ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ភ្នំពេញ​ស្លុត​ចិត្ត​ពេល​ឃើញ​ប្ដី​ឈឺ​ស្គម​ស្លេក​នៅ​ពន្ធនាគារ​ព្រៃ​ស

ដោយ ហេង រស្មី
2020-06-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឃឹម ភាណា ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ដែល​ប៉ូលិស​ចាប់​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
លោក ឃឹម ភាណា ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ដែល​ប៉ូលិស​ចាប់​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ប្រពន្ធ​លោក លោក ឃឹម ភាណា ផ្ដល់​ឱ្យ

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ម្នាក់​​នៅ​រាជធានី​ភ្នំពេញ​គឺ​ លោក ឃឹម ភា​ណា​អះអាង​ថា ​​ប្ដី​​របស់​លោក​ស្រី​ធ្លាក់​ខ្លួន​ឈឺ​​និង​មាន​សភាព​ស្គម​ស្លេកស្លាំង​​​​ក្នុង​ពេល​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ព្រៃ​​​ស​​។ ការ​លើក​នេះ​បន្ទាប់​ពី​លោក​ស្រី​​ចូល​សួរ​សុខទុក្ខ​​ប្ដី​​​​​​​របស់​គាត់​នៅ​​ក្នុង​​ពន្ធនាគារ​​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី១៥ មិថុនា។

ប្រពន្ធ​ចៅសង្កាត់​ដេប៉ូ៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​​ លោកស្រី​ សុខ បូលីម៉ា រៀបរាប់​ថា​លោក​ស្រី​តក់ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​មើល​ឃើញ​ប្ដី​តាម​ចម្រឹង​ដែក​និង​មាន​​​បាំង​កញ្ចក់​ក្នុង​ពេល​សួរ​សុខទុក្ខ​​​​ប្ដី​នៅ​ពន្ធនាគារ​​​ព្រៃស​ ដោយ​ប្ដី​មាន​សភាព​ស្គម​ស្លេកស្លាំង​​ខុស​​​​​​ប្រក្រតី​ ដែល​មើល​មិន​ចង់​ស្គាល់​ប្ដី​របស់​ខ្លួន​ឯង។ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ​​​ប្ដី​របស់​គាត់​គឺ​លោក ឃឹម ភាណា មាន​ជំងឺ​​​លើស​ឈាម​ធ្ងន់ធ្ងរ​ រមាស់​តាម​ដង​ខ្លួន​ និង​ជំងឺ​ផ្ដាសាយ​ធំ​​​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​ធ្វើ​​ឱ្យ​លោក​ពិសា​បាយ​មិន​បាន​សម្រាន្ត​មិន​សូវ​លក់​នោះ​ទេ៖ «បង​អាណិត​គាត់​សង្វេគ​មែន​ទែន​យើង​ជា​ប្រពន្ធ​ ​ក្នុង​ខ្លួន​គាត់​ថា​អត់​អី​រហូត​ ប៉ុន្តែ​បង​មាន​អារម្មណ៍​សង្វេគ​ ព្រោះ​អាណិត​គាត់​។គាត់​សួរ​ពី​ការ​យ៉ាង​ម៉េច​ដែរ​ ការ​ងារ​ខ្ញុំ​មិន​អាច​ទៅ​មុខ​រួច​ទេ​គេ​នឹង​បញ្ឈប់​ខ្ញុំ​នៅ​ចុង​ខែ​មិថុនា​នេះ​ហើយ​ គេ​មិន​ប្រើ​ពាក្យ​បញ្ឈប់​ទេ​ តែ​គេ​ឱ្យ​យើង​ឈប់​ចុង​ខែ​៦​នេះ​។ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ទី១​គាត់​គ្មាន​កំហុស​ដូច​តុលាការ​ចោទ​ប្រកាន់​ទេ​ សូម​ឱ្យ​ដោះលែង​គាត់​ជា​បន្ទាន់​និង​ដោយ​ឥតលក្ខខ័ណ្ឌ»

លោក​ស្រី​បន្ត​ថា ​ថ្វី​បើ​លោក​ឃឹម ភាណា​ មាន​សភាព​បែប​នេះ​ក្ដី​ក៏​លោក​ នៅ​តែ​បន្ត​​ផ្ដាំ​ឱ្យ​​​លោក​ស្រី​​​​តាំង​ស្មារតី​ឱ្យ​បាន​នឹងធឹង​​ធ្វើ​អំពើ​ល្អ​បន្ត​ទៀត ដើម្បី​​រួម​ចំណែក​​ជំរុញ​ឱ្យ​​​កម្ពុជា​​មាន​ប្រជាធិបតេយ្យ​ពេញលេញ។

ចៅ​សង្កាត់​​ផ្សារ​ដេប៉ួទី៣​​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ខណ្ឌ​ទូល​គោក​លោក ​ ឃឹម ភាណា​ ត្រូវ​បាន​ប៉ូលិស​ខេត្ត​កណ្ដាល​ចាប់​ខ្លួន​​បញ្ជូន​ទៅ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២​មេសា។​​​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​​ប្រកាន់​លោក​ឃឹម ភាណា​ ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធា​មិន​ស្តាប់​បញ្ជា​ និង ញុះញង់​ឲ្យ​ប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍​។

មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ​គឺ​លោក​​សំ សុគង់​ មាន​ប្រសាសន៍​ថា​ ​សកម្មជន​គណបក្ស​​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ភាគ​ច្រើន​​មាន​ជំងឺ​​ប្រចាំ​កាយ​ដូច​ជា​ជំងឺ​លើស​ឈាម​ និង​​វិល​មុខ​ជា​ដើម​។​លោក​បន្ត​ថា ​មន្ត្រី​ពន្ធនាគារ​នៅ​តែ​បន្ត​ឃុំ​ពួកគេ​ក្នុង​បន្ទប់​ជា​មួយ​​អ្នក​ទោស​ចម្រុះ​ដូច​ជា​ឧក្រិដ្ឋ ជន​គ្រឿងញៀន និង​ក្រុម​ចោរលួច​​ចោរប្លន់​ជា​ដើម ​ដែល​ពួកគេ​តែងតែ​ជក់បារី​និង​មាត់​ឡូឡា​​ធ្វើ​ឱ្យ​ពួកគាត់​សម្រាន្ត​មិន​សូវ​លក់​នោះ​ទេ៖ «គាត់​ចង់​បាន​បន្ទប់​ស្ងប់ស្ងាត់​ ដើម្បី​ឱ្យ​គាត់​មាន​កន្លែង​ផ្ចង់​អារម្មណ៍ ឬ​ក៏​អាច​ធ្វើ​អារម្មណ៍​ឱ្យ​បាន​ស្រួល ហើយ​ពួកគាត់​ត្រូវ​បាន​ចាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នយោបាយ​ទៀត​ធ្វើ​គាត់​ហ្នឹង​មាន​ការ​សម្រាន្ត​និង​ការ​កេង​ឱ្យ​បាន​ស្កប់ស្កល់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា សាច់ញាតិ​ជន​ជាប់​ឃុំ​អាច​សុំ​ទៅ​ព្យាបាល​ខាង​ក្រៅ​ពន្ធនាគារ​បាន​ ប្រសិន​បើ​ជន​ជាប់​ឃុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ក៏ប៉ុន្តែ​លោក​ថា ត្រូវ​ឆ្លង​កាត់​ការ​​ពិនិត្យ​​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ប្រចាំ​នៅ​ពន្ធនាគារ​ជា​មុន​។​ចំណែក​​ករណី​ការ​ស្នើ​សុំ​ដាក់​សកម្មជន​នយោបាយ​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​នោះ​ លោក ថា ​រឿង​នេះ​មិន​អាច​ធ្វើ​​តាម​ការ​ស្នើ​សុំ​បាន​ឡើយ​ដោយសារ​​តុលាការ​មិន​ទាន់​ជំនុំ​ជម្រះ​ក្ដី​អ្នក​ជាប់​ឃុំ​ទាំង​អស់​នោះ​​រួចរាល់​នៅ​ឡើយ៖ «អ៊ីចឹង​ទាល់​តែ​គាត់​កាត់​ទោស​ហើយ​ទើប​យើង​រែង​ទៅ​តាម​ហ្នឹង​ ប្រភេទ​បទ​ល្មើស​អី​យើង​ដាក់​នៅ​ណា​ កម្រិត​ទោស​បទ​ឧក្រិដ្ឋ បទ​មជ្ឈិម​អី​ហ្នឹង​គឺ​យើង​​បែងចែក​ទៅ​តាម​ហ្នឹង ទាល់​តែ​កាត់​ទោស​ហើយ​ ទើប​យើង​បែងចែក​កន្លែង​ឃុំ​ទៅ​តាម​ហ្នឹង។អីចឹង​បើ​គាត់​ទើប​តែ​នាំ​ខ្លួន​មក​ទេ​អត់​តាន់​កាត់​ទោស​ទេ គាត់​អះអាង​ថា​គាត់​ជា​អ្នក​ទោស​នយោបាយ​​គេ​អ្នក​ទោស​ឧក្រិដ្ឋ​ តាម​ពិត​សុទ្ធតែ​បទល្មើស​​ឧក្រិដ្ឋ​ដូច​គ្នា​ហ្នឹង​បាន​គេ​ឃុំ​កើត​ហ្នឹង នយោបាយ​មិន​មែន​ជា​ទោស​ឧក្រិដ្ឋ​ណា»

ទោះ​ជា​យ៉ាង​ណា​​​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ​លោក នី សុខា ​មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​នេះ​​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ។លោក​ បន្ត​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នេះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ប្រដំប្រសង​គ្នា​នឹង​គណបក្ស​កាន់​អំណាច ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​​ចោល​កាល​ពី​ឆ្នាំ២០១៧ ក្តី ប៉ុន្តែ​សកម្មជន​គណបក្ស​​ប្រឆាំង​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​គាំទ្រ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​​នៅ​ឡើយ៖ «អ៊ីចឹង​ហើយ​បាន​ទំនាស់​ដែល​អូស បន្លាយ​មក​​ទាំងអស់​ហ្នឹង​រហូត​ដល់​ចុង​ក្រោយ​ហ្នឹង​មាន​ការ​​ធ្វើ​ទុក្ខបុកម្នេញ​មាន​ការ​ចាប់​ខ្លួន​ មាន​ការ​គំរាមកំហែង​បំភិតបំភ័យ​ រហូត​មាន​ពេល​ខ្លះ​វាយ​ដុំ​បង្ក​របួស​ស្នាម​​ដល់​សកម្មជន​នយោបាយ ដែល​គណបក្ស​ត្រូវ​គេ​រំលាយ​ហ្នឹង​។អីចឹង​ហើយ​បាន​យើង​យល់​ឃើញ​ថា​ ទាំង​អស់​ហ្នឹង​ដែល​កើត​ឡើង​វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​​រឿង​វិវាទ​ខាង​ផ្លូវ​ច្បាប់»

ចាប់​តាំង​ពី​ឆ្នាំ​២០២០ មក របប​ក្រុងភ្នំពេញ បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៦នាក់​ហើយ ដាក់​ពន្ធនាគារ តែ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​វិញ​ម្នាក់ ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ពេល​ចាប់ខ្លួន​ដោយ​បង្ខំ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៦នាក់​ទៀត រង​ការ​វាយ​របួស​ក្បាល និង​ដៃ ពី​ជន​មិន​ស្គាល់​មុខ តែ​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ជន​ដៃដល់ និង​អ្នកបញ្ជា​ទេ។​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ដូចៗ គ្នា​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធា​មិន​ស្ដាប់​បញ្ជា​ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។

កាល​ពី​ថ្ងៃ​ទី១១ មិថុនា ក្រុម​អង្គការ​សង្គម​ស៊ីវិល ៣០​ស្ថាប័ន ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​យាយី​ដល់​សកម្មជន​នយោបាយ ​ព្រមទាំង​ដោះលែង​អ្នក​ទោស​នយោបាយ ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​បាន​រុញ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ត្រូវ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច​ជា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ​​ជា​ដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល