អ្នកវិភាគអះអាងថា លោក ហ៊ុន សែន កំពុងចង់ដឹកនាំប្រទេសដូចទៅនឹងមេដឹកនាំយោធាភូមាបច្ចុប្បន្ននេះដែរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា លោក ហ៊ុន សែន មិនមានសេក្ដីក្លាហានដើម្បីបើកឲ្យមានការប្រកួតប្រជែងដោយស្មើភាពឡើយ។លោកបន្ថែមថាទោះបីជារបបឯកបក្សបានរំលាយគណបក្សសង្រ្គោះជាតិទៅហើយក្ដីតែលោក ហ៊ុន សែន ហាក់នៅខ្លាចស្រមោលគណបក្សប្រឆាំងដដែល។បញ្ហានេះហើយជាហេតុផលដែលលោក ហ៊ុន សែន ផ្ដល់សិទ្ធិឲ្យមន្រ្តីបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយវិញរើសមុខនោះ៖ «ពីមុនមក លោក ហ៊ុន សែន បារម្ភតែជាមួយមេដឹកនាំបក្សប្រឆាំងដែលមានប្រជាប្រិយទេ តែឥឡូវនេះ សូម្បីតែមន្រ្តីល្អិតល្អោចនៅក្នុងបក្សនោះ ក៏លោកបារម្ភដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១ ខែសីហាថាលោកមិនផ្ដល់សិទ្ធិឲ្យមន្រ្តីគណបក្សប្រឆំាងពីររួប គឺលោក ញឹម គឹមញ៉ុល និងលោកមេធាវី ជួង ជូងី និងមនុស្សមួយចំនួនទៀតធ្វើនយោបាយឡើងវិញទេ។លោកចោទថាអ្នកទាំងពីរជាអ្នកបំផ្លាញតែលោកមិនបានបញ្ជាក់ថាបំផ្លាញអ្វីនោះទេ៖ «ទោះបី រដ្ឋមន្ត្រីមហាផ្ទៃថាអាហ្នឹងមិនដែលប្រព្រឹត្តខុស ប៉ុន្តែយើងព្យាករណ៍ដឹងថា អាហ្នឹងមុខតែមកដើម្បីបំផ្លាញហើយ មិនឱ្យសិទ្ធិហ្អែងទេ។ បើខ្ញុំមិនចុះហត្ថលេខាស្នើទៅព្រះមហាក្សត្រ ព្រះមហាក្សត្រក៏ទ្រង់មិនឡាយព្រះហស្ថលេខាឱ្យសិទ្ធិអ្នកឯងដែ រ»។
ទាក់ទងនឹងបញ្ហានេះលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា លោក ហ៊ុន សែន ព្យាករណ៍ ថាមន្រ្តីបក្សប្រឆាំងមួយចំនួនជាអ្នកបំផ្លាញនោះគឺលោកចង់សំដៅថាអ្នកនោះជាមនុស្សស្មោះស្ម័គ្រនឹងគណបក្សសង្រ្គោះជាតិដែលអាចមានឥទ្ធិពលធ្វើឱ្យលោក ហ៊ុន សែន បាត់បង់អំណាចតាមរយៈការបោះឆ្នោត៖ «គាត់នឹងបន្តការដឹកនាំតាមរបៀបនេះ ព្រោះឥឡូវនេះ គាត់លែងខ្វល់ពីគំនាបហើយ និយាយភាសាអ្នកស្រុកថា លែងខ្មាស់ លែងអៀនហើយ។ ហើយឆ្នាំ២០២២២ និង២០២៣នេះ អាចនឹងមិនមានការបោះឆ្នោត តែបើមានការបោះឆ្នោតក៏បោះឆ្នោតតាមបែបលេងសើចដែរ»។
លិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ផ្ញើជូនទៅលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដាអំពីសំណើរបស់មន្រ្តីបក្សប្រឆាំងពីររួបគឺលោក ជួង ជួងី និង លោក ញឹម គឹមញ៉ុល នោះ បានសរសេរថាអ្នកទាំងពីរបានធ្វើសកម្មភាពញុះញង់និងបង្កអសន្តិសុខជាតិ។លិខិតដដែលបញ្ជាក់ថា លោក ជួង ជួងី បានធ្វើសកម្មភាពញុះញង់ក្នុងចេតនាទុច្ចរិត រារាំង និង បំពានសិទ្ធិនយោបាយរបស់ពលរដ្ឋដោយប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកប្រព្រឹត្តអំពើទុច្ចរិតបំពាននិងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងគោលបំណងរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។
ឆ្លើយតបនឹងបញ្ហានេះលោកមេធាវី ជួង ជួងី មានប្រសាសន៍ថាការសម្រេចមិនផ្ដល់សិទ្ធិឲ្យលោកធ្វើនយោបាយវិញនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់លោក។ លោកមេធាវី ជួង ជួងី បញ្ជាក់ថាលោកមិនបានធ្វើខុសច្បាប់អ្វីនោះទេ។លោកបន្ថែមថាកាលពីឆ្នាំ២០១៨នោះលោកគ្រាន់តែពន្យល់ផ្លូវច្បាប់និងសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋតែប៉ុណ្ណោះ៖ «ការចោទប្រកាន់នោះអត់ត្រឹមត្រូវទេ ព្រោះកាលណោះ ខ្ញុំពន្យល់ប្រជាពលរដ្ឋថា នៅក្នុងច្បាប់ព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញ គ្មានមាត្រាណាចែងថា ពលរដ្ឋមិនទៅបោះឆ្នោតគ្មានទោសទេ មិនមែនខ្ញុំរារាំងឯណា ?»។
ក្រុមអ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន ប្រកាសជាសធារណៈមិនផ្ដល់សិទ្ធិឲ្យមន្រ្តីគណបក្សប្រឆាំងធ្វើនយោបាយវិញនេះ បង្ហាញកាន់តែច្បាស់ថាការដឹកនាំរបស់លោក ហ៊ុន សែន មិនមែនអនុវត្តច្បាប់ជាគោលនោះទេ។ ម្យ៉ាងទៀតការរំលាយគណបក្សសង្រ្គោះជាតិដោយខុសច្បាប់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតម្ដងជាពីរដងកន្លងមកនោះកាន់តែលាតត្រដាងថារបបឯកបក្សដឹកនាំដោយលោក ហ៊ុន សែន មានបំណងក្ដោបក្ដាប់អំណាចតែម្នាក់ឯងតទៅមុខទៀត។
ទាក់ទងនឹងបញ្ហានេះអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី មានប្រសាសន៍ថា លោក ហ៊ុន សែន អាចនឹងមិនផ្ដល់សិទ្ធិឲ្យមន្រ្តីបក្សប្រឆាំងផ្សេងទៀតធ្វើនយោបាយឡើងវិញនោះទេពិសេសអ្នកដែលមានឆន្ទៈពិតប្រាកដដែលប្រឆាំងនឹងគណបក្សកាន់អំណាចនោះ៖ «ការគំរាមកំហែងនិងការចាប់ខ្លួននៅតែមានបន្ត ដូច្នេះអាចបង្ហាញថា គណបក្សកាន់អំណាចមិនទាន់មានទំនុកចិត្តទាំងស្រុងពីប្រជាពលរដ្ឋ។ ហើយរឿងនេះ ជាប់ទាក់ទិននិង ការសុំសិទ្ធិធ្វើនយោបាយរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលអាស្រ័យលើការវិវត្តនយោបាយនៅកម្ពុជា។ តែបើការសុំសិទ្ធិនេះ ចេញមករប៉េះរប៉ោះ អានោះមិនមានបញ្ហាអ្វីទេ»។
គណបក្សប្រជាជនកម្ពុជាបានរកគ្រប់មធ្យោបាយ ដើម្បីកម្ទេចបក្សប្រឆាំងកាលពីឆ្នាំ២០១៧។ ក្រុមអ្នកវិភាគ និងអ្នកតាមដាននបាយនៅកម្ពុជាមើលឃើញថា មូលហេតុចម្បងដែលគណបក្សកាន់អំណាចកម្ទេចគណបក្សប្រឆាំងនិងហាមប្រាមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងធ្វើនយោបាយនោះ ដោយសារលោកហ៊ុន សែន និងមន្ត្រីរបស់លោកមិនមានសង្ឃឹមថា នឹងទទួលបានជ័យជំនៈក្នុងការបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ២០១៨ ។
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានហៅការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះមិនខុសពីភូមានិងអ៊ីតាលីកាលពីមុននោះទេ។លោកបានហៅការដឹកនាំបែបសព្វថ្ងៃនេះជាការដឹកនាំបែបផ្ដាច់ការហ្វាស៊ីស។
ការដឹកនាំបែបហ្វាស៊ីសជាការគ្រប់គ្រងប្រទេសដោយមេដឹកនាំយោធានិងកាន់កាប់កម្លាំងប្រដាប់អាវុធទាំងអស់។ការអនុវត្តច្បាប់ទៅតាមមេដឹកនាំផ្ដាច់ការតែមួយចង់បានគណបក្សគ្រប់គ្រងអំណាចមានតែមួយការគ្រប់គ្រងយ៉ាងតឹងរឹងនិងគាបសង្កត់អ្នកសារព័ត៌មាន។ការផ្សព្វផ្សាយនិងបង្ខំឲ្យពលរដ្ឋគាំទ្ររដ្ឋាភិបាលឥតឈប់ឈរការអនុវត្តការតាមដានប្រជាពលរដ្ឋនិងបិទសិទ្ធសេរីភាពការហាមឃាត់ការរិះគន់ជាសាធារណៈកងកម្លាំងប៉ូលីសឬយោធាអនុវត្តច្បាប់ចាប់ចងអ្នកប្រឆាំង ឬអ្នករិះគន់ តាមអំពើចិត្តជាដើម។
អ្នកវិភាគលើកឡើងថា លោកហ៊ុន សែននៅតែភ័យខ្លាចឥត្ធិពលគណបក្សប្រឆាំងក្រោមរួបភាពគណបក្សថ្មីៗទើបលោករារែកដោយមិនបើកចិត្តទូលាយឱ្យសមស្របតាមច្បាប់ជាតិនិងអន្តរជាតិដែលចែងថាជនជាតិខ្មែរគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការបង្កើតគណបក្សនយោបាយនិងចូលរួមធ្វើនយោបាយ។អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិមើលឃើញថាហេតុផលរបស់លោក ហ៊ុន សែន ដែលចោទថាអ្នកសុំសិទ្ធិធ្វើនយោបាយខ្លះធ្វើខុសច្បាប់ទើបលោកបដិសេធមិនឱ្យធ្វើនយោបាយឡើងវិញនោះគឺគ្រាន់តែជាលេសខុសច្បាប់របស់លោកហ៊ុន សែន និងគ្រាន់តែជាការបិទបាំងការភ័យខ្លាចកម្លាំងប្រជាធិបតេយ្យរួមគ្នាតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។