គ្រូ​បង្រៀន​​ខេត្ត​បាត់ដំបង​ម្នាក់​ចោទ​ការ​លុប​ឈ្មោះ​​ពី​ក្របខ័ណ្ឌ​ដោយ​រើសអើង​បក្ស​នយោបាយ

ដោយ ម៉ៅ សុធានី
2018-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សង្កែ គណបក្ស​សង្គ្រោះជាតិ លោក ខែម ស៊ីថា និង​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាសង្កែ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។
សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សង្កែ គណបក្ស​សង្គ្រោះជាតិ លោក ខែម ស៊ីថា និង​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាសង្កែ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។
photo provided

គ្រូបង្រៀន​​ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ម្នាក់ បាន​ប្រតិកម្ម​ទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​លុប​ឈ្មោះ​រូប​គាត់​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ថា ជា​ការ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌។ គ្រូបង្រៀន​រូប​នេះ​អះអាង​ថា ​ការ​​លុប​ឈ្មោះ​នេះ គឺ​ដោយសារ​រូប​លោក​​ជា​មន្ត្រី​ស្មោះស្ម័គ្រ​របស់​គណបក្ស​ប្រឆាំង ដែល​​មិន​ព្រម​ចុះចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គ្រូបង្រៀន​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ស្រុក​សង្កែ​ ហៅ​ការ​លុប​ឈ្មោះ​របស់​ខ្លួន​ចេញ​ពី​ក្របខ័ណ្ឌ​​ដោយ​ក្រសួង​អប់រំ​នេះ​ថា ជា​ការ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ មក​លើ​មន្ត្រី​រាជការ​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង និង​ការ​អើសអើង​ផ្នែក​នយោបាយ។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សង្កែ គណបក្ស​សង្គ្រោះជាតិ លោក ខែម ស៊ីថា ឲ្យ​ដឹង​នៅ​ថ្ងៃទី២១ កុម្ភៈ ថា បន្ទាប់​ពី​​លោក​បញ្ចប់​ការងារ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មក គឺ​លោក​បាន​ដាក់ពាក្យ​ចូល​បម្រើ​ការ​ជា​គ្រូបង្រៀន​វិញ ហើយ​ក៏​បាន​បង្រៀន​សិស្ស​ជា​បន្តបន្ទាប់​រហូត​មក​ដែរ។ គ្រូបង្រៀន​រូប​នេះ​បន្ថែម​ទៀត​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​ពេល​ដែល​នាយក​សាលា​របស់​លោក​​យក​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​មក​បង្ហាញ​ ទើប​ដឹង​ថា​ខាង​ក្រសួង​បាន​លុប​ឈ្មោះ​លោក​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ហើយ។ លោក​ហៅ​ការ​លុបឈ្មោះ​នេះ​ថា​ ជា​ការ​រើសអើង​និន្នាការ​នយោបាយ​មក​លើ​រូប​លោក៖ «ខ្ញុំ​គិត​ថា​រឿង​នេះ​វា​មិន​មែន​ជា​រឿង​មួយ​លុប​ឈ្មោះ​ដោយ​គ្មាន​គម្រោង​នោះ​ទេ​ ខ្ញុំ​គិត​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ខ្ញុំ​​ ហើយ​ធ្វើ​ឲ្យ​ខូច​អនាគត​ខ្ញុំ​ ដែល​បាន​ខំ​តស៊ូ​ជា​គ្រូបង្រៀន​មក​ជាង​២០​ឆ្នាំ​ហើយ​នោះ​។ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ដែល​ក្រសួង​អប់រំ​ដាក់​កំហុស​មក​លើ​ខ្ញុំ​ថា​អវត្តមាន​ដោយ​គ្មាន​ច្បាប់​ ព្រោះ​ទំនង​ដោយសារ​ក្រសួង​យោង​ទៅ​លើ​សាលក្រម​រំលាយ​គណបក្ស​តែ​ម្ដង»

​​​​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន បាន​លុប​ឈ្មោះ​លោក ខែម ស៊ីថា​ ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ចាប់​ពី​ថ្ងៃ​ទី១ មករា តទៅ​ ដោយ​ផ្ដល់​ហេតុផល​ថា ការ​បញ្ឈប់​នេះ ដោយសារ​សាមីជន​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត។ ប៉ុន្តែ​លោក ខែម ស៊ីថា អះអាង​ថា លោក​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​អប់រំ​នោះ​ឡើយ។

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​សង្កែ លោក ស៊ីវ សុខវណ្ណា មាន​ប្រសាសន៍​ថា ការ​លុប​ឈ្មោះ​គ្រូបង្រៀន​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​នេះ គឺ​ជា​ការ​សម្រេច​របស់​ក្រសួង​អប់រំ ដោយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ថ្នាក់​ក្រោម​នោះ​ឡើយ៖ «ខ្ញុំ​អត់​ដឹង​ដែរ​ប៉ុន្តែ​ក្រសួង​ចេញ​ប្រកាស​លុប​ឈ្មោះ​មក​ ក៏​បាន​ផ្ញើ​ទៅ​សាមីជន​ ហើយ​សាមីជន​នេះ​ពីមុន​មក​ឈ្មោះ​គាត់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ ដោយ​គាត់​ស្ថិត​នៅ​ក្របខ័ណ្ឌ​ដើម តែ​គាត់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក។ ព្រោះ​ការងារ​នេះ​ក្រសួង​លុប​ឈ្មោះ​ពី​លើ​មក​មិន​មែន​ខាង​ក្រោម​រាយការណ៍​គឺ​គ្មាន​ទេ​ ព្រោះ​អី​ខ្ញុំ​មិន​ដឹង​ថា​គេ​លុប​ឈ្មោះ​ផង​ ខ្ញុំ​ទើប​តែ​ឃើញ​ធ្លាក់​មក​ទេ»

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើក​ឡើង​ថា មន្ត្រី​គ្រូបង្រៀន​ដែល​មាន​និន្នាការ​ទៅ​គណបក្ស​ប្រឆាំង​កន្លង​មក គឺ​តែង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ក្រសួង​អប់រំ ហើយ​ត្រូវ​បាន​ក្រសួង​មួយ​នេះ​បញ្ឈប់​ការងារ​ជា​ហូរហែ។ អ្នកស្រី​ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​គ្រូបង្រៀន​នេះ ថា​ជា​ការ​រើសអើង​នយោបាយ​ដោយ​ខុស​ច្បាប់៖ «ការ​លុប​ឈ្មោះ​នេះ​គឺ​អយុត្តិធម៌​ណាស់​ចំពោះ​គ្រូបង្រៀន​យើង ដោយសារ​តែ​បញ្ឈប់​គាត់​គឺ​អត់​មាន​នីតិវិធី​កោះ​ហៅ ឬ​ធ្វើ​លិខិត​មួយ​មក​សួរ​នាំ ឬ​ពិន័យ​គាត់​ថា ខុស​អ្វី ក៏​ប៉ុន្តែ​នេះ​បញ្ឈប់​ឆៅៗ ដែល​ជា​រឿង​នយោបាយ​សុទ្ធសាធ»

គ្រូ​បង្រៀន​ដែល​ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ គិត​ត្រឹម​ថ្ងៃ​ទី​២២ កុម្ភៈ មាន​ចំនួន​៦​នាក់​ហើយ​ គឺ​នៅ​ខេត្ត​រៀមរាប៤​នាក់​ ខេត្ត​បាត់ដំបង​ម្នាក់ និង​អតីត​សមាជិក​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..)​គឺ​លោក រ៉ុង ឈុន។

ករណី​បញ្ឈប់​គ្រូបង្រៀន​ទាំង​នេះ ​គឺ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បញ្ជាក់​ហេតុផល​ដូច​គ្នា​ទៅ​នឹង​ការ​បញ្ឈប់​គ្រូបង្រៀន​នៅ​ខេត្ត​បាត់ដំបង​ដែរ។ ទាំង​លោក រ៉ុង ឈុន ​គ្រូបង្រៀន​នៅ​ខេត្ត​សៀមរាប​ និង​ខេត្ត​បាត់ដំបង​ បាន​ស្នើ​សុំ​ព្យួរ​ការងារ​មួយ​រយៈ​ដោយ​ចូលរួម​ប្រឡូក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ក្រោយ​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ ពួកគេ​ក៏​បាន​ដាក់​ពាក្យ​ត្រឡប់​ចូល​មក​ធ្វើ​ការងារ​វិញ តែ​ត្រូវ​បាន​បញ្ឈប់​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សមមុខហើយ វក់នឹងនយោបាយ ភ្លេចការងារស្នូលរបស់ខ្លួន។ចាំមើលប្រពន្ធបោចសក់អត់??

Feb 22, 2018 06:56 PM

គេហទំព័រ​ទាំងមូល