អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ចោទ​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ប្រមាថ​ព្រះមហាក្សត្រ

ដោយ វ៉ែន សុមេធ
2018.02.23
សុខ ឥសាន ៦២២ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ប្រកាន់​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ជា​អ្នក​ប្រមាថ​ព្រះមហាក្សត្រ។ លោក សុខ ឥសាន លើក​ឡើង​ថា ការ​ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ និយាយ​ថា ព្រះមហាក្សត្រ​យាង​ចេញ​ក្រៅ​ស្រុក​ទុក​ឲ្យ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ចុះ​ហត្ថលេខា​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺ​ជា​ការ​និយាយ​ជំនួស​ព្រះមហាក្សត្រ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ការ​និយាយ​ដោយ​បំពាន​ការពិត និង​និយាយ​ជំនួស​ព្រះមហាក្សត្រ​ដោយ​មិន​ដឹង​ការ​ពិត​ថា ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​គេចវេះ​ពី​ការ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​នោះ គឺ​ជា​ការប្រមាថ​ព្រះមហាក្សត្រ​យ៉ា​ជាក់ស្ដែង។ ជាង​នេះ​ទៅ​ទៀត លោក សុខ ឥសាន ឲ្យ​អាស៊ីសេរី ដឹង​ថា ការ​និយាយ​របស់​បណ្ឌិត ឡៅ ម៉ុងហៃ គឺ​ខុស​ពី​ការពិត ព្រោះ​ព្រះមហាក្សត្រ​យាង​ទៅ​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន គឺ​តាម​កម្មវិធី​ដែល​បាន​ព្រាង​ទុក៖ «»។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ នេះ។ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដើម្បី​ទៅ​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្រោយ​មួយ​ថ្ងៃ​ដែល​ច្បាប់​ផ្ដន្ទាទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ទេ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ជា​ការ​ល្អ​ដែល​ព្រះមហាក្សត្រ​ទុក​ឲ្យ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ចុះ​ហត្ថលេខា​លើ​ច្បាប់​ដែល​គណបក្ស​នេះ​បង្កើត​ដោយ​ខ្លួន​ឯង។

បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​កាន់​អំណាច​មក​លើ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នៅ​ពេល​នេះ អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ចោទ​សួរ​ថា តើ​ការ​វាយ​តម្លៃ​នៃ​ការ​ប្រមាថ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ​លោក សុខ ឥសាន យក​អ្វី​មក​ជា​សំអាង? លោក​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​អ្នក​ធ្វើ​ការងារ​សង្គម​ដូច​នេះ​ពី​សំណាក​គណបក្ស​កាន់​អំណាច ខណៈ​អ្នក​រិះគន់​រដ្ឋាភិបាល​មួយ​ចំនួន​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន និង​ចោទ​ប្រកាន់៖ «»។

សេចក្ដី​ព្រាង​ច្បាប់​ដែល​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ត្រូវ​បាន​ព្រឹទ្ធ​សភា​អនុម័ត ហើយ​នឹង​ត្រូវ​ប្រមុខ​ស្ដីទី​ប្រកាស​ឲ្យ​ប្រើ​នៅ​ពេល​ខាង​មុខ​ដ៏​ឆាប់​នេះ ​មិន​បាន​កំណត់​អោយ​ជាក់លាក់​នូវ​អ្វី​ទៅ​ដែល​​ហៅ​ថា ការ​ប្រមាថ​ព្រះមហាក្សត្រ​នោះ​ទេ ដែល​ប្រការ​នេះ​អាច​ទុក​ឱកាស​អោយ​ស្ថាប័ន​អនុវត្ត​ច្បាប់​បកស្រាយ​ភាព​ចន្លោះ​ប្រហោង​នេះ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​នយោបាយ​ដល់​បក្ស​កាន់​អំណាច ឬ​ដើម្បី​ប្រើប្រាស់​ដាក់​គំនាប​ទៅ​លើ​សំឡេង​ប្រឆាំង។

​ប៉ុន្តែ​ លោក សុខ ឥសាន បញ្ជាក់​ថា សម្ដី​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទេ។ លោក​ថា គ្រាន់​តែ​រំលឹក​ប្រាប់​ទៅ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ឲ្យ​ដឹង​មុន​ថា អ្វី​ដែល​លោក​បណ្ឌិត​បាន​និយាយ​ទាក់ទង​ការ​យាង​ចេញ​ក្រៅ​ប្រទេស​របស់​ព្រះមហាក្សត្រ​គឺ​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ។  កន្លង​មក​អ្នក​រិះគន់​ធ្លាប់​លើក​ឡើង​ថា នៅ​កម្ពុជា មាន​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែល​ធ្លាប់​រិះគន់​ស្ដេច​ជា​សាធារណៈ។

អង្គការ​ជាតិ និង​អន្តរជាតិ​ថ្កោល​ទោស​វិសោធនកម្ម​ច្បាប់​ដាក់​ទោស​អ្នក​ប្រមាថ​ស្ដេច។ ពួកគេ​ថា ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​ជា​អាវុធ​ស្រប​ច្បាប់​មួយ​ទៀត​របស់​រដ្ឋាភិបាល​ដែល​ហាក់​មាន​បំណង​លុប​ចោល​គ្រប់​ទម្រង់​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី។ អង្គការ​ជាតិ និង​អន្តរជាតិ ស្នើ​ឲ្យ​បដិសេធ​ចោល​នូវ​សេចក្ដី​ស្នើ​វិសោធនកម្ម​ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។