អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាព្រួយបារម្ភថា ប្រទេសចិនអាចនឹងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដ្បិតប្រទេសមួយនេះជាខ្នងបង្អែកធំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងបានគាំទ្រជាបន្តបន្ទាប់ក្នុងការផ្ទេរអំណាចតពូជរបស់លោក ហ៊ុន សែន។
ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើដំណើរមកដល់កម្ពុជានៅរសៀលថ្ងៃទី១២ ខែសីហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការសហគមន៍វាសនារួមកម្ពុជាចិនរួមគ្នា និងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលមានជាអាទិ ការគាំទ្រនយោបាយការទូតដល់គ្នាទៅវិញទៅមកសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល និងវិស័យសន្តិសុខ ជាដើម។ ក្នុងដំណើរការទស្សនកិច្ចនេះ លោក វ៉ាង យី (Wang Yi) នឹងមានជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក ដែលត្រៀមឡើងជានាយករដ្ឋមន្ត្រីគឺលោក ហ៊ុន ម៉ាណែត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បង្ហាញថា កិច្ចពិភាក្សានឹងផ្ដោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។ ក្រៅពីនេះ ប្រមុខការទូតចិនរូបនេះ នឹងមានជំនួបដាច់ដោយឡែកមួយទៀត ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ដែលត្រៀមឡើងទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួសលោក ប្រាក់ សុខុន។ ជំនួបនេះ នឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន លើកឡើងថា រដ្ឋមន្ត្រីការបរទេសចិនមកទស្សនកិច្ចនៅកម្ពុជាមុនពេលលោក ហ៊ុន ម៉ាណែត ដឹកនាំកម្ពុជាបែបនេះ គឺជាការរឹតចំណងមិត្តភាព និងបង្ហាញការជឿទុកចិត្តគ្នាក្នុងការគាំទ្រនយោបាយដឹកនាំប្រទេសបែបផ្ដាច់ការឱ្យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត លោកថា ភាគីចិនមកកម្ពុជាពេលនេះ បង្ហាញថា ចិននឹងនៅបន្តជួយដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តាមរយៈការផ្ដល់កម្ចីឥណទាន ដើម្បីទប់ទល់នឹងទណ្ឌកម្មអន្តរជាតិ។
លោក អ៊ុំ សំអាន មានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់ភាគីចិនមកកម្ពុជានាពេលនេះ កម្ពុជានឹងមិនទទួលបានផលចំណេញជាដុំកំភួនឡើយ។
លោក អ៊ុំ សំអាន៖ «កម្ពុជានៅពេលមានចិនជាខ្នងបង្អែក ប្រាកដជា កាន់អំណាចផ្ដាច់ការថែមទៀត និងរំលោភសិទ្ធិមនុស្សធ្វើទុក្ខបុកម្នេញបន្ថែមទៀត ទៅលើសកម្មជនបក្សប្រឆាំង និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅពេលគាត់មានទុក្ខកង្វល់ចង់តវ៉ាជាដើម។ មួយទៀតកម្ពុជាកាន់តែដើរផុងកាន់តែជ្រៅទៅរបបផ្ដាច់ការតពូជនៅកម្ពុជា មិនអាចងាកក្រោយបានទៅរកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយសារមានចិនជាខ្នង ហើយមិនបាច់ពឹងលោកខាងលិចក៏បានដែរ អាហ្នឹងអ៊ីចឹងឯង»។
ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា កាលចុងខែកក្កដា ត្រូវបានសហគមន៍អន្តរជាតិដែលនិយមរបបប្រជាធិបតេយ្យភាគីច្រើនថ្កោលទោស និងមើលឃើញថា គ្មានយុត្តិធម៌ ហើយមានតែបណ្ដាប្រទេសនិយមរបបកុម្មុយនីស្ត ជាពិសេសប្រទេសចិនបានប្រកាសពេញចិត្តពេញថ្លើមថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន និងប្រកបដោយយុត្តិធម៌។ លើសពីនេះ ក្រោយការបោះឆ្នោត លោក ហ៊ុន សែន ក៏បានប្រាប់ក្រុមមេដឹកនាំចិនឱ្យជឿទុកចិត្តក្នុងការដែលកម្ពុជានៅតែមិនផ្លាស់ប្ដូរគោលនយោបាយនៅជាមួយចិន ក្រោយពីលោកផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុសរបស់លោក បន្តដឹកនាំកម្ពុជា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន រិះគន់ថា នៅពេលរដ្ឋាភិបាលកម្ពុជា បន្តលម្អៀងទៅរកប្រទេសចិនកាន់តែខ្លាំង នោះសិទ្ធិសេរីភាពបញ្ចេញមតិប្រជាពលរដ្ឋ និងក្រុមអ្នករិះគន់កាន់តែរួមតូច ព្រមទាំងទទួលរងការបង្ក្រាបពីក្រុមមេដឹកនាំដែលនិយមរបបផ្ដាច់ការ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏អាចទទួលរងទណ្ឌកម្មបន្ថែមទៀត ពីសហគមន៍អន្តរជាតិដែលធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។