មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់​ថា អាជ្ញាធរ​កំពុង​តាម​រក​ចាប់ខ្លួន

ដោយ មាន ឫទ្ធិ
2018.06.24
Share on WhatsApp
Share on WhatsApp
ផែនទី​ខេត្ត​ស្វាយរៀង ៨៥៥ ផែនទី​ខេត្ត​ស្វាយរៀង។
Photo: RFA

សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កំពុង​តាម​រក​រូបលោក​ដើម្បី​ចាប់ខ្លួន បន្ទាប់ពី​លោក​បញ្ចេញ​មតិយោបល់​អំពី​បញ្ហា​នយោបាយ ការ​អភិវឌ្ឍ និង​ការរំលោភ​ដីធ្លី​ជាដើម តាម​បណ្តាញ​សារព័ត៌មាន និង​សង្គម​ហ្វេសប៊ុក (Facebook)។ មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុកថា ប្រសិនបើ​ករណី​នេះ​ជា​ការ​ពិត នោះ​អាជ្ញាធរ​កំពុងតែ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់តែ​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​លទ្ធិ​ប្រជាធិបតេយ្យ និង​សង្គមជាតិ​បន្ថែម​ទៀត។

សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ឲ្យ​ដឹង​ថា សមាជិក​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា បាន​ជូនដំណឹង​ឲ្យ​លោក​គេចខ្លួន​ជាបន្ទាន់ ចេញពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ព្រោះ​អាជ្ញាធរ កំពុង​តាម​រក​រូបលោក ដើម្បី​ចាប់ខ្លួន ដោយ​មិន​ដឹង​មូលហេតុ។ លោក​បញ្ជាក់​ថា អ្នក​សួររក​រូបលោក​នោះ គឺ​មេ​ប៉ុស្តិ៍​ឃុំ​កំពង់ត្រាច ដែល​អាច​ធ្វើតាម​បញ្ជា​របស់​អាជ្ញាធរ​ថ្នាក់លើ។

លោក គង់ ម៉ាស់ យល់ថា មូលហេតុ​ដែល​អាជ្ញាធរ​តាម​ចាប់ខ្លួន​លោក​នោះ ព្រោះ​លោក​តែងតែ បញ្ចេញមតិ​យោបល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដាញ​ព័ត៌មាន​នានា អំពី​បញ្ហា​នយោបាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​អភិវឌ្ឍ​មិន​ត្រឹមត្រូវ​នៅ​តាម​មូលដ្ឋាន។ ជាពិសេស​គឺ​លោក​បាន​រិះគន់​ចំៗ​លើ​អភិបាលស្រុក​រមាសហែក លោក ពេញ ជា ដែល​ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ជាប់​សាលាស្រុក​រមាសហែក ក្នុង​ពេល​ថ្មីៗ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​នៅ​ឃុំ​កំពង់ត្រាច ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ព្រោះ​បារម្ភ​អំពី​សុវត្ថិភាព ឲ្យ​ដឹង​ថា អាជ្ញាធរ​ពិតជា​បាន​សួរនាំ​អំពី​វត្តមាន លោក គង់ ម៉ាស់ ដើម្បី​មាន​វិធានការ​ច្បាប់​មែន។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​កំពង់ត្រាច បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ រីឯ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន បាន​បិទ​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី​សុំ​សម្ភាសន៍។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ កាន់តែ​ត្រូវ​បាន​រឹតត្បិត ដោយសារតែ​រដ្ឋាភិបាល បង្កើត​ច្បាប់​នានា ដើម្បី​រឹត​បន្តឹង​ការ​បញ្ចេញមតិ​រិះគន់។ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ នឹង​បណ្ដាលឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​សង្គមជាតិ​ថែមទៀត។ «»

ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្សប្រឆាំង កាលពី​ចុង​ឆ្នាំ​២០១៧​មក មេឃុំ​-​ចៅសង្កាត់ និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន បាន​រត់​គេច​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត​រស់នៅ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស ហើយ​ពួកគាត់​ភាគច្រើន មិនទាន់​វិល​ចូល​ទ្រនំ​វិញ​នៅឡើយ ដោយសារតែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន តាម​ធ្វើទុក្ខបុកម្នេញ។

ក្រៅពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​នោះ របប​លោក ហ៊ុន សែន ក៏​បាន​ធ្វើទុក្ខបុកម្នេញ​និង​គំរាមកំហែង​ធ្ងន់ធ្ងរ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ អង្គការ​សិទ្ធិមនុស្ស តែងតែ​ចាត់​ទុក​ទង្វើ​អាជ្ញាធរ​ជា​ការ​ល្មើសច្បាប់ និង រំលោភ​សិទ្ធិ​មនុស្ស ហើយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។