លោក ហ៊ុន សែន ថា​អ្នកស្រី យីងឡាក់ មិន​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​គេច​ខ្លួន​ទេ

ដោយ ឡេង ម៉ាលី
2017.08.27
យីងឡាក់ ៦២២ អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពីអំឡុង​​ឆ្នាំ​២០១១។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ មិន​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​គេច​ខ្លួន​ទេ។ ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ដកស្រង់​ដោយ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា។

លោក ខៀវ កាញារីទ្ធ បញ្ជាក់​បន្ថែម​ថា អ្នកស្រី យីងឡាក់ បាន​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​សម្រាប់​ការ​រត់​គេច​ខ្លួន។

សម្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ជា​ការ​បញ្ជាក់​បន្ថែម​លើ​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដែល​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ សីហា ថា សមត្ថកិច្ច​កម្ពុជា មិន​បាន​ទទួល​ព័ត៌មាន​ថា អ្នកស្រី យីងឡាក់ មាន​វត្តមាន ឬ​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា នោះ​ឡើយ។ លោក​ថា កម្ពុជា រីករាយ​សហការ​ជាមួយ​តុលាការ​ថៃ៖ «អនុវត្ត​ច្បាប់ គឺ​អនុវត្ត​ច្បាប់ គឺ​បើ​ថា​តុលាការ​គេ​មាន​ដីកា​ចាប់​ខ្លួន​ហើយ រត់​មក​ពឹង​យើង ប្រទេស​យើង​មិន​មែន​សម្រាប់​អ្នក​អស់​ហ្នឹង​ជ្រក​កោន​ទេ»

កាល​ពី​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​ថៃ និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​បត្យាប័ន​នឹង​គ្នា ដែល​ជា​កិច្ចព្រមព្រៀង​មួយ​សម្រាប់​បញ្ជូន​អ្នក​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ។

អ្នកស្រី យីងឡាក់ ត្រូវ​បាន​តុលាការ​កំពូល​របស់​ថៃ បង្គាប់​ឲ្យ​ចូល​ខ្លួន​ទៅ​ស្ដាប់​ការ​ប្រកាស​សាលក្រម​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ក្នុង​សំណុំ​រឿង​នយោបាយ​ទិញ​ស្រូវ​ពី​កសិករ​របស់​អ្នកស្រី ដែល​បរាជ័យ។ អ្នកស្រី​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ទេ ហើយ​មេធាវី​ប្រាប់​ថា អ្នកស្រី​មាន​បញ្ហា​សុខភាព។

ការ​បដិសេធ​នេះ ក៏​ជា​ការ​ឆ្លើយតប​ចំពោះ​ព័ត៌មាន ដូច​ដែល​កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ សីហា ដែល​គូសវាស​ថា អ្នកស្រី យីងឡាក់ គេច​ខ្លួន​តាម​ច្រក​ខេត្ត​កោះកុង កម្ពុជា មុន​នឹង​ជិះ​យន្តហោះ​ទៅ​សិង្ហបុរី និង​ក្រុង​ឌុយបៃ (Dubai) របស់​អារ៉ាប់រួម​អេមីរ៉ាត (United Arab Emirates)។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា កាសែត​ដដែល​ស្រង់​ព័ត៌មាន​ពី​ប្រភព​មន្ត្រី​ការពារ​ព្រំដែន​ថៃ ដែល​ជឿ​ថា អ្នកស្រី យីងឡាក់ បាន​គេច​ខ្លួន​តាម​ផ្លូវ​ទឹក​ច្រើន​ជាង ដោយ​ជិះ​កាណូត​លឿន​ពី​ខេត្ត​រ៉ៈយ៉ង ទៅ​កោះ​ឆាង កោះ​គុត និង​កោះ​ឡៅយ៉ា ខេត្ត​ត្រាត មុន​ចូល​មក​កម្ពុជា។ ប្រភព​កង​នាវាចរណ៍​ថៃ ថ្លែង​ថា ឥស្សរជន​ដូច​ជា​អ្នកស្រី មិន​រើស​ការ​ឆ្លង​កាត់​តាម​ច្រក​ផ្លូវការ​ទេ ហើយ​ក៏​មិន​កាត់​តាម​ច្រក​របៀង​គ្មាន​មនុស្ស​ដែរ ព្រោះ​សម្បូរណ៍​គ្រាប់មីន។ កង​ការពារ​ព្រំដែន ក៏​បាន​ត្រួត​ពិនិត្យ​គ្រប់​យានយន្ត​ចេញ​ចូល​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។