"លោក ហ៊ុន សែន រៀបចំ​ប្រើប្រាស់​សាច់​ឈាម​ខ្លួនឯង​ដោយ​សារ​លែង​ទុកចិត្ត​មន្ត្រី​ក្នុង​បក្ស"

ដោយ មាន ឫទ្ធិ
2019-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
RFA

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ អះអាង​ថា ការ​ចេញ​មុខមាត់​ជា​សាធារណៈ​របស់​លោក ហ៊ុន ជា ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន ឈឺឆ្អាល​ក្នុង​សំណុំរឿង​យុវជន យិន ហេង ឬ «​ចំប៉ី​ខ្មៅ​» ជា​ឈ្មោះ​ហ្វេសប៊ុក (Facebook) ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ប្រមាថ​ពូជសាសន៍​ជាតិខ្មែរ ជា​ករណី​នយោបាយ​ដើម្បី​ស្វែងរក​ប្រជាប្រិយ​ដល់​របប​លោក ហ៊ុន សែន។

លោក គឹម សុខ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ សង្ស័យ​ថា ទង្វើ​នេះ​គឺ​ដោយសារតែ​លោក ហ៊ុន សែន បច្ចុប្បន្ន​កំពុង​រង​សម្ពាធ​គ្រប់​ផ្នែក ជាពិសេស​រឿង​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​រឿង​លោក សម រង្ស៊ី កំពុង​កកូរកកាយ​នយោបាយ​ត្រៀម​វិល​ចូល​ស្រុក​វិញ ដែល​អាច​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា មានការ​ប្រេះឆា​ផ្ទៃក្នុង។ ដូច្នេះ​ហើយ លោក គឹម សុខ ថា លោក ហ៊ុន សែន លែង​ទុកចិត្ត​មន្ត្រី​ណា​ទាំងអស់​នៅ​ក្នុង​ជួរ​បក្ស​របស់​លោក លើកលែងតែ​ខ្សែស្រឡាយ​ជាប់​សាច់ឈាម​របស់​លោក តែប៉ុណ្ណោះ ដែល​ហេតុការណ៍​នេះ តម្រូវ​ឱ្យ​លោក ហ៊ុន សែន ត្រៀម​បង្កើន​តំណែង​បុណ្យ​សក្ដិ​បន្ថែម​ទៀត បំពាក់​ដល់​មនុស្ស​ជា​សាច់ឈាម​ផ្ទាល់​របស់​លោក តួយ៉ាង​ដូចជា​លោក ហ៊ុន ជា នេះ​ជាដើម៖ «ម្ល៉ោះហើយ​ករណី​លោក ហ៊ុន ជា ជាដើម ករណី​អ្នក​ផ្សេងទៀត​នៃ​គណបក្ស​ប្រជាជន ជាពិសេស​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ហ្នឹង សាច់ញាតិ ក្មួយ កូន ដែល​មាន​ប្រវត្តិ​អាច​លាង​បាន បច្ចុប្បន្ន​នេះ​លោក ហ៊ុន សែន យក​មក​លាង​ដើម្បី​ប្រើ ឬ​ក៏​បង្គ្រប់​នឹង​ប្រើ​តាម​យុទ្ធសាស្ត្រ​នយោបាយ​របស់​គាត់ ពីព្រោះ​តែ​គាត់​លែង​ទុកចិត្ត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ណា​ផ្សេង​ទៀតហើយ។ ម្ល៉ោះហើយ​ខ្ញុំ​គិត​ថា ករណី​លោក ហ៊ុន ជា ករណី​ក្មួយ​គាត់​ផ្សេងទៀត​ដែល​តាម​ខ្ញុំ​ដឹង កំពុងតែ​ស្ថិត​នៅ​ក្នុង​ចង្កោម​នៃ​រចនាសម្ព័ន្ធ​ដែល​លោក ហ៊ុន សែន ត្រៀម​រៀប​ទុក​នៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​នយោបាយ​របស់​គាត់»

បន្ថែម​ពីលើ​នេះ អ្នក​ជំនាញ​ផ្នែក​ច្បាប់​លោក​បណ្ឌិត ហ៊ាង ឫទ្ធី ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី៨ កុម្ភៈ ដោយ​ហៅ​ទង្វើ​របស់​លោក ហ៊ុន ជា ចេញ​មុខជា​សាធារណៈ​ធ្វើជា​ឈឺឆ្អាល​ជំនួស​ពលរដ្ឋ​ខ្មែរ​ទូទៅ​នេះ ខណៈ​ដែល​កន្លងទៅ​នៅ​ពេល​មានរឿង​ប្រមាថ​ដូច្នេះ​ពី​សំណាក់​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន លោក ហ៊ុន ជា បែរជា​ស្ងាត់​នោះ ថា​គឺជា​ករណី «​គីង្គក់​លក់​ថ្នាំ​ស្រែង»។ លោក​បណ្ឌិត ហ៊ាង ឫទ្ធី ថា​លោក ហ៊ុន ជា ព្យាយាម​ចង់​បង្ហាញ​រូបភាព​ថា លោក​បាន​កែខ្លួន​ធ្វើជា​មនុស្ស​ល្អ​វិញ​ហើយ ក្រោយពី​សំបូរ​ដោយ​រឿងអាស្រូវ​ជាច្រើន​រួចមក៖ «ខ្ញុំ​បញ្ជាក់​ជូន​អញ្ចេះ តាម​ភាសា​ខ្មែរ​យើង​តែង​ប្រើ​ពាក្យ​ថា គីង្គក់​លក់​ថ្នាំ​ស្រែង។ អ៊ីចឹង​យើង លាង​ខ្លួន​យើង​មិន​ទាន់​ស្អាត យើង​កុំ​ទៅ​ណែនាំ​គេ...។ ចំណុច​ទី​ពីរ​នោះ​គឺថា នេះ​ដូចជា​ចង់​សម្ដែង​ថា គាត់​ដើរ​ធ្វើ​ល្អ​ហ្នឹង​ច្រើន ដើម្បី​ថា គាត់​បាន​ភ្ញាក់​រឭក ខ្លួន​គាត់​បាន​ប្រព្រឹត្តិ​ខុស ហើយ​ឥឡូវ​ហ្នឹង​គាត់​ដើរតួ​ថា គាត់​ហ្នឹង​ជា​អ្នក​ល្អ កែខ្លួន​បាន​ល្អ​ហើយ គាត់​ឈឺឆ្អាល​រឿង​ជាតិ​វិញ​ហើយ។ គាត់​លែង​ដើរ​ធ្វើ​ផ្ដេសផ្ដាស​ទៀត​ហើយ»

ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ២០១៨ មក លោក ហ៊ុន ជា បាន​ចាប់ផ្ដើម​បង្ហាញ​សកម្ម​ឡើងវិញ​នៅ​លើ បណ្ដាញ​សង្គម ហ្វេសប៊ុក​របស់​លោក ដោយ​លោក​បាន​បង្ហោះ​រូបភាព​ជាច្រើន បង្ហាញ​ពី​ការចូលរួម​ក្នុង​អំពើ​មនុស្សធម៌​នានា​ក្នុង​សង្គម។ ហេតុការណ៍​នេះ ទំនងជា​លោក​ចង់​បង្ហាញ​ពី​ការ​ខិតខំ​កែប្រែ​មុខមាត់ និង​ស្តា​ប្រជាប្រិយ​ឱ្យ​ត្រកូល​ហ៊ុន​ឡើងវិញ ដែល​ពោរពេញ​ដោយ​រឿងអាស្រូវ​នោះ។ លោក ហ៊ុន ជា ជាប់គុក​ចុងក្រោយ​រយៈពេល ១៨​ខែ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បាញ់រះ​ក្នុង​ជម្លោះ​ក្នុង​គ្រួសារ​មួយ។ តែ​ក្រោយមក មន្ត្រី​ពន្ធនាគារ​អះអាង​ថា លោក ហ៊ុន ជា បាន​ប្ដឹង​ឧទ្ធរណ៍​មក​ជា​ជាប់ទោស​រយៈពេល ៦​ខែ​វិញ ដែល​អាច​ឱ្យ​លោក​មាន​សេរីភាព​ឡើងវិញ​បាន​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៨ មក។ ផ្ទុយ​ពី​ការ​អះអាង​នេះ សេរីភាព​របស់​លោក ហ៊ុន ជា នេះ អាច​បណ្ដាល​ពី​ភាព​មិន​ប្រក្រតី ព្រោះ​លោក ហ៊ុន សែន ខ្លួនឯង​ធ្លាប់​លើកឡើង​កាលពី​ថ្ងៃ​ទី៨ វិច្ឆិកា ឆ្នាំ២០១៨ មួយ​ខែ​ក្រោយ​លោក ហ៊ុន ជា មាន​សេរីភាព​វិញ ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ជួយ​មើល​ករណី​ក្មួយ​របស់​លោក​នេះ​ផង ក្រែងលោ​លោក​អាច​រួច​ចេញពី​គុក​បាត់​មុន​កាលកំណត់​នោះ៖ «ក្មួយៗ​របស់ខ្ញុំ​មាន​តិច​ណាស់ ដែល​ធ្វើ​ការងារ នៅ​ក្នុង​រាជការ​ហ្នឹង។ អា​មួយ​កំពុង​ជាប់គុក​នៅ​ព្រៃ​ស ប៉ុន្តែ មើលៗ​ផង​តិច អា ជា (ហ៊ុន ជា​) រួច​ចេញពី​គុក​វិញ​វើយ។ រឿង​អី​ទៅ​បាញ់ ច្បាប់​មិន​អនុញ្ញាត​ទេ ក្មួយបង្កើត​យើង​បាន​ហាមឃាត់​តើ អា​រឿង​បញ្ហា​បាញ់។ បើ​យើង​ដាក់ទោស​អ្នកណា យ៉ាងម៉េច យើង​ត្រូវ​ដាក់ទោស​អា​សាច់ញាតិ​ឯង ហើយ​កូន​ខ្លួនឯង ក៏​ត្រូវ​តែ​ដាក់​ដែរ​។ ខ្ញុំ​សុខចិត្ត​យក​បាយ​ទៅ​ឱ្យ​វា នៅ​កន្លែង​ឃុំឃាំង​ទៅ​ចុះ ឱ្យ​វា​ជាប់គុក​សិន ឱ្យ​វា​ត្រូវ​តាមច្បាប់»

សង្គម​ស៊ីវិល​ក៏​បង្ហាញ​ការសង្ស័យ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដោះលែង​លោក ហ៊ុន ជា ឱ្យ​មាន​សេរីភាព​ឡើងវិញ​នេះ​ដែរ ក្រោយ​ជាប់ពន្ធនាគារ​រយៈពេល​ខ្លី​នេះ ដែល​អាច​ជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​បង្ហាញ​ថា តុលាការ​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នកមាន​លុយ និង​អ្នក​មានអំណាច​ដដែល​នោះ។

អាស៊ីសេរី មិន​អាច​ទាន់​អាចទាក់​ទង​លោក ហ៊ុន ជា និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ​ជុំវិញ​ការ​លើកឡើង​របស់​អ្នកវិភាគ​យ៉ាង​ដូច្នេះ គិត​ត្រឹម​ថ្ងៃ​ទី ១៥ កុម្ភៈ។ ក៏​ប៉ុន្តែ កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ លោក ហ៊ុន ជា បាន​បង្ហាញ​មុខមាត់​ជា​សាធារណៈ​ខុស​ប្រក្រតី​មួយ ដោយ​លោក​បាន​ចេញមុខ​ឈឺឆ្អាល ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ជំនួស​ឱ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ក្នុង​រឿង​យុវជន​ភេទ​ទី​បី ចំប៉ី​ខ្មៅ ដែល​រង​ការ​ចោទ​ថា បាន​ប្រមាថ និង​មើលងាយ​ពូជសាសន៍​ខ្មែរ​នោះ។ កាលនោះ ក្រោយពី​ការ​ចាប់ខ្លួន​យុវជន​រូប​នេះ សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​កាសែត ក្រុម​ប៉ូលិស និង​លោក ហ៊ុន ជា អង្គុយ​ទល់មុខ​ដោយ​យកដៃ​ចង្អុលមុខ​ជនសង្ស័យ សួរចម្លើយ​ជា​សាធារណៈ​ថត​បង្ហោះ​ផ្សាយ​ផ្ទាល់​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម។ លោក ហ៊ុន ជា មិនមែន​ជា​មន្ត្រី​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន ដែល​ត្រូវ​សួរចម្លើយ​ជនសង្ស័យ​នោះ​ទេ។ តែ​លោក ហ៊ុន ជា អះអាង​ថា លោក​មិន​ពេញចិត្ត នឹង​ទង្វើ​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ របស់​យុវជន​នេះ ហើយ​លោក​ធ្វើ​នេះ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​មួយ​រូប។

លោក គឹម សុខ មិនបាន​ចាត់ទុកថា រឿង​នេះ​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ តែ​ជា​ករណី​ដែល​មាន​ការរៀបចំ​គូសវាស​សេនារីយ៉ូ​ទុក​ឱ្យ​ដើរ ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ផ្ទាល់​តែម្ដង​។ លោក​ថា លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ដំបូង​ឡើយ ដើម្បី​ជួយ​លុបលាង​ប្រវត្តិ​អាក្រក់​របស់​ក្មួយ​របស់​លោក​រូប​នេះ ដែល​សម្បូរ​​ដោយ​រឿងអាស្រូវ និង​ធ្លាប់​រួច​ចេញពី​គុក​ជាច្រើនលើក​ច្រើន​សា តាមរយៈ​ការ​ធ្វើ​ជា​ឱ្យ​លោក ហ៊ុន ជា ដើរតួ​ល្អ​ឈឺឆ្អាល​បញ្ហា​ក្នុង​សង្គម​ខ្មែរ ជាពិសេស​ការ​បញ្ឆេះ​ឱ្យ​មាន​កំហឹង​ជាតិនិយម​ឡើង​ក្នុងចំណោម​មហាជន​ខ្មែរ។ លោក គឹម សុខ បន្ត​ថា បន្ទាប់ពី​បង្កើត​ព្រឹត្តិការណ៍​នេះ​រួចហើយ មិន​យូរ​មិន​ឆាប់​លោក ហ៊ុន សែន ក៏​គ្រោង​នឹង​ដំឡើង​តំណែង ឬ​យសស័ក្ដិ ឱ្យ​លោក ហ៊ុន ជា តែម្ដង តែ​លោក​ថា លោក ហ៊ុន សែន ចង់​សាក​ល្បងមើល​ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​មន្ត្រី​របស់​លោក ជា​មុន​សិន៖ «ខ្ញុំ​យល់ថា ប្រតិកម្ម​របស់​ពលរដ្ឋ​អាច​នឹង​ទប់​លទ្ធភាព​នៃ​ការ​តែងតាំង​លោក ហ៊ុន ជា ឱ្យ​នៅ​ក្នុង​តំណែង​នេះ នៅ​ក្នុង​តំណែង​នោះ ជា​ផ្លូវ​ការ​ចេញ​មុខ។ ក៏ប៉ុន្តែ ការ​បង្ហាញ​លោក ហ៊ុន ជា គឺជា​ការ​ផ្តល់​ឱកាស​មួយ​ឱ្យ​លោក ហ៊ុន ជា ធ្វើ​កិច្ចការ​អ្វីមួយ​ដោយ​ពេញមុខ​ហើយ។ មានន័យថា ការ​ចេញពី​គុក​របស់​លោក ហ៊ុន ជា មិនមែន​លោក ហ៊ុន សែន មិន​ដឹង​នោះ​ទេ។ គាត់​ដឹង​ច្បាស់​ណាស់ ប៉ុន្តែ គាត់​បង្ហាញមុខ​ដើម្បី​ស្ទង់​ថា តើ​អាច​ផ្ដល់​តួនាទី​ជា​ផ្លូវការ​ណាមួយ​ក្នុង​ដំណាក់កាល​ខាងមុខ​ដែរ​ឬ​អត់?»

យ៉ាងណាក៏ដោយ លោក គឹម សុខ មិន​ឱ្យ​តម្លៃ​លើ​ការ​ផ្តល់​តំណែង​ណាមួយ​ជា​សាធារណៈ​ឱ្យ​លោក ហ៊ុន ជា ពី​សំណាក់​លោក ហ៊ុន សែន នោះ​ទេ ប្រសិនបើ​កើត​មាន​ឡើង។ តែ​លោក​ថា រឿង​សំខាន់​នោះ គឺ​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន ចាប់ផ្ដើម​ប្រើ​លោក ហ៊ុន ជា នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​មួយ ក្នុង​ហេតុផល​ពិសេស​ណាមួយ​នៅ​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ផ្នែក​ណាមួយ​នៅ​ក្នុង​ក្រុម​របស់​គាត់ និង​អំណាច​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន។

នៅមុន​ពេល​លោក ហ៊ុន ជា ជាប់គុក​ចុងក្រោយ កាលពី​ចុង​ឆ្នាំ ២០១៧ លោក ហ៊ុន សែន បាន​តែងតាំង​លោក ហ៊ុន ជា ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី ដែល​កាលពីមុន​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ទោ (ផ្កាយ​ពីរ​) ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ។ លោក ហ៊ុន ជា ជា​កូន​របស់​លោក ហ៊ុន សាន ដែល​ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ល្មើសច្បាប់​ជាច្រើន រួមមាន​អំពើ​បាញ់​បោះ​ដោយ​សេរី​ក្នុង​ឆ្នាំ២០០០ និង​២០១១ និង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​បើក​រត់ ក្នុង​ឆ្នាំ​២០០៨ ដែល​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​។ បើ​ទោះ​ជា​លោក​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​ក៏ដោយ លោក​តែងតែ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ក្រោយ​ការ​ឃុំខ្លួន​រយៈពេល​ខ្លី។ របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កាលពី​ឆ្នាំ​២០១៦ ស្ដីពី​ការត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា របស់​ត្រកូល «ហ៊ុន» ឱ្យ​ដឹង​ថា លោក ហ៊ុន ជា កាន់​តំណែង​ជានា​យក​ក្រុមហ៊ុន​ចំនួន ៤ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ដឹកជញ្ជូន។

ទាំង​ក្មួយៗ​បង្កើត និង​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ភាគច្រើន​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​ក្នុង​ប្រទេស​កម្ពុជា រួមមាន​ការ​ជួញដូរ​គ្រឿងញៀន ការ​កាប់​បំផ្លាញ​ព្រៃឈើ ល្បែងស៊ីសង​ខុសច្បាប់ និង​រឿងអាស្រូវ​រាប់មិនអស់​ជាច្រើន​ទៀត។ កាសែត​បរទេស​សរសេរ​ថា ក្រុម​ក្មួយ​ៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា «​ក្រុម​បងធំ​លេខ ១ » នៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល