដ្ឋ

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​នាំ​គ្នា​តាមដាន​មហាសន្និបាត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​របប​លោក​ហ៊ុន សែន​រំលាយ​ចោល នៅ​សហរដ្ឋ​អាមេរិក​​យ៉ាង​ហ្មត់ចត់។ ពលករ​អះអាង​ថា​ ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​​ជួយ​កែលំអ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​មួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រឡប់​​ទៅ​មាតុភូមិ​វិញ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​បើ​ត្រឹមតែ​សន្និបាត ​ហើយ​​មិន​សកម្មភាព​និង​ផែន​ការណ៍​ច្បាស់លាស់ នឹង​មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំ​ឲ្យ​ប្រសើរ​ឡើង​បាន​​ទេ។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​​​លោក​ ខេមរា ជាតិ​ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២ ធ្នូ​ថា លោក​បាន​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​ជាង​ ១០​ឆ្នាំ​ហើយ​ ដោយសារ​ជីវភាព​ក្រីក្រ​ ហើយ​ស្រុក​កំណើត​គ្មាន​ការងារ​ធ្វើ​ទើប​បង្ខំចិត្ត​បែក​​ពី​ឪពុកម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូច្នេះ។ពលករ​រូប​នេះ​អះអាង​ទៀត​ថា ថ្មី​បើ​ពួកគេ​នៅ​ក្រៅ​ប្រទេស​​​ក្ដី​ក៏ប៉ុន្តែ​​ស្រលាញ់​ប្រទេស​ជាតិ​ និង​បាន​​តាមដាន​ស្ថានការណ៍​នយោបាយ​ជា​រាល់​ថ្ងៃ​មិនដែល​ខាន​នោះ​ទេ។លោក ខេមរា ជាតិ​ បន្ថែម​ទៀត​ថា ពលករ​នៅ​​​តំបន់​ដែល​ខ្លួន​ធ្វើ​ការ​ជា​ច្រើន​នាក់​​សប្បាយចិត្ត​នៅ​ពេល​ឃើញ​មន្ត្រី​គណបក្ស​ប្រឆាំង​ជួបជុំ​គ្នា​ធ្វើ​សន្និបាត​នៅ​សហរដ្ឋ​អាមេរិក ព្រោះ​លោក​មាន​ជំនឿ​ថា​សន្និបាត​​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​រស់​ឡើង​វិញ​ ដូច្នេះ​កម្ពុជា​នឹង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុង​ពេល​ឆាប់ៗ ៖ «បាទ​ខ្ញុំ​ចូលរួម​ឲ្យ​អស់​ពី​ចិត្ត​អស់​ពី​បេះ​ដូង​ដោយ​សារ​យើង​ឃើញ​គ្មាន​គណបក្ស​ណា​មួយ​ ឬ​អ្នក​នយោបាយ​ណា​មួយ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ និង​ស្វែង​រក​សេរី​ភាព​ជូន​ពលរដ្ឋ​ និង​ស្ដារ​ប្រជាធិបតេយ្យ​ដើម្បី​ប្រទេស​យើង​បាន​ទេ​។អ្វី​ដែល​សំខាន់​ខ្ញុំ​គាំទ្រ​ គឺ​ខ្ញុំ​មិន​ចង់​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ​ ជាតិ​សាស្ត្រ​ និង​សាសនា​របស់​ខ្មែរ»

ចំណែក​ពលករ​ការ​នៅ​ប្រទេស​ម្នាក់​ទៀត​ លោក សុន សីហា អះអាង​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ភាគ​ច្រើន​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ប្រសិនបើ​នៅ​ក្នុង​ស្រុក​មាន​ការងារ​ធ្វើ​ឲ្យ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​អាច​រស់​នៅ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នោះ​។ពលករ​រូប​នេះ​បន្ថែម​ទៀត​ថា ពួកគេ​មិន​ពេញ​ចិត្ត​របប​ដឹក​សព្វ​ថ្ងៃ​ទេ ព្រោះ​ជា​របប​ឯក បក្ស​ផ្ដាច់ការ ដែល​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង​។លោក សុន សីហា មាន​សង្ឃឹម​ថា ការ​ធ្វើ​មហាសន្និបាត​របស់​គណបក្ស​ប្រឆាំង​នៅ​សហរដ្ឋអាមេរិក​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ​ឡើង​វិញ៖ «រឿង​នេះ​មិន​មែន​ថា​តែ​ពលករ​នៅ​ថៃ​ទេ​ ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ក៏​គាត់​ត្រៀម​ខ្លួន​ដែរ តែ​គ្រាន់​តែ​ថា​គ្មាន​អ្នក​ដឹក​នាំ​ទេ​ ប៉ុន្តែ​ជឿ​ថា​ពួកគាត់​មាន​អារម្មណ៍​ដូចខ្ញុំ​ដែរ​ គឺ​គាត់​ស្រែក​ឃ្លាន​ការ​ផ្លាស់​ប្ដូរ​គាត់​ចង់​បាន​ភាព​យុត្តិធម៌​ ព្រោះ​ពលរដ្ឋ​លំបាក​រង​ទុក្ខ​អយុត្តិធម៌​មាន​ច្រើន​ណាស់​ ដូចជា​ពលករ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​មេ​ដឹក​នាំ​សព្វ​ថ្ងៃ គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​ប្រទេស​រីក​ចំរើន​ បាន​ជា​នាំ​គ្នា​ចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ទាំង​លំបាក​លំបិន​ដូច្នេះ»

តំណាង​​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រយ​នាក់​ មក​ពី​ជុំវិញ​ពិភពលោក ធ្វើ​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី១ និង​ទី២ ខែ​ធ្នូ​ នៅ​ក្រុង​អាត្លង់តា (Atlanta)  រដ្ឋ Georgia នៃ​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​ពិភាក្សា​គ្នា រិះរក​មធ្យោបាយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ ដើម្បី​ស្វែង​រក​យុទ្ធសាស្ត្រ​រួម​មួយ ក្នុង​ការ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញដោះលែងប្រធានគណបក្ស​របស់ខ្លួន ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ នៅ​ប្រទេស​កម្ពុជា គឺលោក កឹម សុខា ឱ្យ​មាន​សេរីភាព និង​ធ្វើ​នយោបាយ​ឡើងវិញ ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ និងតំណាងរាស្ត្រទាំង ១១៨រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​ជ្រើសរើស​មេ​ដឹក​នាំ​គណបក្ស​បណ្តោះអាសន្ន ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​យុទ្ធសាស្រ្ត​នេះ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ផៃ ស៊ីផាន​ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ថ្ងៃ​ទី​២ធ្នូ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក​យង់ គិមអេង លើក​ឡើង​ថា​ ការ​ជុំ​គ្នា​របស់​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិន​បាន​ជោគ​ជ័យ​ទេ ប្រសិន​បើ​មិន​មាន​ផែនការ​ច្បាស់លាស់​ និង​មិន​មាន​សកម្មភាព​ជាក់​ស្ដែង​​នោះ​ ព្រោះ​គ្រាន់​តែ​ជា​ការ​ប្រមូលផ្ដុំ​គ្នា​មួយ ដោយ​មិន​មាន​ការ​ជជែក​រក​ដំណោះ​ស្រាយ​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច​ដើម្បី​រក​ច្រក​ចេញ​​បាន​នៅ​ឡើយ៖ «កុំ​ឲ្យ​មាន​ទស្សនៈ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​​ស៊ីត្រី​ ហើយ​ខាង​បក្ស​ប្រឆាំង​កាល​ពី​មុន​ក៏​បាន​លើក​ឡើង​ថា​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​អី​នោះ​។ ខ្ញុំ​ឃើញ​ថា​សារ​នយោបាយ​ទាំង​អស់​នឹង​សំខាន់​ ប៉ុន្តែ​រឿង​សំខាន់​​​ថា តើ​ធ្វើ​យ៉ាង​មិច​ដើម្បី​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ ខ្ញុំ​រឿង​សំខាន់​បំផុត​បើ​ទោះ​បី​ជា​មាន​ការ​កំណត់​ចេញ​គោលនយោបាយ​ក៏​ដោយ​ សំខាន់​ត្រូវ​កសាង​ទំនុក​ចិត្ត​ ព្រោះ​នយោបាយ​នៅ​កម្ពុជា​ រឿង​ដែល​ធំ​គឺ​ខ្វះ​ទំនុក​ចិត្ត​ ខ្វះ​ការ​ជឿជាក់​គ្នា»

លោក យង់ គិមអេង​ បន្ថែម​ទៀត​ថា ដើម្បី​មាន​ដំណោះ​ស្រាយ​ទាល់តែ​គណបក្ស​ប្រឆាំង​ និង​បក្ស​កាន់​អំណាច​ជួប​សន្ទនា​គ្នា​ដោយ​សន្តិវិធី​ទើប​ជា​តម្រុយ​មួយ​ដែល​ខ្មែរ​មាន​ការ​រួបរួម​ជាតិ​ឆ្ពោះ​ទៅ​រក​​ការ​បញ្ចប់​ការ​ជាប់​គាំ​នយោបាយ​បាន​។ លោក​បន្ត​ថា​ ដើម្បី​ត្រូវ​គ្នា​ទាល់​តែ​គ្រប់​គណបក្ស​នយោបាយ​បន្ទន់​ឥរិយា​បទ​ទៅ​វិញ​​ទៅមក​ និង​កុំ​ឲ្យ​ប្រើ​ពាក្យ​សំដី​ដែល​ធ្វើ​ឲ្យ​មាន​ការ​អាក់អន់ស្រពន់ចិត្ត ឬ​ជា​ភាសា​ដែល​ចាត់​ទុក​គ្នា​ជា​សត្រូវ​ ហើយ​អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ ដើម្បី​​ជាតិ​ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ។ លោក​ថា​វិធី​ដែល​អាច​ចរចា​គ្នា​មាន​ប្រសិទ្ធភាព​ គឺ​​តាម​រយៈ​តំណាង​គណបក្ស​រៀងៗ ខ្លួន​នៅ​តាម​មូលដ្ឋាន ឬ​ថ្នាក់​កណ្ដាល ​និង​តំណាង​គណបក្ស​ថ្នាក់​កំពូល ជួប​សំណេះសំណាល​ស្ទាបស្ទង់​គ្នា​ជា​រឿង​សំខាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល