អ្នកវិភាគ​យល់ថា ការ​ទៅ​ចិន​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​គ្រាន់តែ​ចង់​ឱ្យ​ចិន​ជួយ​ការពារ​អំណាច​ប៉ុណ្ណោះ

ដោយ អូន ភាព
2020.02.20
ហ៊ុន សែន ម៉ាណែត ស៊ី ជីនពីង ៩២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​យល់ថា សកម្មភាព​ផ្គាប់ចិត្ត​ចិន​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ចង់​ឱ្យ​ចិន​ជួយ​ពេល​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប និង​គាំទ្រ​ដល់​កូនប្រុស​ច្បង​លោក​ដើម្បី​អាច​បន្ត​អំណាច​ទៅ​ថ្ងៃ​អនាគត។

អ្នកវិភាគ​នយោបាយ​និង​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មិន​ខ្លាច​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ថ្មី (Covid-19) នៅ​ទីនោះ គ្រាន់តែ​ដើម្បី​សំដែង​ថា កម្ពុជា​ស្មោះ​នឹង​ចិន​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​និង​ឃ្លាំមើល​សង្គម​លោក មាស នី បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ រដ្ឋាភិបាល​ទាំងពីរ​ហាក់​ដូចជា​មិនបាន ត្រៀម​លក្ខណ​: ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ឱ្យ​បាន​ទូលំទូលាយ​ទេ ព្រោះ​ប្រទេស​ចិន​រវល់​ដោះស្រាយ​ប្រឈម​ជាមួយ​នឹង​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម៖ «ការប្រជុំ​នេះ​បើ​និយាយ​ឱ្យ​ត្រូវ​ទៅ គឺ​គ្រាន់តែ​ជា​ការ​ជួប​គ្នា​ដើម្បី​បង្ហាញ​នូវ​មិត្តភាព ហើយ​នឹង​ការ​រួម​ចិត្ត​រួម​ថ្លើម​នៅ​ក្នុង​ការរស់នៅ​ក្នុង​ពេល​ដែល​កំពុង​កើតឡើង​ជំងឺឆ្លង​នេះឯង»

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ចង់​ឱ្យ​ចិន​ជួយ​ពេល​បាត់បង់ EBA

សហភាព​អឺរ៉ុប​បានសម្រេច​ដក EBA ២០ ភាគរយ​ពី​កម្ពុជា ដែល​ចំណាត់​ការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា​ខាងមុខ ប្រសិន​បើ​គ្មាន​ការ​ជំទាស់។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភ: ក្នុង​ជំនួប​រវាង លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង (Xi Jinping) នៅ​ទីក្រុង​ប៉េកាំង លោក ហ៊ុន សែន បាន​ប្រាប់ លោក​ស៊ី ជិនពីង ថា លោក​បានសម្រេច​ចិត្ត​មក​ចិន​ដើម្បី បង្ហាញ​ការ​គាំទ្រ ចំពោះ​ប្រទេស​ចិន។

លោក មាស នី ចាត់​ទុក​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ថា កំពុង​ដើរ​ផ្ទុយ​ពី​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក៖ «យើង​ធ្វើ​ខុសគេ​ទាំងអស់ ប្រទេស​គេ​ផ្អាក​ការហោះហើរ យើង​អត់​ផ្អាក ហើយ​ប្រទេស​គេ​ប្រើ Mask យើង​អត់​ប្រើ និង​បាន​គំរាម​គ្នាឯង​មិន​ឱ្យ​ប្រើ​ថែមទៀត»

ប្រទេស​មួយ​ចំនួន​បាន​ហាម​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យ​ធ្វើដំណើរ​ចេញចូល​ប្រទេស​ចិន​ក្នុង​ពេល​មានការ​ផ្ទុះឡើង​នូវ​វីរុស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នេះ។ ប្រទេស​ដែល​ហាម​ពលរដ្ឋ​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ចិន​រួមមាន សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ហ្វីលីពីន អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី និង​អូស្ត្រាលី ជាដើម​។​

ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ផៃ ស៊ីផាន បដិសេធ​ការ​លើកឡើង​របស់​អ្នកវិភាគ​។ លោក​បញ្ជាក់​ថា តាម​ពិត​ទៅ​លោក ហ៊ុន សែន ក៏​មានបំណង​ទៅ​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហាន​ផង​ដែរ ប៉ុន្តែ​រដ្ឋការ​របស់​ប៉េកាំង​មិន​អាច​រៀបចំ​ជូន​បាន​។ លោក​ថា លោក ហ៊ុន សែន បាន​សុំ​ឱ្យ​ក្រុង​ប៉េកាំង​ជួយ​ថែរក្សា ការពារ ដល់​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​ផង​ដែរ៖ «យើង​ទទួល​បាន​អំណរ​សាទរ ពី​អ្នកដឹកនាំ​កំពូល​របស់​ចិន​។ នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា សូម្បីតែ​នៅ​ក្នុង​ឆាក​អន្តរជាតិ​ក៏​គេ​អាច​វាយតម្លៃ​ថា នេះ​ជា​អ្នកដឹកនាំ​របស់​ប្រជាជាតិ​មួយ ហ៊ាន​ចូល​ត្រឡប់​ទៅ​ទឹកដី​ចិន​នៅ​ពេល​កើត​ជំងឺ​ហ្នឹងឯង»

ទោះបីជា​យ៉ាងណា ក្រោយ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចេង ហ្សាង (Geng Shuang) បាន​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ទេ ហើយ​ប្រឆាំង​នឹង​ការប្រើប្រាស់​វិធានការ​ជ្រៀតជ្រែក​ពាណិជ្ជកម្ម។

លោក​ថា ប្រទេស​ចិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកស្ទួយ​អធិបតេយ្យភាព​ឯករាជ្យ​ភាព​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រទេស​ខ្លួន ហើយ​ត្រៀមខ្លួន​ជួយ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​មាន​ការ​អភិវឌ្ឍ​ថេរ និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា ក៏​​យល់​ឃើញ​ថា ការណ៍​ដែល​លោក ហ៊ុន សែន​នាំ លោក ហ៊ុន ម៉ាណែត ទៅ​ជួប​មេដឹកនាំ​កំពូល​ចិន​នោះ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ចិន​ចំពោះ​អ្នកដឹកនាំ​កម្ពុជា ទៅ​ថ្ងៃ​អនាគត៖ «បើ​កម្ពុជា​ធ្វើ​ព្រងើយកន្តើយ ឬ​ក៏​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ចិន​ទៀត កម្ពុជា​អត់​ដឹង​ថា ពឹងពាក់​លើ​អី​ទេ ពីព្រោះ​អឺរ៉ុប​កំពុងតែ​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​កម្ពុជា»

ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក ហ៊ុន ម៉ាណែ​ត បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ថ្នាក់​តំបន់​ក្នុង​ជំនួប​ឯកជន​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក រួមមាន​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្សីន ហ្សូអាបេ (Shinzo Abe) និង​នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក លី សៀនឡុង (Lee Hsien Loong)

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​មិន​ដំឡើង​តំណែង ឬ​ឋានន្តរសក្ដិ​លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​នោះ​ទេ​។ ប៉ុន្តែ​មុន​ការបោះឆ្នោត​ក្លែងក្លាយ​កាលពី​ឆ្នាំ ២០១៨​មួយ​ខែ លោក ហ៊ុន សែន បាន​ព​ន្លឿ​ន​តំណែង​លោក ហ៊ុន ម៉ា​ណែ​ត ឱ្យ​ក្លាយ​ជា​សេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី បន្ថែម​លើ​មុខងារ​របស់​លោក​បច្ចុប្បន្ន ដែល​ជា​មេបញ្ជាការ​កម្លាំង​ពិសេស ប្រឆាំង​ភេវរកម្ម។

សង្គម​ស៊ីវិល​ធ្លាប់​សង្ស័យ​ថា លោក ហ៊ុន ម៉ាណែត អាច​ក្លាយ​ជា​អ្នក​ស្នង​មរតក​អំណាច​ពី​ឪពុក​របស់​លោក​។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់ថា លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​សមជា​មេដឹកនាំ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។