អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ប្រកាស​ទ្រព្យសម្បត្តិ

ដោយ សេក បណ្ឌិត
2017-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
Photo: RFA

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ត​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​ត្រូវ​ចូល​ប្រកាស​ទ្រព្យ​សម្បត្តិ​ក្រោយ​ពី​អស់​តំណែង។

​អង្គភាព​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​ធ្នូ ថា មក​ដល់​ពេល​នេះ មាន​អ្នក​ចូល​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ៦៨៦​នាក់ ក្នុង​នោះ​មាន​តំណាងរាស្ត្រ​ចំនួន​ចំនួន ៤០​រូប។

​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​កាតព្វកិច្ច​ទាំង​អស់​ឲ្យ​មក​បំពេញ​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​របស់​ខ្លួន​ក្នុង​រយៈពេល ៣០​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ចំពោះ​សេចក្ដី​អំពាវ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុង​ក្រោយ​នេះ។

​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​តម្រូវ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​ដែល​ត្រូវ​បញ្ឈប់​ពី​មុខ​តំណែង​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈពេល ៣០​ថ្ងៃ ជា​កំហិត​ក្រោយ​ការ​ចាក​ចេញ​ពី​មុខ​តំណែង បើ​មិន​ដូច្នេះ ពួកគេ​នឹង​ត្រូវ​ជាប់​គុក​រយៈពេល​មួយ​ខែ។

​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា នីតិវិធី​ឱ្យ​ចូល​ប្រកាស​ទ្រព្យសម្បត្តិ​ពេល​នេះ គឺ​ជា​រូបភាព​នៃ​ការ​គំរាមកំហែង​មួយ​ដែល​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​មិន​បាន​ស្មើភាព​គ្នា​រវាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល