គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​នៅ​បាត់​ដំបង​ស្នើសុំ​កិច្ចការពារ​សុវត្ថិភាព​ពី​អង្គការ​សិទ្ធិមនុស្ស ក្រោយ​ពី​អាជ្ញាធរ​គំរាមកំហែង

ដោយ ទីន ហ្សាការីយ៉ា
2020.07.20
រុន ចន្ធី 2020 លោក រុន ចន្ធី ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង ដែល​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ទៅ ប្រទេស​ថៃ។
រូប៖ ហ្វេសប៊ុក Ron Chanty

គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ រស់នៅ​សង្កាត់​អូរចារ ខេត្ត​បាត់ដំបង ស្នើសុំ​កិច្ចការពារ​សុវត្ថិភាព​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ថ្ងៃ​ទី២០ ខែកក្កដា បន្ទាប់​ពី​អះអាង​ថា មាន​អាជ្ញាធរ​មូលដ្ឋាន និង​មាន​មន្ត្រី​កងរាជអាវុធហត្ថ​គំរាម​គំ​ហែង​ដល់​សុវត្ថិភាព​ពួក​គេ។ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់ថា ទង្វើ​របស់​អាជ្ញាធរ គឺជា​ការរំលោភ​ច្បាប់ និង​រំលោភសិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក រុន ចន្ធី គឺ​លោកស្រី រ៉ើន រៀម រៀបរាប់​ថា លោកស្រី​មាន ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ក្រោយពេល​មាន​មន្ត្រី​កង​រាជ​អាវុធ ៣នាក់ បាន​ទៅ​តូប​លក់​បន្លែ​របស់​លោកស្រី​ក្នុង​ផ្សារ​បឹង​ឈូក ស្ថិត​ក្នុង​ក្រុង​បាត់ដំបង និង​បាន​ចង្អុលមុខ​ហើយ​និយាយ​ថា ប្រសិនបើ​ប្ដី​លោកស្រី ហ៊ាន​វិល​ចូល​កម្ពុជា​វិញ នឹង​មិន​មាន​សេរីភាព​ឡើយ។ លោកស្រី​បញ្ជាក់​ថា សកម្មភាព​គំរាម​នេះ កើតឡើង​កាលពីដើម​ខែ​កក្កដា ហើយ​លោកស្រី ទើបតែ​ដាក់​បណ្ដឹង​ស្នើសុំ​ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ជួយ​តាមដាន​និង​ឃ្លាំមើល​សុវត្ថិភាព គ្រួសារ​លោកស្រី​នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា។ប្រពន្ធ​សកម្មជន​បក្ស​បក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា ការ​គំរាមកំហែង​លើ​គ្រួសា​រលោក​ស្រី​នេះ មិនមែន​ជា​លើកទីមួយ​នោះ​ទេ គឺ​កន្លងមក អាជ្ញាធរ​មូលដ្ឋាន តែងតែ​ជិះ​ម៉ូតូ​ឃ្លាំមើល​ផ្ទះ និង​ធ្លាប់​ប្រើ​មនុស្ស​ឲ្យ​ចូល​ឆែក​ក្នុង​ផ្ទះ​លោកស្រី ដើម្បី​ស្វែងរក​ប្តី​លោកស្រី ដោយសារ​ពួក​គេ​សង្ស័យ​ថា ប្តី​លោកស្រី អាច​វិល​មក​សម្ងំ​រស់នៅ​ក្នុង​ផ្ទះ​ឡើងវិញ ក្រោយ​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ៖ «គាត់​មក​ហើយ​និយាយ​ថា ប្តី​ចែ​ឯង​បើ​ហ៊ាន​មកវិញ ខ្ញុំ​ឲ្យ​អា​ត្រែត​ហើយ។ខ្ញុំ​សួរ​អា​ត្រែត​នឹង​មិច​វិញ? ហើយ​គាត់​ឆ្លើយ​ថា ឲ្យតែ​មក បើ​មក​ដឹង​តែ​អា​ត្រែត​ហើយ ដែល​មានន័យថា បើ​មក គាត់​ចាប់​ប្ដី​ខ្ញុំ​ប៉ា​ដោយ»

លោក រុន ចន្ធី គឺជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅ ប្រទេស​ថៃ ដោយ​រស់នៅ​បែកបាក់​ប្រពន្ធ និង​កូន ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១៩ ដើម្បី​គេច​ចេញពី ការ​តាម​ចាប់ខ្លួន​ក្រោម​ហេតុផល​នយោបាយ​របស់​អាជ្ញាធរ បន្ទាប់ពី​លោក​ធ្វើ​យុទ្ធនាការ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ លោក រុន ចន្ធី ថ្លែងប្រាប់​អាស៊ី​សេរី​ពី​ប្រទេស​ថៃ​ថា សកម្មភាព​គំរាម​កំហែង​គ្រួសារ​របស់​លោក​នេះ គឺ​កើត​មាន​ជា​ញឹក​ញាប់ បន្ទាប់ពី​លោក​បង្ហោះ​សារ​ព្រម​ទាំង​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​សកម្មជន​និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​យ៉ាង លោក​យល់​ថា សកម្មភាព​របស់​លោក គឺ​គ្រាន់តែ​ប្រើប្រាស់​នូវ​សិទ្ធិ​សេរីភាព​ដែល​មាន​នៅ​ក្នុង​ច្បាប់ ជាតិ និង​អន្តរជាតិ៖ «នេះ​គឺជា​សកម្មភាព​គំរាម​តែ​ម្ដង ព្រោះ​ខ្ញុំ​មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្ញុំ​ធ្វើ​សកម្មភាព​ឡាយ​តាម​ហ្វេសប៊ុក​ច្រើន​ដូចជា​តាម​ផែក​របស់​អ្នកប្រយុទ្ធ ឬ​ក្រុម អ្នក​រាយការណ៍​ពិសេស ដូចជា​វាយប្រហារ​រិះគន់​រដ្ឋាភិបាល​ចំៗ តែ​ម្តង»

ឆ្លើយតប​ចំពោះ​ការ​ចោទ​បរ​កាន់​នេះ មេភូមិ​អូរចារ លោក អ៊ុន សូភី ថ្លែង​ថា លោក មិនបាន​ដឹងរឿង ករណី​អាជ្ញាធរ​មូលដ្ឋាន ឬ​មាន​មន្ត្រី​កងរាជអាវុធហត្ថ គំរាម​កំហែង​ដល់​គ្រួសារ​លោក រុន ចន្ធី នោះ​ទេ៖ «ខ្ញុំ​នៅ​ធ្វើការ​ក្នុង​ភូមិ ខ្ញុំ​មិនដែល​ដឹង​រឿង​អ៊ីចឹងៗ ផង។ អា​រឿង​រើសអើង​បក្ស​នយោបាយ​ឯ​ណា អា​ហ្នឹង​វា​ជា​រឿង​សិទ្ធិ​សេរីភាព​របស់​គេ ហើយ​ខ្ញុំ​មិន​ដឹង​រឿង​អា​ចឹងៗ ទេ ហើយ​រឿង​អាវុធហត្ថ​នោះ ក៏​មិន​ពាក់ព័ន្ធ​អី​ជាមួយ​ខ្ញុំ​ដែរ អា​រឿង​គំរាមកំហែង អា​រឿង​ប្រើ​ពាក់​សម្ដី​អី ខ្ញុំ​ក៏​មិន​ដែល​ដឹង​ដែរ។សុំទោស​ទៅចុះ»

ចំណែក​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក អ៊ុច សុ​ខុន មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ ដោយ​ប្រាប់​ថា លោក​ជាប់​រវល់​ប្រជុំ។ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េ​ងលី ថ្លែង​ថា លោក បាន ទទួ​លប​ណ្តឹ​ងរ​បស់​គ្រួសារ​លោក រុន ចន្ធី រួច​ហើយ និង​ពិនិត្យ​មើល​លើ​ករណី​មួយ​នេះ។ លោក​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​គឺជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ ទោះ​យ៉ាង​ណា លោក​ពិនិត្យ​ឃើញ​ថា ផ្អែក​តាម​អ្វី​ដែល​លោក រុន ចន្ធី បង្ហោះ​និង​និយាយ​តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក​នោះ គឺជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ស្រប​តាម​ច្បាប់ ដូច្នេះ​អាជ្ញាធរ គួរតែ​បញ្ឈប់​ការ​យាយី ឬ​ការ​គំរាមកំហែង​លើ​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ទាន់៖ «ប្រសិន​បើ​រឿង​នេះ​ជា​រឿង​ពិត​ គឺ​ជា​រឿង​អំពើខុស​ច្បាប់​របស់​អាជ្ញាធរ​ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​គឺ​ប្តី​មិនមែន​ប្រពន្ធ​ទេ ដូច្នេះ​ហេតុ​អី​ទើប​មក​ធ្វើ​ការ​គំរាមកំហែង ប្រពន្ធ​ទៅវិញ ។នេះ​គឺជា​ការ​គំរាមកំហែង​ដល់​គ្រួសារ​របស់​លោក រុន ចន្ធី»

មន្ត្រី​សិទ្ធិមនុស្ស កត់សម្គាល់​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក សកម្មភាព​ធ្វើទុក្ខ​បុក​ម្នេញ និង​ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ បាន​កក្រើក​ឡើងវិញ ដោយ​គិត​មកដល់ពេលនេះ មាន​សកម្ម ជន​បក្ស​ប្រឆាំង​ចំនួន ១៧នាក់​ហើយ ត្រូវ​អាជ្ញាធរ​បាន​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ។ ក្នុង​នោះ មាន​ស កម្ម​ជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ពីរ​នាក់ ទើប​ត្រូវ​បាន​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា កន្លង​ទៅ។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ដូចៗ គ្នា​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ព្រួយ​បារម្ភ​ថា ការ​បន្ត​កើន​ឡើង​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​នេះ នឹង​អាច​ធ្វើឲ្យ​សហភាព​អឺរ៉ុប នឹង​សម្រេច​អនុវត្ត​ដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ជា​ផ្លូវការ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី១២ ខែ​សីហា ខាង​មុខ ដែល​ប៉ះពាល់​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។