ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា មុន​ការ​ផ្ទេរ​អំណាច​ត​ពូជ «ជា​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា»

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្រួយបារម្ភ​ថា ប្រទេស​ចិន​អាច​នឹង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដ្បិត​ប្រទេស​មួយ​នេះ​ជា​ខ្នងបង្អែក​ធំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​បាន​គាំទ្រ​ជា​បន្តបន្ទាប់​ក្នុង​ការ​ផ្ទេរអំណាច​ត​ពូជ​របស់​លោក ហ៊ុន សែន។

ការ​ព្រួយ​បារម្ភ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១២ ខែ​សីហា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កិច្ច​សហប្រតិបត្តិការ​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន​រួមគ្នា និង​ការ​លើក​កម្ពស់​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​ដែល​មាន​ជា​អាទិ ការ​គាំទ្រ​នយោបាយ​ការទូត​ដល់​គ្នា​ទៅវិញទៅមក​សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល និង​វិស័យ​សន្តិសុខ ជាដើម​។ ក្នុង​ដំណើរការ​ទស្សនកិច្ច​នេះ លោក វ៉ាង យី (Wang Yi) នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន និង​កូនប្រុស​ច្បង​របស់​លោក ដែល​ត្រៀម​ឡើងជា​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន ម៉ាណែត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា បង្ហាញ​ថា កិច្ចពិភាក្សា​នឹង​ផ្ដោត​លើ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ឆ្លុះបញ្ចាំង​អំពី​វិស័យ​អាទិភាព​រួម។ ក្រៅ​ពី​នេះ ប្រមុខ​ការទូត​ចិន​រូប​នេះ នឹង​មាន​ជំនួប​ដាច់ដោយឡែក​មួយ​ទៀត ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តាសោភា ដែល​ត្រៀម​ឡើង​ទៅ​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជំនួស​លោក ប្រាក់ សុខុន។ ជំនួប​នេះ នឹង​គ្រប​ដណ្ដប់​លើ​ទិដ្ឋភាព​ចម្រុះ​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​ជា​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ។

ជុំវិញ​រឿង​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋមន្ត្រីការបរទេស​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​មុន​ពេល​លោក ហ៊ុន ម៉ាណែត ដឹកនាំ​កម្ពុជា​បែបនេះ គឺជា​ការ​រឹតចំណង​មិត្តភាព និង​បង្ហាញ​ការ​ជឿទុកចិត្ត​គ្នា​ក្នុង​ការ​គាំទ្រ​នយោបាយ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ឱ្យ​គ្នា​ទៅវិញទៅមក​។ ម្យ៉ាងទៀត លោក​ថា ភាគី​ចិន​មក​កម្ពុជា​ពេល​នេះ បង្ហាញ​ថា ចិន​នឹង​នៅ​បន្ត​ជួយ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តាមរយៈ​ការ​ផ្ដល់​កម្ចី​ឥណទាន ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​អន្តរជាតិ។

លោក អ៊ុំ សំអាន មានប្រសាសន៍​ទៀត​​ថា ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ចិន​មក​កម្ពុជា​នា​ពេល​នេះ កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ជា​ដុំកំភួន​ឡើយ។

លោក អ៊ុំ សំអាន៖ «កម្ពុជា​នៅ​ពេល​មាន​ចិន​ជា​ខ្នងបង្អែក ប្រាកដ​ជា កាន់អំណាច​ផ្ដាច់ការ​ថែមទៀត និង​រំលោភ​សិទ្ធិមនុស្ស​ធ្វើទុក្ខបុកម្នេញ​បន្ថែម​ទៀត ទៅលើ​សកម្មជន​បក្ស​ប្រឆាំង និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​គាត់​មានទុក្ខ​កង្វល់​ចង់​តវ៉ា​ជាដើម។ មួយ​ទៀត​កម្ពុជា​កាន់តែ​ដើរ​ផុង​កាន់​តែ​ជ្រៅ​ទៅ​របប​ផ្ដាច់ការ​ត​ពូជ​នៅ​កម្ពុជា មិនអាច​ងាក​ក្រោយ​បាន​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដោយសារ​មាន​ចិន​ជា​ខ្នង ហើយ​មិន​បាច់​ពឹង​លោកខាងលិច​ក៏បាន​ដែរ អាហ្នឹង​អ៊ីចឹង​ឯង»។

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា កាល​ចុង​ខែ​កក្កដា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដែល​និយម​របប​ប្រជាធិបតេយ្យ​ភាគី​ច្រើន​ថ្កោលទោស និង​មើល​ឃើញ​ថា គ្មាន​យុត្តិធម៌ ហើយ​មាន​តែ​បណ្ដា​ប្រទេស​និយម​របប​កុម្មុយនីស្ត ជាពិសេស​ប្រទេស​ចិន​បាន​ប្រកាស​ពេញចិត្ត​ពេញ​ថ្លើម​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ប្រកបដោយ​យុត្តិធម៌​។ លើស​ពី​នេះ ក្រោយ​ការ​បោះឆ្នោត លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ក្រុម​មេដឹកនាំ​ចិន​ឱ្យ​ជឿ​ទុកចិត្ត​ក្នុង​ការ​ដែល​កម្ពុជា​នៅតែ​មិន​ផ្លាស់ប្ដូរ​គោល​នយោបាយ​នៅ​ជាមួយ​ចិន ក្រោយ​ពី​លោក​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូនប្រុស​របស់​លោក បន្ត​ដឹកនាំ​កម្ពុជា។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន រិះគន់​ថា នៅពេល​រដ្ឋាភិបាល​កម្ពុជា បន្ត​លម្អៀង​ទៅ​រក​ប្រទេស​ចិន​កាន់តែ​ខ្លាំង នោះ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​រិះគន់​កាន់តែ​រួម​តូច ព្រមទាំង​ទទួលរង​ការ​បង្ក្រាប​ពី​ក្រុម​មេដឹកនាំ​ដែល​និយម​របប​ផ្ដាច់ការ។ មិន​តែ​ប៉ុណ្ណោះ កម្ពុជា​ក៏​អាច​ទទួល​រង​ទណ្ឌកម្ម​បន្ថែម​ទៀត ពី​សហគមន៍​អន្តរជាតិ​ដែល​ធ្វើ​ឱ្យ​ខាតបង់​សេដ្ឋកិច្ចជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។