អ្នកវិភាគ​​ថា លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នំ​បញ្ចុក​ដើម្បី​បង្វែង​ការ​ចាប់​អារម្មណ៍

ដោយ មួង ណារ៉េត
2019.06.07
ឡៅ ម៉ុងហៃ ហ៊ុន សែន ៦២២ អ្នក​វិភាគ​ឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo: RFA

អ្នកវិភាគ​នយោបាយ ថា​លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នំ​បញ្ចុក គឺ​គ្រាន់តែ​ដើម្បី​បង្វែង​ការចាប់អារម្មណ៍​ពី​ព្រឹត្តិការណ៍​ធំៗ​ពីរ​ប៉ុណ្ណោះ ដែល​ខុស​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​រៀបចំ​ហូប​បញ្ចុក​ជុំ​គ្នា ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង និង​ការ​បន្ត​ក្រោក​តតាំង នឹង​អាជ្ញាធរ​មូលដ្ឋាន ដែល​ធ្វើទុក្ខបុកម្នេញ​ពួកគាត់ មិន​ឱ្យ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ព្រឹត្តិការណ៍​ទាំងពីរ​នោះ រួមមាន​សារ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី២ ខែ​មិថុនា ដែល​លើកឡើង​ថា ដន្លង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុក ឡងឌី ស្លាប់​ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​យ៉ាង​ពិត​ប្រាកដ​។ ព្រឹត្តិការណ៍​មួយទៀត គឺ​ដំណើរ​ទស្សនកិច្ច​របស់​គណបក្ស​ប្រតិភូ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ដែល​ចុះទៅ​ស្រុក​ខ្មែរ ដើម្បី​ពិភាក្សា​ចុងក្រោយ រឿង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ភ្ញាក់ផ្អើល​ទេ ដែល​លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍ ដើម្បី​បង្វែង​ព្រឹត្តិការណ៍​នេះ ព្រោះ​កន្លងមក​លោក ហ៊ុន សែន បាន​ធ្វើជា​ហូរហែ​រួចមក​ហើយ។ ឧទាហរណ៍​ជាក់ស្ដែង​ដូច​ក្នុង​ការ​បង្កើត​វប្បធម៌​សន្ទនា ដែល​ដំបូង​ឡើយ​លោក សម រង្ស៊ី ជា​អ្នក​ផ្ដួចផ្ដើម តែ​ក្រោយមក​លោក ហ៊ុន សែន ចូលរួម​ដែរ រួច​ហើយក៏​ព្រមព្រៀងគ្នា​ថា​អ្នក​ទាំងពីរ​ជា​សហ​ស្ថាបនិក​នៃ​វប្បធម៌​សន្ទនា​នោះ​។ ទោះជា​យ៉ាង​នេះ​ក្តី វប្បធម៌​សន្ទនា​នោះ ក៏​បរាជ័យ​ទៅវិញ​។​

ដូចគ្នា​នឹង​ព្រឹត្តិការណ៍​មុន​ដែរ លើក​នេះ​លោក ហ៊ុន សែន ទំនងជា​គ្មាន​ចេតនា​ផ្សះផ្សា ឬ បង្រួម​ជាតិ​អ្វី​នោះ​ទេ ប៉ុន្តែ លោក​បង្កើត​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​តាម​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គ្រាន់តែ​ជា​ចំណាត់​ការ​ច្រាន​ទូក​បណ្ដោយ​ទឹក និង​កម្ទេច​គណបក្ស​សង្គ្រោះជាតិ ឱ្យ​ខ្ទេច​ជា​ផេះផង់​តែប៉ុណ្ណោះ​។ លោក ហ៊ុន សែន បញ្ជាក់​សា​នេះ ក្នុង​ពេល​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ កាលពី​ថ្ងៃទី៣ ខែ​មិថុនា៖ «នេះ​មិនមែន​យក​បន្លា​ជួស​បន្លា​ទេ យក​ពូថៅ​វាយបំបាក់​បន្លា​ហ្នឹង​គ្រវាត់​ចោល​បណ្ដោយ កុំ​ឱ្យ​វា​ចង្រៃ​ពេក​! ថ្ងៃក្រោយ​អ្ហែង​ប្រកាស​ស៊ី​នំគ្រក់ អញ​ក៏​ស៊ី​នំគ្រក់ ឯង​ប្រកាស​ស៊ី​បាញ់ឆែវ អញ​ក៏​ប្រកាស​ស៊ី​បាញ់ឆែវ លើកលែងតែ​អ្ហែង​ប្រកាស​ស៊ី​ដុំ​ថ្ម ឱ្យ​អ្ហែង​ច្រាស​តែឯង​ទៅ»

លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ មិន​ចង់​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ​នេះ កាលពី​ថ្ងៃទី៦ ខែ មិថុនា នេះ​ទៀត ក្នុង​ពេល​លោក​ចុះ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដោយ​លោក​ត្រូវ​បំភ្លឺ​ចំណុច​នេះ ប្រហែល​ខ្លាច​គេ​មិន​យល់​៖ «តែ​សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ ធ្វើជា​ការវិភាគ​អ្វី​ផ្សេង ក្រៅពី​រឿង​ស៊ី​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ​គិត​ថា វា​ជា​ជំហាន​ទៅដល់​ការចរចា​នយោបាយ​ស្អីៗ សុំ​កុំ​ភាន់ច្រឡំ ខ្ញុំ​និយាយ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព ឯកភាព​ជាតិ តាមរយៈ​នៃ​ការ​ទទួល​ទាន​នំ​បញ្ចុក ថ្ងៃ ០៩ មិថុនា​នេះ​តែម្ដង»

ទោះបី​លោក ហ៊ុន សែន និយាយ​ពាក្យ​សាមគ្គីភាព ឯកភាព​ជាតិ​ពេញៗ​មាត់ តែ​មន្ត្រី​បក្ស​ប្រឆាំង ថា​លោក ហ៊ុន សែន គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​នោះ​ទេ​។ ប្រធាន​ចលនា​ស្ត្រី​បណ្ដាញ​សាកល​របស់​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី សេង ជែនិត ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ថា ការណ៍​ដែល​លោក ហ៊ុន សែន ថ្លែង​សារ​ថា​ហូប​នំ​បញ្ចុក​រួមគ្នា ដើម្បី​សាមគ្គី​ជាតិ​នោះ គឺ​គ្រាន់តែ​ជា​ធ្វើ​ដើម្បី​ឌឺដង បញ្ចើចបញ្ចើ និង​បញ្ឈឺចិត្ត​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​និយម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ អ្នកស្រី ថា​ឥរិយាបថ​របស់​លោក ហ៊ុន សែន គ្មាន​បាន​ប្រយោជន៍​អ្វី ចំពោះ​ជាតិខ្មែរ​ទេ។ អ្នកស្រី​ស្នើ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​អំពើ​ហិង្សា ទាំង​កាយវាចា​ចិត្ត និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​បក្ស​ប្រឆាំង​តទៅទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។